ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យោធា​ចិន ផ្តោត​លើ​គោលដៅ​ដើម្បី​វ៉ាដាច់​សហរដ្ឋ​អាមេរិក​ និង​រុស្ស៊ី


រូបឯកសារ៖ ទាហាន​នៃ​កងទ័ព​រំដោះ​ប្រជាជន​ចិន​ដើរ​ក្បួន​នៅ​ខាង​មុខ​ទីលាន Tiananmen ក្នុង​អំឡុង​ពេល​ព្យុហយាត្រា​យោធា​ប្រារព្ធ​ខួប​លើក​ទី៧០​នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅក្នុង​ថ្ងៃ​បុណ្យជាតិ​របស់​ខ្លួន​ក្នុង​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩។
រូបឯកសារ៖ ទាហាន​នៃ​កងទ័ព​រំដោះ​ប្រជាជន​ចិន​ដើរ​ក្បួន​នៅ​ខាង​មុខ​ទីលាន Tiananmen ក្នុង​អំឡុង​ពេល​ព្យុហយាត្រា​យោធា​ប្រារព្ធ​ខួប​លើក​ទី៧០​នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅក្នុង​ថ្ងៃ​បុណ្យជាតិ​របស់​ខ្លួន​ក្នុង​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩។

ឧត្តមសេនីយ៍​កំពូល​ម្នាក់​របស់​សហ​រដ្ឋ​អាមេរិក​បាន​ព្រមានថា មិនយូរ​មិនឆាប់​ផែនការ​របស់​ចិន​ដើម្បី​ជំនួស​សហ​រដ្ឋ​អាមេរិក​ខាង​ឧត្តមភាព​យោធា​ នឹង​ក្លាយ​ជា​ការណ៍​ពិត។ លោក​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​សម្ព័ន្ធមិត្ត ពន្លឿន​កិច្ចខិតខំ​ប្រឹងប្រែង​ទប់ទល់​នឹង​ការប្រជែង​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

លោក​ឧត្តមសេនីយ៍ John Hyten មេបញ្ជាការ​រង​នៃ​អគ្គ​សេនាធិការ​ចម្រុះ​និង​ជាមន្ត្រី​យោធា​ជាន់​ខ្ពស់​បំផុត​ទីពីរ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បាន​និយាយ​ថា កំណើន​យ៉ាងឆាប់​រហ័ស​នៃ​យោធា​ចិន ​ជា​បញ្ហា«គួរឱ្យ​ភ្ញាក់ផ្អើល»។ លោក​បាន​ប្រាប់​ក្រុម​អ្នក​និពន្ធ​អំពី​វិស័យ​ការពារ​ជាតិ​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​ដោយ​ឆ្លើយ​តប​នឹង​សំណួរ​ពី VOA ថា​៖ ​«ល្បឿន​និង​គន្លង​ដែល​ចិន​កំពុង​ធ្វើ​ នឹង​វ៉ា​រុស្ស៊ី ​និង​សហ​រដ្ឋ​អាមេរិក បើ​យើង​មិន​ធ្វើ​អ្វី​មួយ​ដើម្បី​កែប្រែ​នោះ​ទេ។ យើង​ត្រូវ​តែ​ធ្វើ​អ្វី​ម្យ៉ាង»។

ការ​ព្រមាន​របស់​លោក​ឧត្តសេនីយ៍ Hyten ដែល​នឹង​ចូល​និវត្តន៍​នៅខែ​ក្រោយ​នេះ ​កើតឡើង​មួយថ្ងៃ​ បន្ទាប់ពី​មន្ត្រី​យោធា​កំពូល​របស់​សហ​រដ្ឋ​អាមេរិក​បាន​បញ្ជាក់​ជា​សាធារណៈ​ថា ចិន​បាន​សាកល្បង​ប្រព័ន្ធ​អាវុធ​លឿន​ជាង​សំឡេង​កាលពី​ខែ​កក្កដា​ ដោយ​បាន​បង្ហោះ​យាន​ជុំវិញ​ពិភពលោក​លឿនជា​សំឡេង​ប្រាំ​ដង។

ឧត្តមសេនីយ៍ Mark Milley នាយ​អគ្គសេនាធិការ​ចម្រុះ បាន​ប្រាប់​ទូរទស្សន៍ Bloomberg កាលពី​ថ្ងៃពុធ​ថា ការសាកល្បង​របស់​ចិន​ គឺ​ជា​បញ្ហា«គួរ​ឱ្យ​បារម្ភ​ខ្លាំង​ណាស់»។ ដោយ​លោក​និយាយ​យោង​ដល់​ការ​បង្ហោះ​ផ្កាយ​វិទ្យាសាស្ត្រ​របស់​រុស្ស៊ី​ដំបូង​បង្អស់​ក្នុង​ពិភពលោក​ក្នុង​ទសវត្សរ៍​១៩៥០ លោក​បាន​បន្ថែម​ថា «ខ្ញុំមិន​ដឹង​ថា​ វា​ហោះ​ដូច​ផ្កាយ​វិទ្យាសាស្ត្រ​ ឬ​យ៉ាងណា​ទេ ​ប៉ុន្តែ​ខ្ញុំគិត​ថា​ វា​ស្រដៀង​គ្នា»។ សមិទ្ធផល​នេះ​ បាន​ជំរុញ​ឱ្យ​មាន​ការ​ប្រណាំង​ប្រជែង​ក្នុងអវកាស​ច្រើន​នៅ​ប៉ុន្មាន​ទសវត្សរ៍​ខាង​មុខ។

ដូច​លោក Milley ដែរ ​លោក Hyten បាន​បដិសេធ​មិន​ចែក​រំលែក​ព័ត៌មាន​លម្អិត​នៃ​ការ​សាកល្បង​អាវុធលឿន​ជាង​សំឡេង​របស់​ចិន​ទេ​ ដោយ​លោក​និយាយ​ថា វា​ជា​ព័ត៌មាន​សម្ងាត់​នៅ​ឡើយ។ ប៉ុន្តែ​លោក​បាន​ទទួល​ស្គាល់​ថា ចិន​បាន​ផ្ញើ​សារដោយ​គ្រាន់តែ​ធ្វើ​ការ​សាកល្បង​បែប​នេះ៕

XS
SM
MD
LG