ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ថា​ កម្ពុជា​គាំទ្រ​គំនិត​ផ្តួច​ផ្តើម​​​សកល​ស្តីពី​សន្តិសុខ​ទិន្នន័យ​ដែល​ចម្រូង​ចម្រាស​​ជាមួយ​អាមេរិក


នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន និងរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi នៅក្នុងកិច្ចប្រជុំមួយនៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០។
នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន និងរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi នៅក្នុងកិច្ចប្រជុំមួយនៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០។

ស្ថាន​ទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ​ប្រទេស​កម្ពុជា​បាន​គាំទ្រ​គំនិត​ផ្តួច​ផ្តើម​សកល​ស្តីពី​សន្តិសុខ​ទិន្នន័យ​(Global Initiative on Data Security)​ដែល​ត្រូវ​បាន​រាយ​ការណ៍​ថា​ ជា​កិច្ច​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​ទីក្រុង​ប៉េងកាំង​ដើម្បី​ទប់​ទល់​នឹង​សហ​រដ្ឋ​អាមេរិក។​

ប្រទេស​ចិន​និង​សហ​រដ្ឋ​អាមេរិក​កំពុង​ប្រឈម​មុខ​ដាក់​គ្នា​ទាក់ទង​នឹង​ផ្នែក​បច្ចេក​វិទ្យា​ទំនើប ​5G​ របស់​ក្រុម​ហ៊ុន​Huawei​ ដែល​ជា​ក្រុមហ៊ុន​ទូរ​គមនាគមន៍​យក្ស​របស់​ចិន។ ​ សហ​រដ្ឋ​អាមេរិក​បាន​រឹត​បន្តឹង​លើ​ក្រុម​ហ៊ុន​Huawei ​ដោយ​អនុវត្ត​បទ​បញ្ញត្តិ​ថ្មី ​កាលពី​ខែ​កញ្ញា​ ដែល​បាន​ធ្វើ​ឲ្យ​ក្រុម​ហ៊ុន​ Huawei ​ពិបាក​ជាង​មុន​ក្នុង​ការ​ទិញ​បន្ទះ​អេឡិចត្រូនិក​chip​ពី​ក្រុម​ហ៊ុន​ផ្សេង​ទៀត។​

ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​បាន​បង្ហោះ​សារ​ដែល​សរសេរថា៖ ​«ភាគី​កម្ពុជា​សូម​កោត​សរសើរ ​និង​គាំទ្រ​គំនិត​ផ្តួច​ផ្តើម​សកល​ស្តីពី​សន្តិសុខ​ទិន្នន័យ​(Global Initiative on Data Security)​ដែល​លើក​ឡើង​ដោយ​ភាគី​ចិន ​និង​បន្ត​សហការ​រួម​ដៃ​គ្នា​ជាមួយ​ភាគី​ចិន​ក្នុង​កិច្ចការ​អន្តរ​ជាតិ ​ដើម្បី​ការពារ​ផល​ប្រយោជន៍​រួម​នៃ​ភាគី​ទាំង​ពីរ ​និង​រក្សា​សន្តិភាព ​ស្ថិរ​ភាព​ក្នុង​តំបន់​ និង​នៅ​លើ​ពិភព​លោក»។​

អតីត​រដ្ឋមន្រ្តី​ការ​បរទេស​កម្ពុជា​ លោក ​ហោ ណាំហុង​បាន​ជួប​ពិភាក្សា​ជាមួយ​លោក​ វ៉ាង យី ​រដ្ឋមន្ត្រី​ការ​បរទេស​ចិន​ កាល​ពី​ថ្ងៃ​អាទិត្យ។ ​ លោក​ហោ ណាំហុង​បាន​បង្ហោះ​សារ​លើ​ហ្វេសប៊ុក​របស់​លោក​ថា​ប្រទេស​ចិន​បាន​ស្នើ​ឲ្យ​កម្ពុជា​គាំទ្រ​គំនិត​ផ្តួច​ផ្តើម​សកល​ស្តីពី​សន្តិសុខ​ទិន្នន័យ​ ដែល​ត្រូវ​បាន​មើល​ឃើញ​ថា​ ប្រឆាំង​នឹង​ការ​ប្រឹង​ប្រែង​របស់​សហ​រដ្ឋ​អាមេរិក។​ លោក​បាន​សរសេរ​ថា៖ ​«ចិន​បាន​ផ្ដួច​ផ្ដើម​គំនិត​ការពារ​សុវត្ថិភាព​ទិន្នន័យ​ឌីជីថល​ស្នើ​ឲ្យ​កម្ពុជា​គាំទ្រ»។​

VOA​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក ​កុយ គួង​ អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​បាន​ទេ។​

យោង​តាម​ក្រសួង​ការ​បរទេស​ចិន​ រដ្ឋមន្រ្តី​ការ​បរទេស​ចិន ​លោក​ វ៉ាង យី ​បាន​លើក​ឡើង​ថា ​ ប្រទេស​ចិន​មិន​ត្រឹម​តែ​សហ​ការ​ជាមួយ​កម្ពុជា​លើ​វិស័យ​សេដ្ឋកិច្ច​នោះ​ទេ ​ តែ​ក៏​មើល​ទៅ​លើ​បច្ចេក​វិទ្យា​ដែរ។ ​ ក្រសួង​ការ​បរទេស​ចិន​បញ្ជាក់​ថា៖​ «ចិន​ និង​កម្ពុជា ​មិន​ត្រឹម​តែ​ជំរុញ​ទៅ​លើ​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​ដែល​ធ្លាប់​ធ្វើ​ជាមួយ​គ្នា​ទេ​ប៉ុន្តែ​ក៏​នឹង​ស្វែង​រក​ផ្នែក​រីក​ចម្រើន​ថ្មី ​ដូច​ជា​បច្ចេក​វិទ្យា​បញ្ញា​និម្មិត​(AI)​ ប្រព័ន្ធ​អ៊ីនធឺណិត​កាន់​តែ​ទំនើប​លឿន​(5G) ​ទិន្ន​ន័យ​ធំៗ​ និង​ Cloud Computing​ ឬដែល​មាន​ន័យ​ថា​ កន្លែង​ផ្ទុក​ទិន្នន័យ​លើ​អ៊ីនធឺណិត»។​

អ្នក​នាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ លោក ​Chad Roedemeier ​ប្រាប់​VOA​នៅ​ថ្ងៃ​អង្គារ​នេះ​ថាសហ​រដ្ឋ​អាមេរិក​តស៊ូ​មតិ​ឲ្យ​មាន​សេដ្ឋកិច្ច​ឌីជីថល​ដ៏​រឹងមាំ​មួយ​នៅ​ទូទាំង​ពិភព​លោក ​ដើម្បី​ឲ្យ​មនុស្ស​ទាំង​អស់​គ្នា​អាច​ទទួល​បាន​ផល​ប្រយោជន៍​ពី​បច្ចេក​វិទ្យា​អ៊ីនធឺណិត​កាន់​តែ​លឿន​5G​ដែល​មិន​គំរាម​កំហែង​ដល់​ឯកជនភាព​ អធិប​តេយ្យភាព​សេដ្ឋកិច្ច ​កម្ម​សិទ្ធិ​បញ្ហា ​ឬ​ក៏​សិទ្ធិ​មនុស្ស។​

គួរ​បញ្ជាក់​ថា ​កាល​ពី​ខែ​មេសា ​ឆ្នាំ​២០១៩​រដ្ឋាភិបាល​របស់​លោក​ ហ៊ុន សែន​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​ក្រុម​ហ៊ុន​ Huawei ​ដើម្បី​ជួយ​កម្ពុជា​បង្កើត​ប្រព័ន្ធ​5G ​ដែល​ជា​បច្ចេកវិទ្យា​ចុង​ក្រោយ​បង្អស់ ​ធ្វើ​ឲ្យ​ល្បឿន​អ៊ីនធឺណិត​លឿន​ជាង​មុន៕​

XS
SM
MD
LG