ក្រសួងការពារជាតិចិន នៅព្រឹកថ្ងៃអង្គារនេះ បានប្រគល់សម្ភារៈ និងរថយន្តយោធាជាច្រើនគ្រឿងជូនកងទ័ពកម្ពុជា ក្នុងគោលដៅការពារសន្តិសុខប្រទេសទាំងពីរ និងតំបន់។
ជំនួយយោធាឥតសំណងលើកនេះរួមមានបរិក្ខារ និងយុទ្ធោបករណ៍ច្រើនមុខទៀតដែលសុទ្ធតែជាសេចក្តីត្រូវការចាំបាច់របស់កងយោធពលខេមរភូមិន្ទ ជាពិសេសកងរាជអាវុធហត្ថ។ នេះបើតាមការប្រកាសរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាគឺលោក វ៉ាង វិនធាន ក្នុងពិធីប្រគល់ជំនួយយោធានៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំ នៅថ្ងៃទី២០ខែកញ្ញានេះ។
លោក វ៉ាង វិនធាន ថ្លែងជាភាសាចិនដោយមានការប្រែសម្រួលជាខេមរភាសាតាមន័យដើមថា៖ «យើងខ្ញុំរីករាយដោយស្មោះក្នុងការជួយលើកកម្ពស់សមត្ថភាពកងយោធពលខេមរភូមិន្ទ ជាបន្តបន្ទាប់ និងបង្កើនការកសាងទំនើបកម្ម សព្វាវុធ និងហេដ្ឋារចនាសម្ព័ន្ធយោធា ការពារសន្តិសុខជាតិ និងស្ថិរភាពក្នុងតំបន់យ៉ាងមានប្រសិទ្ធភាព»។
បើតាមលោកវ៉ាង វិនធាន ចិនរឹងពឹងថា នឹងនៅប្រកៀកស្មាជាមួយនឹងកម្លាំងយោធាកម្ពុជាដើម្បីការពារផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ និងដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការពារសន្តិសុខតំបន់ និងអន្តរជាតិ។
រដ្ឋមន្ត្រីការពារជាតិកម្ពុជានាយឧត្តមសេនីយ៍ទៀ បាញ់ បានប្រាប់កងកម្លាំងប្រដាប់អាវុធក្នុងពិធីប្រគល់ជំនួយយោធារបស់ចិន ឱ្យប្រឹងប្រែងហ្វឹកហ្វឺន និងរៀនសូត្រអំពីបច្ចេកទេសដើម្បីប្រើប្រាស់យុទ្ធោបករណ៍ទំនើបៗឱ្យស្ទាត់ជំនាញ និងឱ្យមានប្រសិទ្ធភាព និងការថែទាំទុកដាក់យុទ្ធោបករណ៍ទាំងនោះឱ្យបានត្រឹមត្រូវ។
លោកទៀ បាញ់ លើកឡើងទៀតថា កងទ័ពកម្ពុជាក៏ត្រូវសិក្សាអំពីបញ្ហាស្មុគស្មាញ ជាច្រើនទៀតក្នុងវិស័យយោធា ដូចជាការប្រើប្រាស់នាវាទំនើបៗបំពាក់ដោយគ្រាប់មីស៊ីលនាពេលអនាគត បន្ទាប់ពីការធ្វើទំនើបកម្មមូលដ្ឋានកងទ័ពជើងទឹកសមុទ្ររាម។
គួរបញ្ជាក់ផងដែរថា កាលពីដើមខែកញ្ញានេះ រដ្ឋាភិបាលចិនបានផ្តល់រថយន្តទំនើបចំនួន១៥០គ្រឿង និងសម្ភារៈយោធាមួយចំនួនដល់រដ្ឋាភិបាលកម្ពុជាដើម្បីប្រើប្រាស់ក្នុងការងារយោធា និងសម្រាប់ដឹកជញ្ជូនថ្នាក់ដឹកនាំអាស៊ាន នៅពេលកម្ពុជារៀបចំកិច្ចប្រជុំកំពូលនៅចុងឆ្នាំនេះ៕