ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកនាំពាក្យ​រដ្ឋាភិបាល​រិះគន់ RFA និងCambodia Daily


លោក ផៃ ស៊ីផាន អ្នក​នំា​ពាក្យ​នៃ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​នៃ​​ប្រទេស​កម្ពុជា។
លោក ផៃ ស៊ីផាន អ្នក​នំា​ពាក្យ​នៃ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​នៃ​​ប្រទេស​កម្ពុជា។
រដ្ឋាភិបាល​កម្ពុជា​បាន​ព្រមាន​វិទ្យុ​អាស៊ីសេរី​ RFA ​និង​កាសែត​ The Cambodia Daily​ឲ្យ​ចៀសវាង​ការ​ប្រើ​ប្រាស់​ពាក្យ​សម្តី​ដែល​មាន​ចរិក​លក្ខណៈ​វាយ​ប្រហារ​ឬ​ប្រឌិត​និង​ថា​ប្រសិន​បើ​នៅ​តែបន្ត​គ្មាន​ការ​កែ​ប្រែ​រដ្ឋាភិបាល​កម្ពុជា​អាច​នឹង​ចាត់​វិធានការ​តាម​ផ្លូវច្បាប់។

ប្រតិកម្ម​បែប​នេះ​ធ្វើ​ឡើង​ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃសុក្រ​នេះដើម្បី​ស្រាយ​បំភ្លឺ​លើ​អត្ថបទ​ដែល​ចោទ​ប្រកាន់​ថា​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​លក់​សិទ្ធិ​នៃ​ការ​ចុះ​បញ្ជី​កប៉ាល់​ពាណិជ្ជកម្ម​ដែល​ធ្វើឡើង​នៅ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី។ កាសែត​The ​Cambodia​ Daily ​កាលពី​ថ្ងៃទី​២៩​ខែ​មិនា​ឆ្នាំ​២០១៣​បានចុះ​ផ្សាយ​អត្ថបទ​មួយក្រោម​ចំណង​ជើង​ថា​«រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​លក់​សិទ្ធិ​នៃ​ការ​ចុះ​បញ្ជី​កប៉ាល់​ពាណិជ្ជកម្ម»។ អត្ថបទ​មួយ​ទៀត​របស់វិទ្យុ​អាស៊ី​សេរី​ដែល​មាន​ចំណង​ជើង​ថា«លោក​ហ៊ុន​សែន​សារភាព​ថា​កម្ពុជា​មិន​អាច​កាត់​បន្ថយ​គម្លាត​រវាង​អ្នក​មាន​និង​អ្នក​ក្រ​» ចុះផ្សាយ​នៅ​ថ្ងៃទី​២២​ខែ​មិនា​ឆ្នាំ​២០១៤។​

អ្នក​នំា​ពាក្យ​នៃ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ លោក​ផៃ​ ស៊ី​ផាន​បាន​ចាត់ទុកអត្ថបទ​ទាំងពីរនេះ​មានចរិក​វាយ​ប្រហារ​ និង​ប្រឌិត​សុទ្ធ​សាទ​និងខ្វះ​វិជ្ជា​ជីវៈសារ​ព័ត៌មាន​។ លោក​បន្ថែម​ថា​រដ្ឋាភិបាល​កម្ពុជា​គ្រាន់​តែ​បាន​ផ្តល់​សិទ្ធិក្នុង​ការ​ចុះ​ឈ្មោះ​កប៉ាល់​ពាណិជ្ជ​កម្ម​ទៅ​ឲ្យ​ក្រុម​ហ៊ុន​មិនមែន​មាន​ន័យថា​ជា​ការ​លក់​នោះ​ទេ។​

«អា​ហ្នឹង​ជា​ចំណង​ជើង​មួយ​ដែល​ធ្វើ​ការ​វាយ​ប្រហារ​ប្រឌិត​សុទ្ធ​សាធ។​ លោក​នាយក​រដ្ឋមន្ត្រី​សារភាព​ថា​កម្ពុជា​មិន​អាច​កាត់​បន្ថយគម្លាត​រវាង​អ្នក​មាន​និង​អ្នក​ក្រ​បាន​ឡើយ។​ហ៊ុន​សែន​ដែល​និយាយ​ចឹង​មក​ពីណា? ពាក្យ​«សារភាព»​ហ្នឹង​មក​ពី​ណា? មាន​វិជ្ជាជីវៈ​មក​ពី​ណា​ដែរ​កន្លែង​ហ្នឹង? ​កុំ​ថែម​ពាក្យ​កុំ​ថែម​មនោសញ្ចេត​នា​ក្នុងហ្នឹង។ ​ការ​លែប​ខាយ​ក្មេង​តាម​ចិញ្ចើម​ថ្នល់»។

​អ្នក​នាំពាក្យ​រូប​នេះ​ជំរុញ​ឲ្យ​អ្នក​សារព័ត៌​មាន​ចៀសវាង​ការប្រើ​ពាក្យ​ដែល​មានចរិក​វាយប្រហារឬ​ប្រឌិត​ហើយ​ថា​មកទល់​ពេល​បច្ចុប្បន្ន​នេះ​រដ្ឋា​ភិបាល​កម្ពុជា​មិនទាន់​មាន​គម្រោង​ដាក់​ពាក្យ​ប្តឹង​អ្វី​ទេ។ ​ប៉ុន្តែប្រសិន​បើ​នៅ​តែ​គ្មាន​ការ​កែ​ប្រែ​នោះ​ទេ​ ​លោក​ព្រមាន​ថា​រដ្ឋាភិបាល​ទំនង​ជា​នឹង​ចាត់​វិធាន​ការតាម​ផ្លូវ​ច្បាប់។

«យើង​បាន​ផ្តល់ព័ត៌មាន​ឲ្យ​គេ​កែ​តម្រូវ។ ​ឥឡូវ​ជា​វគ្គ​ស​ម្រាប់អប់រំ​មួយ។ ​ករណី​នីមួយៗ​យើង​បាន​កត់​ត្រា​ទុក។ ​បើ​មិន​កែ​យើង​និង​ចាត់​វិធានការ​តាម​ច្បាប់។ ​យើង​នឹង​ធ្វើ​តែ​ធ្វើ​ពេល​ណា​យើង​ប្រាប់​នៅពេល​ក្រោយ​ទៀត។

នេះ​មិនមែន​ជា​លើក​ទី​១​មួយ​ទេ​ដែលគេ​តែ​សង្កេត​ឃើញ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជាបាន​រិះគន់​និងព្រមាន​សារព័ត៌មាន​ដូច​ជា​The Cambodia ​Daily ​វិទ្យុ​អាស៊ី​សេរី​ វិទ្យុ​វីអូអេ(VOA)​ និង​ភ្នំពេញ​ប៉ុស្តិ៍​ ​ថាមាន​ភាព​លម្អៀង​ទៅ​កាន់​គណបក្ស​ប្រឆាំង។​

លិខិត​របស់​វិទ្យុអាស៊ី​សេរី​កាល​ពី​ថ្ងៃ​ទី​២​ខែ​មេសា​ឆ្លើយ​តប​ទៅ​នឹង​លោក​ផៃ​ ស៊ីផាន​បាន​លើកឡើង​ថា​ការ​ដក​ស្រង់​ពាក្យ​សម្តី​អ្នក​យក​ព័ត៌មាន​វិទ្យុអាស៊ី​សេរី​គឺ​ធ្វើ​ឡើង​ដោយ​ត្រឹម​ត្រូវ។ ​ក្នុង​សំបុត្រ​ក៏បាន​ស្នើសុំឲ្យ​លោក​ផៃ​ស៊ី​ផាន​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ពី​កំហុសជាក់​លាក់​ដែល​រដ្ឋាភិបាល​ចង់​ឲ្យមាន​ការ​កែ​ប្រែ។

លោក​មឿន​ ឈាន​ណារិទ្ធិ​នាយក​នៃ​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​ផ្នែក​សារព័ត៌មានចាត់​ទុក​ការ​លើកឡើង​និង​ការព្រមាន​របស់​មន្ត្រី​រដ្ឋាភិបាល​ថា​ជា​រឿង​ដដែលៗ​ទាក់ទង​ទៅ​នឹង​ក្រម​សីលធម៌​របស់​អ្នកសារព័ត៌មាន។​ លោក​បន្ថែម​ថាអ្នក​សារព័ត៌មាន​គួរស្វាគមន៍​ចំ​ពោះ​ការ​រិះគន់​នានា​ពី​មន្ត្រី​រដ្ឋាភិបាល​ដើម្បី​ធ្វើ​យ៉ាង​ណា​កែលម្អ​វិជ្ជាជីវៈ​របស់​ខ្លួន​ឲ្យ​កាន់តែ​ប្រសើរ។​ក៏ប៉ុន្តែក្នុង​សង្គម​ប្រជាធិបតេយ្យ​មិន​គួរ​ឲ្យ​មាន​ការ​ចាត់​វិធាន​ការ​ធ្ងន់​ធ្ងរទៅ​លើ​ស្ថាប័ន​សារព័ត៌មាន​នោះ​ទេ។​

«អ្នក​សារព័ត៌មាន​យើង​វាសុំា​ទៅ​ហើយ​ពី​ការរិះគន់​ និង​ការវាយ​ប្រហារ​ដោយ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា។​ ប៉ុន្តែ​យើង​ទទួល​ស្វាគមន៍​ចំពោះ​ការ​រិះគន់​ពីសំណាក់​មន្ត្រី​រដ្ឋាភិបាល​ដើម្បី​កែប្រែ​វិជ្ជាជីវៈ​របស់​យើង»។

​វីអូ​អេ​សំឡេង​សហរដ្ឋ​អាមេរិក​នៅ​មិន​ទាន់​អាច​ស្នើ​សុំ​សេចក្តី​អធិប្បាយ​ឆ្លើយ​តប​ទៅនឹង​ការ​លើក​ឡើង​របស់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ពី​លោក​Bernie ​Krisher ​ចាង​ហ្វាង​បោះ​ពុម្ភ​ផ្សាយ​របស់​កាសែតThe ​Cambodia ​Daily​បាននៅ​ឡើយ​ទេ​នៅ​ល្ងាច​ថ្ងៃ​សុក្រ​នេះ៕
XS
SM
MD
LG