ចំនួនសំបុត្រកុនលក់ចេញតាមការិយាល័យលក់សំបុត្រនៅប្រទេសចិនកំពុងកើនឡើងយ៉ាងលឿន គឺជិតស្មើនឹងនៅសហរដ្ឋអាមេរិក។ អ្នកខ្លះថែមទាំងបាននិយាយថា ប្រទេសចិនដែលជាប្រទេសមានប្រជាជនដល់ទៅ១,៣៥ពាន់លាននាក់នោះ អាចមានសក្តានុពលនាំមុខសហរដ្ឋអាមេរិកយ៉ាងលឿនបំផុតនៅដើមឆ្នាំក្រោយនេះ។
ប៉ុន្តែ ស្របពេលដែលតម្រូវការខ្សែភាពយន្តក្នុងស្រុករបស់ចិនកំពុងកើនឡើងខ្លាំងនោះ ពួកគេកំពុងអនុវត្តសកម្មភាពទាំងឡាយដែលបំប៉ោងចំនូនសំបុត្រលក់ចេញនៅតាមការិយាល័យលក់សំបុត្រ។
ថ្មីៗនេះ ប្រទេសចិនកំពុងប្រកាសកែតម្រូវសេចក្តីព្រៀងច្បាប់មួយ ដែលមានគោលបំណងរឹតបន្តឹងការពិន័យចំពោះការឆបោកនៅតាមការិយាល័យលក់សំបុត្រ។ កាលពីប៉ុន្មានថ្ងៃមុននេះ សមាជិកសភាប្រជាមានិត (NPC) បានស្នើសុំការអនុវត្តការផាកពិន័យអប្បបរមាពី ៥០.០០០ យ័ន (៧.៣៩៣ដុល្លារ) រហូតដល់ ៥០០.០០០យ័ន (៧៣.៩៣២ដុល្លារ) ទៅលើក្រុមហ៊ុនខ្សែភាពយន្តដែលបន្លំចំនួនសំបុត្រលក់ចេញ។
ការពិន័យតឹងរ៉ឹងជាងមុន
លើសពីនេះទៅទៀត ប្រាក់ពិន័យអាចកើនឡើងទៅដល់ ៥ ដងនៃ«ការប្រព្រឹត្តខុសច្បាប់» ប្រសិនបើខ្សែភាពយន្តទាំងនោះទទួលបានចំណូលខុសច្បាប់លើសពី៥០០.០០យ័ន(៧៣.៩៣២ដុល្លារ) នេះបើយោងតាមការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។ ក្នុងករណីខ្លះ និយតករមូលដ្ឋាន(អ្នកគ្រប់គ្រងក្នុងមូលដ្ឋាន) អាចបញ្ឈប់ដំណើរការជំនួញរបស់អ្នកប្រព្រឹត្តល្មើសច្បាប់ ឬដកហូតលិខិតអនុញ្ញាតដំណើរការពាណិជ្ជកម្មតែម្តង នេះបើយោងតាមសេចក្តីព្រៀងច្បាប់ដែលបានកែតម្រូវរួចហើយប៉ុន្តែមិនទាន់ឆ្លងកាត់សហសភា។
អ្នកប្រកបជំនួញក្នុងវិស័យនេះ បានព្យាករណ៍ថា ការរឹតបន្តឹងការពិន័យនឹងជួយបំបាត់ភាពមិនច្បាស់លាស់នៃចំនួនសំបុត្រខ្សែភាពយន្តរបស់ប្រទេសចិន។ អ្នករកស៊ីក្នុងវិស័យនេះម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់ VOA ថា៖ «ការឆបោករបស់ការិយាល័យលក់សំបុត្រមានសភាពធ្ងន់ធ្ងរ។ ខ្សែភាពយន្តខ្លះប្រើវិធីសាស្រ្តក្លែងបន្លំដើម្បីជំរុញការលក់ចេញរបស់ខ្លួន»។
ឧទាហរណ៍ អ្នកចែកចាយសំបុត្រអាចសូកប៉ាន់រោងភាពយន្តឲ្យចេញសំបុត្រកុនសម្រាប់កុនមួយដែលខុសពីកុនដែលអ្នកទស្សនាបានមើលជាក់ស្តែង ដើម្បីបំប៉ោងប្រាក់ចំណូលពីការលក់សំបុត្ររបស់ខ្សែភាពយន្តនោះ នេះបើតាមអ្នកដែលស្ថិតក្នុងវិស័យនេះ។
ខ្សែភាពយន្តដែលលក់សំបុត្រដាច់បានច្រើន អាចទាក់ទាញអ្នកមើលកាន់តែច្រើន ឬអាចបង្កើនឱកាសផលិតខ្សែភាពយន្តភាគបន្តទៀត។ ចំនួនលក់សំបុត្រក៏អាចបង្កើនចំណាប់អារម្មណ៍របស់អ្នកវិនិយោគទុនទៅលើផលិតផលដែលមានការធានា ហើយអ្នកវិនិយោគទុនទាំងនេះបានប្រាក់ចំណូលភាគច្រើនពីខ្សែភាពយន្ត។
ការក្លែងបន្លំរីកដូចផ្សិត
ក្នុងករណីខ្លះ គឺរោងភាពយន្តជាអ្នកកែចំនួនប្រាក់ចំណូលពីខ្សែភាពយន្តដោយរាយការណ៍ពីចំនួនសំបុត្រលក់ចេញតិចជាងការពិត ក្នុងគោលបំណងគេចពីការបង់ពន្ធ ឬបង់ប្រាក់ចំណេញទៅក្រុមហ៊ុនភាពយន្តដែលមានភាគហ៊ុន។ បន្ទាប់មកពួកគេយកចំនួនសំបុត្រដែលបានលាក់ទុកទៅបំពេញក្នុងការលក់សំបុត្រនៅបញ្ជររបស់ខ្សែភាពយន្តផ្សេងទៀតដែលក្រុមហ៊ុនរបស់គេទាមទារចំណែកនៃប្រាក់ចំណូលតិចជាង។ យុទ្ធវិធីខ្លះ មានគោលបំណងបង្កើនប្រាក់ចំណូលឲ្យរោងភាពយន្តផ្ទាល់ ក្នុងកម្រិតអតិបរមា។ នេះក៏ជាការរៀបរាប់របស់អ្នកដែលបម្រើការនៅក្នុងជំនួញនេះ។
ទង្វើលួចលាក់ទាំងនេះ បានបន្ថែមការក្លែងបន្លំតួលេខនៃការលក់សំបុត្រនៅតាមបញ្ជរកាន់តែច្រើន។ ទិន្នន័យផ្លូវការបង្ហាញថា ចំណូលពីខ្សែភាពយន្តនៅប្រទេសចិនបានកើនឡើងជិត៥០% ដែលស្មើនឹង ៤៤ ពាន់លានយ័ន្ត (៦,៥ពាន់លានដុល្លារ)នៅឆ្នាំ២០១៥ ប្រៀបធៀបនឹងចំណូលក្នុងវិស័យនេះនៅទីផ្សារក្នុងទ្វីបអាមេរិកខាងជើងដែលមានតែ ១១ ពាន់លានដុល្លារ។
កាលពីខែមិនា និយ័តករខ្សែភាពយន្តរបស់ប្រទេសចិន បានចាប់ផ្តើមការបង្ក្រាបដំបូងរបស់ប្រទេសនេះទៅលើការឆបោកនៅការិយាល័យលក់សំបុត្រ។ ការស៊ើបអង្កេតបានរកឃើញថា ខ្សែភាពយន្តក្បាច់គុនរបស់ហុងកុងមានចំណងជើង Ip Man 3 ដែលត្រូវបានគេរាយការណ៍ថាមានចំណូលសរុប៧២លានដុល្លារនៅចុងសប្តាហ៍ដំបូងនោះ តាមពិតបានបន្លើសចំនួនលក់សំបុត្រនៅតាមបញ្ជររហូតដល់ ៣២ លានយ័ន (៤,៧លានដុល្លារ) តាមរយៈ«ការបញ្ចាំងគ្មានអ្នកមើល» និងពន្លើលចំនួន ៥៦ លានយ័ន(៨,៣លានដុល្លារ)ទៀត តាមរយៈការឧបត្ថម្ភជាសំបុត្រ។
ការបញ្ចាំងគ្មានអ្នកមើល សំដៅលើស្ថានភាពដែលរោងភាពយន្តរាយការណ៍ថា ពួកគេបានលក់សំបុត្រកុន«Ip Man 3»អស់រៀងរាល់១០នាទីនៅពេលរំលងអាធ្រាត ដែលនេះគឺជារឿងមិនអាចទៅរួចទេសម្រាប់ខ្សែភាពយន្តដែលមានរយៈពេល ១០៥ នាទីនោះ។ ម្យ៉ាងទៀត សំបុត្រទាំងនេះមានតម្លៃថ្លៃជាងការចាក់បញ្ចាំងនៅម៉ោងផ្សេងៗ។
ចំណែកឧបត្ថម្ភជាសំបុត្រកុន ជាយុទ្ធសាស្រ្តទីផ្សារដែលត្រូវបានក្រុមហ៊ុនខ្សែភាពយន្តប្រើប្រាស់ជាញឹកញាប់មួយ ដែលរាប់បញ្ចូលទាំងការលក់សំបុត្រកុនបញ្ចុះតម្លៃជាកញ្ចប់តាមប្រព័ន្ធអ៊ីនធឺណិតដែលជាការអនុវត្តមួយស្របច្បាប់ និងមានប្រសិទ្ធភាពជាងការផ្សាយពាណិជ្ជកម្ម។ ប៉ុន្តែ ការធ្វើបែបនេះក៏រួមចំណែកក្នុងការក្លែងបន្លំចំនួនសំបុត្រលក់ចេញដែរ។
ការបង្ក្រាបរបស់រដ្ឋាភិបាល
ដើម្បីចាត់វិធានការម៉ឹងម៉ាត់លើការឆបោកនេះ និយ័តករខ្សែភាពយន្តរបស់ប្រទេសចិនបានបង្ក្រាបការក្លែងបន្លំរបស់ការិយាល័យលក់សំបុត្រនានា។ នេះបើតាមលោក Jiang Tao ប្រធានគណៈកម្មាធិការជាតិមួយដែលគ្រប់គ្រងការអភិវឌ្ឍវិស័យខ្សែភាពយន្ត។
លោក Jiang បានប្រាប់ទូរទស្សន៍ CCTV ថា៖ «ទីភ្នាក់ងារភាពយន្តដែលស្ថិតនៅក្រោមរដ្ឋបាលសារព័ត៌មាន ការផ្សព្វផ្សាយ វិទ្យុ ខ្សែភាពយន្ត និងទូរទស្សន៍នៃរដ្ឋាភិបាលចិន បានរៀបចំវិធានការដើម្បីដាក់បញ្ជូលក្នុងបញ្ជីខ្មៅ សម្រាប់អ្នកគ្រប់គ្រងរោងភាពយន្តទាំងឡាយណាដែលបានបោកប្រាស់អំពីចំនួនសំបុត្រដែលបានលក់។ អ្នកដែលត្រូវបានដាក់ចូលក្នុងបញ្ជីខ្មៅនេះហើយ គ្មានរោងភាពយន្តណានឹងទទួលជាបុគ្គលិកទៀតទេ»។
មធ្យោបាយផ្សេងទៀត រួមមានការតម្លើងឧបករណ៍តាមដានក្នុងរោងភាពយន្ត ដើម្បីផ្ទៀងផ្ទាត់ចំនួនអ្នកមើលកុនជាក់ស្តែង និងចំនួនសំបុត្រលក់ចេញ។
លោក Jiang និយាយថា៖ «ឧបករណ៍នេះ អាចប្រៀបធៀបចំនួនអ្នកមកមើលជាក់ស្តែង ទៅនឹងចំនួនសំបុត្រដែលត្រូវបានលក់ចេញ។ ឧទាហរណ៍ថា បើសិនមានការលើសខ្វះគ្នា ១ ភាគរយ គេអាចអធ្យាស្រ័យបាន ប៉ុន្តែបើមានការលើសខ្វះគ្នាលើសពី១ភាគរយ គេនឹងរាយការណ៍ទៅប៉ូលសភ្លាមៗ»។
ការលក់សំបុត្រមានការថយចុះ
ក្រោយពីមានការបង្ក្រាបរបស់រដ្ឋាភិបាល ចំនួនសំបុត្រកុននៅការិយាល័យលក់សំបុត្របានថយចុះជាលំដាប់ តាំងពីត្រីមាសទី១នៃឆ្នាំ២០១៦នេះ។ ក្រោយពីមានការកើនឡើងចំនួន៥០ភាគរយនៅត្រីមាសទី១ ចំនួនសំបុត្រលក់ចេញនៅត្រីមាសទី២ និងទី៣ថយចុះ៩ភាគរយ និង១៥ភាគរយជាបន្តបន្ទាប់ក្នុងការប្រៀបធៀបប្រចាំឆ្នាំ។ នេះបើយោងតាមបញ្ជីចំណូលចំណាយពីបណ្តាញសង្គមសម្រាប់ភាពយន្តមួយឈ្មោះថា Mtime។
ការលុបចោលនូវការឧបត្ថម្ភសំបុត្រកុនពីបណ្តាញលក់សំបុត្រលើប្រព័ន្ធអ៊ីនធឺណិតធំៗទាំង៤ ដែលភាគច្រើនលក់សំបុត្របញ្ចុះតម្លៃច្រើនៗក្នុងឆ្នាំទៅមិញ ក៏ជាមូលហេតុមួយនៅពីក្រោយការថយចុះចំនួនសំបុត្រលក់ចេញនៅឆ្នាំនេះដែរ។
ការបំប៉ោងចំនួនសំបុត្រលក់ចេញក៏ជួយបង្កើនតម្លៃភាគហ៊ុននៃក្រុមហ៊ុនភាពយន្តជាច្រើន ក្នុងនោះមានដូចជា ក្រុមហ៊ុនភាពយន្ត Wanda Cinema Line Group។ ក្រុមហ៊ុនដំណើរការរោងភាពយន្តធំបំផុតរបស់ប្រទេសចិនមួយនេះ កំពុងតែប្រឈមមុខនឹងការធ្លាក់ចុះយ៉ាងខ្លាំងនៃភាគហ៊ុនរបស់ខ្លួន។
កាលពីខែមករា ក្រុមហ៊ុន Wanda Group ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុនភាពយន្ត Wanda Cinema ដែលមានលោក Wang Jianlin ជាឧកញ៉ាមានទ្រព្យសម្បត្តិស្តុកស្តម្ភជាងគេនោះ បានចុះកិច្ចព្រមព្រៀងទិញយក Legendary Entertainment ដែលជាស្ទូឌីយោភាពយន្តរបស់សហរដ្ឋអាមេរិកមួយ ក្នុងតម្លៃ ៣.៥ពាន់លានដុល្លារ៕
ប្រែសម្រួលដោយ វិញ សុជាតា