បន្ទាប់ពីការវាយប្រហារខាងនយោបាយពីរដ្ឋបាលរបស់ប្រធានាធិបតី Donald Trump កាលពីថ្ងៃសុក្រម្សិលមិញ ចិនបានការពារវិទ្យាស្ថានខុងជឺរបស់ខ្លួនថា ជាវិទ្យាស្ថានវប្បធម៌ និងភាសា មិនពាក់ព័ន្ធនឹងនយោបាយទេ។
តាមមន្ត្រីសហព័ន្ធសហរដ្ឋអាមេរិកបានប្រាប់ឲ្យដឹងថា រដ្ឋបាលរបស់លោកប្រធានាធិបតី Trumpកាលពីសប្តាហ៍មុន បានជំរុញឲ្យសាលារៀននិងមហាវិទ្យាល័យសហរដ្ឋអាមេរិក គិតឡើងវិញនូវចំណងទាក់ទងរបស់ខ្លួនជាមួយវិទ្យាស្ថាន ដែលនាំភាសាចិនមកកាន់សហរដ្ឋអាមេរិក ក្រៅពីការនាំមកនូវឥទ្ធិពលអាក្រក់ពីប្រទេសចិនផងដែរនោះ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានជំទាស់ថា ការចាត់ទុកនិងការចោទប្រកាន់ ដែលធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo និងអ្នកនយោបាយសហរដ្ឋអាមេរិកផ្សេងទៀតជា «សកម្មភាពលម្អៀងខាងមនោគមវិជ្ជា និងផលប្រយោជន៍នយោបាយផ្ទាល់ខ្លួន» ហើយ «មានចេតនាធ្វើឲ្យអន្តរាយដល់ការផ្លាស់ប្តូរវប្បធម៌ និងការសិក្សាអប់រំនិងកិច្ចសហប្រតិបត្តិការរវាងចិននិងសហរដ្ឋអាមេរិក»។
លោក Zhao បាននិយាយនៅឯសន្និសីទកាសែតថា អ្នកនយោបាយសហរដ្ឋអាមេរិកគួរតែ «បោះបង់ចោលគំនិតសង្គ្រាមត្រជាក់ ហើយបញ្ឈប់ការរិះគន់ដោយធ្វើឲ្យក្លាយជាបញ្ហានយោបាយនូវកម្មវិធីផ្លាស់ប្តូរការសិក្សាអប់រំ រារាំងដល់ការផ្លាស់ប្តូរវប្បធម៌ធម្មតារវាងប្រទេសទាំងពីរ និងធ្វើឲ្យខូចដល់ការទុកចិត្តនិងកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក រវាងចិននិងសហរដ្ឋអាមេរិក»។
ក្នុងលិខិតមួយច្បាប់ផ្ញើរទៅកាន់សាកលវិទ្យាល័យ និងមន្ត្រីអប់រំនៅតាមរដ្ឋ ក្រសួងការបរទេសនិងក្រសួងអប់រំសហរដ្ឋអាមេរិក បានបញ្ជាក់ថា កម្មវិធីរបស់វិទ្យាស្ថានខុងជឺនោះផ្តល់ឲ្យគណបក្សកុម្មុយនិស្តចិន នូវទីកន្លែងលើទឹកដីសហរដ្ឋអាមេរិក ហើយនិងគំរាមកំហែងសេរីភាពក្នុងការបញ្ចេញមតិ។
សាលារៀនទាំងអស់ត្រូវបានផ្តល់ឱវាទឲ្យពិនិត្យមើលសកម្មភាពនានារបស់កម្មវិធីវិទ្យាស្ថានខុងជឺនោះ ហើយនិង «ចាត់វិធានការដើម្បីការពារបរិយាកាសនៃការសិក្សាអប់រំរបស់យើង»៕