អ្នកដំណើរដែលពោរពេញដោយអីវ៉ាន់រណិងរណុងបានសម្រុកទៅកាន់ស្ថានីយរថភ្លើងនិងអាកាសយានដ្ឋាននៅក្នុងទីក្រុងធំៗនៅប្រទេសចិននៅថ្ងៃចន្ទនេះ ដើម្បីធ្វើដំណើរឆ្ពោះទៅស្រុកកំណើតរបស់ខ្លួនសម្រាប់បុណ្យចូលឆ្នាំចិន ដែលករណីនេះធ្វើឱ្យអ្នកជំនាញផ្នែកសុខាភិបាលព្រួយបារម្ភថាអាចធ្វើឱ្យការផ្ទុះឆ្លងជំងឺកូវីដ១៩ដែលកំពុងតែឆ្លងរាលដាលស្រាប់កាន់តែរាលដាលបន្ថែមទៀតនៅក្នុងតំបន់ដែលមិនបានត្រៀមលក្ខណៈគ្រប់គ្រាន់នៅក្នុងការទប់ទល់នឹងបញ្ហានេះ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
បន្ទាប់ពីបានដាក់កំហិតតឹងតែងបង្ការការឆ្លងជំងឺកូវីដ១៩អស់រយៈពេល ៣ ឆ្នាំមក ប្រទេសចិនបានលុបចោលភ្លាមៗនូវគោលនយោបាយគ្មានជំងឺកូវីដ (Zero COVID) របស់ខ្លួនកាលពីដើមខែធ្នូកន្លងទៅនេះ។
អាជ្ញាធរបាននិយាយកាលពីថ្ងៃសៅរ៍ថា មនុស្សជិត ៦០.០០០ នាក់ដែលកើតជំងឺកូវីដ១៩ បានស្លាប់នៅក្នុងមន្ទីរពេទ្យរវាងថ្ងៃទី ៨ ខែធ្នូ និងថ្ងៃទី ១២ ខែមករាកន្លងទៅនេះ ដែលនេះគឺជាការកើនឡើងដ៏ខ្លាំងមួយពីតួលេខកាលពីលើកមុន។ តួលេខកាលពីលើកមុនត្រូវបានអង្គការសុខភាពពិភពលោក (WHO) រិះគន់ថាមិនបានឆ្លុះបញ្ចាំងឱ្យឃើញពីទំហំនិងភាពធ្ងន់ធ្ងរនៃការផ្ទុះឆ្លងជំងឺនេះ។
សូម្បីតែចំនួនតួលេខជិត ៦០.០០០ នាក់ដែលបានប្រកាសនេះក៏ភាគច្រើនទំនងជាមិនបានបញ្ចូលចំនួនមនុស្សជាច្រើននាក់ទៀតដែលបានស្លាប់ដោយសារជំងឺកូវីដ១៩ នៅផ្ទះនោះទេ ជាពិសេសនៅតាមតំបន់ជនបទដែលមានប្រព័ន្ធសុខាភិបាលទន់ខ្សោយ។ នេះបើតាមការបញ្ជាក់របស់អ្នកជំនាញផ្នែកសុខាភិបាលម្នាក់។
អ្នកជំនាញផ្នែកសុខាភិបាលមួយចំនួនបានព្យាករណ៍ថា មនុស្សជាង ១ លាននាក់នៅក្នុងប្រទេសចិននឹងស្លាប់ដោយសារជំងឺនេះនៅក្នុងឆ្នាំនេះ។
នៅមុនរដូវចូលឆ្នាំចិនចូលមកដល់ ដែលនៅក្នុងឆ្នាំនេះនឹងចាប់ផ្ដើមជាផ្លូវការនៅថ្ងៃទី ២១ ខែមករាខាងមុខ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសចិនបានរាយការណ៍ជាច្រើនថា មន្ទីរពេទ្យនិងគ្លីនិកនៅតាមតំបន់ជនបទនៃប្រទេសចិនកំពុងបង្កើនការផ្គត់ផ្គង់ថ្នាំពេទ្យនិងបរិក្ខារពេទ្យនានា៕