ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ប្រធានាធិបតី​ចិន​បើក​សមាជ​ជាតិ​គណបក្ស​កុម្មុយនិស្ត


លោក Xi Jinping ប្រធានាធិបតី​ចិន និង​អតីត​មេដឹកនាំ​ចិន​ដទៃ​ទៀត​ក្នុង​ពិធី​បើក​សមាជ​គណបក្ស​កុម្មុយនិស្ត នៅ​ទីក្រុង​ប៉េកាំង។
លោក Xi Jinping ប្រធានាធិបតី​ចិន និង​អតីត​មេដឹកនាំ​ចិន​ដទៃ​ទៀត​ក្នុង​ពិធី​បើក​សមាជ​គណបក្ស​កុម្មុយនិស្ត នៅ​ទីក្រុង​ប៉េកាំង។

នៅ​ថ្ងៃ​ពុធ​នេះ ប្រធានាធិបតី​ចិន​លោក​ Xi Jinping ​បាន​ថ្លែងសុន្ទរកថាដើម្បី​បើក​សមាជ​ជាតិ​របស់​គណបក្ស​កុម្មុយនិស្ត​ចិន​ ដែល​ធ្វើ​ឡើង​រៀង​រាល់ ៥ ឆ្នាំ​ម្ដង​ដោយ​លលោក​ថ្លែង​ថា​ ប្រទេស​ចិន​មាន​ទាំង​ឱកាស​និង​ការ​ប្រឈម។

លោក​ Xi Jinping ​បាន​ប្រាប់​គណៈ​ប្រតិភូ​ជាង​ ២​ពាន់​នាក់​នៅ​អាគារ​រដ្ឋាភិបាល​ដែល​មាន​ឈ្មោះ​ថា​សាល​ដ៏​អស្ចារ្យ​របស់​ប្រជាជន ​(Great Hall of the People)​ នៅ​ថ្ងៃ​ពុធ​នេះ​ថា ប្រទេស​ចិន​ឈាន​ចូល​ដល់​ «យុគ​សម័យ​ថ្មី‍» មួយ​នៃ​ «របប​សង្គម​និយម​តាម​របៀប​របប​ចិន‍»។ ​លោក​បាន​សន្យា​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នឹង​អនុញ្ញាត​ឲ្យ​មាន​ការ​ធ្វើ​កំណែ​ទម្រង់​សេដ្ឋកិច្ច​ដែល​មាន​ទំនោរ​ទៅ​រក​ទីផ្សារ​ជាង​នេះ ប៉ុន្តែ​លោក​បាន​បន្ថែម​ថា រដ្ឋាភិបាល​នឹង​ដើរ​តួនាទី​សំខាន់​ជាង​មុន​នៅ​ក្នុង​ការ​គ្រប់គ្រង​ក្រុមហ៊ុន​របស់​រដ្ឋ។

លោក​ Xi Jinping ​ក៏​បាន​សន្យា​ថា​នឹង​បន្ត​យុទ្ធនាការ​ប្រឆាំង​អំពើ​ពុករលួយ​ដ៏​ខ្លាំងក្លា​របស់​លោក​ទៅ​មុខ​ទៀត ដែល​កិច្ច​ប្រឹង​ប្រែង​នេះ​កន្លង​មក​បាន​ដាក់​ទោស​មន្ត្រី​គណបក្ស​កុម្មុយនិស្ត​ចិន​ជាង ១ លាន​នាក់ មក​ហើយ​នៅ​ក្នុង​អំឡុង​ពេល​លោក​ធ្វើ​ជា​ប្រធានាធិបតី​រយៈ​ពេល ៥ ឆ្នាំ​កន្លង​មក​នេះ។

លោក ​Xi Jinping ដែល​ជា​មេដឹកនាំ​ដ៏​មាន​ឥទ្ធិពល​បំផុត​មួយ​រូប​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​សម័យ​ទំនើប​របស់​ចិន ត្រូវ​គេ​រំពឹង​ថា​នឹង​ត្រូវ​គេ​ជ្រើសរើស​ឲ្យ​ធ្វើ​ជា​មេដឹកនាំ​គណបក្ស​នៅ​អាណត្តិ​ទី​ពីរ​ដែល​មាន​រយៈពេល ៥ ឆ្នាំ​បន្ត​ទៅ​មុខ​ទៀត នៅ​ក្នុង​ការ​ធ្វើ​សមាជ​គណបក្ស​ដែល​មាន​រយៈពេល​មួយ​សប្ដាហ៍​នេះ។

ចំណាត់​ការ​មួយ​ទៀត​ពាក់ព័ន្ធ​នឹង​ឥទ្ធិពល​របស់​លោក ​Xi Jinping ​គឺ​នឹង​ផ្ដោត​លើ​ថា​តើ​ឈ្មោះ​របស់​លោក​នឹង​ត្រូវ​តម្កល់​នៅ​ក្នុង​ធម្មនុញ្ញ​របស់​គណបក្ស​ជាមួយ​នឹង​ឈ្មោះ​របស់​លោក Mao Zedong ដែល​ជា​ស្ថាបនិក​ប្រទេស​ចិន​កុម្មុយនិស្ត និង​ឈ្មោះ​របស់​លោក Deng Xiaoping ដែល​កំណែ​ទម្រង់​សេដ្ឋកិច្ច​របស់​លោក​បាន​ធ្វើ​ឲ្យ​ប្រទេស​ចិន​ក្លាយ​ជា​មហា​អំណាច​សេដ្ឋកិច្ច​មួយ​នៅ​លើ​ពិភពលោក​ដូច​ពេល​បច្ចុប្បន្ន​នេះ៕

XS
SM
MD
LG