ប្រទេសចិនបានបង្កើនយុទ្ធនាការជះឥទ្ធិពលនិងដាក់សម្ពាធជាបន្តបន្ទាប់ទៅលើកោះតៃវ៉ាន់មុនពេលប្រធានាធិបតីទើបជាប់ឆ្នោតថ្មីរបស់តៃវ៉ាន់លោក Lai Ching-te ស្បថចូលកាន់តំណែងនៅថ្ងៃទី ២០ ខែឧសភាខាងមុខ។
អ្នកវិភាគមួយចំនួនបាននិយាយថា ចិនកំពុងព្យាយាមសាកល្បងមើលថាតើរដ្ឋាភិបាលថ្មីរបស់តៃវ៉ាន់នឹងឆ្លើយតបយ៉ាងដូចម្ដេចចំពោះការដាក់សម្ពាធរបស់ខ្លួនកាន់តែខ្លាំងឡើង ហើយស្របពេលនោះដែរ ចិនក៏កំពុងបំផ្លាញបន្តិចម្ដងៗនូវស្ថានភាពបច្ចុប្បន្នដែលមានជាយូរមកហើយនៅច្រកសមុទ្រតៃវ៉ាន់។
លោក Chen Fang-yu អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យ Soochow នៅកោះតៃវ៉ាន់ បានថ្លែងថា៖ «ក្នុងរយៈពេលខ្លី ចិននឹងព្យាយាមមើលថាតើរដ្ឋាភិបាលថ្មីរបស់តៃវ៉ាន់ក្រោមការដឹកនាំរបស់លោក Lai នឹងឆ្លើយតបយ៉ាងដូចម្ដេចទៅនឹងយុទ្ធនាការដាក់សម្ពាធរបស់ខ្លួន»។
លោកបានប្រាប់ VOA តាមទូរស័ព្ទថា៖ «ស្របពេលជាមួយគ្នានេះដែរ រដ្ឋាភិបាលចិនក៏ប៉ុនប៉ងកែប្រែស្ថានភាពបច្ចុប្បន្នដែលមានជាយូរមកហើយនៅច្រកសមុទ្រតៃវ៉ាន់ នៅពេលដែលតៃវ៉ាន់កំពុងផ្ដោតលើការចូលកាន់តំណែងរបស់ប្រធានាធិបតីថ្មី»។
ក្រសួងការពារជាតិតៃវ៉ាន់បានកត់សម្គាល់ឃើញថា យន្តហោះយោធាចិន ២៦ គ្រឿងនិងនាវាកងទ័ពជើងទឹកចិន ៥ គ្រឿងបានធ្វើប្រតិបត្តិការនៅជិតកោះតៃវ៉ាន់ពីថ្ងៃទី ២ ដល់ទី ៣ ខែឧសភានេះ ដោយក្នុងនោះ យន្តហោះយោធាចិន ១៧ គ្រឿងបានហោះឆ្លងកាត់ខ្សែបន្ទាត់កណ្ដាលនៃច្រកសមុទ្រតៃវ៉ាន់។ យន្តហោះចិនខ្លះបានហោះហើរនៅចម្ងាយប្រមាណតែ ៧៦ គីឡូម៉ែត្រប៉ុណ្ណោះពីទីក្រុង Keelung ដែលជាទីក្រុងកំពង់ផែនៅភាគខាងជើងកោះតៃវ៉ាន់ដែលជាទីតាំងរបស់មូលដ្ឋានកងទ័ពជើងទឹកដ៏សំខាន់មួយរបស់តៃវ៉ាន់។
ទន្ទឹមនឹងនេះដែរ អគ្គនាយកការិយាល័យសន្តិសុខជាតិរបស់តៃវ៉ាន់លោក Tsai Ming-yen បានថ្លែងទៅកាន់ក្រុមសមាជិកសភាតៃវ៉ាន់កាលពីថ្ងៃទី ១ ខែឧសភាថា យោធាចិនបានប្រើយុទ្ធវិធីថ្មីនៅក្នុងការធ្វើសមយុទ្ធល្បាតរួមគ្នាត្រៀមប្រយុទ្ធនៅជិតកោះតៃវ៉ាន់ ដែលក្នុងនោះរួមមានទាំងការល្បាតប្រយុទ្ធនាពេលយប់និងការប្រើប្រាស់កប៉ាល់ទម្លាក់ទ័ពនិងនាវាកម្ទេចគ្រាប់មីននៅក្នុងអំឡុងសមយុទ្ធទាំងនោះផងដែរ។
ចិនបានគំរាមម្ដងហើយម្ដងទៀតនៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះថាខ្លួននឹងប្រើកម្លាំងដើម្បីធ្វើយ៉ាងណាឱ្យខ្លួនអាចបង្រួបបង្រួមឡើងវិញជាមួយនឹងតៃវ៉ាន់។ រដ្ឋាភិបាលចិនយល់ឃើញថា លោក Lai គឺជាអ្នកដែលតស៊ូមតិទាមទារឯករាជ្យភាពរបស់តៃវ៉ាន់។
ដោយសារតែយោធាចិនតែងតែធ្វើសមយុទ្ធនៅចន្លោះខែមិថុនានិងខែវិច្ឆិកា លោក Su Tzu-yun អ្នកជំនាញផ្នែកយោធានៃវិទ្យាស្ថានស្រាវជ្រាវផ្នែកការពារជាតិនិងសន្តិសុខ (Institue for National Defense and Security Research) នៅទីក្រុងតៃប៉ិ កោះតៃវ៉ាន់ បាននិយាយថា រដ្ឋាភិបាលថ្មីរបស់តៃវ៉ាន់ត្រូវតែឃ្លាំមើលឱ្យបានដិតដល់លើការកើនឡើងណាមួយនៃសកម្មភាពយោធារបស់ចិននៅជុំវិញកោះតៃវ៉ាន់នៅក្រោយការឡើងកាន់តំណែងរបស់លោក Lai នៅថ្ងៃទី ២០ ខែឧសភាខាងមុខ។
បន្ថែមទៅនឹងការគំរាមកំហែងដែលបង្កឡើងដោយការបង្កើនសកម្មភាពយោធារបស់ចិន អ្នកជំនាញផ្នែកសន្តិសុខមួយចំនួនបាននិយាយថា តៃវ៉ាន់គួរតែប្រុងប្រយ័ត្នផងដែរចំពោះកិច្ចប្រឹងប្រែងរបស់ចិនក្នុងការបង្កើតឱ្យមានការបែកបាក់នយោបាយនៅតៃវ៉ាន់។
លោក J Michael Cole អ្នកវិភាគផ្នែកបញ្ហាសន្តិសុខប្រចាំនៅកោះតៃវ៉ាន់ បានបញ្ជាក់ថា៖ «មានគ្រប់ហេតុផលទាំងអស់ដែលត្រូវជឿថា [គណបក្សកុម្មុយនីស្តចិន] កំពុងបង្កើនកិច្ចប្រឹងប្រែងដើម្បីប្រើលទ្ធិប្រជាធិបតេយ្យនៅតៃវ៉ាន់ឱ្យវាយប្រហារលើតៃវ៉ាន់ខ្លួនឯង»។
លោកបានបន្ថែមថា ចិននឹងពឹងលើកម្លាំងនយោបាយនៅតៃវ៉ាន់ដែលមានភាពរាក់ទាក់ជាមួយខ្លួនដើម្បី «បំផ្លាញរដ្ឋាភិបាលរបស់លោក Lai» ហើយកិច្ចប្រឹងប្រែងទាំងនេះនឹងមាន «ផលវិបាកធ្ងន់ធ្ងរលើសមត្ថភាពរបស់តៃវ៉ាន់ក្នុងការទប់ទល់នឹងការជ្រៀតចូលរបស់ចិននិងលើសមត្ថភាពប្រតិបត្តិការរបស់រដ្ឋាភិបាលតៃវ៉ាន់»។
តៃវ៉ាន់បន្តផ្ដល់អាទិភាពលើគោលនយោបាយចាស់
នៅក្នុងការប្រឈមនឹងសម្ពាធកើនឡើងពីប្រទេសចិន លោក Lai បានតែងតាំងសមាជិកគណៈរដ្ឋមន្ត្រីបច្ចុប្បន្នមួយចំនួនឱ្យកាន់តំណែងសំខាន់ៗផ្នែកសន្តិសុខជាតិ គោលនយោបាយការបរទេស និងទំនាក់ទំនងជាមួយចិនដីគោកសម្រាប់គណៈរដ្ឋមន្ត្រីថ្មីរបស់លោក។
លោក Cole បាននិយាយថា ការជ្រើសរើសមន្ត្រីរបស់លោក Lai សម្រាប់ផ្នែកសន្តិសុខជាតិនិងគោលនយោបាយការបរទេសនេះឆ្លុះបញ្ចាំងអំពីចេតនារបស់លោកក្នុងការបន្តរបៀបវារៈគោលនយោបាយរបស់រដ្ឋាភិបាលដែលនឹងត្រូវអស់អាណត្តិក្រោមការដឹកនាំរបស់អ្នកស្រីប្រធានាធិបតី Tsai Ing-wen ដែលផ្ដោតលើការពង្រឹងទំនាក់ទំនងរបស់តៃវ៉ាន់ជាមួយប្រទេសប្រជាធិបតេយ្យដូចគ្នាដូចជាសហរដ្ឋអាមេរិកនិងជប៉ុនជាដើម។
លោកបានប្រាប់ VOA ថា៖ «[ការសម្រេចចិត្ត] បែបនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាដល់ប្រទេសសម្ព័ន្ធមិត្តនិងដៃគូនានារបស់តៃវ៉ាន់នៅជុំវិញពិភពលោកថា តៃវ៉ាន់នៅតែប្ដេជ្ញាដើរតាមគោលនយោបាយការបរទេសដែលមានការទទួលខុសត្រូវរបស់រដ្ឋាភិបាលអ្នកស្រី Tsai»៕
វេទិកាបញ្ចេញមតិ