ប្រមុខការទូតនៃរដ្ឋាភិបាលប្រទេសចិនលោក Wang Yi (វ៉ាង យី) រដ្ឋមន្រ្តីក្រសួងការបរទេសចិន បានជំរុញកាលពីថ្ងៃអង្គារឲ្យបណ្តាប្រទេសក្នុងតំបន់អាស៊ី«មានការប្រុងប្រយ័ត្ន»ចំពោះហានិភ័យនៃយុទ្ធសាស្រ្តរបស់សហរដ្ឋអាមេរិក ដែលកំពុងជំរុញឲ្យមានការប្រកួតប្រជែងដណ្តើមការគ្រប់គ្រងភូមិសាស្រ្តនយោបាយ ក្នុងសមុទ្រចិនខាងត្បូង និងផ្នែកផ្សេងៗទៀតក្នុងតំបន់អាស៊ីនោះ។
ក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយ ជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសម៉ាឡេស៊ី លោក Wang Yi លើកឡើងថា រដ្ឋាភិបាលក្រុងប៉េកាំងនិងប្រទេសសមាជិកអាស៊ាន គួរធ្វើការរួមគ្នា ដើម្បីកម្ចាត់នូវ«ការបន្ទុចបង្អាក់ពីមជ្ឈដ្ឋានខាងក្រៅ» ជុំវិញបញ្ហាសមុទ្រចិនខាងត្បូងនេះ។
លោក វ៉ាង ដែលកំពុងធ្វើដំណើរទស្សនកិច្ចក្នុងរយៈពេលខ្លី ក្នុងប្រទេសតំបន់អាស៊ីអាគ្នេយ៍មួយចំនួន ដែលរួមមានប្រទេសកម្ពុជាផងដែរនោះ បានបន្តទៀតថា ប្រទេសចិននិងម៉ាឡេស៊ី មានទស្សនៈថា បញ្ហាសមុទ្រចិនខាងត្បូង មិនគួរជាទីកន្លែងសម្រាប់ការប្រកួតប្រជែងរបស់មហាអំណាច ដោយបញ្ជូននាវាចម្បាំងមកព្រោងព្រាតនោះទេ។
លោកបន្ថែមទៀតថា ប្រទេសចិននិងអាស៊ាន មានសមត្ថភាពនិងគតិបណ្ឌិត និងការទទួលខុសត្រូវពេញលេញ ក្នុងការថែរក្សាសន្តិភាព និងភាពស្ងប់ស្ងាត់ ក្នុងតំបន់សមុទ្រចិនខាងត្បូងនោះ។
ទន្ទឹមនឹងនេះដែរ រដ្ឋមន្រ្តីក្រសួងការបរទេសម៉ាឡេស៊ី លោកHishammuddin Hussein ក៏បានលើកឡើងផងដែរថា បញ្ហាជម្លោះសមុទ្រចិនខាងត្បូងនោះ គួរត្រូវបានដោះស្រាយដោយសន្តិវិធី តាមរយៈកិច្ចសន្ទនាគ្នាជាមួយប្រទេសក្នុងតំបន់។
រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក Mike Pompeo ធ្លាប់បានលើកឡើងក្នុងពេលកន្លងទៅថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ចង់ឃើញ តំបន់អាស៊ីមួយដែលមាន «សេរីភាពនិងការបើកចំហ» និងមិនត្រូវបានត្រួតត្រាដោយប្រទេសណាមួយនោះទេ៕