រដ្ឋាភិបាលចិន នៅថ្ងៃព្រហស្បតិ៍នេះ បានផ្តល់រថយន្តទំនើប១៥០គ្រឿង និងសម្ភារៈយោធាមួយចំនួនដល់រដ្ឋាភិបាលកម្ពុជា ដើម្បីប្រើប្រាស់ក្នុងការងារយោធា និងសម្រាប់ដឹកថ្នាក់ដឹកនាំអាស៊ាន នៅពេលកម្ពុជារៀបចំកិច្ចប្រជុំកំពូលនៅចុងឆ្នាំនេះ។
នៅថ្ងៃទី១ ខែកញ្ញានេះ នៅទីតាំងវិមានឈ្នះឈ្នះ ក្នុងរាជធានីភ្នំពេញ លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានប្រារព្ធពិធីផ្ទេរ និងប្រគល់រថយន្តទំនើប១៥០គ្រឿង សម្ភារៈប្រើប្រាស់ក្នុងការងារយោធា ដូចជាសម្ភារៈការិយាល័យ វិទ្យុទាក់ទងជាដើម ដែលជាជំនួយឥតសំណងពីក្រសួងការពារប្រទេសនៃសាធារណរដ្ឋប្រជាមានិតចិនដល់ក្រសួងការពារជាតិកម្ពុជា។
លោក ទៀ បាញ់ ថ្លែងថា ជំនួយនេះគឺកម្ពុជាបានស្នើសុំទៅភាគីចិនដើម្បីឱ្យជួយសម្រួលបន្ទុក នៅពេលកម្ពុជារៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក នៅចុងឆ្នាំ២០២២នេះ ដែលត្រូវការសម្ភារៈទាំងនោះមកប្រើប្រាស់។
លោក ទៀ បាញ់ បន្ថែមថា នេះបង្ហាញចំណងមិត្តភាព កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក្នុងឋានៈជា«មិត្តដែកថែប» និងឱ្យស្ថិតស្ថិរគង់វង្ស រីកចម្រើន ហើយនេះក៏បង្ហាញ«ទឹកចិត្តដ៏ស្មោះស្ម័គ្រ» ដែលចិនបានជួយដោះស្រាយបញ្ហារបស់កម្ពុជាបានទាន់ពេលវេលា និងសបញ្ជាក់ពីមិត្តភាពជាប្រវត្តិសាស្រ្តយោធារវាងកម្ពុជា-ចិន។
លោកការពារថា កម្ពុជាមានសិទ្ធិពេញលេញក្នុងការទទួលសម្ភារៈយោធាពីបណ្តាប្រទេសជាមិត្ត។
លោកថ្លែងថា៖ «ព្រះរាជាណាចក្រកម្ពុជារក្សាសិទ្ធិក្នុងការទទួលជំនួយយោធាជាអាវុធ សម្ភារៈ និងការហ្វឹកហ្វឺន និងអ្វីផ្សេងៗទាំងអស់ ដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួន ការពារសុវត្ថិភាពដល់ប្រទេសខ្លួន។ យើងមានសិទ្ធិពេញលេញក្នុងការបំពេញអ្វីមួយដែលយើងមានលទ្ធភាពធ្វើបាន។ ដូច្នេះមកដល់ពេលនេះ យើងបានមិត្តភក្ត្រជួយជ្រោមជ្រែង ក្នុងការអភិវឌ្ឍនៅសមុទ្ររាមនេះ ច្បាស់ណាស់ យើងនឹងធ្វើការអភិវឌ្ឍ ដោយមិនមានការស្តាប់នូវការប្រកូកប្រកាសថា អ៊ីចេះ ថា អ៊ីចុះណាមួយនោះឡើយ។ ដូច្នេះតទៅមុខទៀតនឹងធ្វើការអភិវឌ្ឍតាមតម្រូវការរបស់យើងជាដាច់ខាត»។
លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ ថ្លែងថា ការទទួលបានអំណោយ គឺជារឿងល្អសម្រាប់ជាតិ ក៏ប៉ុន្តែកម្ពុជាគួរបង្ហាញជំហរអព្យាក្រឹតពិតប្រាកដតាមរយៈការអនុវត្តជាក់ស្តែងដើម្បីកុំឱ្យមានការរិះគន់ និងការបារម្ភណាមួយពីអ្នកតាមដាន។
លោកថ្លែងថា៖ «មិត្តបរទេសជូនជាអំណោយ ជារបស់ប្រើប្រាស់ ជាមធ្យោបាយ ឧទាហរណ៍រថយន្តជាដើម ឱ្យកម្ពុជាជាផលចំណេញសម្រាប់ជាតិទូទៅ-ទី១។ ទី២ បញ្ជាក់អំពីចំណងមិត្តភាពកម្ពុជាចិននៅតែត្រូវការគ្នាចាំបាច់មិនអាចខ្វះគ្នាបាន។ ក៏ប៉ុន្តែអ្វីដែលធ្វើឱ្យមហាជនកម្ពុជាទូទៅ ពលរដ្ឋកម្ពុជា ហើយអន្តរជាតិ គឺគេមិនខ្លាចរអា ឬបដិសេធរាល់ការផ្តល់ជំនួយដែលភាគីចិន ឬវៀតណាមផ្តល់ឱ្យកម្ពុជាទេ អ្វីដែលជាការបារម្ភពីមហាជនទូទៅទាំងថ្នាក់ជាតិ និងអន្តរជាតិគឺបារម្ភពីភាពលម្អៀងរបស់កម្ពុជា ឬជំហររបស់កម្ពុជាក្នុងការផ្តល់ឱកាសប្រកួតប្រជែងស្មើភាពគ្នានៅក្នុងភូមិសាស្រ្តនយោបាយរបស់កម្ពុជា»។
ក្រៅពីជំនួយរថយន្ត និងសម្ភារៈយោធាដែលផ្តល់នាពេលនេះ ភាគីចិនក៏បានជួយធ្វើទំនើបកម្មមូលដ្ឋានកងទ័ពជើងទឹករាម ក្នុងខេត្តព្រះសីហនុផងដែរ ប៉ុន្តែទាំងភាគីកម្ពុជា និងចិនមិនបានបង្ហាញពីទំហំទឹកប្រាក់នៃជំនួយឥតសំណងរបស់រដ្ឋាភិបាលចិនលើការធ្វើទំនើបកម្មនេះឡើយ។ ការធ្វើទំនើបកម្មនេះក៏រងការរិះគន់ពីសហរដ្ឋអាមេរិក និងសង្ស័យថា អាចប្រើប្រាស់ជាមូលដ្ឋានទ័ពចិនលើទឹកដីកម្ពុជា ដែលកម្ពុជាបានបដិសេធជាបន្តបន្ទាប់៕