សាលារាជធានីភ្នំពេញ នៅថ្ងៃព្រសហ្បតិ៍នេះ បានស្នើជាលើកទីពីរ ឲ្យក្រុមអង្គការសង្គមស៊ីវិលដែលគ្រោងរៀបចំការជួបជុំនៅទីលានប្រជាធិបតេយ្យ នៅថ្ងៃទី២០ ខែធ្នូ ពន្យារពេលការជួបជុំ ក្រោមហេតុផលនៃការរាតត្បាតជំងឺកូវីដ១៩ក្នុងសហគមន៍មិនទាន់បញ្ចប់។ នេះបើយោងតាមលិខិតចុះថ្ងៃទី១៧ ខែធ្នូ ដោយអភិបាលរងរាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា។
ក្នុងលិខិតនេះ រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ទៅក្រុមអង្គការសិទ្ធិមនុស្សថាការឆ្លងជំងឺកូវីដ១៩ក្នុងសហគមន៍លើកដំបូងទាក់ទងនឹងព្រឹត្តិការណ៍២៨ ខែវិច្ឆិកា មិនទាន់ត្រូវបិទបញ្ចប់នៅឡើយទេ។ សាលាក្រុងឲ្យដឹងថា ការណ៍នេះ«មិនអំណោយផលដល់ការជួបជុំ និងរៀបចំពិធីផ្សេងៗ»។
សាលារាជធានីភ្នំពេញបញ្ជាក់ថា៖ «ចំពោះការជូនដំណឹងរៀបចំប្រារព្ធពិធីអបអរសាទរខួបលើកទី៧២នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ នៅទីលានប្រជាធិបតេយ្យ ដោយមានអ្នកចូលរួមប្រមាណ១.៥០០នាក់ របស់តំណាងគណៈកម្មការរៀបចំនោះ រដ្ឋបាលរាជធានីភ្នំពេញស្នើលោកតំណាងពន្យារពេលរៀបចំពិធីសិន និងត្រូវរង់ចាំព្រឹត្តិការណ៍ខាងលើ បានបិទបញ្ចប់ ចាំដាក់លិខិតជូនដំណឹងជាថ្មីពីការរៀបចំពិធីនេះ»។
នេះជាការឆ្លើយតបរបស់រដ្ឋបាលភ្នំពេញទៅនឹងលិខិតស្នើសុំជាថ្មីរបស់ក្រុមសិទ្ធិមនុស្ស ដែលមានបំណងរៀបចំព្រឹត្តិការណ៍អបអរទិវាសិទ្ធិមនុស្សអន្តរជាតិ ក្រោយមានការស្នើពន្យារពេលជាលើកទីមួយរបស់សាលាក្រុង កាលពីចុងខែវិច្ឆិកា។
លិខិតរបស់អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្ស (CHRAC) ដែលជាតំណាងឲ្យគណៈកម្មការរៀបចំពិធីនៃក្រុមអង្គការសង្គមស៊ីវិលចំនួន៥៣ ឲ្យដឹងថាពួកគេស្នើសុំរៀបចំព្រឹត្តិការណ៍នេះ នៅថ្ងៃទី២០ ខែធ្នូ នៅទីលានប្រជាធិបតេយ្យ ដោយនឹងមានការដង្ហែក្បួនទៅកាន់មន្ទីររដ្ឋសភា ដើម្បីធ្វើសេចក្តីថ្លែងការណ៍។
អង្គការសង្គមស៊ីវិលបញ្ជាក់ថាព្រឹត្តិការណ៍នេះពាក់ព័ន្ធនឹង«សិទ្ធិមនុស្សសុទ្ធសាធ រៀបចំដោយឯករាជ្យ និងគោរពនូវវិធានការការពារជំងឺកូវីដ១៩»។
កាលពីថ្ងៃអង្គារ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាការឆ្លងជំងឺកូវីដ១៩ក្នុងសហគមន៍លើកដំបូង រដ្ឋាភិបាលអាចគ្រប់គ្រងបានរហូតមកដល់ពេលនេះ ប៉ុន្តែនៅបន្តរឹតបន្តឹងការជួបជុំទ្រង់ទ្រាយធំ។
ប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសថាមិនមានករណីវិជ្ជមាននៃការឆ្លងជំងឺកូវីដ១៩ដែលកើតចេញពីការឆ្លងក្នុងសហគមន៍លើកដំបូងនោះទេ៕