សាលារាជធានីភ្នំពេញព្រមានចាត់វិធានច្បាប់ចំពោះបុគ្គលណាធ្វើតេស្តឃើញជំងឺកូវីដ១៩តែព្យាយាមលាក់លៀមមិនព្រមរាយការណ៍ដល់មន្ត្រីសុខាភិបាលនិងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត។នេះគឺជាវិធានការថ្មីមួយបន្ថែមទៀតរបស់រដ្ឋបាលរាជធានីភ្នំពេញនៅក្នុងការទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដ១៩ជាពិសេសមេរោគបំប្លែងខ្លួនថ្មីប្រភេទអូមីក្រុងដែលការឆ្លងបន្តកើនឡើងជាង៦០០ករណី។
កាលពីថ្ងៃទី២ខែកុម្ភៈនេះ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីណែនាំបន្ថែមអំពី«ការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩នៅតាមផ្ទះក្នុងរាជធានីភ្នំពេញ»។
បើតាមសេចក្តីណែនាំនោះអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានស្នើនិងលើកទឹកចិត្តប្រជាពលរដ្ឋដែលសង្ស័យថាមានបុគ្គលណាកំពុងលួចលាក់អ្នកជំងឺកូវីដ១៩ឲ្យសម្រាកព្យាបាលដោយគ្មានការវាយតម្លៃពីស្ថាប័នជំនាញត្រូវរាយការណ៍ជាបន្ទាន់មករដ្ឋបាលរាជធានីភ្នំពេញ ឬអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុតដោយមានការធានារក្សាការសម្ងាត់ជូន។ធ្វើយ៉ាងដូច្នេះគឺអាជ្ញាធរមានសមត្ថកិច្ចនឹងមានភាពស្រួលចាត់វិធានការទាន់ពេលវេលានិង បញ្ចៀសការចម្លងជំងឺកូវីដ១៩មេរោគបំប្លែងខ្លួនថ្មីប្រភេទអូមីក្រុងបន្ថែមចូលក្នុងសហគមន៍។
មន្ត្រីសង្គមស៊ីវិលមួយចំនួនបង្ហាញការបារម្ភចំពោះវិធានការថ្មីនេះក្រោមហេតុផលថាអ្នកដែលត្រូវបានរកឃើញថាមានជំងឺកូវីដ១៩អាចប្រឈមនឹងផលវិបាកទាក់ទងនឹងសន្តិសុខផ្ទាល់ខ្លួននៅពេលអ្នកជំងឺត្រូវបានគេចោទថា មានចេតនាលាក់បាំងការឆ្លងជំងឺកូវីដ១៩នោះ។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាអ្នកស្រីចក់ សុភាពយល់ថា អាជ្ញាធរគួរបង្កើនការអប់រំដល់ប្រជាពលរដ្ឋជាជាងការងាកទៅរកវិធានការផ្លូវច្បាប់។
អ្នកស្រីថ្លែងថា៖ «ខ្ញុំគិតថាវិធានការណាក៏ដោយគួរតែព្យាយាមធ្វើការផ្សព្វផ្សាយធ្វើការពន្យល់អប់រំដល់ពលរដ្ឋជាជាងការប្រើប្រាស់វិធានការផ្លូវច្បាប់ពីព្រោះការប្រើប្រាស់វិធានការផ្លូវច្បាប់ណាមួយនោះវាមិនបានបង្កឲ្យមានភាពប្រសើរក្នុងការចូលរួមទប់ស្កាត់ទេ[ប៉ុន្តែ]ធ្វើឲ្យមានការខ្លាចរអាធ្វើឲ្យពលរដ្ឋខ្លះមានការបារម្ភ»។
ចំណែកប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព លោក យង់ គឹមអេងថ្លែងថាវិធានការរបស់រដ្ឋបាលរាជធានីភ្នំពេញនេះហាក់ដូចមិនសមទំនងក្នុងការបង្ការការឆ្លងរាតត្បាតមេរោគបំប្លែងខ្លួនថ្មីប្រភេទអូមីក្រុងទេ។
លោកប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា អាជ្ញាធរសុខាភិបាលនិងមន្ត្រីជំនាញផ្សេងទៀតគួរគិតគូរផ្តល់សេវាថែទាំដល់បុគ្គលដែលត្រូវបានរកឃើញមានជំងឺកូវីដ១៩នោះ។
លោកនិយាយថា៖«ទោះបីជាគាត់ធ្វើតេស្ដរហ័សRapid Test គាត់រកឃើញក៏ដោយមនុស្សជាទូទៅគឺតែងតែទៅធ្វើម៉ាស៊ីនPCRបន្ថែមទៀតហើយ ដើម្បីមើលឲ្យកាន់តែច្បាស់ទៀតពីព្រោះម្នាក់ៗអ្នកណាមិនខ្លាចរឿងកូវីដ?ខ្លាចដូចតែគ្នាហ្នឹង! អ៊ីចឹងគាត់ធ្វើតេស្តមានហើយឲ្យគាត់រាយការណ៍ម៉េច?អ្នកណាអ្នករាយការណ៍?អាហ្នឹងជារឿងមួយសំខាន់»។
លោកបន្ថែមថា៖«ប៉ុន្តែនៅពេលយើងធ្វើតេស្តហើយនៅម៉ាស៊ីនPCRគឺគួរតែមាននីតិវីធីនៅទីនោះថាតើសួរគាត់ចង់សម្រាកព្យាបាលនៅផ្ទះឬនៅមន្ទីរពេទ្យ?បើគាត់សម្រាកព្យាបាលនៅផ្ទះត្រូវផ្តល់សេវាថែទាំគាត់របៀបណា? ...»
បើតាមសេចក្តីណែនាំបន្ថែមរបស់រដ្ឋបាលរាជធានីភ្នំពេញបុគ្គលណាដែលត្រូវរកឃើញថាមានកូវីដ១៩ ដោយប្រើតេស្តរហ័សត្រូវដាក់ខ្លួនឲ្យដាច់ពីសមាជិកគ្រួសារនិងត្រូវរាយការណ៍ទៅមន្ត្រីសុខាភិបាលឬអាជ្ញាធរមូលដ្ឋានដើម្បីធ្វើការវាយតម្លៃស្ថានភាពអ្នកជំងឺនិងពិនិត្យមើលលក្ខខណ្ឌទីតាំងថាអាចព្យាបាលនៅផ្ទះឬនៅមន្ទីរពេទ្យរដ្ឋ។
សេចក្តីណែនាំដដែលបន្ថែមថា ក្រោយរយៈពេល៣ថ្ងៃក្នុងករណីលទ្ធផលតេស្តមានកូវីដ១៩ប្រភេទអូមីក្រុងដោយម៉ាស៊ីនPCR នោះអ្នកពាក់ព័ន្ធត្រូវធ្វើចត្តាឡីស័កនិងត្រូវធ្វើតេស្ត PCRតាមទីតាំងដែលក្រសួងកំណត់និងមិនត្រូវចេញពីផ្ទះក្នុងករណីមិនចាំបាច់។
អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេងបានលើកឡើងក្នុងសេចក្តីណែនាំនោះថា៖«ក្នុងករណីរដ្ឋបាលរាជធានីភ្នំពេញឬអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទទួលបានព័ត៌មាន ឬរកឃើញថាមានបុគ្គលណាដែលបានប្រើប្រាស់តេស្តរហ័សរកអង់ទីហ្សែនកូវីដ១៩ទទួលបានលទ្ធផលវិជ្ជមានកូវីដ១៩ហើយគេចវេះនិងមិនព្រមរាយការណ៍ជូនមន្រ្តីសុខាភិបាលក្រុមគ្រូពេទ្យ ឬអាជ្ញាធរមូលដ្ឋាន បុគ្គលនោះនឹងត្រូវប្រឈមនឹងការអនុវត្តនូវពិន័យជាប្រាក់ស្របតាមប្រកាសអន្តរក្រសួង»។
លោកបានបន្ថែមថាជនបង្កអាចប្រឈមមុខនឹងទោសដាក់ពន្ធនាគារស្របតាមមាត្រា១០ និងមាត្រា១១នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។
អភិបាលរងរាជធានីភ្នំពេញលោកកើត ឆែ បានប្រាប់វីអូអេបន្ថែមនៅថ្ងៃសុក្រថានៅពេលបុគ្គលណាម្នាក់ធ្វើតេស្តរហ័សឬ Rapid Test ឃើញមានកូវីដ១៩បុគ្គលនោះចាំបាច់ត្រូវតែព្យាបាលនៅផ្ទះនិងមិនអាចចេញទៅណាបានទេហើយត្រូវទាក់ទងទៅអាជ្ញាធរមានសមត្ថកិច្ចភ្លាម។
លោកថ្លែងថា៖«រឿងកូវីដនេះរដ្ឋបាលរាជធានីភ្នំពេញយើងអប់រំរយៈពេលប៉ុន្មានឆ្នាំហើយ។ យើងមិនដែលអនុវត្តវិធានការតឹងតែងអីផង...២ឆ្នាំហើយ។តាំងពី២០កុម្ភៈ មកហ្នឹងយើងមានដែលធ្វើអី?ត្រូវឬអត់?យើងនៅតែបន្តអប់រំរហូត!ដល់ឥឡូវក៏នៅតែបន្តអប់រំសេចក្តីណែនាំបំពេញបន្ថែមហ្នឹង...។ ប៉ុន្តែអ្នកដែលមានចេតនាគេចវេះ អ្នកដែលមានចេតនាទៅចម្លងឲ្យគេយើងអត់ត្រូវលើកលែងទេ»។
នៅក្នុងកិច្ចខិតខំប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាលជំងឺកូវីដ អាជ្ញាធរកម្ពុជាបានដាក់ចេញវិធានការរដ្ឋបាលនិងសុខាភិបាលជាបន្ទាន់ដោយមានការចេញសេចក្តីណែនាំនិងបញ្ញត្តិច្បាប់មួយចំនួនក្នុងនោះគឺច្បាប់ស្តីពី«វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត»ដែលមានគោលបំណងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ សុខភាពសាធារណៈនិងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងកាត់បន្ថយជាអតិបរមានូវផលប៉ះពាល់ចំពោះវិស័យសង្គមនិងសេដ្ឋកិច្ចនៅក្នុងប្រទេសដោយសារជំងឺនេះ។
មាត្រា៩នៃច្បាប់ខាងលើបានចែងថាក្នុងករណីមានការចម្លងដោយចេតនានូវជំងឺកូវីដ១៩ដល់អ្នកដទៃតាមគ្រប់មធ្យោបាយ ជនបង្កនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំទៅ១០ឆ្នាំ ហើយប្រសិនបើអំពើនេះធ្វើឡើងដោយការរៀបចំជាក្រុមឬអង្គការចាត់តាំង ក្រុមជនបង្កនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១០ឆ្នាំដល់២០ឆ្នាំ។
ដោយឡែកមាត្រា១០នៃច្បាប់នេះបានចែងអំពីចេតនាមិនគោរពវិធានការរដ្ឋបាលហើយទង្វើនេះនឹងត្រូវប្រឈមការពិន័យជាប្រាក់ពី១លានរៀលទៅ៥លានរៀល ហើយកាលបើអំពើបំពាននោះបង្កប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ ជនបង្កនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំនិងពិន័យជាប្រាក់ពី៥លានរៀលទៅ២០លានរៀល។
គួរបញ្ជាក់ថា ករណីឆ្លងកូវីដ១៩បំប្លែងថ្មីប្រភេទអូមីក្រុងសម្រាប់ថ្ងៃទី៣ខែកុម្ភៈឆ្នាំ២០២២មានចំនួន៦៦នាក់ដោយលទ្ធផលបញ្ជាក់ពីម៉ាស៊ីនPCRហើយក្នុងនោះឆ្លងក្នុងសហគមន៍ចំនួន៦៤នាក់និងនាំចូលពីក្រៅប្រទេសមានចំនួន២នាក់។ការរកឃើញករណីឆ្លងមេរោគបំប្លែងខ្លួនថ្មីអូមីក្រុងបន្ថែមនោះបានធ្វើឲ្យចំនួនឆ្លងមេរោគប្រភេទនេះកើនសរុបចំនួន៦០៦ករណីក្នុងសហគមន៍។នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល៕