ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គម​ស៊ីវិល​ចងក្រង​បណ្តាញ​អ្នក​យក​ព័ត៌មាន​ប្រជាពលរដ្ឋ


សេចក្តី​ប្រកាស​កម្មវិធី​អ្នក​រាយការណ៍​ព័ត៌មាន​
សេចក្តី​ប្រកាស​កម្មវិធី​អ្នក​រាយការណ៍​ព័ត៌មាន​

អ្នក​យក​ព័ត៌មាន​ប្រជាពលរដ្ឋ​ដែល​ជាអ្នក​យក​ព័ត៌មាន​ក្រៅ​អាជីព​ផ្លូវការ​បាន​ចងក្រងជា​បណ្តាញ​ជា​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​នេះ​ដើម្បី​ចូលរួម​ចែក​រំលែក​ព័ត៌មាន​បទ​ពិសោធន៍​ និង​អាច​ធ្វើ​ការ​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​អ្នក​យក​ព័ត៌មាន​អាជីព។​ ​អ្នក​វិភាគ​សង្គម​យល់​ឃើញ​ថា សម្រាប់​សង្គម​កម្ពុជា​បច្ចុប្បន្ន អ្នក​កាសែតប្រជាពលរដ្ឋដើរ​តួ​ដ៏សំខាន់​ក្នុង​ការ​ផ្សព្វផ្សាយ​ដំណឹង​ពី​កន្លែង​កើតហេតុ​ឲ្យ​គ្រប់​តំបន់​ក្នុង​ប្រទស​កម្ពុជា​បានដឹង។​

អ្នក​យក​ព័ត៌មាន​ប្រជាពលរដ្ឋ​ ឬ​ Citizen ​Journalist ដែល​គាំទ្រ​ដោយ​អង្គការ​ក្នុង​ស្រុក​ចំនួន​ពីរ​បានរួម​គ្នា​បង្កើត​ជា​បណ្តាញ​នៅ​ថ្ងៃ​ពុធ​នេះ។​បណ្តាញ​អ្នក​យក​ព័ត៌មាន​ពល​រដ្ឋ​ជា​លើក​ដំបូង​នៅ​កម្ពុជា​នេះ​មាន​សមាជិក​សរុប​ចំនួន​៨០​នាក់។​

គោល​ដៅ​របស់​បណ្តាញ​នេះគឺ​ដើម្បី​ផ្ដល់ឱកាស​ឲ្យ​អ្នក​យក​ព័ត៌មាន​ប្រជា​ពលរដ្ឋ​អាច​ជួប​ជាមួយ​អ្នក​សារព័ត៌មាន​អាជីព​ និង​សហការ​ជាមួយ​សង្គម​ស៊ីវិល​ និង​ស្ថាប័ន​រដ្ឋាភិបាល​ និង​ជំរុញ​ឲ្យក្រុម​ប្រជា​ពលរដ្ឋ​អ្នក​សារ​ព័ត៌មាន​បន្ត​ធ្វើ​សេចក្ដី​រាយ​ការណ៍​អំពី​បញ្ហា​សំខាន់ៗ​ដែល​កំពុង​កើត​មាន​ឡើង​ក្នុង​ប្រទេស​កម្ពុជា។​ ​

អ្នក​យក​ព័ត៌មាន​ប្រជាពលរដ្ឋ​គឺ​ជា​ប្រជា​ពលរដ្ឋ​ដែលមិនមាន​អាជីព​ជា​អ្នក​កាសែត​ ប៉ុន្តែ​គឺជាអ្នក​ដែល​កំពុង​ប្រឡូក​ក្នុ​ងការ​ផ្តល់ និង​ចែកចាយ​ព័ត៌មាន​ជាក់​ស្តែង​ក្នុង​សង្គម​ជូន​ដល់​សាធារណជន។​

អ្នក​យក​ព័ត៌មាន​ទាំង​នេះ ​រួមមាន​ទាំង​ព្រះសង្ឃ ​កម្មករ​រោងចក្រ​ សកម្ម​ជន​សិទ្ធិមនុស្ស​ ជនជាតិ​ដើម​ភាគតិច​ សកម្មជន​ការពារ​បរិស្ថាន​ឬក៏​ប្រជា​ពលរដ្ឋ​សាមញ្ញ​ទូទៅ។​ អ្នកយក​ព័ត៌មាន​ប្រជា​ពល​រដ្ឋ​ទាំងនេះ​ប្រើប្រាស់​បណ្តាញ​សង្គម​ជា​ចម្បងក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​ខ្លួន​មាន។​

ដោយឡែក​អ្នក​យក​ព័ត៌មាន​ប្រជា​ពលរដ្ឋ​ទាំង​៨០​នាក់​នេះ​ត្រូវ​បង្កើត​ឡើង​ដោយ​ឡែកៗ​ពី​គ្នា​ដោយ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ (CLEC)​និង​មជ្ឈមណ្ឌល​កម្ពុជាដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ (CCIM)​មុន​នឹង​ពួកគេ​ចងក្រង​ជា​បណ្តាញ​រួម​គ្នា​នៅ​ថ្ងៃ​នេះ។​

លោក​កាំង​ តុងងី មន្ត្រី​ទំនាក់​ទំនង​ និង​ការ​តស៊ូ​មតិ​នៃមជ្ឈមណ្ឌល​កម្ពុជាដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយឯករាជ្យ​ ថ្លែង​ថា​ ក្រុម​អ្នក​យក​ព័ត៌មានប្រជា​ពលរដ្ឋត្រូវ​តម្រូវឲ្យ​ធ្វើ​ការ​សរសេរ​ព័ត៌មាន​ និង​ថត​រូប​ ហើយ​ពេល​ខ្លះ​ត្រូវ​ធ្វើ​សេចក្តី​រាយ​ការណ៍​ពី​ក្នុង​សហគមន៍​របស់​ពួក​គេ។​ ​

«ទី​មួយ​ចង​បណ្តា​ប្រជា​ពលរដ្ឋ សហគមន៍ ឬអ្នក​កាសែតប្រជាពលរដ្ឋ​ ដូច​គ្នានឹង​ចង​បណ្តាញ​ជាមួយ​អ្នក​កាសែត​អាជីព​ដែរ។​ ពេល​ខ្លះ​ ព័ត៌មាន​ខ្លះ​ពួក​គាត់​មិន​មាន​សមត្ថភាព​គ្រប់​គ្រាន់​ អញ្ចឹង​អ្នក​កាសែត​ប្រជាពលរដ្ឋ​អាច​បោះ​ជា​តម្រុយ​ឲ្យ​អ្នក​កាសែតអាជីព​ ឲ្យ​គេធ្វើ​ព័ត៌មាន​លម្អិតពី​បញ្ហា​ដែល​បាន​កើត​ឡើង»។

នៅ​ក្នុង​ឱកាស​នៃ​ការ​ច្របាច់​ចូលជា​បណ្តាញ​រួមនេះ​ ក្រុម​អ្នក​យក​ព័ត៌មាន​ប្រជា​ពលរដ្ឋនឹង​ឡើង​បង្ហាញការ​ងារ​ចែក​រំលែក​បទពិសោធន៍ដែលពួកគេ​បាន​ជួប​នា​ពេល​កន្លង​មក​ ក្នុងអំឡុង​ពេល​ធ្វើ​សេចក្ដី​រាយ​ការណ៍។

អ្នកស្រី​គិត​ ម៉េង អាយុ​៣១​ឆ្នាំ​គឺ​ជាអ្នក​យក​ព័ត៌មានប្រជា​ពលរដ្ឋ​ដែលបាន​រាយ​ការណ៍​ព័ត៌មានរបស់​កម្មករ​រោង​ចក្រ។​ ​ជា​កម្មករ​រោង​ចក្រ អ្នក​ស្រី​ថ្លែង​ថា​ អ្នកស្រី​បាន​ចាប់​ផ្តើម​សរសេរ​ និង​ចែក​ចាយព័ត៌មាន​អំពីការ​រស់នៅ​ ​សុខ​ភាព និង​ភាព​ប្រឈម​របស់​ក្រុម​កម្មករ​រោង​ចក្រ​ ​តាំង​ពី​ដើម​ឆ្នាំ​ ​២០១៤។​

«ខ្ញុំ​ពេញ​ចិត្ត ​ខ្ញុំ​សប្បាយ។​ ខ្ញុំ​នៅ​តែ​បន្ត​ឲ្យ​តែ​មាន​ឱកាស ពេញចិត្ត​ដោយ​សារ​បាន​ផ្សព្វផ្សាយដូន​ដល់​សង្គម​ ដល់​ប្រទេស។​ ប្រជា​ពលរដ្ឋ​គាត់មាន​បញ្ហា​ មិន​អាច​បង្ហាញឲ្យ​អ្នក​ផ្សេងដឹង។​ ពេល​ខ្ញុំ​ធ្វើ​ទៅ​ គេ​នឹង​ដឹង​ពី​រឿង​ដែលគេ​បានលាក់​បាំង»។​

ទំនង​ជា​ទំនោរ​នយោបាយ​បាន​ធ្វើ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ភាគ​ច្រើន​នៅ​កម្ពុជា​បានរឹតត្បិត​ ឬ​កម្រិត​លំហូរ​ព័ត៌មាន​ទៅ​ដល់​សាធារណជនដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្លះ​បាន​ចាប់​ផ្ដើម​ចេញ​មុខ​ធ្វើ​សេចក្ដី​រាយ​ការណ៍​ពី​មូលដ្ឋាន​ដោយ​ផ្ទាល់អំពី​បញ្ហា​ផ្សេងៗ ដូចជា​ការ​រំលោភ​សិទ្ធិ​មនុស្ស អយុត្តិ​ធម៌​សង្គមជាដើម។​

ព័ត៌មាន​ទាំង​អស់​នោះ​តែងតែ​ត្រូវ​បាន​រំលង​ចោល​ មិន​ផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ភាគច្រើន​នៅកម្ពុជា​ ជា​ពិសេស​បណ្តាញ​ផ្សព្វផ្សាយ​របស់​រដ្ឋាភិបាល។ នេះ​បើ​យោង​តាម​ការ​សេចក្ដី​ប្រកាស​ព័ត៌មាន​រួម​គ្នា​របស់​មជ្ឈ​មណ្ឌល​អប់រំ​ច្បាប់​សម្រាប់សហគមន៍​ (CLEC) ​សហការ​ជាមួយ​មជ្ឈ​មណ្ឌល​កម្ពុជាដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ (CCIM)។​

លោក​កែម​ ឡី​ អ្នក​វិភាគ​សង្គម​ឯករាជ្យ​ ថ្លែង​ថា​ ចំនួន​អ្នក​កាសែត​អាជីព​នៅ​មាន​កម្រិត ដូច្នេះ​ហើយ​អ្នក​សារ​ព័ត៌មានប្រជា​ពលរដ្ឋ​ដែល​រស់នៅ​គ្រប់​ទី​កន្លែង​អាចផ្តល់​ដំណឹង​បាន​រហ័យ​ និង​អាចជាតម្រុយ​សម្រាប់​អ្នក​យក​ព័ត៌មាន​អាជីព។

«នៅ​តំបន់​ដាច់​ស្រយាល​ មាន​រឿង​រំលោភ​បំពាន​ភាគច្រើន​ពីសំណាក់​អ្នក​មាន​អំណាច​អ្នក​ធំ។ ប្រជា​ពលរដ្ឋអ្នក​យក​ព័ត៌មាន​ លោក​អាច​ផ្តល់​ព័ត៌មាន​ឲ្យ​រហ័ស ​ទៀង​ទាត់​ដល់​អ្នក​ដែល​ធ្វើ​សេចក្តី​សម្រេច​ចិត្ត ឬ​អ្នក​មាន​សមត្ថ​កិច្ច»។

លោក​យ៉េង​ វីរៈ ​ប្រធាន​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ ថ្លែង​ថា ​ក្រុម​បណ្តាញ​អ្នក​យក​ព័ត៌មាន​ប្រជា​ពលរដ្ឋបាន​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​ចែក​ផ្សព្វផ្សាយ​ និង​ចែក​រំលែក​ព័ត៌មាន​ពី​ទីតាំង​មួយ​ចំនួន​ ដែល​ក្រុម​អ្នក​យក​ព័ត៌មាន​អាជីព​មិន​អាច​ចូល​ទៅ​ដល់៕​

XS
SM
MD
LG