ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកវិនិយោគ​ចិន​និង​ស៊ីមបាវ៉េ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​បង្កើត​សួន​​ឧស្សាហកម្ម​លោហធាតុ​ដែល​មាន​តម្លៃ​ ៣ពាន់​លាន​ដុល្លារ​អាមេរិក


រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​របស់​ស៊ីមបាវ៉េលោក Winston Chitando (ឆ្វេង) ចូលរួម​ក្នុង​ពិធី​ចុះ​ហត្ថលេខា​ដែល​​មាន​ទឹកប្រាក់​ ២ ពាន់ ៨ រយលាន​ដុល្លារជាមួយ​នឹង​មន្ត្រី​ពី​ក្រុមហ៊ុន Eagle Canyon International Group Holding Ltd. ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២២។ (Columbus Mavhunga/VOA)
រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​របស់​ស៊ីមបាវ៉េលោក Winston Chitando (ឆ្វេង) ចូលរួម​ក្នុង​ពិធី​ចុះ​ហត្ថលេខា​ដែល​​មាន​ទឹកប្រាក់​ ២ ពាន់ ៨ រយលាន​ដុល្លារជាមួយ​នឹង​មន្ត្រី​ពី​ក្រុមហ៊ុន Eagle Canyon International Group Holding Ltd. ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២២។ (Columbus Mavhunga/VOA)

មាន​ការ​ប្រគុំ​តន្ត្រី ការ​ទទួល​ទាន​អាហារ និង​ការ​តុបតែង​នៅ​វិមាន​រដ្ឋ​របស់ប្រទេស​ស៊ីមបាវ៉េ​ នៅ​ពេល​អ្នក​វិនិយោគ​ចិន​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​កាលពី​ថ្ងៃទី១៦ ខែកញ្ញា​កន្លង​ទៅ​ ដើម្បី​សាងសង់​ទីតាំងផលិត​លោហធាតុ​សម្រាប់​ផលិត​ថ្ម​អគ្គិសនី​ ដែល​មាន​ទឹកប្រាក់ ២ពាន់ ៨០០ លាន​ដុល្លារ​អាមេរិក​នោះ។

អាជ្ញាធរ​ស៊ីមបាវ៉េ​និយាយ​ថា ​ផលិតផល​លីច្យូម ផ្លាទីន​ និង​នីកែល​នឹង​ត្រូវ​ប្រើប្រាស់​ដើម្បី​ផលិត​ថ្ម​អគ្គិសនី​ដើរ​ដោយ​ថាមពល​ព្រះអាទិត្យ។

ប្រធានាធិបតី​ស៊ីមបាវ៉េ​លោក​ Emmerson Mnangagwa បាន​ថ្លែង​ថា ទីតាំង​គម្រោងនេះ ដែល​ប្រើពេល​ធ្វើ​ដំណើរ​ប្រមាណ ១ ម៉ោង​ ទៅ​ភាគពាយព្យ​នៃ​រដ្ឋធានីហារ៉ារ៉េ​ នៃ​ប្រទេស​ស៊ីមបាវ៉េ នឹង​ជួយ​សង្គ្រោះ​សេដ្ឋកិច្ច​ដែល​ធ្លាក់​ចុះរបស់ប្រទេស​នេះ។

លោក​ប្រធានាធិបតីថ្លែង​ដូច​នេះ​ថា៖

«ធនធាន​រ៉ែ​ដែល​មាន​នៅសួន​ឧស្សាហកម្ម​ នឹង​បង្ហាញ​ពី​ការ​កើន​ឡើង​នៃ​ការ​បន្ថែម​តម្លៃ​របស់​រដ្ឋាភិបាល​ខ្ញុំ និង​ផលប្រយោជន៍​នៃ​ធនធាន​រ៉ែ ព្រម​ទាំង​ជំរុញ​តួនាទី​ដ៏​សំខាន់​ដែល​ខ្សែ​សង្វាក់​តម្លៃ​ធនធាន​រ៉ែ​មាន​នៅ​ក្នុង​កម្មវិធី​ឧស្សាហូបនីយកម្ម​ជាតិ។ វា​ត្រូវ​បាន​គេកំណត់​ថា​ជា​ការ​ចាប់​ផ្តើម​នៃ​ខ្សែ​សង្វាក់ថ្ម​លីច្យូម​អ៊ីយ៉ុង​នៅ​ក្នុង​ប្រទេស​ស៊ីមបាវ៉េ។ គម្រោង​នេះ​នឹង​ដាក់​ប្រទេស​ស៊ីមបាវ៉េ​ទៅ​ក្នុង​បញ្ជី​អ្នក​ផលិតថ្មលីច្យូម​អ៊ីយ៉ុង​ក្នុង​ពិភពលោក»។

រដ្ឋាភិបាល​ស៊ីមបាវ៉េ​មាន​គម្រោង​ផ្តល់​ដី និង​ធនធាន​រ៉ែ​សម្រាប់​សួន​ឧស្សាហកម្ម​នេះ ខណៈ​ដែល​ក្រុមហ៊ុន​ចិន​ចំនួន ២ ដែល​ធ្វើ​ការ​វិនិយោគនោះ​ ​ នឹង​ផ្តល់​គ្រឿងចក្រនិង​មូលនិធិ​ដែល​ត្រូវ​ការ។

លោក Mnangagwa មាន​គម្រោង​សម្រេច​ឱ្យ​បាន​នូវ​វិស័យ​រ៉ែ​ ដែល​មាន​ទឹក​ប្រាក់​ ១២ ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ក្នុង​ប្រទេស​ស៊ីមបាវ៉េ​នៅ​ត្រឹម​ឆ្នាំ​ក្រោយ។

លោក Lionel Mhlanga ជា​នាយក​នៃ​ក្រុមហ៊ុន Hong Kong Eagle International Holdings ដែល​ជា​ក្រុមហ៊ុន​វិនិយោគ​មួយ​របស់​ចិន​ បាន​ថ្លែង​ដូច​នេះ​ថា៖

«គម្រោង​នេះ​នឹង​ធ្វើ​បដិវត្តន៍​វិស័យ​រ៉ែ​ និង​ថាមពល​ក្នុង​ប្រទេស​ស៊ីមបាវ៉េ ដោយ​ធានា​ឱ្យ​មាន​ការ​បន្ថែម​គុណតម្លៃ​ខ្ពស់​បំផុត​សម្រាប់​រ៉ែ​ទាំង​អស់​ដែល​ត្រូវ​បាន​រុករក​នៅ​ក្នុង​ស្រុក។ ស៊ីមបាវ៉េ​មាន​អំណោយផល​ដោយសារ​មាន​រ៉ែ​ភាគច្រើន ​ដែល​គេត្រូវ​ការ​នៅ​ក្នុង​ទិសដៅ​ថាមពល​ស្អាត។ ក្រុមហ៊ុន Eagle International Investment Holdings និង​ក្រុមហ៊ុន Pacific Goal Investment កំពុង​សហការធ្វើ​ជាដៃគូ​ជាមួយ​រដ្ឋាភិបាល​ស៊ីមបាវ៉េ​ ដើម្បី​បង្កើត​សួន​ឧស្សាហកម្ម​នេះ​ឡើង។ នៅ​ពេល​បញ្ចប់​ការ​សាងសង់ ​គម្រោង​ដែល​មាន​ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក​នេះ ​នឹង​មាន​ប្រាក់​ចំណូល​ច្រើន​លើស​ពី ១៣ ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ»។

អ្នក​រិះគន់​កត់សម្គាល់​ថា ប្រទេស​ស៊ីមបាវ៉េ​បាន​ប្រកាស​គម្រោង​ជាច្រើន​ ដែល​មាន​ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​អាមេរិកក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ប៉ុន្តែ​គម្រោង​ទាំង​នោះ​មិន​បាន​ជោគជ័យ​ទេ​ ដែល​រួម​មាន​គម្រោង​រុករករ៉ែប្លាទីន​ដោយ​អ្នក​វិនិយោគទុន​រុស្ស៊ី និង​គម្រោង​រុករក​រ៉ែពេជ្រ​ដោយ​អ្នក​វិនិយោគ​ចិន​ជា​ដើម។​

លោក Daniel Molokele សមាជិកសភាពី​គណបក្ស​ប្រឆាំង​និងជា​សកម្មជន​សិទ្ធិ​មនុស្ស​ បាន​ថ្លែង​ថា គម្រោង​ដែល​ដំណើរការ​ទៅ​មុខនោះ​ កម្រ​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​ស៊ីមបាវ៉េ​សាមញ្ញ​ទូទៅ​ណាស់។ លោកលើក​ឡើង​ដូច​នេះ​ថា៖

«វិធីសាស្ត្រ​រុករក​រ៉ែ​ដែល​យើង​កំពុង​ធ្វើ ​ផ្តល់​ប្រយោជន៍​ដល់​ប្រទេសនានា​ដូចជា​ចិន​ជាដើម​ ហើយ​វា​ជាការខាតបង់​ដ៏​ធំ​សម្រាប់​ប្រជាជន​ស៊ីមបាវ៉េ​ក្រីក្រ ​ដោយសារ​វិធីសាស្ត្រ​វិនិយោគ​នេះ ​ត្រូវ​បាន​គេ​ហៅ​ថា​ ជាការ​ជីកប្រមូល​យករ៉ែ​ទាំង​មូល​នោះ។ វា​មាន​ផលប្រយោជន៍​ដល់​អ្នក​វិនិយោគ​ជាជាង​សហគមន៍​មូលដ្ឋាន។ ដូច្នេះ​ប្រជាជន​ស៊ីមបាវ៉េ​មិន​ទទួល​បាន​ផលប្រយោជន៍​នោះ​ទេ យ៉ាង​ហោច​ណាស់​ក៏​ក្នុង​កម្រិត​ប្រជាពលរដ្ឋ​សាមញ្ញ​ទូទៅ​ដែរ​ រហូត​ទាល់​តែ​យើង​មាន​វិធីសាស្ត្រ​រុករក​រ៉ែ​ដែល​ផ្តល់​ផលប្រយោជន៍​ដល់​សហគមន៍​មូលដ្ឋាន​ ដែល​អនុញ្ញាត​ឱ្យ​មាន​ការ​ចូល​ភាគហ៊ុន និង​បែងចែក​ប្រាក់​ចំណេញ​សម្រាប់​សហគមន៍​មូលដ្ឋាន​ នៅ​ក្នុង​ការ​វិនិយោគ​រុករក​រ៉ែ​ទាំង​អស់»។​

ស៊ីមបាវ៉េ​ជា​ប្រទេស​ដែលមាន​ធនធាន​រ៉ែ​មាន​តម្លៃ​ថ្លៃៗដូចជា​រ៉ែមាស រ៉ែ​ដែក ពេជ្រ លីច្យូម បា្លទីន និង​ក្រូម​ជា​ដើម។ ប៉ុន្តែ​ធនាគារ​ពិភពលោក​និយាយ​ថា ប្រជាជន​ស៊ីមបាវ៉េចំនួន​ពាក់​កណ្តាល​រស់នៅ​ដោយ​មាន​ចំណូល​តិច​ជាង ១ ដុល្លារ​អាមេរិក​ក្នុង​មួយ​ថ្ងៃ។

លោក Farai Maguwu ជានាយក​នៃ​មជ្ឈមណ្ឌល​សម្រាប់​អភិបាលកិច្ច​ធនធាន​ធម្មជាតិ ដែល​ជា​អង្គការ​មួយ​ធ្វើ​ការ​ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​អភិបាលកិច្ច​ធនធាន​ធម្មជាតិ​ស៊ីមបាវ៉េ។

លោក​និយាយ​ថា កិច្ចព្រមព្រៀង​សួន​ឧស្សាហ៍កម្មផលិត​លោហធាតុនេះ ​ត្រូវ​មាន​តម្លាភាព និង​មាន​ទិសដៅ​ជួយ​ប្រជាជន​មូលដ្ឋាន បើ​មិន​ដូច្នេះ​ទេ​ប្រទេស​ស៊ីមបាវ៉េ​ នឹង​នៅ​តែ​ជា​ប្រទេស​ដែល​ត្រូវ​បណ្តាសា​ពី​ប្រភព​ធនធានធម្មជាតិ​របស់ខ្លួន​ដដែល។

លោកថ្លែង​បន្តទៀតថា៖

«ប្រសិនបើ​រដ្ឋាភិបាល​គ្រាន់​តែ​មើល​ពី​ជ្រុងនៃ​ការ​បង្កើត​ការងារ​តែ​មួយ​មុខ​នោះ​ វាគ្រាន់​តែ​ជា​ការ​រំពឹង​ទុក​តិចតួច​ប៉ុណ្ណោះ​ដែល​យើង​អាច​ទទួល​បាន​ពី​គម្រោង​នេះ។ អ្វី​ដែល​យើង​មើល​ឃើញ​ចំពោះ​អ្នក​វិនិយោគ​ចិន​នៅ​ស៊ីមបាវ៉េនោះ​ ​គឺ​ថាពួកគេ​នឹង​យក​អ្វីៗ​ទាំង​អស់​ដែល​គេ​ទទួល​បាន​ទៅ​ប្រទេស​ចិន​វិញ។ ដូច្នេះ​ហើយ​ បាន​ជាការ​ហូរ​ចូល​នៃ​អ្នក​វិនិយោគ​ចិន​ដ៏ច្រើន​ក្នុង​ប្រទេស​ស៊ីមបាវ៉េ​ មិន​បាន​ជួយ​រួម​ចំណែក​អ្វី​ទាល់​តែ​សោះ ​សូម្បី​តែ​ចំនួនសាច់​ប្រាក់​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​របស់​យើង ​ដោយសារ​តែ​ប្រជាជន​ស៊ីមបាវ៉េ​មិន​បាន​ចូលរួម​ក្នុង​គម្រោង​ទាំង​នេះ។ យើង​គ្រាន់​តែ​ឱ្យ​ពួកគេ​ចូល​មក​យក​ធនធាន​របស់​យើង ​ដោយ​មិន​មាន​ផែនការ​អ្វី​មួយច្បាស់​នោះ​ទេ»។

សួន​ឧស្សាហកម្មផលិត​លោហធាតុសម្រាប់​ធ្វើ​ថ្ម​អគ្គិសនី​នេះ ​ត្រូវ​បាន​គេ​រំពឹង​ថា មាន​ទំហំ​រហូត​ដល់ ៥០ គីឡូម៉ែត្រ​ការ៉េ​នៅ​ពេល​បញ្ចប់​ការ​សាងសង់​ក្នុង​រយៈពេល​ប្រមាណ ៣ ឆ្នាំ​៕

XS
SM
MD
LG