យោងតាមប្រវត្តិសាស្ត្រ ប្រទេសចិនដែលមានទឹកដីយ៉ាងធំល្វឹងល្វើយនិងវប្បធម៌ធ្វើកសិកម្ម ធ្លាប់ជាមហាអំណាចនៅលើទ្វីបមួយ។ ប៉ុន្តែ ខណៈដែលប្រទេសនេះប្រារព្ធទិវាបុណ្យជាតិ (National Day) របស់ខ្លួននៅថ្ងៃសៅរ៍នេះ ការផ្តោតការយកចិត្តទុកដាក់បានងាកទៅរកសមុទ្រវិញ ដែលត្រូវបានចាត់ទុកថាមានសារៈសំខាន់កាន់តែខ្លាំងចំពោះអនាគតសេដ្ឋកិច្ចរបស់ចិន។ ប្រទេសចិនបានគូសបញ្ជាក់សាជាថ្មីអំពីការទាមទារយកទឹកដីក្នុងដែនសមុទ្ររបស់ខ្លួន និងអំពីរបៀបដែលក្រុងប៉េកាំងកំពុងធ្វើឲ្យប្រទេសជិតខាងរបស់ខ្លួនមានការប្រយ័ត្នប្រយែងយ៉ាងដូចម្តេចខ្លះ។
នៅពេលដែលចិនបានលាតត្រដាងឲ្យដឹងអំពីនាវាផ្ទុកយន្តហោះលើកដំបូងរបស់ខ្លួន កាលពីខែសីហា ប្រទេសទូទាំងពិភពលោកបានធ្វើការកត់សម្គាល់។
ក្រុមមន្ត្រីចិន គូសបញ្ជាក់ជាច្រើនសាថា ចេតនាយោធារបស់ប្រទេសនេះ ទាំងនៅលើគោក ឬសមុទ្រ មានលក្ខណៈសនិ្តភាព។ ពួកគេអះអាងថា ចិនជាប្រទេសមួយក្នុងចំណោមប្រទេសសមាជិកអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលគ្មាននាវាផ្ទុកយន្តហោះ។
លោក ឃូ ហ្ស៊ីង (Qu Xing) គ្រប់គ្រងវិទ្យាស្ថានសិក្សាកិច្ចការអន្តរជាតិរបស់ប្រទេសចិន (China Institute of International Studies) ដែលអង្គភាពប្រឹក្សាយោបល់ផ្នែកគោលនយោបាយបរទេសរបស់រដ្ឋាភិបាល។
លោកទទួលស្គាល់ថា មានការព្រួយបារម្ភអំពីចេតនារបស់ចិនដោយសារតែឥទ្ធិពលដែលចេះតែកើនឡើងរបស់ខ្លួន។ លោកថ្លែងថា ទីក្រុងប៉េកាំងត្រូវតែបញ្ជាក់លម្អិតពីគោលជំហររបស់ខ្លួនទៅកាន់ពិភពលោក និងសង្កត់ធ្ងន់ពីការប្តេជ្ញាចិត្តក្នុងការរក្សាការអភិវឌ្ឍន៍ប្រកបដោយសន្តិវិធី។
លោក ម៉ាយល្ស៍ យូ (Miles Yu) សាស្ត្រាចារ្យប្រវត្តិសាស្ត្រតំបន់អាស៊ីបូព៌ានិងយោធានៃបណ្ឌិតសភាកងទ័ពជើងទឹកសហរដ្ឋអាមេរិក (U.S. Naval Academy) មានប្រសាសន៍ថា លោកជឿជាក់ថា ចិនចង់ធ្វើឲ្យគោលបំណងរបស់ខ្លួនមានភាពមិនច្បាស់ ដែលធ្វើឲ្យសកម្មភាពរបស់ខ្លួនរិតតែមិនទៀងទាត់ឡើងទៀតសម្រាប់ប្រទេសជិតខាងរបស់ខ្លួន។
លោក យូ បញ្ជាក់ថា ទស្សនៈរបស់លោកឆ្លុះបញ្ចាំងពីទស្សនៈរបស់លោកផ្ទាល់ ហើយថា លោកមិននិយាយតាងនាមឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកនោះទេ។
«ការងើបឡើងរបស់ចិនមានប្រកបទៅដោយការសងសឹក។ ម្យ៉ាងវិញទៀត ឥឡូវនេះ ចិនជឿថា វាដល់ពេលហើយសម្រាប់ប្រទេសចិនដើម្បីក្លាយទៅជាមហាអំណាចដ៏លើសលុបរបស់ពិភពលោកនេះ។ ចិនមិនដែលគេចចេញពីការអះអាងបែបនោះឡើយ។ អ្នកធ្លាប់បានឮឃ្លាមួយថា សតវត្សរ៍ទី២១ គឺជាសតវត្យរ៍របស់ប្រទេសចិន ហើយជាការពិតណាស់ ការនិយាយបែបនោះគឺគ្រាន់តែផុសចេញពីបបូរមាត់របស់ប្រជាពលរដ្ឋចិនធម្មតាតែប៉ុណ្ណោះ។ ប៉ុន្តែ សម្រាប់អ្នកនៅខាងក្រៅវិញ ដែលជាពិសេស អ្នកដែលរស់នៅតាមបណ្តាប្រទេសជិតខាងវិញ ការនិយាយនេះហាក់គួរឲ្យភ័យខ្លាចណាស់ ដោយសារថា តើការនិយាយនេះមានអត្ថន័យជាពិសេសយ៉ាងដូចម្តេចខ្លះ»។
ប្រទេស ប៊្រុយណេ(Brunei) ចិន(China) ម៉ាឡេស៊ី(Malaysia) ហ្វីលីពីន(Philippines) តៃវ៉ាន់(Taiwan) និងវៀតណាម(Vietnam) បានទាមទារយកតំបន់ត្រួតលើគ្នានៅក្នុងសមុទ្រចិនភាគខាងត្បួង(South China Sea)។ ចិនទាមទារតំបន់នោះទាំងមូល ដែលត្រូវបានជឿថាមានប្រភពធនធានប្រេងនិងឧស្ម័នធម្មជាតិដ៏ច្រើនសន្ធឹកសន្ធាប់ដែលមិនទាន់ធ្វើអាជីវកម្ម។
បើទោះជាក្រុមប្រទេសទាមទារដទៃទៀត នៅឯសមុទ្រចិនភាគខាងត្បូងកំពុងធ្វើការចរចាស្តីពីកិច្ចសហការរួមគ្នាដើម្បីដោះស្រាយភាពមិនចុះសម្រុងគ្នាខាងទឹកដីរបស់ពួកគេ ក៏ចិនបានជំទាស់ចំពោះកិច្ចប្រឹងប្រែងណាមួយដើម្បីធ្វើឲ្យវិវាទនេះក្លាយជាបញ្ហាអន្តរជាតិ។ ក្រុមមន្ត្រីចិនបាននិយាយថា ពួកគេចង់ដោះស្រាយជម្លោះនេះមួយទល់មួយជាង។
បើទោះជាជម្លោះនៅក្នុងសមុទ្រកំពុងត្រូវបានត្រួតពិនិត្យសាជាថ្មីក៏ដោយ ក៏លោក យូ ថ្លែងថា ឬសគល់នៃជម្លោះនេះបានកើតឡើងយូរយាណាស់មកហើយ។
អស់រយៈពេលរាប់រយឆ្នាំមកហើយ ចិនធ្លាប់ស្ថិតក្នុងលំដាប់កំពូលខាងប្រព័ន្ធនយោបាយដែលប្រទេសតូចៗដទៃទៀតបានបង់សួយសារអាករ។ ប៉ុន្តែ ចាប់តាំងពីចុងសតវត្សរ៍ទី១៩មក មហាអំណាចអាណានិគមនិយមលោកខាងលិច មានដូចជាចក្រភពអង់គ្លេស(Britain) បារាំង(France) អាឡឺម៉ង់(Germany) ជប៉ុន(Japan) រុស្ស៊ី(Russia) និងសហរដ្ឋអាមេរិកបានក្លាយជាកម្លាំងដ៏លើសលប់នៅក្នុងតំបន់។
លោក យូ មានប្រសាសន៍ថា ចិនចាត់ទុកខ្លួនឯងថាជាជនរងគ្រោះអស់ជាច្រើនឆ្នាំ ហើយឥឡូវនេះដោយមកពីអំណាចនិងឥទ្ធិពលរបស់ខ្លួនកំពុងរះឡើងសាជាថ្មី ប្រទេសជិតខាងអាចមានភាពជ្រួលច្របល់ក្នុងចិត្ត ពួកគេអាចរងគ្រោះដោយសារកំហឹងប្រវត្តិសាស្ត្ររបស់ទីក្រុងប៉េកាំង។
«ប្រទេសនេះត្រូវបានប្រមាថពីសំណាក់ប្រទេសផ្សេងៗទាំងអស់នេះ ជាពិសេសក្នុងរយៈពេលប្រហែល១៧០ឆ្នាំកន្លងទៅ ដូច្នេះឥឡូវនេះ ចិនចង់ទាមទារមកវិញនូវតួនាទីរបស់ខ្លួនជាមជ្ឈមណ្ឌលរបស់ពិភពលោក»។
បញ្ហារបស់ប្រទេសចិនដែលត្រូវបានប្រមាថ គឺជាអារម្មណ៍លាក់ទុកយ៉ាងមុតមាំ ដែលកើតមាននៅក្នុងប្រវត្តិសាស្ត្រថ្មីៗរបស់ប្រទេសនេះ។
លោក លី ជីងយូ (Li Jingyu) សាស្ត្រាចារ្យនៃមជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចមហាសមុទ្រ (Ocean Economy Research Center) របស់សាកលវិទ្យាល័យ ឡៅនីង ន័រម៉ល (Liaoning Normal University) គូសបញ្ជាក់ថា ពួកឈ្លានពានដែលបានទាញយកប្រយោជន៍ពីប្រទេសចិន បានធ្វើដំណើរមកតាមមហាសមុទ្រ ហើយភាពគ្រោះថ្នាក់បែបនោះបន្តកើតមាននៅឡើយ។
លោកបានឲ្យដឹងទៀតថា ផ្អែកទៅលើចក្ខុវិស័យនយោបាយនិងយោធា សេចក្តីស្រម៉ៃអំពីសុវត្ថិភាពជាតិរបស់ចិនមិនទាន់បានសម្រេចនៅឡើយទេ។ លោកបាននិយាយថា អ្វីដែលហៅថា«មហាអំណាចធំៗ» បានធ្វើដំណើរមកកាន់ប្រទេសចិនតាមសមុទ្រ ហើយថា គ្រោះថ្នាក់នោះនៅមិនទាន់ដឹងថាត្រូវដោះស្រាយយ៉ាងដូចម្តេចនៅឡើយទេ។
លោក លី និយាយសំដៅទៅរកនាវាផ្ទុកយន្តហោះថាជានិមិត្តរូប ដែលចិននឹងមានលទ្ធភាពការពារប្រទេសនាពេលអនាគត។
ស្របពេលជាមួយគ្នានេះដែរ លោក លី មានប្រសាសន៍ថា គោលដៅរបស់រដ្ឋាភិបាលចិននឹងមិនបង្កើតអនុត្តរភាពនៅលើផ្ទៃសមុទ្រទេ ប៉ុន្តែត្រូវសម្លឹងមើលការងើបឡើងរបស់ប្រទេសចិនប្រកបដោយសន្តិវិធី នៅតាមសមុទ្រប្រកបដោយសុខដុមរមនា ជាមួយប្រទេសជិតខាងជាបងប្អូន និងការអភិវឌ្ឍន៍រួម។
លោក ម៉ាយល្ស៍ យូ សាស្ត្រាចារ្យជាតិអាមេរិកាំង មានប្រសាសន៍ថា ចិនកំពុងធ្វើការប្រែក្លាយពីអ្វីដែលលោកបានពណ៌នាថាជាមហាអំណាចស្ទាក់ស្ទើរ ទៅជាមហាអំណាចដែលកាន់តែមានភាពជឿជាក់។ លោកឲ្យដឹងទៀតថា គម្លាតនៅតែមានទំហំធំធេង ប៉ុន្តែសញ្ញាណនៃមហាអំណាចសកលលោកពិតប្រាកដមួយកំពុងមានកងនាវាជើងទឹក ដែលកិច្ចការដ៏សំខាន់គឺត្រូវការពារផលប្រយោជន៍សេដ្ឋកិច្ចរបស់ប្រទេសនេះតែម្តង។
«តាមពិតទៅ ជាលើកដំបូងហើយនៅក្នុងប្រវត្តិសាស្ត្រថ្មីៗរបស់ចិន ដែលគោលដៅសេដ្ឋកិច្ចនិងយុទ្ធសាស្ត្រ ឬយោធាមានភាពជាប់ពាក់ព័ន្ធគ្នាយ៉ាងពិសេសនិងជាក់ស្តែង ពីព្រោះកាលពីមុន គោលដៅនោះមានទម្រង់ជាការនាំចេញមនោគមវិជ្ជា ឬការប្រកួតប្រជែងជាមួយសហភាពសូវៀត ឬសហរដ្ឋអាមេរិក នៅក្នុងទ្វីបអាហ្វ្រិកឬអាមេរិកឡាទីន»។
ប្រទេសចិនបានបង្ហាញឆន្ទៈរបស់ខ្លួនក្នុងការប្រើប្រាស់កងនាវីរបស់ខ្លួនដើម្បីការពារផលប្រយោជន៍សេដ្ឋកិច្ចនៅក្នុងឆ្នាំ២០០៩ នៅពេលដែលខ្លួនបានបញ្ជូននាវាដើម្បីចូលរួមក្នុងកិច្ចប្រឹងប្រែងជាអន្តរជាតិប្រឆាំងចោរសមុទ្រ នៅតាមឆ្នេរសមុទ្ររបស់ប្រទេសសូម៉ាលី(Somalia)។ កាលពីដើមឆ្នាំនេះ នាវាយោធារបស់ចិនមានតួនាទីដ៏សំខាន់ក្នុងការជួយជម្លៀសពលរដ្ឋចិនប្រហែល៣ម៉ឺននាក់ពីក្រុង ទ្រីប៉ូលី(Tripoli) រដ្ឋធានីលីប៊ីដែលកាន់តែមានភាពចលាចលខ្លាំងឡើង។
មជ្ឈមណ្ឌលសិក្សាអំពីយុទ្ធសាស្ត្រនិងអន្តរជាតិ បានឲ្យដឹងថា ទំហំពាណិជ្ជកម្មរបស់ចិនបានកើនឡើងដ៏គួរឲ្យចាប់អារម្មណ៍កាលពីទសវត្សរ៍មុន ហើយថាភាគច្រើនបំផុតនៃពាណិជ្ជកម្មនេះត្រូវបានដឹកជញ្ជូនតាមកប៉ាល់៕
ប្រែសម្រួលដោយ លី សុខឃាង