ប្រទេសចិនបាននិយាយថា ពលរដ្ឋកាណាដាពីរនាក់ដែលបានជាប់ឃុំឃាំងចាប់តាំងពីចុងឆ្នាំ២០១៨ ត្រូវបានចោទប្រកាន់ជាផ្លូវការពីបទលួចការសម្ងាត់រដ្ឋ ដែលជាវិធានការដែលគេរំពឹងថា នឹងនាំឱ្យភាពតានតឹងខ្លាំងឡើងៗរវាងប្រទេសទាំងពីរនេះ។
លោក Lu Kang អ្នកនាំពាក្យនៃក្រសួងការបរទេសចិន បានប្រកាសអំពីចាប់ខ្លួនលោក Michael Kovrig និងលោក Michael Spavor កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងសន្និសីទកាសែតមួយនៅក្នុងក្រុងប៉េកាំង។
លោក Lu បាននិយាយថា ការចាប់ខ្លួនជនពីរនាក់នេះបានធ្វើឡើងតាមច្បាប់នៃប្រទេសចិន។ លោក Lu បានថ្លែងថា ប្រទេសចិនសង្ឃឹមថារដ្ឋាភិបាលក្រុង Ottawa «នឹងមិនធ្វើសេចក្តីថ្លែងការណ៍ដោយគ្មានការទទួលខុសត្រូវ» តាមប្រព័ន្ធតុលាការនៃប្រទេសចិនទេ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយតែប៉ុន្មានម៉ោង ក្រោយសេចក្តីប្រកាសនេះរបស់រដ្ឋាភិបាលក្រុងប៉េកាំង ក្រសួងការបរទេសកាណាដាបាននិយាយថារដ្ឋាភិបាលក្រុង Ottawa «ថ្កោលទោសយ៉ាងខ្លាំង» លើ «ការចាប់ខ្លួនពលរដ្ឋកាណាដាពីរនាក់នេះតាមតែអំពើចិត្តរបស់រដ្ឋាភិបាលចិន ហើយទាមទារឱ្យមានការដោះលែងពួកគេជាបន្ទាន់»។
លោក Kovrig និងលោក Spavor បានជាប់ឃុំឃាំងដាច់ដោយឡែកពីគ្នា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ដោយត្រូវសង្ស័យថាបាន «ធ្វើសកម្មភាពដែលនាំឱ្យមានគ្រោះថ្នាក់ដល់សន្តិសុខជាតិរបស់ប្រទេសចិន»។ ចំណាត់ការមានឡើងតែប៉ុន្មានថ្ងៃនៅក្រោយអ្នកស្រី Meng Wenzhou ប្រធានផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei បានត្រូវចាប់ខ្លួននៅឯចំណតយន្តហោះក្រុង Vancouver តាមដីការបស់រដ្ឋាភិបាលអាមេរិក ពីបទចោទប្រកាន់ថាបានរំលោភលើការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើប្រទេសអ៊ីរ៉ង់។
អ្នកស្រី Meng ដែលជាកូនស្រីរបស់លោក Ren Zhengfei អ្នកបង្កើតក្រុមហ៊ុន Huawei កំពុងស្ថិតនៅក្នុងការឃុំឃាំងក្នុងផ្ទះ ដោយរង់ចាំការបញ្ជូនខ្លួនទៅកាន់សហរដ្ឋអាមេរិក។
ប្រទេសកាណាដាបានប្រកែកមិនព្រមដោះលែងអ្នកស្រី Meng តាមការទាមទាររបស់ប្រទេសចិនទេ៕