សហរដ្ឋអាមេរិកនិងប្រទេសចិន ប្រឈមនឹងបញ្ហាជាមួយគ្នាជាប្រវត្តិសាស្ត្រក្នុងការកំណត់អនាគតនៃទំនាក់ទំនងរបស់ប្រទេសទាំងពីរ នេះបើតាមប្រសាសន៍ឯកអគ្គរដ្ឋទូតចិនប្រចាំស.រ.អា.នាពេលថ្មីៗនេះ។
លោក Cui Tiankai ឯកអគ្គរដ្ឋទូតប្រទេសចិនប្រចាំនៅសហរដ្ឋអាមេរិក បានថ្លែងកាលពីថ្ងៃទី២៥ ខែកក្កដាថា ដោយសារតែហានិភ័យនៃការប្រឈមផ្នែកសេដ្ឋកិច្ចឬជម្លោះយោធា ប្រទេសទាំងពីរយល់ឃើញថា «វាមិនមែនជាជម្រើសផ្សេងទៀតនោះទេ»។
លោក Cui បានថ្លែងថា៖ «ប្រទេសចិន និងស.រ.អា. ត្រូវតែធ្វើការរួមគ្នាកសាងទំនាក់ទំនងឲ្យបានរឹងមាំនិងមានស្ថិរភាព ដោយឈរលើគោលការណ៍គ្មានជម្លោះ គ្មានការប្រឈមមុខដាក់គ្នា គោរពគ្នាទៅវិញទៅមកនិងកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ»។
លោក Cui បានសង្កត់ធ្ងន់លើនិន្នាការវិជ្ជមាននៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ នេះបើតាមពាក្យពេចន៍របស់លោកក្នុងសន្ទរកថានៅឯសន្និសីទប្រចាំឆ្នាំនៅវិទ្យាស្ថានសម្រាប់ការសិក្សាអំពីទំនាក់ទំនងចិន-អាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ លោកបានថ្លែងថា ចាប់តាំងពីលោកប្រធានាធិបតី Donald Trump ចូលកាន់តំណែងមកក្នុងឆ្នាំនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានកំណត់យក «ពាក្យពេចន៍ដែលមានន័យស្ថាបនា» ប្រើប្រាស់នៅក្នុងទំនាក់ទំនងនេះ។
សុទិដ្ឋិនិយមទៅលើកិច្ចពិភាក្សាអំពីវិស័យសេដ្ឋកិច្ច
លោកមានសុទិដ្ឋិនិយមអំពីកិច្ចពិភាក្សាសេដ្ឋកិច្ចទូលំទូលាយជុំទីមួយរវាងប្រទេសទាំងពីរកាលពីខែកក្កដាកន្លងទៅ។
លោកបានថ្លែងថា៖«ការដែលប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតទាំងពីរនៅលើពិភពលោកបានជ្រើសរើសចូលរួមនៅក្នុងកិច្ចពិភាក្សាដែលស្ថិតក្នុងន័យស្ថាបនា ដើម្បីផលប្រយោជន៍រួមនោះ ពិតជាបានផ្តល់នូវភាពវិជ្ជមានដែលពិភពលោកកំពុងតែត្រូវការយ៉ាងខ្លាំង»។
ទោះជាយ៉ាងណា កិច្ចពិភាក្សានេះមិនបានផ្តល់ជាជំហានអ្វីថ្មីដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្មរវាងស.រ.អា. និងចិននោះទេ។ ហើយចាប់តាំងពីពេលនោះមក ក៏មានការសង្ស័យថា សហរដ្ឋអាមេរិកអាចនឹងតម្រូវឲ្យមានការយកពន្ធទៅលើការនាំចូលដែកថែបពីប្រទេសចិន ដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបាននិយាយថា វាធ្វើឲ្យប៉ះពាល់ដល់ឧស្សាហកម្មផលិតដែកថែបរបស់ស.រ.អា ស្របពេលដែលប្រទេសចិនបន្ទាបតម្លៃលក់ដែកថែកក្នុងទីផ្សារពិភពលោក។
លោក Cui ក៏បានព្រមានពីបញ្ហាប្រឈមនៃទំនាក់ទំនងនេះផងដែរ។ បញ្ហាប្រឈមធំមួយក្នុងចំណោមបញ្ហាប្រឈមទាំងនោះគឺ «ការវិវត្តដ៏គួរឲ្យព្រួយបារម្ភ» ដែលអាចធ្វើឲ្យគោលនយោបាយចិនតែមួយចុះខ្សោយ ដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនទទួលស្គាល់រដ្ឋាភិបាលទីក្រុងប៉េកាំងតែមួយគត់ ប៉ុន្តែរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនទើបតែមានទំនាក់ទំនងក្រៅផ្លូវការជាមួយកោះតៃវ៉ាន់។ ចិនចាត់ទុកកោះតៃវ៉ាន់គ្រាន់តែជាខេត្តដាច់ស្រយាលមួយរបស់ខ្លួន។
«ចិនប្រឆាំងដាច់ខាតលើការបង្កហេតុបែបនេះ» ខណៈពេលដែលកងទ័ពស.រ.អា. លក់អាវុធទៅឲ្យកោះតៃវ៉ាន់ ដែលការណ៍នេះត្រូវបានលោក Cui និយាយថាជាកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនទំនាក់ទំនងផ្លូវការរវាងកោះតៃវ៉ាន់ និងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។
ទស្សនៈខុសគ្នាទៅលើបញ្ហាកូរ៉េខាងជើង
លោក Cui ក៏បានលើកឡើងពី ទស្សនៈខុសគ្នារវាងស.រ.អានិងប្រទេសចិន ទៅលើដំណោះស្រាយក្នុងការបញ្ចប់កម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ លោកបានថ្លែងថា រដ្ឋាភិបាលក្រុងប៉េកាំងមានគោលបំណងចង់ប្រើប្រាស់ការចរចារ និងព្យួរការដាក់ទណ្ឌកម្មជាបណ្តើរៗទៅលើប្រទេសកូរ៉េខាងជើងដើម្បីឲ្យប្រទេសនេះខិតខំអនុលោមទៅតាម។ លោកបានសង្កត់បញ្ជាក់ថា ប្រទេសចិនជំទាស់នឹងការពង្រាយប្រព័ន្ធការពារកាំជ្រួចមីស៊ីលរបស់ស.រ.អាក្នុងប្រទេសកូរ៉េខាងត្បូង ហើយប្រឆាំងនឹងការដាក់ទណ្ឌកម្មបន្ទាប់បន្សំទៅលើពាណិជ្ជកម្មនិងពលរដ្ឋរបស់ចិនដែលធ្វើពាណិជ្ជកម្មជាមួយនឹងកូរ៉េខាងជើង។
លោក Cui ក៏បានបញ្ជាក់យ៉ាងមោះមុតថា សហរដ្ឋអាមេរិកគ្មានតួនាទីក្នុងសមុទ្រចិនខាងត្បូងនោះទេ។ រដ្ឋាភិបាលក្រុងប៉េកាំងអះអាងទាមទារចំណែកភាគច្រើននៃផ្លូវទឹក បើទោះជាមានការទាមទារដូចគ្នាទៅលើដែនទឹកត្រួតស៊ីគ្នាដែលទាមទារដោយប្រទេសផ្សេងៗមួយចំនួនទៀតផងដែរ។
លោក Cui បានបញ្ជាក់ថា បញ្ហានេះ គឺជម្លោះលើដែនសមត្ថកិច្ចនៃដែនដី និងដែនសមុទ្ររវាងប្រទេសជិតខាងតែប៉ុណ្ណោះ «មិនមែនជាការប្រជែងយុទ្ធសាស្រ្តរវាងប្រទេសចិន និងស.រ.អានោះទេ»។
លោកបានបន្ថែមថា ប្រតិបត្តិការកងទ័ពជើងទឹករបស់ស.រ.អាក្នុងតំបន់នោះ «គឺជាការរំលោភបំពានទៅលើសិទ្ធិរបស់ចិន ដែលបានបង្កើនភាពតាងតឹងក្នុងតំបន់ហើយប្រឆាំងនឹងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។ លោកបានបញ្ចាក់ទៀតថា ស.រ.អាខ្លួនឯងក៏មិនបានចុះហត្ថលេខាលើអនុសញ្ញានោះផងដែរ៕
ប្រែសម្រួលដោយ កោះ សុគន្ធី