តុលាការចិនមួយ នៅថ្ងៃសុក្រនេះ បានកាត់ទោសសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ៣នាក់ ឲ្យជាប់ពន្ធនាគារ រហូតដល់ទៅ៥ឆ្នាំ ក្នុងបទចោទថាជំរុញឲ្យមានការផ្តួលរំលំរដ្ឋាភិបាលកុម្មុយនិស្តចិន នេះបើតាមសេចក្តីរាយការណ៍របស់បណ្តាអង្គការសិទ្ធិមនុស្ស។
សកម្មជនសិទ្ធិមនុស្ស និងក្រុមអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ ហៅការដាក់ទោសនេះថា ជាការបង្ក្រាបយ៉ាងធ្ងន់ធ្ងរបំផុតលើក្រុមសកម្មជន ចាប់តាំងពីការបង្រ្កាបដែលមានការបង្ហូរឈាមលើបាតុកម្មទាមទារលទ្ធិប្រជាធិបតេយ្យកាលពីឆ្នាំ១៩៨៩ ដែលបានបណ្តាលឲ្យមនុស្សស្លាប់រាប់រយនាក់ ឬអាចឈានដល់ទៅរាប់ពាន់នាក់ផងនោះ។
តុលាការប្រជាជនមួយនៅទីក្រុង Guangzhou ដែលស្ថិតនៅភាគខាងត្បូងនៃខេត្ត Guangzhou នៅថ្ងៃសុក្រនេះ បានកាត់ទោសឲ្យមេធាវី Tang Jingling អាយុ ៤៤ឆ្នាំ ឲ្យជាប់ពន្ធនាគារយូរជាងគេ បន្ទាប់ពីសវនាការសម្ងាត់មួយ នេះបើតាមរបាយការណ៍របស់អង្គការសិទ្ធិមនុស្ស Amnesty International និងអង្គការ Human Rights Watch ព្រមទាំងអង្គការសិទ្ធិមនុស្សឯទៀតដែលឃ្លាំមើលការរំលោភសិទ្ធិមនុស្សនោះ។
សកម្មជន Wang Qingying អាយុ ៣១ឆ្នាំ បានជាប់ទោស ២ឆ្នាំកន្លះ និង Yuan Xinting អាយុ ៤៤ឆ្នាំ ជាប់ទោស៣ឆ្នាំកន្លះ។ គេពុំឃើញមានការផ្សាយជាផ្លូវការណាមួយនៅក្នុងប្រព័ន្ធអ៊ីនធឺណិត អំពីការកាត់ទោសនេះទេ៕