ប្រទេសចិននិយាយថា ខ្លួននឹងប្រគល់ Drone មុជទឹកដែលគ្មានមនុស្សបើករបស់អាមេរិកដែលខ្លួនចាប់បាននៅក្នុងដែនទឹកអន្តរជាតិនៃសមុទ្រចិនខាងត្បូងទៅឲ្យអាមេរិកវិញ។ លោកប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ បានឆ្លើយតបវិញភ្លាមៗថា សហរដ្ឋអាមេរិកគួរតែប្រាប់ឲ្យចិនទុកឧបករណ៍នោះ។
លោក ត្រាំ មិនទាន់កាន់អំណាចទេរហូតដល់ខែមករា ប៉ុន្តែលោកបានជ្រៀតជ្រែកទៅក្នុងកិច្ចការកងទ័ពជើងទឹក នៅក្នុងហេតុការណ៍ដែលចិនបានរឹបអូសយកឧបករណ៍មុជទឹកដែលគ្មានមនុស្សបើកមួយគ្រឿងរបស់អាមេរិកខណៈដែលឧបករណ៍នោះកំពុងតែប្រមូលយកទិន្នន័យវិទ្យាសាស្រ្តកាលពីថ្ងៃព្រហស្បតិ៍។ អាជ្ញាធរអាមេរិកបានថ្លែងការពារថា ការរឹបអូសនោះគឺធ្វើឡើងដោយមិនគោរពច្បាប់ និងបានទាមទារឲ្យប្រគល់ឧបករណ៍នោះមកវិញជាបន្ទាន់ ហើយអាជ្ញាធរចិនបានឯកភាពនឹងប្រគល់ឲ្យវិញហើយ។
នៅក្នុងប្រអប់បញ្ចេញមតិមួយលើបណ្តាញសង្គម Twitter អំពីការរឹបអូសនោះ លោក ត្រាំ បានប្រកាសថា ចិនលួចយកឧបករណ៍ច្រមុជទឹកសម្រាប់ស្រាវជ្រាវរបស់អាមេរិកនៅក្នុងដែនទឹកអន្តរជាតិ ដោយបានស្រង់យកឧបករណ៍នោះចេញពីទឹកនិងយកវាទៅកាន់ប្រទេសចិន។ ក្រោយពីចិនបានសន្យាថានឹងប្រគល់ឧបករណ៍នោះឲ្យអាមេរិកវិញ លោក ត្រាំ ក៏បានបង្ហោះសារលើបណ្តាញសង្គម Twitter ថា សហរដ្ឋអាមេរិកគួរតែប្រាប់ដល់ប្រទេសចិនថា «អាមេរិកមិនចង់បានឧបករណ៍ដែលគេបានលួចនោះមកវិញទេ។ ឲ្យពួកគេរក្សាវាទុកទៅ»៕