ប្រទេសចិនកំពុងនិយាយការពារដល់ការចាប់ខ្លួនជនជាតិកាណាដាពីរនាក់ និងបានបដិសេធអំពីការជាប់ពាក់ព័ន្ធរវាងការចាប់ខ្លួនជនជាតិកាណាដានាពេលថ្មីៗនេះទៅនឹងការដោះលែងបុគ្គលិកជាន់ខ្ពស់របស់ក្រុមហ៊ុនបច្ចេកវិទ្យាចិនឲ្យនៅក្រៅឃុំ។
លោកស្រី Meng Wanzhou ដែលជានាយកហរិញ្ញវត្ថុក្រុមហ៊ុន Huawei កំពុងរង់ចាំការបញ្ជូនខ្លួនមកសហរដ្ឋអាមេរិកលើបទចោទប្រកាន់នានា។ លោកស្រីបានបន្លំធនាគារអំពីការគ្រប់គ្រងរបស់ក្រុមហ៊ុន Huawei ទៅលើប្រតិបត្តិការនៅអ៊ីរ៉ង់។ សកម្មភាពទាំងនេះបានដាក់ឲ្យធនាគារប្រឈមនឹងគ្រោះថ្នាក់នៃការរំលោភបំពានលើទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។
ករណីចាប់ខ្លួនលោកស្រីបានក្លាយជាករណីស្មុគស្មាញកាន់តែខ្លាំងឡើងទាំងផ្នែកនយោបាយនិងការទូត និងត្រូវបានភ្ជាប់ទៅនឹងសង្គ្រាមពាណិជ្ជកម្មដែលកំពុងកើតឡើងរវាងសហរដ្ឋអាមេរិកនិងចិន។
ផ្ទុយពីអ្វីដែលចិនបានអះអាង ចិនកំពុងប្រមែលប្រមូលអំណាចនៅក្នុងគណបក្សតែមួយរបស់រដ្ឋនិងបណ្តាញផ្សព្វផ្សាយដែលស្ថិតក្រោមការគ្រប់គ្រងឲ្យនៅពីក្រោយក្រុមហ៊ុន Huawei និងលោកស្រី Meng ហើយសារគាំទ្របានកើនឡើងកាន់តែខ្លាំងថា៖ «ប្រសិនបើមិនដោះលែងលោកស្រី Meng ទេនោះ នឹងមានបញ្ហាកើតឡើង។ មនុស្សជាច្រើនមើលឃើញថាការចាប់ខ្លួនជនជាតិកាណាដាលោក Michael Spavor ជាអ្នកជំនួញម្នាក់និងលោក Michael Korvig ដែលជាអតីតអ្នកការទូតនៅសប្តាហ៍នេះគឺជាឧទាហរណ៍ដ៏សំខាន់មួយនៃការសងសឹកមកវិញ»។
លោក Li Jinjin ដែលជាមេធាវីម្នាក់នៅក្នុងទីក្រុងញ៉ូវយ៉កបាននិយាយថា៖ «ការណ៍នេះបង្ហាញយ៉ាងច្បាស់អំពីការសងសឹកនយោបាយដាក់គ្នា។ ការចាប់ខ្លួននេះស្មើនឹងជាការជូនដំណឹងទៅកាណាដាជាមុនថា រដ្ឋាភិបាលចិននឹងចាត់វិធានការសងសឹកវិញ»៕