ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការលើការលើកស្ទួយស្ត្រីលើកឡើងថា កម្ពុជាមានវិសមភាពយេនឌ័រក្នុងវិស័យនយោបាយបន្ថែមទៀត បន្ទាប់ពីចំនួនតំណាងរាស្ត្រស្ត្រីក្នុងរដ្ឋសភានីតិកាលទី៧ មានការថយចុះពី២០,៨ មក១២,៨ភាគរយ បើធៀបនឹងអាណត្តិមុន។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី «លទ្ធផលអង្កេត៖ បេក្ខជនស្រ្តី និងស្រ្តីជាប់ឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣» អ្នកស្រី សេង រាសី នាយិកាប្រតិបត្តិនៃអង្គការសីលកាលើកឡើងថា ចំនួនអ្នកចុះឈ្មោះបោះឆ្នោត និងចំនួនអ្នកបោះឆ្នោតគឺមានស្ត្រីច្រើនជាងបុរស ក៏ប៉ុន្តែបែរជាសមាជិកសភាដែលជាស្រ្តីតំណាងរាស្រ្តហាក់មិនមានភាពសមស្របជាមួយនឹងចំនួនអ្នកបោះឆ្នោតឡើយ។
អ្នកស្រីថ្លែងថា៖ «អ៊ីចឹងផ្អែកទៅលើអ្នកបោះឆ្នោតហ្នឹង ភាពជាតំណាងរបស់គាត់ហ្នឹងសួរថា ភាពជាតំណាងរបស់គាត់នៅក្នុងសភាវិញនោះ គឺវាអត់សមាមាត្រជាមួយហ្នឹង មនុស្សឡើងពាក់កណ្តាលប្រទេសជាងតែដល់ពេលតំណាងគាត់មានតែ១២%ជាងទេនៅក្នុងសភា»។
ក្នុងអាណត្តិទី៦ ស្រ្តីតំណាងរាស្រ្តមានចំនួន២៦នាក់ ប៉ុន្តែនៅក្នុងអាណត្តិទី៧នេះ ស្រ្តីជាតំណាងរាស្រ្តមានចំនួនតែ១៦នាក់ប៉ុណ្ណោះ។
អ្នកស្រី សេង រាសី បន្ថែមថា ការណ៍ដែលមិនមានតំណាងស្រ្តីគ្រប់គ្រាន់ក្នុងសភាបានបង្ហាញពីវិសមភាពយេនឌ័រដែលជាផែនការយុទ្ធសាស្រ្តប្រកបដោយចីរភាព និងថា ការណ៍នេះក៏នឹងបង្អាក់ការត្រៀមខ្លួនចូលរូមក្នុងវិស័យនយោបាយរបស់ស្រ្តីផងដែរ។
អ្នកស្រីថ្លែងបន្តថា៖ «ទីពីរទៀតហ្នឹង វាបង្អាក់ដល់ស្រ្តីដែលកំពុងតែត្រៀមខ្លួន ក៏ដូចជាកំពុងប្រលូកក្នុងនយោបាយទាំងកម្រិតថ្នាក់ជាតិក៏ដូចជាប្រទេសទាំងមូលហ្នឹង ជាពិសេសស្រ្តីវ័យក្មេងដោយសារតែគាត់មើលឃើញ ប្រសិនបើគាត់ឃើញចំនួនដែលជាតំណាងរាស្ត្រស្ត្រីមានការកើនឡើង គាត់មើលឃើញថាមានគំរូភាពច្រើន។ អ៊ីចឹងដល់ពេលមានការធ្លាក់ចុះ វាក្លាយទៅជាសំណួរមួយថាហេតុអីចំនួនហ្នឹងធ្លាក់ចុះ គេមិនស្វាគមន៍ស្រ្តី គេមិនផ្តល់បរិយាកាសអំណាយផលដល់ស្រី្ត ឬយ៉ាងណាវិញ»។
អង្គការសង្គមស៊ីវិលចំនួន៥ដែលចូលរួមក្នុងការធ្វើសន្និសីទ និងរបាយការណ៍នៅថ្ងៃពុធនេះ មានដូចជា អង្គការសីលកាកម្ពុជា គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) កម្មវិធីតស៊ូមតិ និងបណ្តាញនៃអង្គការយេនឌ័រ និងអភិវឌ្ឍដើម្បីកម្ពុជា (GADC) អង្គការបន្ទាយស្រី និងគណៈកម្មាធិការលើកស្ទួយស្រ្តីក្នុងវិស័យនយោបាយ (CPWP)។
កញ្ញា សង្វា ភួងវីណា ប្រធានកម្មវិធីតស៊ូមតិ និងបណ្តាញនៃអង្គការយេនឌ័រ និងអភិវឌ្ឍដើម្បីកម្ពុជា (GADC) ថ្លែងថា ស្រ្តីជាអ្នកនយោបាយនៅក្នុងប្រទេសកម្ពុជាគឺនៅតែបន្តជួបប្រទះការរើសអើង និងអំពើហិង្សា បើទោះបីជាពូកគេមានសិទ្ធិ និងចូលរូមនយោបាយពេញលេញដែលបានធានាដោយរដ្ឋធម្មនុញ្ញ និងអនុសញ្ញាអន្តរជាតិស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនឹងស្ត្រី ឬហៅកាត់ថា CEDAW។
កញ្ញាថ្លែងថា៖ «ហើយទីពីរហ្នឹងគឺការខ្វះគោលនយោបាយសមភាពយេនឌ័រជាក់លាក់ជាលាយលក្ខណ៍អក្សរនៅក្នុងគណបក្សនយោបាយ រួមទាំងមិនមានការចែងជាក់លាក់អំពីវិធានការពិសេសក្នុងមាត្រាមួយចំនួននៃច្បាប់បោះឆ្នោតដើម្បីគាំទ្រ និងផ្តល់ឱកាសឱ្យស្រ្តីហ្នឹង គាត់បានចូលរូមស្មើគ្នានៅក្នុងវិស័យនយោបាយ ជាពិសេសគឺការឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ និងជាប់ឆ្នោតក្លាយជាអ្នកដឹកនាំ»។
ការស្ទង់មតិរបស់អង្គការខុមហ្រ្វែល ស្តីពីការចូលរួមរបស់សកម្មជននយោបាយស្រ្តីក្នុងវិស័យនយោបាយនៅកម្ពុជា ដែលចេញផ្សាយកាលពីខែធ្នូ ឆ្នាំ ២០២០ បានឲ្យដឹងថា កម្ពុជានៅបន្តរក្សាបញ្ហាវិសមភាពនៃភាពជាតំណាងរវាងស្រ្តី និងបុរសក្នុងកិច្ចការសាធារណៈ និងជីវិតនយោបាយ។
បើតាមការស្ទង់មតិនេះ ផ្នែកចម្បងនៃបញ្ហា គឺដោយសារកង្វះនូវគោលនយោបាយ និងច្បាប់ជាក់លាក់ដើម្បីឆ្លើយតបនឹងយេនឌ័រ ជាពិសេសច្បាប់បោះឆ្នោត ដើម្បីគាំទ្រ និងផ្តល់ឱកាសឲ្យស្រ្តី និងបុរសចូលរួមស្មើគ្នា ស្របតាមអនុសញ្ញាស៊ី-ដរ ដែលកម្ពុជាបានផ្តល់សច្ចាប័ន និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ដែលប្រទេសកម្ពុជាបានទទួលយក។ ការស្ទង់មតិក៏បានលើកឡើងអំពីការរើសអើង ការខ្វះការលើកទឹកចិត្ត និងឆន្ទៈនយោបាយរបស់គណបក្សនយោបាយផងដែរ។
ពាក់ព័ន្ធនឹងយន្តការពង្រឹងនៃការចូលរួមរបស់ស្រ្តីនៅក្នុងការឈរឈ្មោះបោះឆ្នោត ក្រុមអង្គការសង្គមស៊ីវិលទាំងនោះបានផ្តល់អនុសាសន៍ទៅភាគីពាក់ព័ន្ធទាំងអស់ ដោយគណបក្សនយោបាយគួរដាក់បញ្ចូលបេក្ខជនស្រ្តីបម្រុងជាតំណាងរាស្ត្រ និងធានាបង្កើតគោលនយោបាយសមភាពយេនឌ័រនៅក្នុងគណបក្ស ដើម្បីលើកកម្ពស់ការចូលរួមរបស់ស្រ្តីដោយស្មើភាព និងគ្មានការរើសអើង។
រដ្ឋាភិបាលកម្ពុជាគួរបង្កើនចំនួនស្រ្តីជាថ្នាក់ដឹកនាំ និងក្នុងតួនាទីសម្រេចចិត្តនៅក្នុងក្រសួងពាក់ព័ន្ធ ស្ថាប័ននីមួយៗយ៉ាងហោច ៣៥% ដោយគិតចាប់ពីតួនាទីជាប្រធាននាយកដា្ឋន រហូតដល់រដ្ឋមន្ត្រី និងឧបនាយករដ្ឋមន្ត្រី។
រដ្ឋសភា និងព្រឹទ្ធសភា ត្រូវធានាបង្កើតច្បាប់បោះឆ្នោតឆ្លើយតបនឹងយេនឌ័រ ទាំងច្បាប់ស្តីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាវិធានការពិសេសដើម្បីលើកកម្ពស់សមភាពយេនឌ័រ។
ជុំវិញការលើកឡើងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសានប្រាប់វីអូអេថា គណបក្សកត់សម្គាល់ពីសារៈសំខាន់តួនាទីនៃការចូលរួមរបស់ស្រ្ដីក្នុងវិស័យសេដ្ឋកិច្ច សង្គម និងនយោបាយ។ យ៉ាងណាមិញ លោកក៏ទទួលស្គាល់ថាមានការថយចុះការចូលរួមរបស់ស្រ្ដីពី ៣០% មកត្រឹម១០%បើធៀបនឹងឆ្នាំទៅ។
មន្រ្ដីរូបនេះអះអាងថា ការលើកកម្ពស់ស្រ្ដីក្នុងវិស័យផ្សេងៗក្នុងជួររដ្ឋាភិបាល ត្រូវផ្អែកលើលក្ខណៈវិនិច្ឆ័យ គោលជំហរ និងកម្រិតវប្បធម៌ ដើម្បីធានាលទ្ធផលការងារជាប្រយោជន៍រួមដល់សង្គមជាតិ។
លោកថ្លែងថា៖ «ពីព្រោះយកមកក្នុងនាមជាអ្នកតំណាងរាស្រ្ដ ឬមួយក៏ជាសមាជិកព្រឹទ្ធសភា ឬសមាជិករាជរដ្ឋាភិបាលដែលត្រូវតែបំពេញតួនាទីភារកិច្ចហ្នឹង បម្រើឱ្យមានផលប្រយោជន៍ដល់ជាតិនិងប្រជាជន បើយកគ្រាន់តែឱ្យមានចំនួនច្រើននេះ ខ្ញុំគិតថា ជាការលំបាកហើយពីព្រោះការងារវាអត់សាច់ការ វាអត់បានហុចលទ្ធផលការងារ»។
ចំណែកលោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិចដែលទើបទទួលបានអាសនៈក្នុងរដ្ឋសភាចំនួន៥ លើកឡើងថា គណបក្សមានបេក្ខភាពជាស្រ្តីចំនួន២៩រូប ក្នុងចំណោម១២៥រូប ប៉ុន្តែតំណាងរាស្រ្តដែលជាប់ឆ្នោតទាំង៥អាសនៈសុទ្ធតែជាបុរស។ ទោះយ៉ាងណាលោកថា គណបក្សនៅតែបន្តជំរុញលើកកម្ពស់ស្រ្តីឱ្យចូលរួមក្នុងវិស័យនយោបាយនេះឱ្យកាន់តែច្រើន។
ការលើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជា ត្រូវបានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្រនារីរតនៈ ដើម្បីបង្កើនសមាមាត្រស្ត្រីក្នុងវិស័យសាធារណៈ និងនយោបាយ ព្រមទាំងអភិវឌ្ឍសមត្ថភាពស្ត្រីក្នុងការបំពេញមុខងារសាធារណៈ។ ក៏ប៉ុន្តែ ជារៀងរាល់អាណត្តិ កម្ពុជាមិនបានសម្រេចគោលដៅអភិវឌ្ឍន៍សហស្សវត្សនៃអង្គការសហប្រជាជាតិក្នុងការលើកកម្ពស់ស្ត្រីក្នុងឆាកនយោបាយ ដែលធានាឲ្យមានការកើនឡើងតំណាងស្ត្រីក្នុងសភាជាតិឱ្យបានដល់ ៣០% (ឬ ៣៦ រូប) នោះទេ៕