ក្រុមអ្នកបម្រើការសេវាកម្សាន្ត និងអង្គការសង្គមស៊ីវិល ស្នើសុំឲ្យរដ្ឋាភិបាលនិងពលរដ្ឋទទួលស្គាល់ភាពស្របច្បាប់នៃការងាររបស់ពួកគេ ដោយមិនមានការរើសអើង និងការប្រើប្រាស់អំពើហិង្សាគ្រប់ទម្រង់។ ចំណែករដ្ឋាភិបាលបង្ហាញការព្រួយបារម្ភពីផលប៉ះពាល់នៃសុខភាព និងការសិក្សារបស់ស្ត្រី និងកុមារី។
ក្នុងឱកាសនៃការប្រារព្ធទិវាអន្តរជាតិ«បញ្ឈប់អំពើហិង្សាលើអ្នករកស៊ីផ្លូវភេទ»រៀបចំឡើងនៅក្នុងខណ្ឌឫស្សីកែវរាជធានីភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៍ ក្រុមស្រ្តីដែលបម្រើការងារក្នុងវិស័យកម្សាន្តក្រុមអ្នកការពារសិទ្ធិស្ត្រីងាយរងគ្រោះ បានឲ្យដឹងពីបញ្ហាប្រឈមក្នុងអាជីពជាអ្នកបម្រើការក្នុងសេវាកម្សាន្ត និងទទូចសុំឲ្យអាជ្ញាធរការពារសិទ្ធិ និងការទទួលស្គាល់ជាផ្លូវការថា ការរកស៊ីផ្លូវភេទ ក៏ជាការងារស្របច្បាប់ដែរ។
អ្នកស្រី កើត សុភី អាយុ៤៩ឆ្នាំដែលជាអ្នកបម្រើការក្នុងសេវាកម្សាន្តអស់រយៈពេលប្រមាណជាង៦ឆ្នាំ បន្ទាប់ពីគ្រួសាររបស់អ្នកស្រី មានការបែកបាក់គ្នា ដោយសារបញ្ហាហិរញ្ញវត្ថុត្រូវចិញ្ចឹមមើលថែកូនប្រុសចំនួន៤នាក់ និងកូនស្រីម្នាក់នៅក្នុងបន្ទុកជាមួយនឹងឪពុកម្តាយចាស់ជរា។
អ្នកស្រី សុភី និយាយថា គាត់មិនមានលទ្ធភាពក្នុងការរកការងារ ឬប្រកបរបរអ្វីដែលអាចចិញ្ចឹមកូនទាំង៥នាក់ បានគ្រប់គ្រាន់ក្រៅពីការសម្រេចចិត្តចូលខ្លួនមកបម្រើការងារក្នុងសេវាកម្សាន្ត និងផ្តល់សេវាផ្លូវភេទនោះទេ។
«ផលលំបាកវាមានច្រើនអូន! ទីមួយការកេងប្រវ័ញ្ចពីថៅកែ ទីពីរពីភ្ញៀវ ទីបីពីក្រុមគ្រួសារមាក់ងាយយើងដែលថា យើងទៅធ្វើការងារអ៊ីចឹង។ ប៉ុន្តែ ខ្ញុំមិនខ្វល់ពីបញ្ហានេះទេ។ សំខាន់ខ្ញុំមានប្រាក់ចំណូលចិញ្ចឹមគ្រួសារដោះស្រាយជីវភាពចិញ្ចឹមកូន និងគេហៅថា [ដោះស្រាយ]បំណុលធានាគារ»។
អ្នកស្រី បានប្រាប់វីអូអេបន្ថែមថា អ្នកស្រីធ្លាប់បានជួបប្រទេះករណីប្រើហិង្សាពីសំណាក់ភ្ញៀវដែលស្វែងរកសេវាផ្លូវភេទជាច្រើនដង និងការកេងប្រវ័ញ្ចប្រាក់កម្លាំងពលកម្មពីថៅកែផងដែរ។
«ធម្មតាស្រ្តីយើងក្នុងមួយខែមិនមានរដូវម្តង? អ៊ីចឹង យើងអត់ព្រមទៅជាមួយទេ។អ៊ីចឹងគាត់ថា បើមិនព្រមទៅជាមួយសួរថា មកធ្វើការនៅហ្នឹងធ្វើអី? គាត់ក្តិចយើង។ មួយវិញទៀតគាត់យកយើងទៅ វាបូករួមអត់មានឲ្យលុយយើងទៀត ក៏មានដែរ»។
ក្នុងនាមតំណាងឲ្យអ្នករកស៊ីបម្រើការក្នុងសេវាកម្សាន្តនិងផ្លូវភេទ អ្នកស្រីបានលើកទឹកចិត្តឲ្យស្ត្រីទាំងអស់មានភាពក្លាហានក្នុងការទទួលស្គាល់ការងាររបស់ខ្លួន និងស្នើឲ្យអាជ្ញាធរផ្នែកយុត្តិធម៌ទទួលស្គាល់ការងារមួយនេះ ជាការងារសុចរិត។
«សុំឲ្យស្រ្តីទាំងអស់គ្នាតាំងចិត្តក្លាហាន កុំខ្លាចញញើតនឹងមុខច្បាប់។ សុំឲ្យច្បាប់អាជ្ញាធរមូលដ្ឋានទទួលស្គាល់យើងទាំងអស់គ្នា ព្រោះពួកខ្ញុំអត់បានមកធ្វើការខុសច្បាប់ទេ។ នេះ ជាសិទ្ធិរបស់ខ្ញុំដែលធ្វើការ ព្រោះការងារហ្នឹង ក៏ជាការងារមួយដែរមិនមែនដោយបង្ខិតបង្ខំដោយបុគ្គលណាម្នាក់ទេ។ ហើយអ៊ីចឹងខ្ញុំចង់ឲ្យស្រ្តីទាំងអស់មានភាពមួយក្លាហាន។ ដូចខ្ញុំអ៊ីចឹង ពីមុន ខ្ញុំមិនមែនជាអ្នកចេះនិយាយអ៊ីចឹងទេ។ ខ្ញុំអ្នកអៀន ព្រោះមុខមាត់គ្រួសារពីមុនមានតម្លៃ។ ប៉ុន្តែមកដល់ពេលនេះ យើងលែងគិតពីមុខមាត់គ្រួសារ...សំខាន់ គឺជួយខ្លួនឯង ហើយជួយដល់ពួកគាត់។ និយាយរួមទៅជួយទាំងអស់គ្នាទូទាំងប្រទេសកម្ពុជា»។
ចំណែកអ្នកបម្រើការក្នុងសេវាកម្សាន្តម្នាក់ទៀត អ្នកស្រី សូ ម៉ាយ៉ូណង អាយុ៤០ឆ្នាំបានប្រាប់វីអូអេកាលពីថ្ងៃព្រហស្បតិ៍ថា អ្នកស្រី បានប្រឡូកនៅក្នុងរបរនេះប្រមាណ២០ឆ្នាំមក ហើយនឹងធ្លាប់បានទទួលការរំលោភបំពាន និងអំពើហិង្សាផ្សេងៗជាច្រើនករណី។ បន្ថែមលើនេះ អ្នកស្រីក៏ត្រូវការពារខ្លួនយ៉ាងដិតដល់បំផុតពីការឆ្លងនៃជំងឺថ្លើមជំងឺ កាមរោគនានាជាដើម ខណៈអ្នកស្រីមានកូនប្រុសស្រីចំនួន៧នាក់ ជាបន្ទុក។
អ្នកស្រីរៀបរាប់ថា៖ «បញ្ហា វាលូកលាន់។ វា ទះកំផ្លៀង ការតថ្លៃគ្នាអត់ត្រូវអត់អីអ៊ីចឹងណា៎! ជួនកាល វា យកយើងទៅ វា ថាឲ្យលុយដល់ក្រោយមកអត់ឲ្យលុយវិញអ៊ី ចឹងទៅ។ យើងឈ្លោះគ្នា...មានបញ្ហាឈ្លោះគ្នា...ឈ្លោះអីអ៊ីចឹងទៅ»។
អ្នកស្រីបន្ថែមថា អំឡុងពេលនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ករណីហិង្សាមានការកើនឡើងជាងពេលណាៗទាំងអស់ ដោយសារការអត់ឃ្លានដែលនាំឲ្យមានទំនាស់ទាស់ទែងគ្នា។ អ្នកស្រី ម៉ាយ៉ូណង ក៏បានស្នើសុំឲ្យរដ្ឋាភិបាលទទួលស្គាល់ការរកស៊ីផ្លូវភេទ និងសេវាកម្សាន្តជាការងារស្របច្បាប់ ព្រមទាំងលុបបំបាត់រាល់ការរើសអើងលើអ្នកបម្រើការងារផ្នែកនេះ និងជំរុញឲ្យមានការបើកទូលាយសម្រាប់ស្រ្តីប្រកបរបរបម្រើផ្លូវភេទ មានឱកាសក្នុងការចូលរួមប្រជុំតាមភូមិឃុំ និងស្រុកជាដើម។
ប្រធាននៃសមាគមគាំពារស្ត្រីងាយរកគ្រោះអ្នកស្រី ចាន់ ឌីណា បានថ្លែងក្នុងទិវាអន្តរជាតិ«បញ្ឈប់អំពើហិង្សាលើអ្នករកស៊ីផ្លូវភេទ»ថា តាមបទពិសោធន៍ក្នុងការងារពាក់ព័ន្ធនឹងស្ត្រីចាប់តាំងពីឆ្នាំ១៩៩៨មក ស្រ្តីរកស៊ីសេវាផ្លូវភេទ តែងរងគ្រោះពីដៃគូដោយការប្រើហិង្សា ដូចជាការវាយដំ ការរំលោភបូកពីភ្ញៀវចាប់ពីពីរនាក់ឡើងទៅជាដើម។
អ្នកស្រីប្រាប់វីអូអេថា ទោះបីជាការរំលោភបំពាន និងការប្រើហិង្សាលើស្រ្តីរកស៊ីផ្លូវភេទ មានគ្រប់ទម្រង់ និងមានការកើនឡើងខ្ពស់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយក៏ដោយ ក៏កម្រិតនៃការប្រើប្រាស់អំពើហិង្សានោះ បានធ្លាក់ចុះទៅវិញនៅពេលដែលស្រ្តីមានការយល់ដឹង ចេះការពារខ្លួន ចេះស្វែងរកជំនួយច្បាប់ និងមានការអប់រំដៃគូ ក៏ដូចជាអតិថិជនពីបញ្ហានេះ។
អ្នកស្រី ស្នើឲ្យរដ្ឋាភិបាល និងសាធារណជនទូទៅបញ្ឈប់ការរើសអើងលើក្រុមស្រ្តីទាំងនោះ ដោយថ្លែងថា៖ «ឧទាហរណ៍អាជ្ញាធរមូលដ្ឋានតាមខណ្ឌនីមួយៗ ប្រសិនបើគាត់ធ្វើអីខុសតាមបណ្តោយផ្លូវសាធារណៈ សុំប្រាប់ទៅ កុំប្រើអំពើហិង្សា។ នេះ ជាសំណូមពររបស់ខ្ញុំ»។
បើតាមកំណត់ហេតុករណីស្ត្រីក្នុងឆ្នាំ២០១៩- ២០២១របស់សមាគមគាំពារស្រ្តីងាយរងគ្រោះដែលសិក្សាលើស្រ្តីចំនួន១២នាក់ ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០១៩ ដល់ពាក់កណ្តាលឆ្នាំ២០២១ មានស្រ្តីរកស៊ីផ្លូវភេទរងគ្រោះដោយអំពើហិង្សាចំនួន៥ប្រភេទធំៗ ក្នុងនោះមានដូចជាករណីស្ត្រីរងគ្រោះជាមួយដៃគូ ករណីស្ត្រីរងគ្រោះជាមួយសង្សារ ករណីស្ត្រីរងគ្រោះជាមួយភ្ញៀវ ករណីស្ត្រីរងគ្រោះជាមួយជនអន្ធពាល និងករណីស្ត្រីរងគ្រោះជាមួយប៉ូលិស។
អនុប្រធានភូមិបាក់ទូកនៃសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ លោក ដាង ជីវ៉ា បានប្រាប់វីអូអេថា លោកសង្កេតឃើញថា ករណីអំពើហិង្សាលើស្រ្តីបម្រើផ្លូវភេទមានការធ្លាក់ចុះ បន្ទាប់ពីកន្លែងកម្សាន្តសប្បាយនានាដែលនៅជុំវិញតំបន់នេះ ត្រូវបានបិទដោយប្រែក្លាយជាផ្ទះជួល ផ្ទះល្វែងវិញ ហើយអ្នកមប្រើការសេវាកម្សាន្ត និងផ្លូវភេទ បានបោះបង់អាជីពនេះ ដោយទៅធ្វើការតាមបណ្តារោងចក្រវិញ។
លោកថ្លែងថា៖ «ភាគច្រើន អត់ឃើញទេ។ គេ រត់ទៅអស់ហើយ....ឃើញតែជនរងគ្រោះទេ។ ជនល្មើសវាអត់សូវនៅ ហើយយើងមិនអាចក្តាប់មុខសញ្ញានៃជនល្មើសបានទេ ដោយសារមូលហេតុជនល្មើសជាភ្ញៀវ។ ប៉ុន្តែចាប់ពីឆ្នាំ២០១៨ ឆ្នាំ២០១៩នេះ គឺមិនសូវមានទេករណីហ្នឹង[ហិង្សា]»។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ដ្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សអ្នកស្រី ជូ ប៊ុនអេង យល់ថា កម្ពុជា មិនទាន់ដល់ពេលពិចារណាពីការដាក់បញ្ចូលការងាររកស៊ីផ្លូវភេទ ជារបរស្របច្បាប់នោះទេ ខណៈមានការព្រួយបារម្ភនៃការកើនឡើងនៃរបរនេះ ព្រមទាំងជះឥទ្ធិពលដល់ការសិក្សារបស់កុមារ ជាពិសេសក្មេងស្រី អាចបោះបង់ចោលការសិក្សា និងងាកមកចាប់យករបរនេះឆាប់រហ័សដែលអាចនាំឲ្យប៉ះពាល់សុភមង្គលគ្រួសាររបស់ពួកគេទៅថ្ងៃក្រោយ។
អ្នកស្រីថ្លែងថា៖ «ការដាក់មុខរបរបម្រើផ្លូវភេទជាផ្លូវការ ឬមួយក៏ស្របច្បាប់ហ្នឹង អ្វីដែលជាការព្រួយបារម្ភ គឺបារម្ភចំពោះអនាគតរបស់ក្មេងស្រីទេ ឬមួយក៏ក្មេងប្រុសដែលយើងគិតថា យើងមិនទាន់បានលើកទឹកចិត្តនូវមុខរបរហ្នឹងផង វាធ្វើឲ្យមានក្មេងដែលគេហៅថា គាត់មិនសូវចង់រៀនសូត្រ ឬមួយក៏គាត់បង្ហាញរូបភាពអាសអាភាសច្រើនណាស់ទៅហើយ។ បើយើងលើកទឹកចិត្តមុខរបរហ្នឹងទៀត យើងកំពុងតែបារម្ភថា តើយើងអាចគ្រប់គ្រងបានដែរ ឬអត់?»
អ្នកស្រីបានបន្ថែមថា ការលើកកម្ពស់សុខភាព និងសេចក្តីថ្លៃថ្នូររបស់អ្នកដែលប្រកបរបរផ្លូវភេទ ជាការប្រសើរជាជាងការរុញទូកបណ្តោយទឹកដែលជំរុញឲ្យមានការរកស៊ីផ្លូវភេទបន្ថែម ព្រោះអ្នកស្រីយល់ថា ការប្រកបរបរនេះ ផ្តល់ផលប៉ះពាល់ និងប្រឈមខ្ពស់ ព្រមទាំងមិនបានផ្តល់សុភមង្គលពិតប្រាកដ និងយូរអង្វែងដល់ស្រ្តីនោះទេ ។
អ្នកស្រីលើកឡើងថា៖ «ច្បាប់ស្តីពីការជួញដូរមនុស្ស និងធ្វើអាជីវកម្មផ្លូវភេទ គេអត់បានដាក់ទោសទណ្ឌលើស្រ្តីដែលបម្រើផ្លូវភេទដោយស្មគ្រ័ចិត្តនោះទេ ប៉ុន្តែ គេធ្វើទោសចំពោះអ្នកធ្វើចារកម្ម បានន័យថា អ្នកដែលកេងប្រវ័ញ្ចលើផ្លូវភេទអ្នកដទៃនៅពេលដែលគេអូសទាញអ្នកដទៃឲ្យមកធ្វើរបរ[រកស៊ីផ្លូវ]ភេទ ហើយគាត់ហ្នឹង អ្នកទទួលកម្រៃពីរបរផ្លូវភេទរបស់គេ»។
អ្នកស្រី ជូ ប៊ុនអេង ក៏បានអំពាវនាវត្រឡប់ទៅអ្នកប្រកបរបរផ្លូវភេទ ឲ្យស្វែងរកភស្តុតាងសាក្សីនៃជនបង្កហិង្សាដើម្បីអាចដាក់ពាក្យបណ្តឹងទៅតាមផ្លូវច្បាប់៕