រដ្ឋាភិបាលចិន បានបិទទីក្រុងចំនួន៣កាលពីថ្ងៃព្រហស្បតិ៍ដែលជាទីកន្លែងរស់នៅរបស់មនុស្សជិត២០លាននាក់ ជាវិធានការណ៍មិនធ្លាប់មានកាលពីមុនដើម្បីរាំងខ្ទប់មេរោគដ៏ប្រល័យដែលបានរាលដាលទៅកាន់ប្រទេសផ្សេងៗទៀត។
ក្រុមអាជ្ញាធរ មុនដំបូងបានហាមឃាត់មិនឲ្យយន្តហោះនិងរទេះភ្លើងចាកចេញពីទីក្រុងវូហានដែលនៅទីនោះ មេរោគកូរ៉ូណាវីរុស ត្រូវបានគេជឿថា មានប្រភពមកពីទីក្រុងនោះ។ផ្លូវនានាបានបិទ ហើយសេវាកម្មសាឡាងដឹកអ្នកដំណើរ រទេះភ្លើងក្រោមដីនិងរថយន្តក្រុង ក៏ត្រូវបានផ្អាកដែរ។
វិធានការណ៍ប្រហាក់ប្រហែលគ្នាដែរ បានត្រូវធ្វើឡើងប៉ុន្មានម៉ោងក្រោយមកនៅក្នុងទីក្រុង Huanggang និងទីក្រុង Ezhou នៅក្បែនោះ។
ទីក្រុងនានា បានត្រូវដាក់ឲ្យស្ថិតក្នុងស្ថានភាពអាសន្ននៅថ្ងៃឈប់សម្រាកចូលឆ្នាំចិន នៅពេលដែលពលរដ្ឋចិនរាប់លាននាក់ធ្វើដំណើរ។ រដ្ឋាភិបាល ក៏បានលប់ចោលពិធីនៃថ្ងៃឈប់សម្រាកនៅក្នុងរដ្ឋធានីប៉េកាំងដែលជាធម្មតាទាក់ទាញមនុស្សដ៏ច្រើន។
មេរោគនោះ បានសម្លាប់មនុស្សយ៉ាងតិចណាស់ក៏១៧នាក់ដែរនៅក្នុងនិងជុំវិញទីក្រុងវូហានហើយនឹងធ្វើឲ្យមនុស្សជិត៦០០នាក់ផ្សេងទៀតឆ្លងមេរោគនោះ។
អាជ្ញាធរក្រុងវូហាន បានតម្រូវឲ្យអ្នកស្រុកទាំងអស់ពាក់ម៉ាសនៅក្នុងកន្លែងសាធារណៈនិងជំរុញឲ្យបុគ្គលិករដ្ឋាភិបាលនិងផ្នែកឯកជនពាក់ម៉ាសការពារដែរនៅក្នុងកន្លែងធ្វើការ។ នេះតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានស៊ីនហួផ្លូវការរបស់ចិន។
អង្គការសុខភាពពិភពលោក បានពន្យារការសម្រេចកាលពីថ្ងៃពុធស្តីពីថាតើប្រកាសសា្ថនភាពអាសន្នសាកលដែលត្រូវចាត់ទុកជាការផ្ទុះឡើងដ៏ខ្លាំងនៅផ្នែកភាគច្រើនដែរឬទេ?។
លោកTedros Adhanomអគ្គនាយកអង្គការសុខភាពពិភពលោក បាននិយាយថា «គេត្រូវការព័ត៌មានច្រើនឡើងថែមទៀតដើម្បីធ្វើការសម្រេច។ លោកក៏បានសរសើរវិធាន ការណ៍ដ៏ខ្លាំងរបស់ចិនដែលនឹងកាត់បន្ថយឱកាសនៃការរាលដាលយ៉ាងខ្លាំងនូវមេរោគនេះទៅកាន់ប្រទេសផ្សេងៗទៀត៕