ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គម​ស៊ីវិល​ស្វាគមន៍​គ.ជ.ប​ថ្មី​ដោយ​ប្រយ័ត្ន​ប្រយែង


ទាញ​យក​ពី​តំណភ្ជាប់​ដើម

សង្គម​ស៊ីវិល​អបអរ​គ.ជ.ប.ថ្មី​តែ​មិន​ជឿ​ថា ​មាន​ឯករាជ្យ​ភាព​ទេ

ថ្វី​បើ​រដ្ឋសភា​ជាតិ​បាន​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​សមាជិក​ទាំង​៩រូប​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​នៅ​កម្ពុជា​ដោយគ្មាន​ភាព​រាំង​ស្ទះកាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ក៏​ប៉ុន្តែ​ក្រុម​អ្នក​វិភាគ​និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មិន​ទាន់​មាន​ទំនុក​ចិត្ត​ទាំងស្រុង​ចំពោះ​ស្ថាប័ន​នេះនៅ​ឡើយ។

លោក​ ធន​ សារាយ​ ប្រធាន​សមាគម​អាដហុក​បាន​ថ្លែង​ថា​វា​ពិបាក​ឲ្យ​សមាជិក​ទាំង​៨​រូប​ដែល​ជ្រើស​មក​ពី​គណបក្ស​នយោបាយ​ទាំង​ពីរ​ធ្វើការ​ដោយ​ឯករាជ្យ​និង​មិន​ទទួល​ឥទ្ធិពល​ពី​គណបក្ស​នយោបាយ​ទាំង​ពីរ​នោះ​ហើយ​នេះ​គឺ​ជា​ក្តីបារម្ភ​របស់​លោក។​

«យើង​មាន​ការ​បារម្ភថា​នៅ​ពេល​ដែល​មាន​១​ក្រុម​នៅ​គណបក្ស​ម្ខាង​ហើយ​មួយ​ក្រុម​ទៀត​មក​ពី​គណបក្ស​មួយ​ទៀត។​ យើង​ចេះ​តែ​បារម្ភ​ថា​វា​នឹង​មាន​បញ្ហា​រកាំរកូស​គ្នា​ដែរ។ ​ក៏​ប៉ុន្តែ​បើ​យើង​រៀបចំ​របៀប​ធ្វើ​ការ​នៅ​គ.ជ.ប​ឲ្យ​បាន​ល្អ​និង​ឲ្យ​បាន​ត្រឹមត្រូវ​ទៅ​ប្រហែល​ជា​នឹង​អាច​បញ្ចៀស​បញ្ហា​ជម្លោះ​ទាស់ទែង​គ្នាបាន​ច្រើន»​។​

​បន្ថែម​ពី​នេះ​ទៀត​លោក​ ធន​ សារាយ​ ជំរុញ​ឲ្យ​គ.ជ.ប.ជ្រើសរើស​បេក្ខជន​ឯករាជ្យ​របស់​ខ្លួន​នៅ​ក្នុង​ថ្នាក់​ឃុំ​ ស្រុកផង​ដែរ។​

ដោយឡែក​ ​លោក​ គល់ បញ្ញា​ នាយក​ប្រតិបត្តិ​របស់​អង្គការ​ គណៈកម្មាធិការ​ដើម្បី​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ COMFREL​ មាន​ប្រសាសន៍​ថា​ លោក​សង្ឃឹម​ថា ​សមាសភាព​ថ្មី​នៃ​គ.ជ.ប​នេះ​គឺ​នឹង​មិន​ទទួល​រង​ឥទ្ធិពល​ខ្លាំង​ពី​គណបក្ស​នយោបាយ​ទាំង​ពីរ​នោះ​បើទោះ​ជា​ប្រធាន​និង​អនុប្រធាន​នៃ​គ.ជ.ប​គឺ​ជា​អតីត​សមាជិក​គណបក្ស​នយោបាយ​ធំ​ទាំង​ពីរ​ក៏​ដោយ។​

ទោះជា​យ៉ាង​ណា​លោក​គល់ បញ្ញា ​យល់​ថា​គជប ​ថ្មី​នឹង​មាន​បញ្ហាប្រឈម​ជា​ច្រើន​នៅ​ចំពោះ​មុខ​ ​រួម​ទាំង​ការធ្វើ​បញ្ចី​បោះ​ឆ្នោត​ឡើងវិញ​ និង​ ការ​រៀបចំ​ការ​បោះឆ្នោត​ដោយ​សេរី​និង​តម្លាភាព​ជា​ដើម។​

«នេះ​គ្រាន់​តែ​ជា​ការ​ចាប់​ផ្តើម​ទេ ​មិន​ទាន់​សន្និដ្ឋាន​ថា​វា​ យ៉ាង​ម៉េចទេ។​ តែ​បើ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ហ្នឹង​ធ្វើ​មិន​ត្រូវ​វា​នឹង​ទំនាស់ទៀត​ហើយ​ ទំនាស់​រវាង​ គណបក្ស​និង​គណបក្ស ​ គ.ជ.បនិង​ប្រជាជន​ គ.ជ.ប​ និង​គណបក្ស​នឹង​មាន។​ ​ ហើយ​នៅ​រឿង​របៀប​ដោះស្រាយ​វិវាទ​បោះឆ្នោត​ហ្នឹង​ទៀត។​ តើ​ការ​ដោះ​ស្រាយ​វិវាទបោះឆ្នោត​ហ្នឹង​យ៉ាង​ម៉េច?​ តាម​ច្បាប់​ថ្មី​ហ្នឹង​គឺ​ការ​ដោះស្រាយ​វិវាទ​បោះ​ឆ្នោត​ហ្នឹង​វា​ទៅ​ជា​បំបិទ​សិទ្ធិ​ប្រជាពលរដ្ឋ​វិញ»។

​ដំណាល​គ្នា​នេះ​ដែរ​មន្ត្រី​សង្គម​ស៊ីវិល​ដដែល​សង្ឃឹម​ថា​សមាជិក​ថ្មី​ទាំង៩​រូប​នេះ​នឹង​បង្ក​ឲ្យ​មាន​ការចូលរួម​ពី​សង្គម​ស៊ីវិល​ប្រជាជន​និង​ដៃ​គូ​ផ្សេង​ទៀត ​ដើម្បី​កសាង​ទំនុក​ចិត្ត​ពី​ប្រជាពល​រដ្ឋ។​

ប្រធាន​គ.ជ.ប​ថ្មី​បាន​ទៅ​លើ​លោកស៊ិក ប៊ុនហុក​ សមាជិក​រដ្ឋសភា​មក​ពី​គណបក្ស​ប្រជាជន​និង​លោក​ គួយ ប៊ុនរឿន​ ជា​ក្រុមចរចា​សម្រាប់​កំណែ​ទម្រង់​ការបោះឆ្នោត​នៅ​កម្ពុជា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ជា​អនុប្រធាន។​

សមាជិក​ផ្សេង​ទៀត​រួមមាន​ លោក ​រ៉ុង ឈុន ​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ និង​ជា​សកម្មជន​ការពារ​សិទ្ធិ​កម្មករ​ល្បី​ល្បាញ​មួយ​រូប ​លោក​ ហ៊ីង ធីរិទ្ធ​ ​អតីត​ចៅ​ក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ និង​ លោក​ ហង្ស​ពុទ្ធា​ ដែល​ជា​នាយក​ប្រតិបត្តិ​នៃ​អង្គការ​និកហ្វិក​ជាដើម។​

សមាជិក​សភា​១១៣​ រូប​ក្នុង​សមាជិក​១១៨​រូប​ដែល​មាន​វត្តមាន​នៅ​ក្នុង​សម័យ​ប្រជុំរដ្ឋសភា​កាល​ពី​ព្រឹក​ថ្ងៃព្រហស្បតិ៍​នេះ​ បាន​បោះឆ្នោត​គាំទ្រ​និង​ជ្រើស​យក​សមាសភាព​គ.ជ.ប​ ថ្មី​ដែល​បាន​ត្រៀម​ទុក​នោះ។​

​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ​អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​និង​លោក​សម រង្ស៊ី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដាស់​តឿន​ឲ្យ​ស្ថាប័ន​បោះ​ឆ្នោត​ថ្មី​នេះ​បំពេញ​ការងារ​របស់​ខ្លួន​ដោយ​ឯករាជ្យ។​

​ភ្លាមៗ​នៅ​ថ្ងៃ​នេះ​ដែរប្រធាន​បេសកកម្ម​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជាបាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ស្វាគមន៍​ការ​បង្កើត​ស្ថាប័ន​គ.ជ.ប​ថ្មី​ដោយ​គណបក្ស​ទាំង​ពីរ​ដោយ​ចាត់​ទុក​ថា​នេះ​ជា​ជំហាន ​«គួរ​ឲ្យ​លើក​ទឹកចិត្ត​និង​វិជ្ជមាន»​ក្រោយ​ពី​កិច្ច​សន្ទនា​នយោបាយ។

សេចក្តី​ថ្លែងការណ៍​ដដែល​សង្កត់​ធ្ងន់​ថា​សហភាព​អឺរ៉ុប​«ត្រៀម​ខ្លួន​ជា​ស្រេចក្នុង​ការ​ផ្តល់​ជំនួយ​ដល់​ប្រទេស​កម្ពុជា​ដើម្បី​ធានា​ថាការ​បោះ​ឆ្នោត​នា​ពេល​អនាគត​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​តម្លាភាព​និង​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​បាន‍»៕

XS
SM
MD
LG