ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​អាហ្វ្រិក​ខាង​ត្បូង​ដើម​កំណើត​ចិន​រំឭក​ថ្ងៃ​ដែល​ពួកគេ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បោះឆ្នោត


រូប​ឯកសារ៖ ស្ត្រី​ម្នាក់​ដើរ​កាត់​សង្កាត់​ក្រុង​ចិន​នៃ​ទី​ក្រុង Johannesburg ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​កាល​ពី​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០២០។
រូប​ឯកសារ៖ ស្ត្រី​ម្នាក់​ដើរ​កាត់​សង្កាត់​ក្រុង​ចិន​នៃ​ទី​ក្រុង Johannesburg ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​កាល​ពី​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០២០។

ក្នុង​រយៈពេល ៤ ថ្ងៃ​កាលពី​ខែ​មេសា ឆ្នាំ ១៩៩៤ ពិភពលោក​បាន​សម្លឹង​មើល​នៅ​ពេល​ដែល​ជនជាតិ​អាហ្វ្រិក​ខាង​ត្បូង​រាប់​លាន​នាក់​ឈរ​បន្ត​គ្នា​ដើម្បី​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​មួយ​ជា​ប្រវត្តិសាស្ត្រ។ នៅ​ពេល​នោះ ពួកគេ​ត្រៀម​លក្ខណៈ​បោះឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​លើក​ដំបូង​បង្អស់​ដែល​ជាតិ​សាសន៍​ទាំង​អស់​នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូលរួម។

នៅ​មុន​ពេល​នោះ នៅ​ក្រោម​ប្រព័ន្ធ apartheid ដែល​ជា​ប្រព័ន្ធ​ប្រកាន់​ពូជ​សាសន៍ គេ​ឃើញ​មាន​តែ​ជាតិ​សាសន៍​ស្បែក​ស​ភាគ​តិច​ប៉ុណ្ណោះ​ដែល​អាច​បោះឆ្នោត​បាន ដោយ​ក្រុម​ជន​ស្បែក​ខ្មៅ​ភាគ​ច្រើន​និង​ជាតិ​សាសន៍​មិន​មែន​ស្បែក​ស​ទាំងអស់ ដែល​រួម​មាន​ទាំង​ជន​អំបូរ​ចិន​មួយ​ចំនួន​តូច​ផង​ដែរ មិន​មាន​សិទ្ធិ​បោះឆ្នោត​ទេ។

កាលពី​ថ្ងៃ​ទី ២៧ ខែ​មេសា​កន្លង​ទៅ​នេះ ពលរដ្ឋ​អាហ្វ្រិក​ខាង​ត្បូង​គ្រប់​ជាតិ​សាសន៍​បាន​ប្រារព្ធ​ខួប​ទី ២៩ ឆ្នាំ​នៃ​ទិវា​សេរីភាព ដែល​ជា​ថ្ងៃ​ឈប់​សម្រាក​សាធារណៈ​រំឭក​ដល់​ការ​បោះឆ្នោត​បែប​ប្រជាធិបតេយ្យ​លើក​ដំបូង​បង្អស់​នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​នេះ។

លោក Francis Lai Hong អាយុ ៦៤ ឆ្នាំ ដែល​ជា​អនុ​ប្រធាន​សមាគម​ចិន​នៅ​ក្នុង​ទីក្រុង Johannesburg ប្រទេស​អាហ្វ្រិក​ខាង​ត្បូង បាន​ប្រាប់​វីអូអេ​ថា នៅ​ពេល​នោះ​លោក​បាន​ឈរ​រាប់​ម៉ោង​នៅ​ក្នុង​សាល​របស់​សាលារៀន​មួយ​កន្លែង​ដើម្បី​បោះឆ្នោត។

លោក Hong ថ្លែង​ដូច្នេះ​ថា៖ «ខ្ញុំ​អាច​នៅ​ចាំ​បាន​ដូច​វា​បាន​កើតឡើង​កាលពី​ម្សិលមិញ​អ៊ីចឹង នៅ​ពេល​ដែល​យើង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បោះឆ្នោត​ជា​លើក​ដំបូង​បង្អស់​នៅ​អាហ្វ្រិក​ខាង​ត្បូង។ ជនជាតិ​ចិន​បាន​រស់នៅ​ទីនេះ​អស់​រយៈពេល ៣០០ ឬ ៤០០ ឆ្នាំ​មក​ហើយ ហើយ​ពេល​នោះ​គឺ​ជា​លើក​ដំបូង​បង្អស់​ដែល​យើង​អាច​បោះឆ្នោត​នៅ​ក្នុង​ប្រទេស​របស់​យើង​ផ្ទាល់»។

ជនជាតិ​ចិន​ដំបូង​បង្អស់​បាន​មក​ដល់​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ក្នុង​នាម​ជា​ក្រុម​អ្នក​ទោស​ក្នុង​សតវត្ស​ទី ១៧ ហើយ​បន្ទាប់​មក​ក៏​មាន​ក្រុម​ពលករ​ធ្វើការ​តាម​កុងត្រា​ក្នុង​សតវត្ស​ទី ១៩។ នៅ​ចុង​ទសវត្សរ៍ ១៨៨០ ជនជាតិ​ចិន​បាន​ចាប់ផ្តើម​ធ្វើ​ចំណាក​ស្រុក​ទៅកាន់​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​នៅ​ក្នុង​ផ្នែក​មួយ​នៃ «ការ​ប្រញាប់ប្រញាល់​ទៅ​រក​រ៉ែ​មាស» ប៉ុន្តែ​ត្រូវ​បាន​រារាំង​មិន​ឱ្យ​រក​រ៉ែ​មាស​ទាំង​នោះ​ទៅ​វិញ។ ពូជ​សាសន៍​របស់​ពួកគេ​ក៏​ជា​ឧបសគ្គ​មួយ​ទៀត​ផង​ដែរ​ដែល​ប៉ះពាល់​ដល់​លទ្ធភាព​របស់​ពួកគេ​ក្នុង​ការ​ធ្វើ​ការ​ជួញដូរ។

នៅ​ក្រោម​ប្រព័ន្ធ apartheid ដែល​បាន​ចាប់ផ្តើម​ក្នុង​ឆ្នាំ ១៩៤៨ ជនជាតិ​ចិន​ត្រូវ​បាន​ចាត់ទុក​ថា​ជា​អនុ​ក្រុម​មួយ​នៃ «ក្រុម​ជន​ដែល​មាន​ស្បែក​ក្រៅ​ពី​ស​និង​ខ្មៅ» ដែល​ជា​ការ​កំណត់​ខាង​ពូជ​សាសន៍​ដែល​ចាត់​បញ្ចូល​ជាតិ​សាសន៍​ណា​ដែល​មិន​មែន​ជា​ជាតិ​សាសន៍​ស្បែក​ខ្មៅ​ឬ​ជាតិ​សាសន៍​ស្បែក​ស។

បរិយាកាស​រំភើប​នៅ​ថ្ងៃ​ដែល​លោក​អាច​បោះឆ្នោត​បាន​កាលពី ២៩ ឆ្នាំ​មុន​នោះ​នៅ​ដក់​ជាប់​ក្នុង​ចិត្ត​របស់​លោក Hong ជានិច្ច។

លោក Hong ថ្លែង​ដូច្នេះ​ថា៖ «ខ្ញុំ​អាច​នៅ​នឹក​ឃើញ​ភាព​ជា​មិត្តភក្តិ ភាព​មាន​អធ្យាស្រ័យ​ល្អ​របស់​ជាតិ​សាសន៍​ផ្សេងៗ​ដែល​មិន​អាច​បោះឆ្នោត​បាន​ពី​មុន ដែល​បាន​ឈរ​បន្ត​គ្នា​ជា​ជួរ ហើយ​គ្រប់​គ្នា​សប្បាយ​រីករាយ​និង​មាន​ក្ដី​សង្ឃឹម​អំពី​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ថ្មី​មួយ អំពី​ប្រទេស​ប្រជាធិបតេយ្យ​ថ្មី​មួយ និង​អំពី​អនាគត​ដ៏​ត្រចះត្រចង់​ថ្មី​មួយ​សម្រាប់​យើង​ទាំងអស់​គ្នា»។

លោក Vernon Hong ដែល​ជា​អ្នក​ចូល​និវត្តន៍ ដែល​គ្មាន​ជាប់​សាច់ឈាម​ជាមួយ​លោក Hong គឺ​ជា​កូន​របស់​ជន​អន្តោប្រវេសន៍​មកពី​ខេត្ត Guangdong នៃ​ប្រទេស​ចិន។ ឪពុក​របស់​លោក​គឺ​ជា​អ្នក​លួច​ជិះ​កប៉ាល់​មក​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ក្នុង​ទសវត្សរ៍ ១៩៥០ ហើយ​ម្តាយ​របស់​លោក​បាន​មក​ដល់​អាហ្វ្រិក​ខាង​ត្បូង​តាម​ទីក្រុង​ម៉ាកាវ​នៃ​ប្រទេស​ចិន​ដោយ​ឆ្លងកាត់​ប្រទេស​ម៉ូសំប៊ិក​ហើយ​បន្ត​ដំណើរ​ទៅ​កាន់​ទីក្រុង Johannesburg។ លោក​មាន​អាយុ ២៧ ឆ្នាំ​នៅ​ពេល​លោក​ទៅ​បោះឆ្នោត​ជា​លើក​ដំបូង។

លោក​ថ្លែង​ដូច្នេះ​ថា៖ «នេះ​ជា​ក្ដី​រំភើប​មួយ​សម្រាប់​ខ្ញុំ​ដែល​មាន​សិទ្ធិ​បោះឆ្នោត​ជ្រើសរើស​រដ្ឋាភិបាល​ថ្មី​បាន»។

នេះ​ជា​អារម្មណ៍​របស់​លោក Vernon នៅ​ពេល​នោះ បើ​ទោះបីជា​តាំង​ពី​ពេល​នោះ​មក​លោក​ខកចិត្ត​ចំពោះ​អ្វី​ដែល​បាន​កើត​មាន​នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ដូចជា​អំពើ​ពុករលួយ​ក្នុង​ជួរ​រដ្ឋាភិបាល​និង​អត្រា​អត់​ការងារ​ធ្វើ​ខ្ពស់​ក៏ដោយ។

អ្នកស្រី Jackie Lai ដែល​មាន​ជីដូន​ជា​ជន​អន្តោប្រវេសន៍​មក​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង បាន​ធំ​ដឹង​ក្ដី​នៅ​ក្នុង​ខេត្ត Eastern Cape ក្នុង​ក្រុង​មួយ​ដែល​មាន​ជនជាតិ​ចិន​តែ ៥ គ្រួសារ​ប៉ុណ្ណោះ។ ពេល​នេះ​អ្នកស្រី​ធ្វើការ​ខាង​ផ្នែក​ធនធាន​មនុស្ស។

អ្នកស្រី​មាន​អាយុ​ជាង ២០ ឆ្នាំ​ហើយ​ធ្វើ​ដំណើរ​ទៅ​អឺរ៉ុប នៅ​ពេល​ការ​បោះឆ្នោត​លើក​ដំបូង​ធ្វើ​ឡើង​នៅ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ប៉ុន្តែ​អ្នកស្រី​បាន​បោះឆ្នោត​ដោយ​មិន​មាន​វត្តមាន​នៅ​ថ្ងៃ​បោះឆ្នោត។

អ្នកស្រី​ថ្លែង​ដូច្នេះ​ថា៖ «ខ្ញុំ​បាន​ធ្វើដំណើរ​តាម​រថភ្លើង​ទៅ​ទីក្រុង​ឡុងដ៍​នៃ​ចក្រភព​អង់គ្លេស និង​បាន​ដើរ​ទៅ​កាន់​ទីលាន Trafalgar Square ហើយ​បាន​ឈរ​បន្ត​គ្នា​ជា​ជួរ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ចម្លែក​ដែល​ឈរ​នៅ​ក្នុង​ទីក្រុង​ឡុងដ៍​ដោយ​ដឹង​ថា​នេះ​ជា​លើក​ដំបូង​បង្អស់​ដែល​ខ្ញុំ​អាច​បោះឆ្នោត​បាន»។

អ្នកស្រី Lai បាន​លើកឡើង​ថា អ្នកស្រី​តែងតែ​នឹក​ឃើញ​ជានិច្ច​អំពី​ព្រឹត្តិការណ៍​នេះ​នៅ​ពេល​អ្នកស្រី​បោះឆ្នោត​និង​ដឹង​គុណ​ចំពោះ​បុព្វសិទ្ធិ​នេះ។

អ្នកស្រី​បញ្ជាក់​ដូច្នេះ​ថា៖ «ខ្ញុំ​យល់​ថា​ការ​បោះឆ្នោត​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​ទទួល​ស្គាល់​ថា​យើង​ជា​ផ្នែក​មួយ​នៃ​ប្រទេស​នេះ ហើយ​យើង​អាច​រួម​ចំណែក​ស្មើ​គ្នា​ដល់​ប្រទេស​នេះ​ទោះ​ជា​យើង​រស់នៅ​កន្លែង​ណា​ក៏ដោយ»។

អ្វីៗ​បាន​ផ្លាស់ប្តូរ​ច្រើន​សម្រាប់​ក្រុម​ជន​អំបូរ​ចិន​នៅ​អាហ្វ្រិក​ខាង​ត្បូង​តាំងពី​សម័យ apartheid ដ៏​ខ្មៅ​ងងឹត​មក។ នៅ​ពេល​នេះ ដោយ​មាន​សិទ្ធិ​បោះឆ្នោត ពលរដ្ឋ​អាហ្វ្រិក​ខាងត្បូង​ដើម​កំណើត​ចិន​មួយ​ចំនួន​តូច​បាន​ឈរ​ឈ្មោះ​សម្រាប់​តំណែង​សាធារណៈ​នៅ​ក្នុង «ប្រទេស​ចម្រុះ​ជាតិ​សាសន៍» ប្រជាធិបតេយ្យ​មួយ​នេះ៕

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ

XS
SM
MD
LG