ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា-ចិន នឹង​បង្កើន​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឲ្យ​ដល់​​៥ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៧


លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ថតរូបជាមួយ​នឹង​អ្នក​ជំនួញ​ខ្មែរ​ និង​ចិន មុន​នឹង​លោក​ថ្លែង​នៅ​ក្នុង​វេទិកាធុរកិច្ច និង​ហិរញ្ញវត្ថុកម្ពុជា-ចិន នៅ​ជាយ​ក្រុង​ភ្នំពេញ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦។ (AP Photo/Heng Sinith)
លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ថតរូបជាមួយ​នឹង​អ្នក​ជំនួញ​ខ្មែរ​ និង​ចិន មុន​នឹង​លោក​ថ្លែង​នៅ​ក្នុង​វេទិកាធុរកិច្ច និង​ហិរញ្ញវត្ថុកម្ពុជា-ចិន នៅ​ជាយ​ក្រុង​ភ្នំពេញ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦។ (AP Photo/Heng Sinith)

នៅ​ក្នុង​វេទិកា​ដែល​មាន​ការ​ចូលរួម​ពី​អ្នក​ជំនួញ​កម្ពុជា​និង​ចិន​មក​ពី​ក្រុមហ៊ុន​ធំៗ​រាប់​រយ​នាក់​ លោក ហ៊ុន សែន បាន​ថ្លែង​ថា ចំណង​ទំនាក់​ទំនង​ល្អ​​រវាង​ចិន​និង​កម្ពុជា​មាន​យូរ​លង់​ណាស់​មក​ហើយ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​កម្ពុជា​និង​ចិន​បាន​ឈាន​ដល់​កម្រិត​កំពូលមួយ​ទាំង​ផ្នែក​នយោបាយ និង​សេដ្ឋកិច្ច ដោយ​លោក​បាន​សរសើរ​ប្រទេស​ចិន​ថា​បាន​ចូលរួម​ចំណែក​ច្រើន​ដល់​ការ​អភិវឌ្ឍ​នៅ​កម្ពុជា។

លោក ហ៊ុន សែន បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​ពិធី​បើក​វេទិកា​ធុរកិច្ច ​និង​ហិរញ្ញវត្ថុ​កម្ពុជា​-ចិន​ជា​លើក​ដំបូង​ដែល​ធ្វើ​ឡើង​នា​ថ្ងៃ​ព្រហស្បតិ៍​នេះ​ក្នុង​រាជធានី​ភ្នំពេញ ក្រោម​ប្រធានបទ​ «កម្ពុជា ​ព្រះ​រាជាណាចក្រ​នៃ​កាលានុវត្ត​ភាព-ខ្សែក្រវាត់​មួយ​ផ្លូវ​មួយ»។

វេទិកា​នេះ​ត្រូវ​បាន​សហការ​រៀបចំ​ដោយ​ក្រុមហ៊ុន L.Y.P Group របស់​លោក លី យ៉ុងផាត់ ដែល​ជា​សមាជិក​ព្រឹទ្ធសភា​គណបក្សប្រជាជន​កម្ពុជា និង​ក្រុមហ៊ុន Mingsheng Investment Group ដែល​ជា​ក្រុមហ៊ុន​វិនិយោគ​ឈាន​មុខ​មួយ​របស់​ចិន។

នៅ​ក្នុង​វេទិកា​ដែល​មាន​ការ​ចូលរួម​ពី​អ្នក​ជំនួញ​កម្ពុជា​និង​ចិន​មក​ពី​ក្រុមហ៊ុន​ធំៗ​រាប់​រយ​នាក់​ លោក ហ៊ុន សែន បាន​ថ្លែង​ថា ចំណង​ទំនាក់​ទំនង​ល្អរវាង​ចិន​និង​កម្ពុជា​មាន​យូរ​លង់​ណាស់​មក​ហើយ។

លោក​ថ្លែង​ថា មិត្តភាព​ជា​ប្រពៃណី​រវាង​ប្រទេស​ទាំង​ពីរ​នេះ ​ត្រូវ​បាន​បង្កើត​ឡើង ​និង​ថែ​រក្សា​រហូត​មក​ដោយ​ថ្នាក់​ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ។

«ផ្អែក​លើ​ទំនាក់ទំនង​មិត្តភាព​ជា​ប្រពៃណី​នេះ រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា-​ចិន បាន​ខិតខំ​លើកកម្ពស់​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេភាគី​រហូត​ដល់​កម្រិត​កំពូល​មួយ​គឺ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ចាប់​ពី​ចុង​ឆ្នាំ​២០១០។ ឈរ​លើ​មូលដ្ឋាន​នេះ ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​យើង​ទាំង​ពីរ ​មាន​ការ​រីក​ចម្រើន​គួរ​ជាទី​មោទនៈ​ទាំង​ផ្នែក​នយោបាយ សេដ្ឋកិច្ច និង​សង្គម ដែល​ត្រូវ​បាន​ឆ្លុះ​បញ្ចាំង​តាម​រយៈ​ដំណើរ​ទស្សនកិច្ច​កាន់​តែ​ញឹកញាប់​របស់​ថ្នាក់​ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ កំណើន​ពាណិជ្ជកម្ម​ ការ​វិនិយោគ​និង​ទេសចរណ៍ និង​កំណើន​នៃ​ការ​ប្រាស្រ័យ​ទាក់ទង​រវាង​ប្រជាជន​និង​ប្រជាជន»។

លោក ហ៊ុន សែន ​បន្ថែម​ទៀត​ថា ចំណង​មិត្តភាព​រវាង​កម្ពុជា-ចិន ​បាន​ផ្ដល់​ប្រយោជន៍​ដល់​ប្រទេស​និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ដោយ​ឈរ​លើ​គោលការណ៍​ជឿ​ទុក​ចិត្ត​គ្នា និង​គោរព​គ្នា​ទៅវិញ​ទៅមក និង​មិន​ជ្រៀតជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង។

បើ​តាម​លោក​នាយករដ្ឋមន្ត្រី ក្នុង​រយៈពេល​៥​ឆ្នាំ​គឺ​ពី​ឆ្នាំ​២០១១​ដល់​២០១៥ ចិន​គឺ​ជា​ប្រភព​ទុន​វិនិយោគ​ធំជាង​គេ​នៅ​កម្ពុជា​ក្នុង​បរិមាណ​ទឹកប្រាក់​៤,៩ពាន់​លាន​ដុល្លារ។

លោក​បន្ថែម​ថា គិត​ត្រឹម​ខែ​តុលា ឆ្នាំ​២០១៦នេះ​ គម្រោង​វិនិយោគ​របស់​ចិន​ដែល​មានកត់ត្រា​នៅ​ក្រុម​ប្រឹក្សា​អភិវឌ្ឍ​កម្ពុជា​ (​CDC) មាន​៨៤​គម្រោង​ក្នុង​ទំហំ​ទុន​វិនិយោគ៧១៦​លាន​ដុល្លារ​ ស្មើ​នឹង​២៤,៦៩​ភាគរយ​នៃ​ទុន​វិនិយោគ​សរុប​នៅ​កម្ពុជា។

នៅ​ក្នុង​វេទិកា​ដដែល​នោះ លោក​នាយក​រដ្ឋមន្ត្រី ក៏​បាន​ប្រកាស​ផ្តល់​ទិដ្ឋាការ​រយៈពេល​៣​ឆ្នាំ​ សម្រាប់​វិនិយោគិន​ចិន​និង​កូរ៉េ​ខាង​ត្បូង​ផង​ដែរ។

លោក ចាន់ សុផល នាយក​មជ្ឈ​មណ្ឌល​សិក្សា​គោល​នយោបាយ​ប្រាប់​ VOA នា​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា កម្ពុជា​ជា​ប្រទេស​កំពុង​អភិវឌ្ឍ​ ដែល​ត្រូវ​ការ​ទុន​វិនិយោគ​ច្រើន ដើម្បី​ឱ្យ​សេដ្ឋកិច្ច​បន្ត​មាន​កំណើន​ទៅ​មុខ​ ឯ​ប្រទេស​ចិន​ជា​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ចមួយ​ដែល​មាន​ទុន​វិនិយោគ​ច្រើន។

លោក​ ចាន់ សុផល បន្ត​ថា ចិន​ជា​ប្រភព​ទុន​វិនិយោគ​សំខាន់​មួយ​សម្រាប់​កម្ពុជា​ទាំង​ការ​វិនិយោគ​ជា​លក្ខណៈ​ឯកជន​និង​កម្ចី។

លោក​បន្ថែម​ថា ​កម្ពុជា​ត្រូវ​ការ​ទុន​វិនិយោគ​ពី​ចិន​បន្ត​ទៀត​ដើម្បី​រក្សា​កំណើន​សេដ្ឋកិច្ច ក៏​ប៉ុន្តែ​កម្ពុជា​ក៏​គួរ​ស្វែង​រក​ប្រភព​វិនិយោគ​ពី​ប្រទេស​ធំៗ ​និង​ស្ថាប័ន​អន្តរជាតិ​ធំៗ​ដទៃ​ទៀត​ផង​ដែរ ដើម្បី​ចៀសវាង​ហានិភ័យ​ផ្សេងៗ​នៅ​ពេល​អនាគត។

«ប្រសិន​ជា​យើង​ពឹង​ពាក់​លើ​ប្រភព​ទុន​ដើម​កាន់​តែ​ច្រើន ក៏​យើង​អាច​ចៀស​បាន​ពី​ហានិភ័យ។ ប្រសិន​ជា​មាន​បញ្ហា​អ្វី​មួយ​កើត​ឡើង​នៅ​ក្នុង​ប្រភព​ណាមួយ​ យើង​មិន​បាត់​បង់​ខ្លាំង។ ឧទាហរណ៍​ថា ​ប្រទេស​ចិន បើ​សិន​ជា​ថ្ងៃ​ក្រោយ​មាន​ជួប​នឹង​វិបត្តិសេដ្ឋកិច្ច​ខ្វះ​ទុន គេ​ត្រូវ​គិតគូរ​ស្ដារ​សេដ្ឋកិច្ច​គេ​វិញ​ អីចឹង​ទៅ​ពេល​នោះ​យើង​ក៏​មិន​សូវ​ជា​អី​ដែរ ដោយសារ​យើង​មាន​ប្រភព​ទុន​ពី​ប្រទេស​ជប៉ុន ពី​ប្រទេស​ផ្សេងៗ​ទៀត ឬ​ក៏​ស្ថាប័ន​ឥណទាន​ផ្សេងៗ​ទៀត​បាទ»។

បើ​តាម​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន កាល​ពី​ឆ្នាំ​២០១៥ ពាណិជ្ជកម្ម​កម្ពុជា-ចិន​មាន​ទំហំ​ទឹក​ប្រាក់​៤,៣ពាន់​លាន​ដុល្លារ​ គឺ​កើន​ឡើង​១៥,១៩​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០១៤ ដែល​មាន​ទំហំ​ទឹកប្រាក់​៣,៨ពាន់​លាន​ដុល្លារ។

លោក​បន្តថា ថ្នាក់​ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​បាន​ដាក់​ចេញ​គោលដៅ​បង្កើន​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​ដល់​៥ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៧៕

XS
SM
MD
LG