ប្រធានាធិបតីចិន លោក ស៊ី ជីងពីង បានព្រមានពីភាពគ្រោះថ្នាក់របស់រដ្ឋាភិបាលនៃការធ្វើសង្គ្រាមពាណិជ្ជកម្មក្នុងពេលថ្លែងទៅកាន់វេទិកាសេដ្ឋកិច្ចពិភពលោក នៅក្នុងទីក្រុង Davos នៃប្រទេសស្វ៊ីសកាលពីថ្ងៃអង្គារ។
ប្រធានាធិបតីចិននិយាយសំដៅដល់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក ដូណាល់ ត្រាំ ដែលបានសន្យាយកពន្ធដារចំនួន៤៥ភាគរយលើទំនិញរបស់ចិន ហើយនិងពន្ធដារចំនួន៣៥ភាគរយលើរថយន្តអាល្លឺម៉ង់ដែលបានផលិតនៅខាងក្រៅសហរដ្ឋអាមេរិក។ប្រធានាធិបតីចិននិយាយថា «ដោយការអនុវត្តការគាំពារទំនិញក្នុងស្រុកគឺដូចជាចាក់សោរខ្លួនឯងនៅក្នុងបន្ទប់ងងឹតមួយ។ ខ្យល់ និងភ្លៀង អាចស្ថិតនៅខាងក្រៅ ក៏ប៉ុន្តែ មានពន្លឺ និងខ្យល់»។
លោក Kerry Brown សាស្រ្តាចារ្យមុខវិជ្ជាការសិក្សាអំពីប្រទេសចិន និងជានាយកនៃវិទ្យាស្ថានចិននៅឯមហាវិទ្យាល័យ King នៅក្នុងទីក្រុងឡុងដ៍នៃប្រទេសអង់គ្លេសបានប្រាប់ VOA ថា «អ្វីដែលប្រធានាធិបតី ស៊ី នៃប្រទេសចិននិយាយគឺបញ្ជាក់ពីជំហររបស់ចិនថា សង្គ្រាមពាណិជ្ជកម្ម នឹងចុះសោហ៊ុយសម្រាប់ប្រទេសទាំងអស់។ ខ្ញុំគិតថា ចិននឹងតាមមើលការសម្រេចរបស់លោកត្រាំបន្ទាប់ពីក្លាយជាប្រធានាធិបតីហើយបន្ទាប់មកនឹងកំណត់ពីសកម្មភាពខ្លាំង ឬខ្សោយដែលខ្លួនត្រូវការចាត់វិធានការដើម្បីការពារខ្លួន»។
ប្រធានាធិបតីស៊ី បាននិយាយពីធនធានដ៏សម្បើមរបស់ចិនដើម្បីដើម្បីបង្ហាញថា រដ្ឋាភិបាលក្រុងប៉េកាំងមានសមត្ថភាពដើម្បីផ្តល់ពាណិជ្ជកម្មយ៉ាងច្រើនដល់ប្រទេសនានាដែលមិនប្រឆាំងនឹងផលប្រយោជន៍របស់រដ្ឋាភិបាលក្រុងប៉េកាំង។ ចិន នឹងចំណាយប្រាក់ចំនួន៨លានលាននៅក្នុងការនាំចូលទំនិញហើយនិងវិនិយោគប្រាក់ ៧៥០ពាន់លាននៅក្នុងការពាណិជ្ជកម្មក្រៅប្រទេសនៅក្នុងរយៈពេល៥ឆ្នាំបន្ទាប់ទៀត។ ទេសចរណ៍ចិននឹងធ្វើដំណើរទៅកាន់បរទេសចំនួន៧រយលានដើម្បីគាំទ្រសេដ្ឋកិច្ចសាកលលោកក្នុងរយៈពេល៥ឆ្នាំខាងមុខ៕