ភាពយន្ត 'Return to Seoul' ឬ «វិលវិញសេអ៊ូល» របស់ផលិតករភាពយន្តខ្មែរបារាំង លោក ជូ ដាវី (Davy Chou) ដែលត្រូវបានជ្រើសយកឲ្យតំណាងប្រទេសកម្ពុជា នៅក្នុងការប្រកួតយកពានរង្វាន់ភាពយន្ត Oscarលើកទី ៩៥ បានជាប់បញ្ជីសម្រាំងបេក្ខភាព ១៥ ភាពយន្តចុងក្រោយ នេះបើយោងតាមការប្រកាសកាលពីចុងខែធ្នូ ឆ្នាំ២០២២។
ពិធីប្រគល់ពានរង្វាន់ភាពយន្តOscar ឬ Academy Awards លើកទី ៩៥ នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៣។ បេក្ខភាពចុងក្រោយទាំង ៥ ផ្នែកភាពយន្តបរទេស នឹងត្រូវបានប្រកាសនៅថ្ងៃទី ២៤ ខែមករា។ ប្រសិនបើភាពយន្ត 'Return to Seoul' ឬ «វិលវិញសេអ៊ូល» ជាប់ក្នុងចំណោមបេក្ខភាពចុងក្រោយទាំង ៥ នោះ លោក ជូ ដាវី នឹងធ្វើដំណើរទៅកាន់ហូលីវូដ ដើម្បីចូលរួមពិធីប្រគល់ពានរង្វាន់ភាពយន្តប្រចាំឆ្នាំដ៏អស្ចារ្យនេះ។
ភាពយន្ត 'Return to Seoul' ឬ «វិលវិញសេអ៊ូល» រៀបរាប់ពីរឿងស្ត្រីជនជាតិបារាំងដើមកំណើតកូរ៉េខាងត្បូង វ័យ ២៥ឆ្នាំម្នាក់ ដែលធ្វើដំណើរទៅប្រទេសកំណើតវិញ ដើម្បីស្វែងរកឪពុកម្តាយបង្កើតរបស់នាង។ នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញផ្សព្វផ្សាយ The Upcoming លោក ជូ ដាវី បានឲ្យដឹងថា សាច់រឿងប្រឌិតរយៈពេល ២ម៉ោង នេះ ស្តែងឲ្យឃើញពីព្រឹត្តិការណ៍ពីរ ដែលស្រដៀងនឹងបទពិសោធន៍ផ្ទាល់ខ្លួនរបស់លោក ជូ ដាវី ផ្ទាល់ ក្នុងនាមជាជនជាតិបារាំងដើមកំណើតខ្មែរ។
លោក ជូ ដាវី ក៏បានឈ្នះពានរង្វាន់ផ្សេងៗសម្រាប់ ភាពយន្ត 'Return to Seoul' ឬ «វិលវិញសេអ៊ូល» នេះ ដូចជាពានរង្វាន់ Audience Award នៅមហោស្រព Hamptons International Film Festival នៅទីក្រុងញូវយ៉ក ហើយនិងពានរង្វាន់ Top Jury Prize នៅមហោស្រពភាពយន្តអន្តរជាតិ Athens International Film Festival នៅប្រទេសក្រិក។ កាលពីខែឧសភា ឆ្នំា ២០២២ ភាពយន្តរបស់លោក ជូ ដាវី នេះ ក៏ត្រូវបានអញ្ជើញឲ្យចូលរួមចាក់បញ្ចាំងជាអន្តរជាតិនៅមហោស្រពភាពយន្ត Cannes Film Festivalលំដាប់ពិភពលោកដ៏ល្បីល្បាញផងដែរ។