ក្រុមអង្គការក្រៅរដ្ឋាភិបាលចំនួន៣នៅថ្ងៃពុធនេះ បានអំពាវនាវជាថ្មីទៀតឲ្យក្រុមហ៊ុនស្ករថៃមិត្រផុល (Mitr Phol) ចូលខ្លួនដោះស្រាយជម្លោះជាមួយតំណាងសហគមន៍ខ្មែរដែលរងផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ដំណាំអំពៅមួយក្នុងខេត្តឧត្តរមានជ័យក្នុងប្រទេសកម្ពុជា។
ការអំពាវនាវនេះ ធ្វើឡើងខណៈដែលវេទិកាអង្គការសហប្រជាជាតិស្តីពីធុរកិច្ច និងសិទ្ធិមនុស្សបានបើកកិច្ចប្រជុំប្រចាំឆ្នាំលើកទី៩របស់ខ្លួនតាមបណ្តាញអ៊ីនធឺណិតចាប់ពីថ្ងៃទី១៦ដល់១៨ ខែវិច្ឆិកានេះ ដើម្បីពិភាក្សាអំពីការបង្ការការរំលោភបំពានសិទ្ធិមនុស្សទាក់ទាក់នឹងធុរកិច្ច។
សេចក្តីថ្លែងការណ៍រួមមួយរបស់ក្រុមអង្គការទាំងបីគឺអង្គការសមធម៌កម្ពុជា អង្គការលីកាដូ និងអង្គការអាយឌីអាយ (Inclusive Development International)ដែលវីអូអេទទូលបាននៅថ្ងៃទី១៨ខែវិច្ឆិកាបានបញ្ជាក់ថា៖ «យើងខ្ញុំសូមអំពាវនាវដល់ក្រុមហ៊ុនមិត្រផុល ឲ្យទទួលស្គាល់ការបង្កការឈឺចាប់ដែលក្រុមហ៊ុនបានបណ្តាលឲ្យកើតមានឡើង និងអំពាវនាវឲ្យបំពេញការទទួលខុសត្រូវផ្នែកសិទ្ធិមនុស្សរបស់ខ្លួនតាមរយៈការចូលខ្លួនជាបន្ទាន់មកពិភាក្សាស្វែងរកដំណោះស្រាយជាមួយអ្នកតំណាងគ្រួសារដែលរងផលប៉ះពាល់និងចាត់វិធានការដំណោះស្រាយឲ្យបានសមស្រប»។
ក្រុមអង្គការសង្គមស៊ីវិលទាំងនេះ ក៏បានអំពាវនាវដល់ស្ថាប័នបញ្ជាក់និរន្តរភាពសម្រាប់វិស័យស្ករអំពៅហៅថាបុនស៊ូក្រូ (Bonsucro) ដែលមានមូលដ្ឋានក្នុងទីក្រុងឡុងដ៍ប្រទេសអង់គ្លេស និងក្រុមហ៊ុនដែលបញ្ជាទិញស្ករពីក្រុមហ៊ុនមិត្រផុល រួមទាំងក្រុមហ៊ុនកូកាកូឡាផង ឲ្យជំរុញក្រុមហ៊ុនស្ករថៃមួយនេះ ផ្តល់យុត្តិធម៌ដល់សហគមន៍ដែលរងផលប៉ះពាល់។
កាលពីខែកក្កដា តុលាការមួយរបស់ប្រទេសថៃបានសម្រេចទទួលស្គាល់បណ្តឹងជាសមូហភាពរបស់អ្នកភូមិខ្មែរចំនួន ៧១១ គ្រួសារ នៅខេត្តឧត្ដរមានជ័យ ប្រឆាំងក្រុមហ៊ុនស្ករសថៃ Mitr Phol នេះ ពាក់ព័ន្ធនឹងជម្លោះដីធ្លីដ៏ហិង្សាមួយក្នុងប្រទេសកម្ពុជា ដែលបានអូសបន្លាយពេលអស់ជាង១០ឆ្នាំមកហើយ។
វីអូអេ មិនអាចទាក់ទងតំណាងក្រុមហ៊ុន Mitr Phol ដើម្បីឆ្លើយតបបានភ្លាមៗទៅនឹងការទាមទាររបស់ក្រុមអង្គការសង្គមស៊ីវិលនេះទេនៅត្រឹមយប់ថ្ងៃពុធ ប៉ុន្តែតំណាងក្រុមហ៊ុនស្ករសដ៏ធំជាងគេបង្អស់ក្នុងតំបន់អាស៊ីនេះ បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយចុះថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២០ ដោយនិយាយការពារខ្លួនថា ក្រុមហ៊ុននេះបានចូលមកវិនិយោគក្នុងប្រទេសកម្ពុជាដោយសុចរិត និងមានការសហការក្នុងភាពជាដៃគូជាមួយរដ្ឋាភិបាលកម្ពុជា៕