លោក Tim Huxley នាយកប្រតិបត្តិនៃវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្រ្តនៅអាស៊ីបាននិយាយថា កិច្ចសន្ទនាទេ្វភាគីនាពេលខាងមុខរបស់រដ្ឋាភិបាលក្រុងប៉េកាំងជាមួយនឹងរដ្ឋដែលទាមទារចំណែកផ្សេងទៀត រួមមានហ្វីលីពីន និងវៀតណាមនឹងត្រូវបានធ្វើឡើងដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។
លោក Huxley និយាយថា៖ «និយាយមួយបែបទៀត ហ្វីលីពីន និងវៀតណាមកំពុងនិយាយថា អូខេ យើងអាចនិយាយគ្នាបាន។ ប៉ុន្តែយើងនឹងមិននិយាយដោយផ្អែកលើលក្ខខណ្ឌរបស់អ្នកទេ។ យើងនឹងនិយាយដោយផ្អែកលើលក្ខខណ្ឌរបស់យើង ហើយលក្ខខណ្ឌរបស់យើងគឺឈរលើមូលដ្ឋានច្បាប់អន្តរជាតិ»។
អ្នកវិភាគដែលមានមូលដ្ឋាននៅក្នុងប្រទេសសិង្ហបុរីរូបនេះនិយាយថា ដូច្នេះ វាអាចនឹងមានការយល់ច្រំឡំលើការរំពឹងថានឹងមានការវិវត្តភ្លាមៗ ពីព្រោះប្រសិទ្ធភាពនៃការអនុវត្តរយៈពេលវែងនៃសេចក្តីសម្រេចរបស់តុលាការ អាចនឹងត្រូវការពេលវេលាច្រើនបើទោះបីជាមិនមែនរាប់ទសវត្សរ៍ ដើម្បីអាចលេចចេញជារូបរាង។
យុទ្ធសាស្រ្តការទូត
រដ្ឋាភិបាលក្រុងប៉េកាំង កាលពីដើមសប្តាហ៍នេះ «បានបង្ហាញសាច់ដុំរបស់ខ្លួន» ទៅលើការសម្រេចចិត្តរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថា អាស៊ាន ក្នុងការមិននិយាយពាក់ព័ន្ធនឹងប្រទេសចិនឬករណីសេចក្តីសម្រេចរបស់តុលាការ នៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់អាស៊ានបន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃប្រទេសអាស៊ាននៅប្រទេសឡាវ។
ការណ៍នេះត្រូវបានគេមើលឃើញថា ជាជោគជ័យមួយទៀតផ្នែកការទូតរបស់ចិន បន្ទាប់ពីខ្លួនបានដាក់សម្ពាធលើសមាគមអាស៊ានដែលមានប្រទេសជាសមាជិកចំនួ១០ ឲ្យកែប្រែនូវសេចក្តីថ្លែងការណ៍មួយកាលពីពាក់កណ្តាលខែមិថុនា។
បន្ទាប់ពីការចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃចន្ទ លោក Wang Yi រដ្ឋមន្រ្តីការបរទេសចិនបានប្រាប់អ្នកសារព័ត៌មានថា លោកជឿថា «កម្តៅនៃបញ្ហានេះបានធ្លាក់ចុះហើយ» នៅខណៈដែលលោក«បានបន្ទោស» ទៅលើអ្វីដែលលោកបានហៅថា កម្លាំងពីខាងក្រៅ ដែលលោកចោទថាបានបង្កឲ្យមានកម្តៅនេះឡើងក្នុងចំណោមរដ្ឋទាំងអស់ដែលទាមទារយកផ្លូវទឹកនេះ។
លោក Wang បានពណ៌នាសេចក្តីសម្រេចរបស់តុលាការថាជា «ការចេញវេជ្ជបញ្ជាខុស ដែលនឹងមិនអាចជួយព្យាបាលជំងឺនោះបានទេ»។
បន្ទាប់មកលោកបានរិះគន់ខ្លាំងលើសេចក្តីថ្លែងការណ៍ត្រីភាគីដែលចេញដោយអាមេរិក ជប៉ុន និងអូស្រា្តលី កាលពីថ្ងៃពុធ ដោយចោទថាបាន «បញ្ឆេះអណ្តាតភ្លើង» លើបញ្ហាតានតឹងក្នុងតំបន់ បន្ទាប់ពីសម្ព័ន្ធមិត្តទាំង៣បានជំរុញកុំឲ្យប្រទេសចិនសាងសង់មូលដ្ឋានយោធា និងរានយកដីនៅក្នុងដែនទឹកដែលមានជម្លោះនោះ ដែលការជំរុញនេះគឺដើម្បីបង្ហាញការគាំទ្រដល់ប្រទេសទាមទារផ្សេងទៀត។
យោធាចិនកាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសពីផែនការធ្វើសមយុទ្ធរួមគ្នាជាមួយនឹងកងកម្លាំងរុស្ស៊ីនៅក្នុងខែកញ្ញា នៅក្នុងសមុទ្រចិនខាងត្បូង។ សមយុទ្ធនេះមានបំណងបង្កើនទំនាក់ទំនងរវាងយោធារបស់ប្រទេសទាំងពីរ និងបង្កើនសមត្ថភាពរបស់ពួកគេក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងខាងផ្លូវទឹក។ នេះបើយោងតាមលោក Yang Yujun អ្នកនាំពាក្យក្រសួងការពារជាតិ ដែលបានថ្លែងនៅក្នុងសន្និសីទប្រចាំខែ។
សរុបមក ចិនបានខិតខំគ្រប់មធ្យោបាយតាមតែអាចធ្វើទៅបាននៅចំពោះមុខដើម្បីស្វែងរកការគាំទ្រនៅពីក្រោយលើជំហរមិនទទួលយករបស់ខ្លួន ក្នុងជម្លោះនេះ។
ជំហរនេះបូករួមទាំងការបញ្ចេញវីដេអូជាសាធារណៈដំបូងរយៈពេល៣នាទីនៅលើចំណុចប្រសព្វ Time Square (ក្នុងទីក្រុងញូវយ៉ក) ដោយបានចាក់បញ្ចាំងចំនួន១២០ដងក្នុងមួយថ្ងៃនិងបន្តដល់ថ្ងៃសុក្រសប្តាហ៍ក្រោយ ដែលសារព័ត៌មានអាមេរិកមួយចំនួនបានពណ៌នាបែបចំអកថា វាជាការផ្សាយក្នុងកម្រិតដែលធ្វើឲ្យមានការធុញទ្រាន់មួយ ដែលលើសពីភាពស៊ូទ្រាំរបស់មនុស្សបាន។
ជំហរសុចរិតភាពរបស់ចិនត្រូវបានសង្ស័យ
ក្រុមអ្នកតាមដានស្ថានការណ៍បាននិយាយថា ការដាក់សម្ពាធលើអាស៊ានឲ្យចេញសេចក្តីថ្លែងការណ៍ដែលមិនមានប្រសិទ្ធិភាពមួយ ប្រហែលជាអាចទុកមុខទុកមាត់ឲ្យប្រទេសចិនបាន ប៉ុន្តែ ថាតើរដ្ឋាភិបាលក្រុងប៉េកាំងនឹងបន្តរក្សាសុចរិតភាពរបស់ខ្លួនយ៉ាងណានោះ នៅតែចម្ងល់នៅឡើយ។
លោក Walden Bello អ្នកស្រាវជ្រាវជាន់ខ្ពស់នៅមជ្ឈមណ្ឌលសម្រាប់ការសិក្សាអាស៊ីក្នុងក្រុងក្យូតុប្រទេសជប៉ុនបាននិយាយថា៖ «នៅក្នុងរយៈពេលខ្លី ប្រទេសទាំងនោះអាចនឹងត្រូវបានគំរាមកំហែង ប៉ុន្តែនេះជាការប៉ុនប៉ងសម្លុតប្រើកម្លាំងដែលនឹងត្រូវបានគេចងចាំ ហើយច្បាស់ណាស់ការធ្វើដូច្នេះនឹងមិនធ្វើឲ្យចិនចំណេញអ្វីនោះទេ នៅទីបញ្ចប់»។
លោក Bello ដែលជាអតីតសមាជិកនៃរដ្ឋសភាហ្វីលីពីនបានបន្ថែមថា៖ «បញ្ហាដែលចិនជួបប្រទះនៅទីនេះគឺថា នៅពេលខ្លួនរិះគន់សេចក្តីសម្រេចនោះកាន់តែខ្លាំង ចិននឹងបាត់បង់ភាពដែលអាចជឿទុកចិត្តបានកាន់តែខ្លាំង»។
ទោះជាយ៉ាងណាក៏ដោយ អតីតសមាជិកសភាហ្វីលីពីនរូបនេះបានស្វាគមន៍ការអំពាវនាវរបស់ចិនឲ្យមានការបន្តការសន្ទនាជាមួយនឹងហ្វីលីពីន ដែលលោកនិយាយថាគួរតែមានផ្តោតលើការកាត់បន្ថយយោធា និងការទាមទាររៀងៗខ្លួន លើដែនដែលមានជម្លោះនេះ។
ប៉ុន្តែលោកក៏បានបង្ហាញក្តីបារម្ភផងដែរអំពីឧបសគ្គក្នុងការស្នើសុំឲ្យចិនដកយោធា ឬដកអាវុធបរមាណូចេញពីតំបន់នោះ បន្ទាប់ហ្វីលីពីនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការសន្តិសុខដែលល្អប្រសើរ ជាមួយសហរដ្ឋអាមេរិក ដែលលោកបាននិយាយថា ការចុះហត្ថលេខានេះមិនបានផលអ្វីនោះទេ ក្រៅពីបន្ថែមការភ័យខ្លាចផ្នែកសន្តិសុខរបស់ចិនចំពោះអ្វីដែលគេហៅថា ជាការឡោមព័ទ្ធរបស់អាមេរិក។
ការខូចខាតឥតព្រាងទុក
លោក Dan Steinbock នាយកផ្នែកស្រាវជ្រាវធុរកិច្ចអន្តរជាតិនៃវិទ្យាស្ថានអាមេរិក ចិន និងឥណ្ឌា បាននិយាយថា បញ្ហាផ្លូវច្បាប់របស់ហ្វីលីពីន និងប្រតិកម្មរបស់អាស៊ានចំពោះសេចក្តីសម្រេចរបស់តុលាការ ជាឧទាហរណ៍យ៉ាងច្បាស់ដែលបង្ហាញថា ប្រទេសអាស៊ីទាំងនេះជាប់គាំងនៅចន្លោះរវាងការធានាផ្នែកសន្តិសុខរបស់អាមេរិក និងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចរបស់ចិន ដែលជាការខូចខាតឥតព្រាងទុក។
លោក Steinbock បាននិយាយនៅចម្លើយឆ្លើយតបតាមអ៊ីម៉ែលថា៖ «ការផ្តោតទៅលើភាគីតែម្ខាងមិនដែលល្អនោះទេ ប៉ុន្តែការធ្វើឲ្យមានតុល្យភាពរវាងភាគីទាំងពីរអាចជួយឲ្យមានសន្តិភាព និងភាពរុងរឿងនៅក្នុងតំបន់»។ លោកបានបន្ថែមទៀតថា លោកជឿថាបន្ទាប់ពីលោក លី ក្វាន់យូ របស់ប្រទេសសិង្ហបុរី មេដឹកនាំអាស៊ានទាំងឡាយដែលមានជោគជ័យត្រូវតែមានសម្ថភាពខ្ពស់ក្នុងការកំណត់ព្រំដែនទប់ទល់នឹងមហាអំណាចទាំងពីរនេះ។
លោកបន្ថែមថា ប្រទេសជាសមាជិកអាស៊ានទាំងអស់បានដឹងយ៉ាងច្បាស់ថា ច្បាប់អន្តរជាតិជារឿងមួយ ប៉ុន្តែភាពជាក់ស្តែងលើគោលនយោបាយនៅក្នុងតំបន់ជារឿងមួយផ្សេងទៀត»។
លោកអះអាងថា ដូច្នេះលទ្ធភាពនៃការកើតមានជម្លោះជាយថាហេតុនៅក្នុងតំបន់នឹងនៅតែបន្តកើតមាន ដែលនេះទាមទារឲ្យមានការសហការពីភាគីពាក់ព័ន្ធទាំងអស់ដើម្បីកាត់បន្ថយភាពតានតឹង តាមរយៈការកសាងទំនុកចិត្ត និងការចរចា៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ