ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន BYD បើក​រោងចក្រ​ផលិត​រថយន្ត​អគ្គិសនី​នៅ​ថៃ​ដែល​ជា​រោងចក្រ​ដំបូង​នៅ​អាស៊ីអាគ្នេយ៍


បុគ្គលិកកំពុងពិនិត្យរថយន្តអគ្គិសនី BYD នៅ​ក្នុងរោងចក្រ ក្នុងទីក្រុងរ៉ៃយ៉ុង ប្រទេសថៃ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤។
បុគ្គលិកកំពុងពិនិត្យរថយន្តអគ្គិសនី BYD នៅ​ក្នុងរោងចក្រ ក្នុងទីក្រុងរ៉ៃយ៉ុង ប្រទេសថៃ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤។

ក្រុមហ៊ុន​ចិន BYD បាន​សម្ពោធ​រោងចក្រ​ផលិត​រថយន្ត​អគ្គិសនី​នៅ​ថៃ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី ៤ ខែកក្កដា ដែល​ជា​រោងចក្រ​ដំបូង​របស់​ក្រុមហ៊ុន​នេះ​នៅ​តំបន់អាស៊ីអាគ្នេយ៍ ដែល​ជា​ទីផ្សារ​ផលិតរថយន្ត​អគ្គិសនី​ក្នុង​តំបន់​កំពុង​រីកចម្រើន​យ៉ាង​ឆាប់រហ័ស ​ហើយ​ថៃ​បាន​ក្លាយ​ជា​អ្នកដើរតួ​ចម្បង។

នាយក​ប្រតិបត្តិ​និង​ប្រធាន​ក្រុមហ៊ុន BYD លោក Wang Chuanfu បាន​ថ្លែង​អំឡុងពេល​សម្ពោធ​ថា៖ «ថៃ​មាន​ទស្សនវិស័យ​ស្តីពី​រថយន្ត​អគ្គិសនី​ច្បាស់លាស់ ហើយ​កំពុង​ឈាន​ជើង​ចូល​សម័យកាល​ថ្មី​នៃ​ផលិតកម្មយានយន្ត។ យើង​នឹង​នាំយក​បច្ចេកវិទ្យា​ពី​ចិន​មក​ថៃ»។

រោងចក្រ BYD ជា​ផ្នែក​មួយ​នៃ​ការ​វិនិយោគ​ជា​បន្តបន្ទាប់ក្នុង​តម្លៃ​ជាង ១.៤៤ ពាន់​លាន​ដុល្លារ ​ពី​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ចិន​នានា ​ដែល​កំពុង​បង្កើត​រោងចក្រ​នៅ​ថៃ ហើយ​ដែល​កំពុងទទួល​បាន​ជំនួយ​ទំនុកបម្រុង​ពី​រដ្ឋាភិបាលថៃ ក៏ដូចជាការ​លើក​ទឹកចិត្ត​ផ្នែក​ពន្ធដារ។

ថៃ​ដើរ​តួ​ជា​មជ្ឈមណ្ឌល​ផ្គុំ​និង​នាំចេញ​រថយន្ត​ក្នុង​តំបន់ ហើយ​សម្បូរ​ទៅ​ដោយ​ក្រុម ហ៊ុន​ផលិត​រថយន្ត​ជប៉ុន​ដូចជា ក្រុមហ៊ុន Toyota Motor ក្រុមហ៊ុន Honda Motor Co និង​ក្រុមហ៊ុន Isuzu Motors។

នៅ​ត្រឹម​ឆ្នាំ ២០៣០ ថៃ​មាន​គោលដៅ​ប្រែក្លាយ ៣០ ភាគរយ​នៃ​ផលិតកម្ម​រថយន្ត ២ លាន ៥សែន​គ្រឿង​ ទៅ​ជា​រថយន្ត​អគ្គិសនី។ នេះ​បើ​យោង​ទៅ​តាម​ផែនការ​របស់​រដ្ឋាភិបាល។

លោក Narit Therdsteerasukdi អគ្គលេខាធិការ​ក្រុមប្រឹក្សា​វិនិយោគ​ថៃ​បាន​ថ្លែង​ថា៖ «ក្រុមហ៊ុន BYD កំពុង​ប្រើប្រាស់​ថៃ​ជា​កន្លែង​ផលិតកម្ម​សម្រាប់​នាំ​ចេញ​ទៅ​កាន់​អាស៊ាននិង​ប្រទេស​មួយ​ចំនួន​ដទៃ​ទៀត» ដោយ​សំដៅ​ទៅ​ប្លុក​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍។

ជា​ផ្នែក​នៃ​ការ​ពង្រីក​ខ្លួន​នៅ​ខាង​ក្រៅ​ចិន ក្រុមហ៊ុន BYD កំពុង​សាងសង់​មូលដ្ឋាន​ផលិតកម្ម​ដំបូង​របស់​ខ្លូន​នៅ​ប្រទេស​ហុងគ្រីក្នុង​តំបន់​អឺរ៉ុប។ ដោយ​ត្រៀមចាប់ផ្តើម​ប្រតិបត្តិការ​នៅ​ក្នុង​រយៈពេល​បី​ឆ្នាំ រោងចក្រ​ BYD នឹង​ផលិត​រថយន្ត​អគ្គិសនី​ និង​រថយន្ត​ប្រភេទ Hybrid សម្រាប់​ទីផ្សារ​អឺរ៉ុប ជា​ទី​ដែល​គណៈកម្មការ​អឺរ៉ុប​បាន​ប្រថាប់​ពន្ធ​រហូត​ដល់​ជិត ៣៨ ភាគរយ ​លើ​រថយន្ត​អគ្គិសនី​ផលិត​ដោយ​ចិន។

រថយន្ត​អគ្គិសនី​ផលិត​នៅ​ចិន​របស់​ក្រុមហ៊ុន BYD នឹង​ត្រូវ​ប្រឈម​ពន្ធ​ប្រមាណ១៧​ភាគរយ។

រោងចក្រ​ផលិត​ដ៏​ធំ​របស់​ក្រុមហ៊ុន​ BYD នៅ​ថៃ ដែល​ត្រូវ​បាន​ប្រកាស​ឡើង​កាល​ពី​ពីរឆ្នាំ​មុន និង​មាន​តម្លៃ​ ៤៩០ ​លាន​ដុល្លារ មាន​សមត្ថភាព​ផលិត​រថយន្ត ១៥០.០០០​ គ្រឿង​ក្នុង​មួយ​ឆ្នាំ ដែល​រួម​មានរថយន្ត​ប្រភេទ Hybrid ផង​ដែរ។

រថយន្ត​អគ្គិសនី​ចង្កូត​ស្តាំ​ដែល​ត្រូវ​បាន​ផលិត​នៅ​រោងចក្រ​នេះ​ នឹង​អនុញ្ញាត​ឱ្យ​ក្រុម ហ៊ុន BYD ជៀស​ផុត​ពី​ការ​យក​ពន្ធ​នៅ​សហភាព​អឺរ៉ុប ដែល​ត្រូវ​បាន​ដាក់​មក​លើ​រថ យន្ត​ផលិត​នៅ​ចិន។

លោក Liu Xueliang នាយកគ្រប់គ្រង​ប្រចាំ​តំបន់​អាស៊ីប៉ាស៊ីហ្វិក​របស់​ក្រុមហ៊ុន​ BYD បាន​និយាយ​ថា៖ «យើង​ក៏​នឹង​ផ្គុំ​អាគុយ​និង​គ្រឿងបន្លាស់​ដទៃ​ទៀត​នៅ​ទី​នេះ​ផង​ដែរ»។

ថៃ​គឺ​ជា​ទីផ្សារ​ធំ​បំផុត​នៅ​ក្រៅ​ប្រទេស​សម្រាប់​ក្រុមហ៊ុន BYD ដែល​មាន ៤៦ ភាគរយ​នៃ​ចំណែក​រថយន្ត​អគ្គិសនី​នៅ​ក្នុង​ប្រទេសក្នុង​ត្រីមាស​ដំបូង និង​ជា​អ្នក​ដើរ​តួ​ធំ​បំផុត​ទី​បី​នៅក្នុង​ផ្នែក​រថយន្ត​ដឹកអ្នក​ដំណើរ។ នេះ​បើ​យោង​តាម​ក្រុមហ៊ុន​ស្រាវជ្រាវ Counterpoint។

គូ​ប្រជែង​ផ្នែក​រថយន្ត​អគ្គិសនី​ដទៃ​ទៀត​នៅ​ក្នុង​ទីផ្សារ​ក្នុង​ស្រុក​រួម​មាន ក្រុមហ៊ុន Great Wall Motor ដែល​មាន​រោងចក្រ​មួយ​នៅ​ថៃ និង​ក្រុមហ៊ុន​ផលិត​រថយន្ត​អាមេរិក Tesla៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG