ចិនបានលើកឡើងថា កម្មវិធីសហប្រតិបត្តិការសេដ្ឋកិច្ចដ៏ធំរបស់ខ្លួនជាមួយនឹងប្រទេសប៉ាគីស្ថានបានឈានដល់«ដំណាក់កាលប្រមូលផលដំបូង» ដែលធ្វើឲ្យវាក្លាយជាដំណើរការដ៏ឆាប់រហ័សនិងមានប្រសិទ្ធភាពបំផុតក្នុងចំណោមគម្រោងទាំងអស់នៃម្រោងខ្សែក្រវ៉ាត់មួយផ្លូវមួយរបស់រដ្ឋាភិបាលក្រុងប៉េកាំង ឬហៅកាត់ថា BRI។
លោកប្រធានាធិបតីចិន ស៊ី ជីនពីង បានសម្ពោធគម្រោងច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន ឬហៅកាត់ថា CPEC កាលពី២ឆ្នាំមុន គឺនៅពេលដែលលោកធ្វើទស្សនកិច្ចលក្ខណៈប្រវត្តិសាស្ត្រទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាដ (Islamabad)។ តាំងពីពេលនោះមក កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ត្រូវបានពង្រឹងបន្ថែមទៀតពីលើទំនាក់ទំនងដែលមានអាយុកាលរាប់ទសវត្សរ៍របស់សម្ព័ន្ធមិត្តតាំងពីយូរយារទាំងពីរនេះ។
ចិនកំពុងបណ្តាក់ទុនប្រមាណ៦០ពាន់លានដុល្លាអាមេរិកទៅលើបណ្តាញផ្លូវថ្នល់ ផ្លូវរថភ្លើង ខ្សែកាបអុបទិច បំពង់បង្ហូរថាមពល បណ្តុំឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងប្រទេសប៉ាគីស្ថាន។
ច្រករបៀងសេដ្ឋកិច្ចនេះនឹងភ្ជាប់តំបន់ភូមិភាគខាងលិច Xinjiang របស់ចិន ទៅកាន់កំពង់ផែ Gwadar របស់ប៉ាគីស្ថាន ដែលស្ថិតនៅលើសមុទ្រអារ៉ាប់។ ច្រកនេះនឹងធ្វើឲ្យចិនជាទីតាំងផ្លូវពាណិជ្ជដែលជិតបំផុតទៅកាន់ទីផ្សារអន្តរជាតិ។
អគ្គរដ្ឋទូតស្តីទីរបស់ចិនប្រចាំទីក្រុងអ៊ីស្លាម៉ាបាដ គឺលោក Lijian Zhao បានឲ្យដឹងថា គម្រោង CPEC ទាំង១៩ មានតម្លៃជាទឹកប្រាក់ប្រមាណ១៩ពាន់លានដុល្លារអាមេរិក ហើយបច្ចុប្បន្ននេះ គម្រោងទាំងនេះបានបញ្ចប់ឬកំពុងដំណើរការ។
លោក Zhaoបានថ្លែងក្នុងសន្និសីទមួយនៅទីក្រុងអ៊ីស្លាម៉ាបាដ ដែលជាទីក្រុងដ៏សំខាន់បំផុតមួយនៅប៉ាគីស្ថានថា៖ «គម្រោង CPEC ជាគម្រោងសាកល្បង និងជាគម្រោងដ៏ធំមួយនៃគម្រោងខ្សែក្រវ៉ាត់មួយផ្លូវមួយ។ នៅពេលនេះវាជាគម្រោងដែលមានដំណើរការយ៉ាងឆាប់រហ័សនិងមានប្រសិទ្ធភាពបំផុតក្នុងចំណោមគម្រោងខ្សែក្រវ៉ាត់មួយផ្លូវមួយទាំងអស់»។
លោកបានពណ៌នាកិច្ចសហប្រតិបត្តិការនេះថាជា «កិច្ចការដែលពុំធ្លាប់មានពីមុនមក» នៅក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងអន្តរជាតិចិននិងប៉ាគីស្ថាន។
កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដែលទាក់ទិននឹងច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន CPEC នេះ បានផ្តល់ការងារដល់ប្រជាជនរាប់ពាន់នាក់ ហើយមន្ត្រីប៉ាគីស្ថានរំពឹងថានឹងមានមនុស្សរាប់ម៉ឺននាក់បន្ថែមទៀតនឹងត្រូវទទួលបានការងារធ្វើក្នុងរយៈពេល២ឬ៣ឆ្នាំខាងមុខ។
ទីក្រុង Gwadar ដែលស្ថិតនៅក្នុងខេត្ត Baluchistan របស់ប្រទេសប៉ាគីស្ថាន គឺជាទីតាំងដែលធ្លាប់មានការវាយប្រហារលើក្រុមកម្មករនៃគម្រោង CPEC កាលពីប៉ុន្មានខែថ្មីៗនេះ។
អ្នករិះគន់មួយចំនួននៅប្រទេសប៉ាគីស្ថានបានបង្ហាញការបារម្ភទៅលើភាពជោគជ័យនៃគម្រោងច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន CPEC ហើយមួយចំនួនទៀតបានចោទសួរទៅលើការផលចំណេញសម្រាប់ប្រទេសនេះ។ ប៉ុន្តែក្រុមមន្ត្រីបានច្រានចោលការមន្ទិលសង្ស័យនេះ ថាមិនឃើញមាននោះទេ។
ប្រេសិតចិនបានថ្លែងថា ៖ «ទោះបីជាមានការរិះគន់និងសំឡេងរំខានពីនេះពីនោះក៏ដោយ ក៏៤ឆ្នាំក្រោយពីការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់រួមគ្នាពីប្រទេសទាំង២ គម្រោងច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន CPEC នេះ នៅមិនទាន់រងឥទ្ធិពលអ្វីពីសំឡេងរំខាននោះទេ។ ខ្ញុំអាចប្រាប់អ្នកវិញថាគម្រោង CPEC ប្រព្រឹត្តទៅដោយរលូត»។
លោកមិនបាននិយាយអ្វីបន្ថែមទៀតនោះទេ។
គម្រោងច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន CPEC ភាគច្រើនស្ថិតនៅក្នុងខេត្ត Baluchistan។ មន្ត្រីប៉ាគីស្ថានចោទទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ឥណ្ឌាដែលជាគូប្រជែង ថាជាអ្នកគាំទ្រការវាយប្រហារដោយយោធានៅក្នុងខេត្តនោះ ដើម្បីកម្ទេចការវិនិយោគទុនរបស់ចិន»។
រដ្ឋាភិបាលក្រុងញូវដេលីបានបដិសេធការចោទប្រកាន់នេះ ប៉ុន្តែក្រុមមន្ត្រីនៅទីនោះបានសម្តែងការបារម្ភទៅលើច្រករបៀងសេដ្ឋកិច្ចនោះ ពីព្រោះវាឆ្លងកាត់តាមផ្នែកមួយដែលស្ថិតក្រោមការគ្រប់គ្រងរបស់ប៉ាគីស្ថាននៅក្នុងតំបន់ Kashmir ដែលជាតំបន់បែងចែករវាងឥណ្ឌានិងប៉ាគីស្ថាន ហើយប្រទេសទាំងពីរនេះអះអាងរៀងៗខ្លួនថា តំបន់ហិមាល័យគឺជាកម្មសិទ្ធរបស់ខ្លួនទាំងស្រុង។
ថ្លែងនៅក្នុងសន្និសីទមួយ លោកស្រី Tehmina Janjua រដ្ឋលេខាធិការក្រសួងការបរទេសរបស់ប៉ាគីស្ថាន បានពន្យល់ពីបញ្ហាប្រឈមផ្នែកសន្តិសុខនៅក្នុងការប្របត្តិគម្រោងជាមួយប្រទេសចិន។
លោកស្រីថ្លែងថា៖ «ខ្ញុំសូមលើកឡើងថា ជាអកុសល ប្រទេសជិតខាងភាគខាងកើតរបស់យើង (ឥណ្ឌា) បានប្រកាសជាសាធារណៈប្រឆាំងទៅនឹងគម្រោង CPEC។ ហេតុផលដែលគេលើកឡើងដើម្បីប្រឆាំងមកលើពួកយើង គឺពុំមានមូលដ្ឋានទាល់តែសោះ»។
លោកស្រីបានច្រានចោលការចោទប្រកាន់របស់ឥណ្ឌាថាជា«រឿងដ៏អាក្រក់មួយ» សម្រាប់គម្រោងមួយដែលលោកស្រីថ្លែងថា នឹងនាំមកនូវការអភិវឌ្ឍនិងភាពចម្រុងចម្រើនដល់ប្រជាជននៅតំបន់ Kashmir។
លោកស្រីថ្លែងបន្តទៀតថា៖ «ចិននិងប៉ាគីស្ថាននឹងឈរកៀកស្មាគ្នាដើម្បីអភិវឌ្ឍគម្រោងCPEC ទៅតាមកាលដែលបានកំណត់ទុក។ យើងនឹងបន្តការតាំងចិត្តយ៉ាងពេញលេញ ដោយព្រងើយកន្តើយនឹងសំឡេងរំខាននិងឆ្លើយតបដោយខ្លាំងក្លាទៅលើការគំរាមកំហែងទាំងឡាយដែលសំដៅមកលើគម្រោង CPEC នេះ»។
យោធាប៉ាគីស្ថានបានដាក់ពង្រាយកងសន្តិសុខរាប់ពាន់នាក់ ដើម្បីយាមល្បាតទៅលើគម្រោងទាំងនោះនិងដើម្បីការពារអ្នកជំនាញនិងកម្មករចិនផងដែរ។
ចិនក៏បដិសេធចំពោះការរាយការណ៍ថា អាមេរិកបារម្ភពីគម្រោងរបស់ចិនដែលចង់ធ្វើឲ្យក្រុង Gwadar ក្លាយទៅជាមូលដ្ឋានកងទ័ពជើងទឹករបស់ចិន។
ក្រុមមន្ត្រីបាននិយាយថា គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗកំពុងតែចាប់ផ្តើមដំណើរការនៅក្នុងក្រុងកំពង់ផែ Gwadarក្រោមជំនួយរបស់ចិន ដែលរចនាសម្ព័ន្ធទាំងនេះរួមមាន តំបន់សេរីនិងអាកាសយានដ្ឋានអន្តរជាតិមួយដែលនឹងដាក់ឲ្យដំណើរការនៅឆ្នាំក្រោយ។
ស្របពេលដែលមហាវិថីមួយចំនួនកំពុងតែត្រូវបានសាងសង់ឡើង ហើយផ្លូវដែលមានស្រាប់ត្រូវបានអភិវឌ្ឍឲ្យកាន់តែទំនើបដើម្បីភ្ជាប់តំបន់នានាដែលស្ថិតក្រោមគម្រោង CPEC នេះ រោងចក្រថាមពលដើរដោយធ្យូងនៅកណ្តាលក្រុង Sahiwal ទើបតែត្រូវបានសាងសង់រួចរាល់ ដែលរោងចក្រនេះបន្ថែមថាមពលអគ្គិសនីក្នុងកម្រិត ១៣២០ ម៉េហ្កាវ៉ាត់ ទៅដល់បណ្តាញអគ្គិសនីជាតិរបស់ប៉ាគីស្ថាន។
រោងចក្រថាមពលដុតធ្យូងថ្មដែលផ្តល់ថាមពល ១៣២០ ម៉េហ្កាវ៉ាត់ទី២ ដែលស្ថិតនៅភាគខាងត្បូងនៃទីក្រុងកំពង់ផែពាណិជ្ជកម្ម Karachi ត្រូវគេរំពឹងថានឹងត្រូវសម្ភោធឲ្យប្រើប្រាស់នៅក្នុងខែវិច្ឆិកានេះ ដែលរោងចក្រនេះត្រូវបានប៉ាន់ប្រមាណថាបានចំណាយទឹកប្រាស់អស់២ពាន់លានដុល្លារអាមេរិក។
លោកប្រេសិត Zhao ក៏បានបន្ថែមទៀតថា ចិនក៏បានផ្តោតគោលដៅទៅលើការអភិវឌ្ឍផ្លូវដែករបស់ប៉ាគីស្ថានឲ្យកាន់តែទំនើប ដែលនឹងធ្វើឲ្យល្បឿនមធ្យមកើនឡើងដល់ទៅប្រមាណ ១៨០គីឡូម៉ែត្រក្នុងមួយម៉ោង គឺបង្កើនល្បឿនពីល្បឿនមធ្យមបច្ចុប្បន្នដែលមានត្រឹមតែ ៨០គីឡូម៉ែត្រក្នុងមួយម៉ោង៕
ប្រែសម្រួលដោយ ខាន់ សុគុំមនោ