ក្រុមហ៊ុន៣រួមមានក្រុមហ៊ុនប្រេង CNOOC ដែលកាន់កាប់ដោយរដ្ឋចិនកំពុងរង់ចាំការចុះហត្ថលេខារបស់ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ដើម្បីស្វែងរកប្រេងនៅផ្ទៃទឹកដែលមានទំហំ៧ពាន់១រយ២០គីឡូម៉ែត្រការ៉េនៅឆ្នេរភាគខាងលិចនៃប្រទេសហ្វីលីពីន។
កាលពីសប្តាហ៍មុន កងកម្លាំងប្រដាប់អាវុធហ្វីលីពីនបាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា ចិនបានជួយកាំភ្លើងវែងចំនួន៣ពាន់ដើម ដោយមានគ្រាប់ចំនួន៣លានគ្រាប់ដើម្បីជួយយោធាប្រយុទ្ធប្រឆាំងពួកឧទ្ទាមក្រុម Maute ដែលគាំទ្រក្រុមរដ្ឋឥស្លាមនៅក្នុងទីក្រុងភាគខាងត្បូងដែលហែកហួរដោយសង្គ្រាម។
កិច្ចការជំនួញ រួមជាមួយជំនួយហេដ្ឋារចនាសម្ព័ន្ធមកពីចិន បង្ហាញថាប្រទេសទាំង២ត្រូវការគ្នាទៅវិញទៅមកទៅតាមការណ៍ដែលអាចធ្វើទៅរួច។ប្រទេសទាំង២មានសន្តិភាពនៅឆ្នាំ២០១៦បន្ទាប់ពីឈ្លោះប្រកែកគ្នាអស់រយៈពេល៤ឆ្នាំលើអធិបតេយ្យភាពដែនសមុទ្រ។
លោកRamon Casiple នាយកប្រតិបត្តិវិទ្យាស្ថានគាំទ្រហ្វីលីពីនសម្រាប់ការធ្វើកំណែទម្រង់ខាងនយោបាយនិងការរៀបចំការបោះឆ្នោតនិយាយថា «ពួកមន្រ្តីក្នុងប្រទេសចិនចង់បានកិច្ចសហការទៅតាមលទ្ធភាពដែលពួកគេអាចធ្វើបាន»។
លោកនិយាយថា «ខ្ញុំចង់និយាយថា ជនជាតិហ្វីលីពីនជាអ្នកជាតិនិយម ជាពិសេស ចំពោះសមុទ្រចិនខាងត្បូង ក៏ប៉ុន្តែ ខ្ញុំគិតថា បន្ទាប់មកមិត្តភាពក៏ទទួលស្វាគមន៍នៅក្នុងប្រទេសនេះដែរ»។
រដ្ឋាភិបាលក្រុងប៉េកាំងកំពុងស្វះស្វែងរកសម្ព័ន្ធភាពកាន់តែខ្លាំងឡើងនៅតំបន់អាស៊ីអាគ្នេយ៍ដើម្បីបន្ធូរបន្ថយអារិភាពលើការទាមទាររបស់ខ្លួនស្ទើរតែទាំងអស់នៅតំបន់សមុទ្រចិនខាងត្បូង។ តុលាការអាជ្ញាកណ្តាលពិភពលោកបានកាត់សេចក្តីកាលពីពាក់កណ្តាលឆ្នាំ២០១៦ថា ប្រទេសចិនខ្វះមូលដ្ឋានខាងផ្លូវច្បាប់ដើម្បីអះអាងនូវសិទ្ធិទាមទារទាំងនោះ។
ការទាមទាររបស់ចិនជាន់គ្នាលើតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេស៤នៅតំបន់អាស៊ីអាគ្នេយ៍រួមមានប្រទេសហ្វីលីពីនដែរ។ ប្រទេសទាំងនោះបានក្តៅក្រហាយនិងការត្រួតត្រាផ្លូវនាវាចរណ៍និងការស្ថាបនាប្រជុំកោះសិប្បនិមិត្តសម្រាប់ហេដ្ឋា រចនាសម្ព័ន្ធខាងយោធារបស់ចិន។
ចិនកំពុងផ្តល់ជំនួយនិងការវិនិយោគទុនដល់ប្រទេសទាមទារអធិបតេយ្យនៅសមុទ្រចិនខាងត្បូងរួមមាន ព្រុយណេ ម៉ាឡេស៊ី វៀតណាមហើយនឹងប្រទេសហ្វីលីពីន។ ក៏ប៉ុន្តែ លោក Rodrigo Duterte ប្រធានាធិបតីនៃប្រទេសហ្វីលីពីនបានស្វាគមន៍ប្រកបដោយការសាទរពិសេសដែលជាផ្នែកមួយនៃការផ្លាស់ប្តូរពីការពឹងផ្អែកលើសហរដ្ឋអាមេរិក។
លោក Song Seng Wun សេដ្ឋវិទូឯកទេសខាងតំបន់អាស៊ីអាគ្នេយ៍នៅអង្គភាពធនាគារឯកជនរបស់ក្រុមហ៊ុន CIMB ក្នុងប្រទេសសឹង្ហបូរីនិយាយថា ចិនបានទទួលជោគជ័យក្នុងការផ្តល់ជំនួយជាថ្នូរនឹងការអនុគ្រោះខាងនយោបាយនៅគ្រប់ទីកន្លែងក្នុងតំបន់អាស៊ីដែលអាស្រ័យលើផលប្រយោជន៍ភាគីម្ខាងទៀត។លោក Song បាននិយាយថា«ករណីនេះជានិច្ចកាលភាគីម្ខាងទៀតទទួលស្វា គមន៍ខ្លាំងឡើង។ ករណីនៃហ្វីលីពីន ជាការពិត ប្រទេសនេះមានប្រធានាធិបតី ហើយប្រធានាធិបតីនេះពិតជាចង់ធ្វើដូច្នេះ។ ដូច្នេះ ចិនមានជ័យជម្នះលើសហរដ្ឋអាមេរិក»។
សហរដ្ឋអាមេរិកជាសម្ព័ន្ធមិត្តរបស់ហ្វីលីពីនចាប់តាំងពីការធ្វើអាណានិគមរបស់អាមេរិកនៅប្រទេសតំបន់អាស៊ីអាគ្នេយ៍នេះបានបញ្ចប់នៅឆ្នាំ១៩៤៦មក។ ចិនជំទាស់ប្រឆាំងវត្តមានយោធារបស់សហរដ្ឋអាមេរិកនៅជិតសមុទ្រមានជម្លោះនោះ ទោះជាយ៉ាងណាក៏ដោយ ប្រធានាធិបតី Duterte មានការមិនសប្បាយចិត្តអំពីការរិះគន់របស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនដល់យុទ្ធនាការប្រឆាំងឆ្នាំញៀនដ៏ប្រល័យរបស់លោក។
ក៏ប៉ុន្តែ ប្រធានាធិបតី Duterte បានងាកមកសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុនដោយមានការស្នើភាពជាដៃគូខាងសេដ្ឋកិច្ចកាន់តែខ្លាំងឡើង។
ពួកអ្នកវិភាគនិយាយថា ចិនប្រហែលបានផ្តល់អាវុធជាលើកទី២ដើម្បីទប់ទល់នឹងជំនួយរបស់សហរដ្ឋអាមេរិក។
សហរដ្ឋអាមេរិកបានចូលរួមការយាមល្បាតខាងនាវាជាមួយប្រទេសហ្វីលីពីនហើយចាប់តាំងពីឆ្នាំ២០០២មក សហរដ្ឋអាមេរិកបានដាក់កងទ័ពពិសេសពី៥០ទៅ១រយនាក់នៅលើកោះ Mindanao ភាគខាងត្បូងដើម្បីជួយបង្ក្រាបពួកឧទ្ទាមដូចជាក្រុម Maute ជាដើម។
មជ្ឈមណ្ឌលស្រាវជ្រាវPewបានប្រាប់ឲ្យដឹងកាលពីខែមុនថា មនោសញ្ចេតនាវិជ្ជមានរបស់ជនជាតិហ្វីលីពីនចំពោះចិនបានកើនឡើងចំនួន១៧ភាគរយគត់ចាប់តាំងពីឆ្នាំ២០១៤មក។ មជ្ឈមណ្ឌលស្រាវជ្រាវនោះបានរកឃើញថា មនោ សញ្ចេតនាវិជ្ជមានចំពោះសហរដ្ឋអាមេរិកបានធ្លាក់ពី៩២ភាគរយមក៧៨ភាគ រយក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ។
ចិនបានសន្យាផ្តល់ជំនួយដែលមានទឹកប្រាក់២៤ពាន់លានដុល្លារបន្ទាប់ពីប្រធានាធិបតី Duterte ទៅបំពេញទស្សនកិច្ចទីក្រុងប៉េកាំងនៅខែតុលា។ ៣ខែក្រោយមក ចិននិងហ្វីលីពីនបានព្រមព្រៀងគ្នាធ្វើការវិនិយោគទុនរបស់ចិនដែលមានទឹកប្រាក់៣ពាន់៧រយលានដុល្លារសម្រាប់គម្រោង៣០។
ចិនក៏ប្រកួតប្រជែងជាមួយជប៉ុនសម្រាប់ជំនួយនិងការវិនិយោគទុនដែលមានទឹកប្រាក់១៦៧ពាន់លានដុល្លារសម្រាប់ការខំប្រឹងប្រែងរបស់ហ្វីលីពីនរយៈពេល៥ឆ្នាំដើម្បីធ្វើឲ្យទំនើបនូវហេដ្ឋារចនាសម្ព័ន្ធ។ ជប៉ុនដែលជាសម្ព័ន្ធមិត្តរបស់សហ រដ្ឋអាមេរិកហើយដែលមានជម្លោះខាងនយោបាយរបស់ខ្លួនជាមួយរដ្ឋាភិបាលក្រុងប៉េកាំងដែរនោះកំពុងប្រកួតប្រជែងជាមួយចិនបង្កើនសម្ព័ន្ធភាពនៅតំបន់អាស៊ីដែលកំពុងអភិវឌ្ឍន៍។
លោក Jonathan Ravelas ប្រធានយុទ្ធសាស្រ្តទីផ្សារនៅអង្គការ Banco de Oro UniBank ក្នុងទីក្រុងម៉ានីលបាននិយាយថា «ប្រសិនបើ អស់លោក អ្នក ក្រឡេកមើលជំនួយអភិវឌ្ឍន៍ផ្លូវការវិញ លោក អ្នកឃើញជំនួយកាន់តែច្រើនឡើងមកពីជប៉ុនច្រើនជាងមកពីចិន»។
ពួកអ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់នៅក្រុងម៉ានីលនិយាយថា ជនជាតិហ្វីលីពីនចង់បានជំនួយរបស់ចិនដែលមានកំណើនសេដ្ឋកិច្ច១១,២លានលានដុល្លារនៃសេដ្ឋកិច្ចចិន ដរាបណាជំនួយនោះមិនមានចំណងខាងនយោបាយដូចជាការបន្ធូបន្ថយការតានតឹងនៅសមុទ្រមានជម្លោះ។
ការខំប្រឹងប្រែងពីមុនរបស់ចិនក្នុងការរុករកប្រេងនៅសមុទ្ររួមគ្នាជាមួយប្រទេសនានានៅតំបន់អាស៊ីអាគ្នេយ៍ បានទទួលបរាជ័យ ពីព្រោះតែបញ្ហាអំពីថាតើអ្នក ណាជាម្ចាស់ការរកឃើញនេះ។
ក្រុមហ៊ុនប្រេង CNOOC របស់ចិន កាន់កាប់អណ្តូងប្រេង Calamian ចំនួន៥១ ភាគរយដែលបានត្រូវគេចាត់ទុកជាការរុករករួមគ្នានៅពេលឥឡូវនេះ ខណៈដែលក្រុមហ៊ុនប្រេងជាតិហ្វីលីពីន Philippine National Oil Company មានភាគហ៊ុន២៨ភាគរយ។ ក្រុមហ៊ុនថាមពលសិង្ហបូរី Jadestoneមានភាគហ៊ុនដែរ។
ចិននិងហ្វីលីពីនបានពិភាក្សាគ្នាពីកិច្ចសហប្រតិបត្តិការរុករកប្រេងនៅសមុទ្រចាប់តាំងពីចុងឆ្នាំទៅ។
លោកRavelaបាននិយាយទៀតថា «គេគ្រប់គ្នាកំពុងចាំមើលនៅក្រៅសង្វៀន។កិច្ចព្រមព្រៀងលម្អិតមានភាពស្មុគ្រស្មាញណាស់។ និយាយសង្ខេបតើប្រាក់ចំណូលនោះនឹងត្រូវធ្វើការបែងចែកយ៉ាងដូចម្តេច? តើលក្ខខណ្ឌអ្វីខ្លះដែលចិននឹងនាំយកមកកាន់តុចរចានោះ?៕
ប្រែសម្រួលដោយជឹង ប៉ូជីន