ប្រទេសចិនបានប្រកាសនៅថ្ងៃអង្គារនេះនូវបញ្ជីមុខទំនិញរបស់សហរដ្ឋអាមេរិកចំនួន ៧៩ ប្រភេទ ដែលនឹងត្រូវលើកលែងពីការយកពន្ធគយថ្មី ស្របពេលដែលកំពុងមានសម្ពាធជាបន្តពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនឲ្យរដ្ឋាភិបាលក្រុងប៉េកាំងបង្កើនការនាំចូលពីសហរដ្ឋអាមេរិក។
ក្រសួងហិរញ្ញវត្ថុចិនបានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសមួយថា ការលើកលែងថ្មីនេះនឹងចូលជាធរមាននៅថ្ងៃទី ១៩ ខែឧសភាខាងមុខ ហើយនឹងផុតកំណត់នៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២១។ មុខទំនិញមួយចំនួនដែលទទួលបានការលើកលែងនេះរួមមានរ៉ែនានាដូចជាមាស ប្រាក់ និងរ៉ែចម្រាញ់ជាដើម។
ក្រសួងហិរញ្ញវត្ថុចិនមិនបានបង្ហាញអំពីទឹកប្រាក់នៃទំនិញដែលទទួលបានការលើកលែងនេះទេ។ កាលពីខែកុម្ភៈ រដ្ឋាភិបាលចិនធ្លាប់បានបញ្ជាក់ថា ខ្លួននឹងលើកលែងពន្ធគយដល់ទំនិញរបស់សហរដ្ឋអាមេរិកចំនួន ៦៩៦ ប្រភេទ ដូចជាសណ្ដែកសៀង និងសាច់ជ្រូកជាដើម ផ្អែកលើពាក្យសុំរបស់ក្រុមហ៊ុននីមួយៗ។
កាលពីសប្ដាហ៍មុន ក្រុមអ្នកចរចាកំពូលនៃរដ្ឋាភិបាលក្រុងប៉េកាំង និងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានពិភាក្សាគ្នាតាមទូរស័ព្ទអំពីការអនុវត្តដំណាក់កាលទីមួយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលបានចុះហត្ថលេខាកាលពីខែមករា។
នៅក្នុងកិច្ចព្រមព្រៀងនេះ ចិនយល់ព្រមបង្កើនការទិញទំនិញសហរដ្ឋអាមេរិកចំនួន ២០០ ពាន់លានដុល្លារនៅក្នុងរយៈពេល ២ ឆ្នាំខាងមុខ ដោយ ៧៧ ពាន់លានដុល្លារសម្រាប់ឆ្នាំទីមួយ និង ១២៣ ពាន់លានដុល្លារសម្រាប់ឆ្នាំទីពីរ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានគំរាមលុបចោលកិច្ចព្រមព្រៀងនេះ ប្រសិនបើចិនមិនធ្វើតាមការសន្យារបស់ខ្លួន៕