រដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសជាសមាជិកអង្គការសន្ធិសញ្ញាតំបន់មហាសមុទ្រអាត្លង់ទិចខាងជើង ដែលហៅកាត់ថាអង្គការអូតង់ (NATO) នឹងជួបប្រជុំគ្នានៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិកនៅក្នុងសប្ដាហ៍នេះ ដើម្បីប្រារព្ធខួបលើកទី ៧០ នៃការបង្កើតអង្គការនេះឡើង។
កន្លងមក ប្រធានាធិបតីអាមេរិកលោក Donald Trump បានរិះគន់លើអង្គការនេះ ដោយបានព្រលះដាក់ប្រទេសជាសមាជិកផ្សេងទៀតនៃអង្គការនេះថា មិនបានរួមចំណែកថវិកាឲ្យបានគ្រប់គ្រាន់លើផ្នែកយោធា និងពឹងផ្អែកខ្លាំងជ្រុលលើសហរដ្ឋអាមេរិក។
លោក Trump ដែលនឹងជួបពិភាក្សាជាមួយនឹងអគ្គលេខាធិការអង្គការអូតង់ លោក Jens Stoltenberg នៅឯសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃអង្គារនេះ បានបញ្ជាក់នៅក្នុងអំឡុងពេលលោកធ្វើយុទ្ធនាការឃោសនាបោះឆ្នោតកាលពីឆ្នាំ ២០១៦ ថា អង្គការអូតង់គឺជាអង្គការ «ហួសសម័យ»។
លោកបានលើកឡើងពីអ្វីដែលលោកបានហៅថា ជាការខ្វះការផ្ដោតលើរឿងភេរវកម្ម ដោយលោកអះអាងម្ដងហើយម្ដងទៀតថា សហរដ្ឋអាមេរិកទទួលបន្ទុកច្រើនជ្រុលលើរឿងចំណាយផ្នែកយោធានៃអង្គការនេះ។
ការចំណាយផ្នែកយោធានេះគឺជាបញ្ហាចម្បងសម្រាប់លោក Trump ដោយលោកតែងតែដាក់សម្ពាធឲ្យបណ្ដាប្រទេសជាសមាជិកផ្សេងទៀតបង្កើនការរួមចំណែករបស់ពួកគេលើផ្នែកនេះ។
គោលការណ៍របស់អង្គការអូតង់បានបញ្ជាក់ថា សមាជិកអង្គការនេះគួរតែរួមចំណែកថវិកាលើផ្នែកយោធាយ៉ាងតិច ២ ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន ជារៀងរាល់ឆ្នាំ។ ប៉ុន្តែ កាលពីឆ្នាំ ២០១៨ មានតែប្រទេសជាសមាជិកចំនួន ៧ ប្រទេសប៉ុណ្ណោះ ក្នុងចំណោមសមាជិកទាំង ២៩ ដែលឈានដល់កម្រិតនេះ។
អ្នកជំនាញមួយចំនួនអះអាងថា ការរួមចំណែកយ៉ាងតិច ២ ភាគរយ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់៕