បណ្តាញផ្សព្វផ្សាយរដ្ឋរបស់ប្រទេសចិនបានរាយការណ៍ថា ធនាគារកណ្តាលប្រទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការយុទ្ធសាស្រ្តជាមួយក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ Ant Group ដែលជាសាខារបស់ក្រុមហ៊ុន Alibaba Group ដើម្បីបង្កើតប្រព័ន្ធបច្ចេកទេសមួយសម្រាប់រូបិយវត្ថុឌីជីថលជាតិរបស់ខ្លួន។
ប្រទេសចិនកំពុងបង្កើតរូបិយវត្ថុឌីជីថលយ៉ន់ ឬ e-CNY ចាប់តាំងពីឆ្នាំ ២០១៤ មក ក្នុងគោលបំណងជំនួសសាច់ប្រាក់មួយចំនួនដែលកំពុងចរាចរណ៍នៅលើទីផ្សារ។ អាជ្ញាធរចិនបានបញ្ជាក់ថា រូបិយវត្ថុឌីជីថលនេះនឹងត្រូវប្រើប្រាស់ដំបូងសម្រាប់ការចាយវាយលើទំនិញលក់រាយតែនៅក្នុងប្រទេសចិនប៉ុណ្ណោះ មុនពេលដាក់ឲ្យប្រើប្រាស់នៅក្រៅប្រទេស។
ភាគីក្រុមហ៊ុននិងរដ្ឋាភិបាលចិននឹងសហការគ្នាជំរុញការបង្កើតរូបិយវត្ថុ e-CNY ដោយផ្អែកលើប្រព័ន្ធទិន្នន័យ Ocean Base និងប្រព័ន្ធអភិវឌ្ឍចល័ត mPaaS របស់ក្រុមហ៊ុន Ant។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន Global Times របស់ចិន។
រូបិយវត្ថុ e-CNY ដែលគ្រោងបង្កើតឡើង
ធនាគារកណ្តាលរបស់ចិនក៏បានធ្វើការផងដែរជាមួយក្រុមហ៊ុន Ant និងក្រុមហ៊ុន Tencent ក្នុងរយៈពេល ៣ ឆ្នាំកន្លងមកនេះ ដើម្បីបង្កើតរូបិយវត្ថុ e-CNY។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន Global Times ដែលបានយោងលើព័ត៌មានដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះដោយក្រុមហ៊ុនសេវាកម្មទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថលធំជាងគេបង្អស់ទាំងពីរនេះរបស់ប្រទេសចិន។
ការជូនដំណឹងជាសាធារណៈរបស់ក្រុមហ៊ុនទាំងពីរនេះបង្ហាញថា ក្រុមហ៊ុនទាំងពីរកំពុងបង្ហាញអំពីទំនាក់ទំនងជិតស្និទ្ធជាមួយនឹងនិយ័តករចិន បើទោះបីជាធ្លាប់បានស្ថិតនៅក្រោមការបង្រ្កាបនិងការស៊ើបអង្កេតតឹងតែងប្រឆាំងនឹងការអនុវត្តបែបផ្តាច់មុខពីសំណាក់រដ្ឋាភិបាលចិនក៏ដោយ។
អ្នកវិភាគនានាបាននិយាយថា ធនាគារកណ្តាលរបស់ចិនត្រូវការការគាំទ្រពីក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុធំៗ និងក្រុមហ៊ុនលក់រាយធំៗនៅក្នុងប្រទេស ដើម្បីបង្កើតរចនាសម្ព័ន្ធនេះ ដែលក្នុងនោះរួមមានទាំងបណ្ដាញចែកចាយសម្រាប់រូបិយវត្ថុឌីជីថលជាតិផងដែរ ដែលបណ្ដាញនេះកំពុងត្រូវបានសាកស្បងនៅតាមទីក្រុងនានាដូចជា ទីក្រុងប៉េកាំង សៀងហៃ និង Shenzhen ជាដើម។
ទោះជាយ៉ាងណាក៏ដោយ ភាពជោគជ័យនៃរូបិយវត្ថុនេះប្រហែលជាអាចនឹងចាប់យកចំណែកទីផ្សារពីក្រុមហ៊ុនបច្ចេកវិទ្យាទាំងនេះនៅទីបំផុត។
អ្នកតាមដានស្ថានការណ៍នានាអះអាងថា ករណីនេះបង្ហាញថា រដ្ឋាភិបាលចិនបានរៀបចំនូវវិធានការមួយចំនួនដើម្បីបង្រ្កាបលើប្រព័ន្ធក្តោបយកទីផ្សារផ្តាច់មុខ និងធ្វើ «ជាតូបនីយកម្ម» លើទិន្នន័យហិរញ្ញវត្ថុរបស់អ្នកប្រើប្រាស់ដែលខ្លួនកាន់កាប់។
នរណាជាចៅហ្វាយ?
លោក Francis Lun នាយកប្រតិបត្តិក្រុមហ៊ុនមូលបត្រ Geo Securities Ltd. នៅក្នុងទីក្រុងហុងកុង បានថ្លែងប្រាប់ VOA តាមទូរស័ព្ទថា៖ «អាជ្ញាធរចិនកំពុងប្រាប់ក្រុមហ៊ុន Ant ឲ្យផ្តល់ទិន្នន័យដ៏ធំរបស់ខ្លួនទៅឲ្យធនាគារកណ្តាលចិន។ ទិន្នន័យទាំងនោះនឹងមិនស្ថិតនៅក្នុងដៃរបស់ឯកជននោះទេ ដោយសារតែគណបក្សកុម្មុយនីស្តចិនគឺជាចៅហ្វាយ»។
សារព័ត៌មាន Financial Times បានរាយការណ៍ថា រដ្ឋាភិបាលក្រុងប៉េកាំងបានស្នើក្រុមហ៊ុន Ant ឲ្យប្រគល់ទិន្នន័យឲ្យក្រុមហ៊ុនវាយតម្លៃកម្រិតហានិភ័យស្នើសុំឥណទានមួយដែលគ្រប់គ្រងដោយរដ្ឋ។
ក្រុមហ៊ុនវាយតម្លៃកម្រិតហានិភ័យស្នើសុំឥណទានដែលគ្រប់គ្រងដោយរដ្ឋនេះនឹងត្រូវស្ថិតក្រោមការដឹកនាំរបស់អតីតនាយកប្រតិបត្តិធនាគារកណ្តាលមួយចំនួន ដែលកំពុងតែបម្រើការឲ្យស្ថាប័នហិរញ្ញវត្ថុដទៃទៀត ដែលក្នុងនោះរួមមានទាំងការប្រជែងជាមួយនឹងក្រុមហ៊ុនផ្តល់ប្រាក់កម្ចីនានាដែលជាសាខារបស់ក្រុមហ៊ុន Ant ផងដែរ។
ក្រុមហ៊ុន Ant ទទូចចង់ដឹកនាំក្រុមហ៊ុនខាងលើ ដោយអះអាងថា ការលូកដៃច្រើនជ្រុលពីរដ្ឋាភិបាលនឹងនាំឲ្យវិស័យនេះធ្លាក់ចុះ។ នេះបើយោងតាមសេចក្ដីរាយការណ៍ព័ត៌មាននានា។ ប៉ុន្តែ និយ័តករចិនមិនបានយល់ស្របនោះទេ ដោយនិយាយថា ការពាក់ព័ន្ធរបស់ក្រុមហ៊ុន Ant នៅក្នុងក្រុមហ៊ុនថ្មី នឹងបង្កឲ្យមានទំនាស់ផលប្រយោជន៍។
លោក Lun បានលើកឡើងថា ក្រុមហ៊ុន Ant មិនអាចរារាំងការទាមទាររបស់និយ័តករបានទេ។
ក្ដីរំពឹងសម្រាប់រូបិយវត្ថុ e-CNY
លោក Lun ក៏បានរំពឹងផងដែរថា រូបិយវត្ថុ e-CNY នឹងត្រូវបានដាក់ឲ្យប្រើប្រាស់យ៉ាងទូលំទូលាយ ដោយសារតែធនាគារទាំងអស់នៅក្នុងប្រទេសចិននឹងត្រូវសម្របតាមនិយ័តករ។
លោក Lun បាននិយាយថា នៅក្នុងប្រទេសចិន រូបិយវត្ថុឌីជីថលយ៉ន់នឹងអនុញ្ញាតឲ្យរដ្ឋាភិបាលតាមដានរាល់ប្រតិបត្តិការទិញដូររបស់អ្នកប្រើប្រាស់ «ដូចជាបងធំ» អញ្ចឹង។ ហើយការប្រើប្រាស់រូបិយវត្ថុនេះនៅក្រៅប្រទេសនឹងអាចឲ្យចិនគេចផុតពីប្រព័ន្ធទូទាត់ប្រាក់អន្តរជាតិដែលគ្របដណ្ដប់ដោយប្រាក់ដុល្លារអាមេរិក។ នេះជាអ្វីដែលលោក Lun ហៅថាជាការប៉ុនប៉ងបំបាត់ចោលការប្រើប្រាស់ប្រាក់ដុល្លារអាមេរិកសម្រាប់ការទិញដូរក្នុងស្រុក។
លោក Jerry Lin នាយកវិទ្យាស្ថានស្រាវជ្រាវហិរញ្ញវត្ថុនៃបណ្ឌិតសភាតៃវ៉ាន់ផ្នែកធនាគារនិងហិរញ្ញវត្ថុ (Taiwan Academy of Banking and Finance) នៅក្នុងទីក្រុងតៃប៉ិ មានមន្ទិលសង្ស័យថា វិស័យឯកជនប្រហែលជាមិនទទួលយករូបិយវត្ថុឌីជីថលយ៉ន់នេះទេ ដោយសារតែអាជីវកម្មឯកជនភាគច្រើនចាត់ទុកលំហូរសាច់ប្រាក់ថាជារឿងសំខាន់ដែលទាមទារឲ្យមានការប្រយ័ត្នប្រយែងបំផុត។
លោកបាននិយាយថា នៅពេលដែលប្រព័ន្ធបច្ចេកទេសត្រូវបានរៀបចំឡើងពេញលេញ ធនាគារកណ្តាលរបស់ប្រទេសចិននឹងធ្វើការជាមួយនឹងក្រុមហ៊ុនលក់រាយនានា ដើម្បីពង្រីកការប្រើប្រាស់រូបិយវត្ថុឌីជីថលយ៉ន់ ដែលនេះជាជំហានចម្បងមួយដែលនឹងកំណត់ថាតើរូបិយវត្ថុឌីជីថលនេះនឹងត្រូវគេទទួលស្គាល់ទូលំទូលាយប៉ុណ្ណា។
ធនាគារកណ្តាលរបស់ចិនចាត់ទុកកិច្ចប្រឹងប្រែងថ្មីចុងក្រោយបង្អស់នានារបស់ខ្លួននៅក្នុងការដាក់ឲ្យប្រើប្រាស់រូបិយវត្ថុឌីជីថលយ៉ន់នេះ ថាជាយុទ្ធសាស្រ្តឈ្នះឈ្នះសម្រាប់ខ្លួនឯងនិងសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុធំៗរបស់ចិន។ នេះបើតាមការបញ្ជាក់របស់លោក Lin។
លោក Lin បានថ្លែងប្រាប់ VOA ថា៖ «តាមរយៈការសហការជាមួយនឹងធនាគារកណ្តាលរបស់ចិន [ដើម្បីដាក់ឲ្យប្រើប្រាស់នូវរូបិយវត្ថុឌីជីថលយ៉ន់] នេះ ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុធំៗទាំងនេះនឹងបានធូរស្បើយពីសម្ពាធនៃការស៊ើបអង្កេតរបស់និយ័តករប្រឆាំងនឹងការក្តោបក្ដាប់ទីផ្សារផ្តាច់មុខ។ ការក្តោបក្ដាប់ទីផ្សារផ្តាច់មុខរបស់ក្រុមហ៊ុនទាំងនេះគឺពិបាកនឹងបំបែកបានណាស់ ដរាបណាមានការលេចឡើងនូវគូប្រជែងដែលខ្លាំងដូចទៅនឹងរូបិយវត្ថុឌីជីថលយ៉ន់ ដើម្បីទាញយកចំណែកទីផ្សារយ៉ាងតិចមួយភាគបី»។
ក្រុមហ៊ុន Ant គ្រប់គ្រងទីផ្សារដែលទូទាត់សាច់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិចចំនួន ៥៤% ចំណែកឯក្រុមហ៊ុន Tencent វិញ ចំនួន ៤០%។
ការដោះដូរ
លោក Lin បាននិយាយថា នៅក្នុងរយៈពេលខ្លីនិងមធ្យម ការសហការជាមួយនឹងធនាគារកណ្ដាលរបស់ចិនក៏ជាផលប្រយោជន៍របស់ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុផងដែរដើម្បីដោះដូរចំណែកទីផ្សាររបស់ខ្លួននៅក្នុងទីផ្សារទូទាត់តាមប្រព័ន្ធអេឡិចត្រូនិចរបស់ចិនជាមួយនឹងការសម្រួលរបស់និយ័តករដល់ប្រតិបត្តិការកម្ចីមីក្រូអនឡាញ ប្រតិបត្តិការគ្រប់គ្រងហិរញ្ញវត្ថុបុគ្គល និងប្រតិបត្តិការធានារ៉ាប់រង ដែលផ្តល់ប្រាក់ចំណេញខ្ពស់ជាងមុន។
លោក Lin បានបន្ថែមថា ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងរយៈពេលវែង ប្រទេសចិននឹងទំនងជាព្យាយាមធ្វើ «ជាតូបនីយកម្ម» លើសេវាកម្មហិរញ្ញវត្ថុភាគច្រើនដូចជាការទូទាត់សាច់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិច ការវាយតម្លៃលើកម្រិតហានិភ័យស្នើសុំឥណទាន ឬក៏ការគ្រប់គ្រងហិរញ្ញវត្ថុជាដើម ដែលឥឡូវនេះកំពុងក្តោបក្តាប់ដោយក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុឯកជននានា។
គ្មានការបែងចែកច្បាស់លាស់
អ្នកខ្លះយល់ថា ការពន្លឿនផ្នែកឌីជីថលយ៉ាងឆាប់រហ័សរបស់ចិនលើរូបិយវត្ថុយ៉ន់របស់ខ្លួនគឺជាការគំរាមកំហែងមួយដើម្បីបង្កើនការជំរុញឲ្យមានការធ្លាក់ចុះនៃឥទ្ធិពលគ្របដណ្ដប់របស់ប្រាក់ដុល្លារអាមេរិក ដែលជារូបិយប័ណ្ណបម្រុងឈានមុខគេនៅលើពិភពលោក។
ប៉ុន្តែ អ្នកស្រី Anne Stevenson-Yang ដែលជាសហស្ថាបនិកនិងជាប្រធានផ្នែកស្រាវជ្រាវនៃក្រុមហ៊ុន J Capital Research មិនយល់ស្របនោះទេ។
អ្នកស្រីបានថ្លែងថា៖ «ខ្ញុំគិតថា មានការផ្តោតច្រើនជ្រុលលើគំនិតដែលថារូបិយវត្ថុឌីជីថលយ៉ន់ជារូបិយវត្ថុខុសប្លែកទាំងស្រុងមួយនិងដែលមានការប្រជែង។ ខ្ញុំចង់មានន័យថា មិនមានភាពខុសគ្នារវាងរូបិយវត្ថុឌីជីថលយ៉ន់នេះនិងរូបិយវត្ថុយ៉ន់ផ្លូវការនោះទេ»។
អ្នកស្រី Anne បានថ្លែងប្រាប់ VOA តាមទូរស័ព្ទថា៖ «ទោះបីជាមានការប្រកាសជាច្រើនពីរដ្ឋាភិបាលចិនអំពីការបើកគណនីមូលធនដែលជាមូលហេតុដែលរូបិយវត្ថុឌីជីថលយ៉ន់នេះមិនត្រូវបានប្រើប្រាស់ជាអន្តរជាតិក៏ដោយ ក៏វានៅតែមានចំនួនតិចជាង ២% នៃការទូទាត់សាច់ប្រាក់តាមប្រព័ន្ធទូរគមនាគមន៍ហិរញ្ញវត្ថុអន្តរធនាគារពិភពលោកដដែល បើគិតជាតម្លៃ។ មូលហេតុគឺដោយសារតែប្រទេសចិនមិនចង់ដាក់ឲ្យប្រើប្រាស់»។
អ្នកស្រីបានបន្តថា អ្នកស្រីជឿថា រូបិយវត្ថុឌីជីថលយ៉ន់ដែលរដ្ឋាភិបាលចិនគ្រោងដាក់ឲ្យប្រើប្រាស់នេះ គឺសម្រាប់ហេតុផលគ្រប់គ្រងតែប៉ុណ្ណោះ មិនមែនសម្រាប់គំនិតច្នៃប្រឌិតថ្មី ឬក៏សម្រាប់ការប្រជែងជាមួយនឹងប្រាក់ដុល្លារអាមេរិកនោះទេ។
អ្នកស្រី Anne បានបន្ថែមថា សាធារណជនចិននឹងមិនកត់សម្គាល់ឃើញការប្រែប្រួលណាមួយនោះទេ ដោយសារតែប្រព័ន្ធទូទាត់ប្រាក់ Alipay របស់ក្រុមហ៊ុន Ant និងប្រព័ន្ធទូទាត់ប្រាក់ WeChat Pay របស់ក្រុមហ៊ុន Tencent នៅបន្តស្ថិតនៅក្នុងក្រសែភ្នែករបស់អ្នកប្រើប្រាស់ដដែល ចំណែកឯធនាគារកណ្តាលរបស់ចិននឹងទំនងជាដើរតួជាម៉ាស៊ីននៅពីក្រោយប្រព័ន្ធទូទាត់ប្រាក់របស់ក្រុមហ៊ុនទាំងពីរនេះតែប៉ុណ្ណោះ៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា