លោក Sun Lijun អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន ត្រូវបានចាប់ខ្លួនដោយសារត្រូវបានចោទប្រកាន់ពីបទ «បំពានច្បាប់ និងវិន័យគណបក្សយ៉ាងធ្ងន់ធ្ងរ»។ នេះបើតាមការលើកឡើងរបស់ស្ថាប័នប្រឆាំងអំពើពុករលួយជាន់ខ្ពស់របស់គណបក្សកុំម្មុយនិស្តចិន។ អ្នកសង្កេតការណ៍និយាយថា វាជាសញ្ញាណនៃការប្រព្រឹត្តអំពើពុករលួយ។
អ្នកវិភាគមួយចំនួន ពណ៌នាលោក Sun ថា ជា «ឃាតកលាក់មុខ» ដែលបានដើរតួយ៉ាងសំខាន់នៅក្នុងកិច្ចប្រឹងប្រែងកន្លងមករបស់លោកប្រធានាធិបតី ស៊ី ជីនពីង ដើម្បីរក្សាស្ថិរភាពសង្គមដោយធ្វើការបង្ក្រាបអ្នកប្រឆាំង ដែលក្នុងនោះ មានរួមទាំងអ្នកដើរតាមសាសនា Falun Gong និងមេធាវីសិទ្ធិមនុស្ស នៅក្នុងអំឡុងការបង្ក្រាបឆ្នាំ២០១៥។
អ្នកសង្កេតការណ៍បានលើកឡើងទៀតថា ការចាប់ខ្លួនលោក Sun ដែលធ្វើឡើងក្រោយពីការកាត់ទោសដាក់ពន្ធនាគារលោក Meng Hongwei អតីតប្រធានប៉ូលិសអន្តរជាតិ Interpol នៅដើមឆ្នាំនេះ ពីបទល្មើសសូកប៉ាន់ គឺជារឿងពិបាកយល់ ប៉ុន្តែវាបង្ហាញអំពីការសង្កត់ធ្ងន់នៅក្នុងការប្រជែងយកអំណាចរបស់លោកប្រធានាធិបតី ស៊ី ជិនពីង នៅក្នុងពេលមានការរាតត្បាតជាសាកលនៃវីរុសកូរ៉ូណានេះ។ មានពាក្យចចាមអារ៉ាមថា អំណាចរបស់លោកប្រធានាធិបតី ស៊ី ត្រូវបានគេប្រទាញប្រទង់យ៉ាងខ្លាំង បន្ទាប់ពីចិន បរាជ័យក្នុងការទប់ស្កាត់ការផ្ទុះឡើងវីរុសកូរ៉ូណាឲ្យបានទាន់ពេល។
ការកម្ចាត់ផ្នែកនយោបាយ
មេធាវីសិទ្ធិមនុស្សម្នាក់បានប្រាប់ VOA ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា «នេះមិនមែនជាការស៊ើបអង្កេតទៅលើរឿងពុករលួយទេ។ នេះជាការបញ្ចូនសារគំរាមដល់អ្នកផ្សេងទៀតនៅក្នុងគណបក្សឲ្យមានការភ័យខ្លាច ដែលការធ្វើដូច្នេះ អាចឲ្យលោក ស៊ី បន្តក្តោបក្តាប់អំណាចរបស់លោក»។
មេធាវីរូបនេះ បានប្រដូចការកម្ចាត់លោក Sun ទៅនឹងជម្លោះផ្ទៃក្នុងតាមរបៀបលោក ម៉ៅ សេទុង។ លោកម៉ៅ សេទុង គឺជាស្ថាបនិកសាធារណរដ្ឋប្រជាមានិតចិន និងបានទាមទារឱ្យគណបក្សកុំម្មុយនិស្តធ្វើការគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើគ្រប់ផ្នែកទាំងអស់។
មេធាវីរូបនេះនិយាយថា លោកសង្ស័យថា លោក Sun ត្រូវបានគេកម្ចាត់ចោលដោយសារតែលោកត្រូវបានគេយល់ថា «មិនមានភាពស្មោះស្ម័គ្រគ្រប់គ្រាន់»។
មេធាវីសិទ្ធិមនុស្សម្នាក់ទៀតក៏បាននិយាយផងដែរថា បើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងសន្តិសុខសាធារណៈ លោក Sun ត្រូវបានគេចោទពីការ «មិនគោរពតាម» ដែលនេះជាការបង្ហាញថា លោកអាចនឹងត្រូវបានគេយល់ថា មិនស្មោះស្ម័គ្រនឹងលោក ស៊ី។
ក្រសួងសន្តិសុខសាធារណៈចិន បានចេញសេចក្តីថ្លែងការណ៍មួយ ដោយធ្វើការគាំទ្រលើអ្វីដែលក្រសួងនេះហៅថា ការស៊ើបអង្កេត «ត្រឹមត្រូវ និងទាន់ពេលវេលា» ទៅលើលោក Sun នៅពេលដែលក្រសួងនេះ បង្ហាញពីការសន្យារបស់លោក ស៊ី ក្នុងការលុបចោលអំពើពុករលួយ។
ក្រសួងនេះ បានលើកឡើងថា លោក Sun «បានព្រងើយកន្តើយនឹងវិន័យ និងវិធាននយោបាយរបស់គណបក្សជាយូរមកហើយ»។
ក្រុមមន្ត្រី មិនបានធ្វើការបកស្រាយអំពីការចោទប្រកាន់អំពីអំពើពុករលួយនោះទេ។
ផ្ទុយទៅវិញ ក្រសួងនេះ បានបន្តពន្យល់រៀបរាប់យ៉ាងវែងអន្លាយ អំពីរបៀបដែលសមាជិកគណបក្សគួរតែសន្យា «ពីភាពស្មោះស្ម័គ្រមោះមុត» ទៅកាន់ថ្នាក់ដឹកនាំស្នូល ដែលសំដៅទៅលើ លោក ស៊ី ហើយនឹងមិនត្រូវដើរពីរផ្លូវនោះទេ ដូចអ្វីដែលពួកគេចាត់ទុកថា អ្នកធ្វើបែបនោះ គឺជា «មនុស្សមុខពីរ»។
លោក Sun វ័យ៥១ឆ្នាំ បានដឹកនាំការិយាល័យទី១នៃក្រសួងសន្តិសុខសាធារណៈ ដែលគ្រប់គ្រងភ្នាក់ងាររដ្ឋចិនជាច្រើន។ លោកក៏ទទួលខុសត្រូវលើបញ្ហាសន្តិសុខនយោបាយក្នុងស្រុក និងកិច្ចការសន្តិសុខហុងកុងផងដែរ។
មុនកាន់តំណែងនេះ លោកបានបម្រើការជាប្រធានការិយាល័យកិច្ចការហុងកុង ម៉ាកាវ និងតៃវ៉ាន់
នៅក្រសួងសន្តិសុខសាធារណៈ និងជាអនុប្រធានការិយាល័យ ៦១០ ដែលទទួលខុសត្រូវលើការគាបសង្កត់អ្នកជឿលើគំនិតសាសនា Falun Gong។
លោក Sun ត្រូវបានគេឃើញលើកចុងក្រោយបង្អស់នៅក្នុងទីក្រុងវូហានជាមួយលោក ស៊ី នៅក្នុងកិច្ចការជួយទប់ស្កាត់ការផ្ទុះឡើងនៃមេរោគកូរ៉ូណា និងរក្សាសណ្តាប់ធ្នាប់សង្គមនៅទីនោះ។ ទីក្រុងវូហានជាកន្លែងដែលគេរាយការណ៍ពីការផ្ទុះឡើងនៃវីរុសកូរ៉ូណាដំបូងគេ។
លោក Guo Wenqui ដែលជាមហាសេដ្ឋីរស់នៅនិរទេសខ្លួននិយាយថា លោក Sun មិនដែលត្រូវបានគេគិតថា ជាអ្នកដើរតាមលោក ស៊ី នោះទេ ដោយសារតែលោក Sun ធ្លាប់បម្រើការក្រោមការដឹកនាំរបស់លោក Meng Jianzhu ដែលជាអតីតលេខាធិការគណៈកម្មការកិច្ចការច្បាប់ និងនយោបាយកណ្តាលរបស់គណបក្សកុំម្មុយនិស្តនៅមុនឆ្នាំ២០១៧។
ក្រុម Shanghai Gang
លោក Guo និយាយថា ទាំងលោក Sun និងលោក Meng ស្ថិតនៅក្នុងក្រុមមួយដែលគេហៅក្រៅផ្លូវការថា ក្រុម Shanghai Gang ដែលដឹកនាំដោយគូប្រជែងរបស់លោក ស៊ី។ នោះគឺលោក Jiang Zemin ដែលជាអតីតប្រធានាធិបតី។ លោក Jiang មើលការខុសត្រូវចំពោះការប្រគល់ការគ្រប់គ្រងក្រុងហុងកុងពីអង់គ្លេសវិញ និងទទួលបានការសរសើរចំពោះកំណែទម្រង់ដែលជួយធ្វើឱ្យចិនក្លាយទៅជាមហាអំណាចសេដ្ឋកិច្ចមួយក្នុងសាកលលោក។
មហាសេដ្ឋីរស់នៅនិរទេសខ្លួនរូបនេះហៅលោក Sun ថាជា «ឃាតក» ដោយនិយាយថា លោក Sun គួរតែទទួលខុសត្រូវចំពោះការសម្លាប់ និងការធ្វើទារុណកម្មលើក្រុមអ្នកប្រឆាំងនៅក្នុងស្រុក និងនៅក្រៅប្រទេសក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។ លោក Guo ក៏បានបន្ទោស Sun ចំពោះការរឹបអូសទ្រព្យសម្បត្តិរបស់ខ្លួនផងដែរ។
លោក Guo បន្ថែមទៀតថា លោក Sun មានលាក់ទុកទ្រព្យសម្បត្តិដែលមានតម្លៃរាប់ពាន់លានដុល្លារនៅក្នុងគណនីធនាគាររបស់ភរិយារបស់លោកនៅក្នុងប្រទេសអូស្ត្រាលី។ ភរិយារបស់លោក Sun និងកូនប្រុសអាយុ១៩ឆ្នាំរបស់លោកកំពុងរស់នៅទីនោះក្នុងនាមជាពលរដ្ឋ។
«អ្នកទទួលថ្មបាក់» របស់លោកស៊ី
លោកWang Xili ដែលមានមូលដ្ឋានក្នុងប្រទេសថៃ គឺជាអ្នកប្រឆាំងនយោបាយចិនម្នាក់ដែលកំពុងរស់នៅនិរទេសខ្លួន។ លោកនិយាយថា លោកគិតថា ការចាប់ខ្លួនលោក Sun មិនមែនជាផ្នែកមួយនៃការស៊ើបអង្កេតអំពើពុករលួយ ឬ ដោយសារការប្រជែងនយោបាយផ្ទៃក្នុងនោះទេ។
លោក Wang និយាយថា លោកជឿថា គណបក្សកុំម្មុយនិស្តចិន កំពុងព្យាយាមប្រើប្រាស់លោក Sun ឱ្យក្លាយជាអ្នកទទួលថ្មបាក់ ដើម្បីបិទបាំងកំហុសក្នុងពេលកន្លងមកក្នុងការធ្វើទុក្ខបុកម្នេញមេធាវីសិទ្ធិមនុស្ស។ លោក Wang បានបន្ថែមថា លោក Sun ខ្លួនឯងផ្ទាល់ សាកសមនឹងទទួលទោស ចំពោះអ្វីដែលបានកើតឡើងនៅក្នុងការបង្ក្រាបក្នុងឆ្នាំ២០១៥។
លោក Wang បាននិយាយបន្តក្នុងសម្តីដើមថា៖
«លោកSun Lijun គឺជាមេបញ្ជាការម្នាក់នៅក្នុងការបង្ក្រាបកាលពីថ្ងៃទី៩ ខែកក្កដា [ទៅលើមេធាវីសិទ្ធិមនុស្ស]។ ប្រភពជាច្រើនបានបង្ហាញថា អ្នកស៊ើបអង្កេតទាំងអស់ [រួមទាំងភ្នាក់ងាររដ្ឋផង] ត្រូវរាយការណ៍ដោយផ្ទាល់ទៅឲ្យលោក Sun។ បន្ទាប់ពីមានការចាប់ខ្លួនលោក Sun [អាជ្ញាធរ] នឹងពិនិត្យមើលឯកសារ និងចាត់វិធានការចាំបាច់នានា មុនពេលពួកគេបិទឯកសារទាំងនោះសម្រាប់តម្កល់ទុក និងហាមឃាត់មិនឱ្យអ្នកណាម្នាក់អានឯកសារទាំងនោះទេ»។
អ្នកប្រឆាំងនយោបាយរូបនេះនិយាយថា បទពិសោធន៍ផ្ទាល់ខ្លួនរបស់លោកជាមួយនឹងមន្ត្រីសន្តិសុខចិនបង្ហាញថា ភាពរង្គោះរង្គើចុងក្រោយនេះ គឺជាយុទ្ធសាស្ត្រមួយដែលគណបក្សកុំម្មុយនិស្តប្រើប្រាស់ដើម្បីបង្វែរការស្តីបន្ទោស ដើម្បីធ្វើឱ្យថ្នាក់ដឹកនាំរបស់លោក Sun រួមទាំងលោក ស៊ី ផង រួចផុតពីការទទួលខុសត្រូវនៅពេលអនាគត ក្នុងរឿងធ្វើទុក្ខបុកម្នេញលើមេធាវី។
ការចាប់ខ្លួនលោក Sun បានបង្កឱ្យមានការពិភាក្សាក្តៅគគុកនៅបណ្តាញ Twitter ដោយអ្នកប្រើប្រាស់មួយចំនួនហៅករណីរបស់លោកថា ជាការដាស់តឿនដល់សមាជិកបក្សជាច្រើនផ្សេងទៀត ដែលនឹងត្រូវគេកម្ចាត់ចោល ប្រសិនបើពួកគេជ្រើសយកផ្លូវខុស។
ទោះជាយ៉ាងនេះក្តី នៅលើបណ្តាញ Weibo ដែលស្រដៀងនឹងបណ្តាញ Twitter ដែរ នៅក្នុងប្រទេសចិន ការបញ្ចេញយោបល់របស់អ្នកប្រើប្រាស់អ៊ីនធឺណិតត្រូវបានគេរាំងខ្ទប់ លើកលែងតែយោបល់ដែលភាគច្រើនគាំទ្រដល់ការចាប់ខ្លួនលោក Sun តែប៉ុណ្ណោះ៕