ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ដំឡើង​តម្លៃ​សំបុត្រ​រថភ្លើង​ល្បឿន​លឿន ចំ​ពេល​សេដ្ឋកិច្ច​ចុះ​ខ្សោយ


រូបឯកសារ៖ រថភ្លើង​ល្បឿនលឿន​សំចត​នៅ​ទីក្រុង Wuhan ខេត្ត Hubei ប្រទេសចិន។
រូបឯកសារ៖ រថភ្លើង​ល្បឿនលឿន​សំចត​នៅ​ទីក្រុង Wuhan ខេត្ត Hubei ប្រទេសចិន។

ក្រុមហ៊ុន​អយស្ម័យាន​ចិន​នឹង​ដំឡើង​តម្លៃ​សំបុត្រ​រថភ្លើង​លឿន​លឿន​ចំនួន ៤ ខ្សែ​រវាង​ពី ២០% ទៅ ៤០% នៅ​ថ្ងៃ​ទី ១៥ ខែ​មិថុនា​ខាងមុខ បើ​ទោះបីជា​ខ្សែ​រថភ្លើង​ទាំងនោះ​កំពុង​រក​ចំណូល​បាន​ច្រើន​រួចហើយ​ក៏ដោយ។

បើ​យោង​តាម​ក្រុមហ៊ុន Sina Finance ទិន្នន័យ​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​អយស្ម័យាន​ចិន​សម្រាប់​ឆ្នាំ ២០២៣ បាន​បង្ហាញ​ថា ប្រាក់​ចំណេញ​សុទ្ធ​របស់​ក្រុមហ៊ុន​បាន​ប្រែក្លាយ​ពី​អវិជ្ជមាន​ទៅ​វិជ្ជមាន​ដោយ​ឡើង​ដល់​ចំនួន​ប្រហែល ៤៥៦,៨ លាន​ដុល្លារ ហើយ​ដំណើរការ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​នេះ​គឺ​ល្អ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ។

សេចក្ដី​ប្រកាស​អំពី​ការ​ដំឡើង​តម្លៃ​សំបុត្រ​រថភ្លើង​នេះ​ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី ២ ខែ​ឧសភា​កន្លង​ទៅ​នេះ​ បាន​យោង​លើ «ថ្លៃ​ចំណាយ​លើ​ប្រតិបត្តិការ​នានា​ដូចជា​ការ​ថែទាំ​ផ្លូវ​រថភ្លើង ការ​ទិញ​ទូ​រថភ្លើង ការ​កែ​លម្អ​ឧបករណ៍ និង​ពលកម្ម» សម្រាប់​ការ​បង្កើន​តម្លៃ​សំបុត្រ​នេះ។

សេចក្តី​ប្រកាស​នេះ​បាន​បញ្ជាក់​ថា ផ្លូវ​រថភ្លើង​ដែល​រង​ការ​ប៉ះពាល់​រួមមាន​ផ្លូវ​រថភ្លើង​ពី​ទីក្រុង Wuhan ទៅ​ទីក្រុង Guangzhou ដែល​ជា​ផ្នែក​មួយ​នៃ​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ពី​រដ្ឋធានី​ប៉េកាំង​ទៅ​ទីក្រុង Guangzhou និង​ផ្លូវ​រថភ្លើង​ពី​ទីក្រុង Hangzhou ទៅ​ទីក្រុង Changchun ដែល​ជា​ផ្នែក​មួយ​នៃ​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ពី​ទីក្រុង​សៀងហៃ​ទៅ​ទីក្រុង Kunming។

អ្នក​វិភាគ​ខ្លះ​ជឿ​ថា​ ការ​ដំឡើង​តម្លៃ​នេះ​បណ្តាល​មកពី​រដ្ឋាភិបាល​ថ្នាក់​ជាតិ​និង​រដ្ឋបាល​មូលដ្ឋាន​ខ្វះ​ថវិកា​នៅពេល​ដែល​សេដ្ឋកិច្ច​ចិន​បាន​ចុះខ្សោយ។

លោក Wang Kuo-chen ដែល​ជា​អ្នក​ស្រាវជ្រាវ​ជំនួយការ​នៅ​វិទ្យាស្ថាន Chung-Hua សម្រាប់​ការ​ស្រាវជ្រាវ​សេដ្ឋកិច្ច (Chung-Hua Institute for Economic Research) នៅ​ទីក្រុង​តៃប៉ិ កោះ​តៃវ៉ាន់ បាន​ប្រាប់ VOA ថា ចំណូល​ដ៏​ច្រើន​កាលពី​ឆ្នាំ​មុន​របស់​អយស្ម័យាន​ចិន​នេះ​គឺ​ជា «ចំណូល​បន្ទាប់ពី​ការ​កាត់បន្ថយ​ថ្លៃ​ចំណាយ​លើ​ប្រតិបត្តិការ» ប៉ុណ្ណោះ ដោយ​វា​មិន​រាប់​បញ្ចូល​នូវ​បំណុល​ដែល​បណ្តាល​មកពី​ការ​វិនិយោគ​ផ្នែក​សំណង់​នោះឡើយ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន The Paper របស់​ចិន​បាន​រាយការណ៍​កាលពី​ថ្ងៃ​ទី ២០ ខែ​កក្កដា ឆ្នាំ ២០២៣ ថា ដោយសារ​ការ​ខាតបង់​ដ៏​ធ្ងន់ធ្ងរ​ផ្នែក​អយស្ម័យាន ស្ថានីយ​រថភ្លើង​ល្បឿន​លឿន​ជាង ២០ កន្លែង​ដែល​បាន​បញ្ចប់​ការ​សាងសង់​រួចហើយ​មិន​ត្រូវបាន​ដាក់​ឱ្យ​ប្រើប្រាស់​ឬក៏​ត្រូវបាន​បញ្ឈប់​ដំណើរការ។

ការ​ដំឡើង​តម្លៃ​សំបុត្រ​រថភ្លើង​នេះ​បាន​រង​ការ​រិះគន់​នៅលើ​បណ្តាញ​សង្គម​អនឡាញ​នានា​ដូចជា Douyin និង Weibo ជាដើម។ ពលរដ្ឋ​ម្នាក់​បាន​សរសេរ​ថា៖ «ចំណូល​របស់​អយស្ម័យាន​នេះ​មិន​ជាប់​ពាក់ព័ន្ធ​អ្វី​ជាមួយ​នឹង​ខ្ញុំ​ទេ ក៏ប៉ុន្តែ​ខ្ញុំ​ត្រូវ​រួម​ចំណែក​ទទួល​រង​នូវ​ការ​ប៉ះពាល់​នេះ»។

កាសែត South China Morning Post បាន​រាយការណ៍​ថា វិស័យ​សាធារណៈ​របស់​ចិន​កំពុង​រង​សម្ពាធ​ឱ្យ​បង្កើន​តម្លៃ​សម្រាប់​សេវាកម្ម​ខ្លះ​ដូចជា​ថ្លៃ​សំបុត្រ​រថភ្លើង​និង​ថ្លៃ​ទឹក​ភ្លើង​ជាដើម នៅ​ចំពេល​ដែល​ថវិកា​មូលដ្ឋាន​មាន​កម្រិត​និង​ការ​អូសបន្លាយ​យូរ​នៃ​ហានិភ័យ​បរិត្តផរណា។

ពលរដ្ឋ​ក្រុង​សៀងហៃ​ម្នាក់ ដែល​បាន​ប្រាប់​តែ​នាម​ត្រកូល​ថា​ឈ្មោះ Shi ដោយសារ​មូលហេតុ​ឯកជនភាព ជា​អ្នក​ធ្វើដំណើរ​តាម​រថភ្លើង​ល្បឿន​លឿន​នេះ​ទៅ​ធ្វើការ​នៅ​ទីក្រុង Hangzhou និង​ត្រឡប់​មក​សៀងហៃ​វិញ​រៀងរាល់​សប្តាហ៍។

អ្នកស្រី Shi បាន​ប្រាប់ VOA ថា អ្នក​ធ្វើការ​វិជ្ជាជីវៈ​ដូច​អ្នកស្រី​ដែល​ធ្វើដំណើរ​រៀងរាល់​សប្តាហ៍​អាច​ចំណាយ​លើ​ថ្លៃ​ធ្វើដំណើរ​តាម​រថភ្លើង​ល្បឿន​លឿន​នេះ​បាន។

អ្នកស្រី​បាន​បញ្ជាក់​ថា អ្នកដំណើរ​ភាគច្រើន​ដែល​ធ្វើដំណើរ​តាម​រថភ្លើង​ល្បឿន​លឿន​នេះ​ជា​រៀង​រាល់​ថ្ងៃ​គឺជា​អ្នក​ធ្វើដំណើរ​បែប​ការងារ​វិជ្ជាជីវៈ​ដែល​ត្រូវ​បាន​និយោជក​របស់​ខ្លួន​ចេញ​សោហ៊ុយ​ចំណាយ​ឱ្យ។

អ្នកស្រី Lynn Ling ដែល​ជា​អ្នកនិពន្ធ​ដែល​បាន​ធ្វើ​ចំណាកស្រុក​ពី​ទីក្រុង Chengdu នៃ​ប្រទេស​ចិន​ទៅកាន់​កោះ​តៃវ៉ាន់ បាន​និយាយ​ថា ការ​ដំឡើង​តម្លៃ​សំបុត្រ​រថភ្លើង​ល្បឿន​លឿន​នេះ​គឺ​ពិតជា​បាន​បន្ថែម​ការ​ឈឺចាប់​បន្ថែម​ទៀត​ដល់​អ្នកធ្វើដំណើរ​តាម​រថភ្លើង​នេះ នៅពេល​ដែល​ប្រាក់​បៀវត្សរ៍​របស់​មនុស្ស​ជាច្រើន​បាន​ធ្លាក់ចុះ ប៉ុន្តែ​តម្លៃ​ទំនិញ​ចាំបាច់​ប្រចាំ​ថ្ងៃ​បាន​កើនឡើង។

អ្នកស្រី​បាន​ប្រាប់ VOA ថា ផ្លូវ​រថភ្លើង​ល្បឿន​លឿន​របស់​ចិន​និង​សេដ្ឋកិច្ច​ដែល​ពឹងផ្អែក​លើ​វិស័យ​អចលនទ្រព្យ​គឺ​ជាប់​ពាក់ព័ន្ធ​គ្នា​យ៉ាង​ខ្លាំង ដោយសារតែ​ស្ថានីយ​រថភ្លើង​ល្បឿន​លឿន​ភាគច្រើន​ស្ថិត​នៅ​ជាយក្រុង​ឆ្ងាយពី​ទីក្រុង ដែល​ជា​កន្លែង​ដែល​មជ្ឈមណ្ឌល​លក់ដូរ​ធំៗ​និង​តំបន់​រស់នៅ​ត្រូវ​បាន​គ្រោងទុក​ក្នុង​ក្ដី​សង្ឃឹម​ថា​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​នេះ​នឹង​បង្កើត​អាជីវកម្ម​ផ្សេងៗ​សម្រាប់​តំបន់​ទាំង​នោះ។

អ្នកស្រី Ling បាន​បញ្ជាក់​ថា ដោយសារ​ការ​ដួល​រលំ​នៃ​សេដ្ឋកិច្ច​ពឹងផ្អែក​លើ​វិស័យ​អចលនទ្រព្យ​របស់​ចិន គេ​ឃើញ​ថា​អគារ​និង​ហាង​លក់ដូរ​ថ្មីៗ​ដែល​ស្ថិត​នៅ​ជិត​ស្ថានីយ​រថភ្លើង​ល្បឿន​លឿន​ភាគច្រើន​នៅ​ទំនេរ​ទុកចោល។ អ្នកស្រី​បាន​កត់សម្គាល់​ថា ការ​អះអាង​ដែល​ថា «ផ្លូវ​រថភ្លើង​ល្បឿន​លឿន​នឹង​ជំរុញ​ពាណិជ្ជកម្ម» គឺជា​ការ​គិត​ខុស។

សម្រាប់​អ្នកស្រី Shi វិញ អ្នកស្រី​ជឿ​ថា ថ្វីបើ​បំណុល​ហេដ្ឋារចនាសម្ព័ន្ធ​មាន​កម្រិត​ខ្ពស់​ក៏ដោយ ក៏​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​នេះ​នឹង​បង្កើត​ឱ្យ​មាន​អាជីវកម្ម ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើដំណើរ និង​ការ​អភិវឌ្ឍ​ដ៏​ឆាប់​រហ័ស​ដល់​តំបន់​សេដ្ឋកិច្ច​នានា​ដូចជា​តំបន់​ដីសណ្ត​ទន្លេ Yangtze និង​តំបន់​ដីសណ្ដ​ទន្លេ Pearl ជាដើម។

អ្នកស្រី Shi បាន​បញ្ជាក់​ថា គេ​នៅ​ទន្ទឹង​រង់ចាំ​មើល​ថាតើ​ការ​ដំឡើង​តម្លៃ​សំបុត្រ​រថភ្លើង​នេះ​ផ្ដល់​ប្រយោជន៍​ច្រើន​ជាង​ផល​វិបាក​ឬ​ក៏​អត់៕

រាយការណ៍​បន្ថែមដោយអ្នកនាង Adrianna Zhang។

ប្រែ​សម្រួល​ដោយ​លោក ជឹង ប៉ូជីន

XS
SM
MD
LG