ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ព្រមាន​ថា ​សហរដ្ឋ​អាមេរិក​និង​ប្រទេស​កូរ៉េ​ខាង​ជើង​កំពុង​ឆ្ពោះ​ទៅ​រក​ការ​ប៉ះទង្គិច​គ្នា


លោក Wang Yi រដ្ឋ​មន្រ្តី​ការបរទេស​ចិន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧។
លោក Wang Yi រដ្ឋ​មន្រ្តី​ការបរទេស​ចិន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧។

រដ្ឋ​មន្រ្តី​ក្រសួង​ការបរទេស​ចិន​បាន​ព្រមាន​ថា ​សហរដ្ឋ​អាមេរិក​ និង​ប្រទេស​កូរ៉េ​ខាង​ជើង​កំពុង​ឆ្ពោះ​ទៅ​រក​ការ​ប៉ះទង្គិច​គ្នា ​ដោយ​លើក​ពី​ហេតុផល​នៃ​ការ​កើន​ឡើង​នៃ​ការ​តាន​តឹង​នៅ​ឧបទ្វីប​កូរ៉េ។ ​លោក​រដ្ឋ​មន្រ្តីការ​បរទេស​ចិន ក៏​បាន​ជំរុញ​ឲ្យ​ភាគី​ទាំង​២​ចាត់​វិធានការ​ដើម្បី​បន្ធូរបន្ថយ​ស្ថានភាព​នេះ។

ក៏ប៉ុន្តែ​នៅ​ពេល​ដែល​រដ្ឋ​មន្រ្តី​ការបរទេស​ចិន Wang Yi ​បាន​និយាយ​ពី​អ្វី​ដែល​លោក​ពណ៌នា​ថា «វិបត្តិ​កាន់​តែ​ធ្ងន់ធ្ង​រឡើង‍» នោះ ​ពួក​អ្នក​វិភាគ​បាន​និយាយថា ​កំណត់​សម្គាល់​របស់​លោក​រដ្ឋ​មន្រ្តីការ​បរទេស​ចិន​សង្កត់​ពី​ការ​ចុះ​ថយ​ឥទ្ធិពល​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​លើ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង ​ហើយ​និង​ព្រឹត្តិការណ៍​នៅ​លើ​ឧបទ្វីប​កូរ៉េ។

ថ្លែង​ប្រាប់​ពួក​អ្នក​យក​ព័ត៌មាន​នៅ​ខាងក្រៅ​ជំនួប​នយោបាយ​កម្រិត​ខ្ពស់​ប្រចាំ​ឆ្នាំ ​លោក​រដ្ឋ​មន្រ្តី​ការ​បរទេស​ចិន Wang Yiបាន​រិះគន់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ពី​ការ​មិនអើ​ពើ​ការ​ដាក់​ទណ្ឌកម្ម​របស់​អន្តរជាតិ ​ហើយ​និង​ការ​ជំទាស់​ប្រឆាំង​ដល់​កម្មវិធី​នុយក្លេអ៊ែរ​ និង​កាំជ្រួច​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង។ លោក​រដ្ឋមន្រ្តី​ការ​បរទេស​ចិន ​បាន​ជជែក​ឲ្យ​ហេតុផល​ថា សមយុទ្ធ​យោធា​ទ្រង់​ទ្រាយ​ធំ​ដោយ​សហរដ្ឋ​អាមេរិកនៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ក៏​បាន​បង្កើន​ការតាន​តឹង​ដែរ។

លោក​រដ្ឋមន្រ្តី​ការបរទេស​ចិន Wang Yi បាន​និយាយ​បន្ថែម​ទៀត​ថា «ភាគី​ទាំង​២ដូច ជា​រទេះភ្លើង​២ខ្សែ​ដែល​កំពុង​បង្កើន​ល្បឿន​សំដៅ​ដាក់​គ្នា ​ដោយ​គ្មាន​ភាគីណាមួយ​មាន​ឆន្ទៈ​ដកថយ​ទេ។ សំណួរ​គឺ​ថា​ តើ​ភាគី​ទាំង​២​ប្រុងប្រៀប​ដើម្បី​ប៉ះទង្គិច​គ្នា​ហើយ​ឬ​នៅ?‍»។

លោក​រដ្ឋ​មន្រ្តី​ការ​បរទេស​ចិន ​បាន​អំពាវនាវ​កូរ៉េ​ខាង​ជើង​បញ្ចប់​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ និង​កាំ​ជ្រួច​មីស៊ីល​របស់​ខ្លួន​ជាមុន​សិន​ហើយ​សហរដ្ឋ​អាមេរិក​ត្រូវ​តែ​បញ្ឈប់​សមយុទ្ធ​យោ​ធារបស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង៕

XS
SM
MD
LG