ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ថ្លែងថាបណ្តាប្រទេសដែលចូលរួមនៅក្នុងវេទិកា ខ្សែក្រវ៉ាត់និងផ្លូវ បានឯកភាពគ្នាលើផែនការសកម្មភាពមួយដែលមានគោលដៅចំនួន២៧០។
ដោយថ្លែងនៅពេលបញ្ចប់វេទិកានេះ មេដឹកនាំចិនបាននិយាយថា ប្រមុខរដ្ឋទាំង៣០នាក់ដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលនៅក្នុងទីក្រុងប៉េកាំង និងនៅបឹង Yanqi ដែលនៅក្បែរនោះ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍មួយ ក្នុងការធ្វើឲ្យប្រសើរឡើងនូវសេដ្ឋកិច្ចសកលលោកដែលបើកចំហ ធ្វើឲ្យមានតុល្យភាពសកលភាវូបនីយកម្ម និងធ្វើឲ្យពាណិជ្ជកម្មសេរីកាន់តែស៊ីជម្រៅជាងមុន។
គំនិតផ្តួចផ្តើមអភិវឌ្ឍន៍ខ្សែក្រវ៉ាត់និងផ្លូវរបស់លោក ស៊ី ផ្តោតទៅលើការភ្ជាប់ទំនាក់ទំនងនិងសហប្រតិបត្តិការក្នុងចំណោមប្រទេសចិនជាមួយនឹងបណ្តាប្រទេសនៅអឺរ៉ុប និងអាស៊ី។ ផែនការនេះក៏រួមបញ្ចូលទាំងផែនការលើដីដែលមានឈ្មោះថា «ខ្សែក្រវ៉ាត់សេដ្ឋកិច្ចមាគ៌ាសូត្រ» និងផែនការលើមហាសមុទ្រដែលមានឈ្មោះថា «មាគ៌ាសូត្រដែនសមុទ្រ» ផងដែរ។
យុទ្ធសាស្រ្តនេះគូសបញ្ជាក់ពីការជំរុញរបស់ចិនក្នុងការកាន់តួនាទីធំជាងមុននៅក្នុងកិច្ចការសកលលោក។ លោក ស៊ី បានសង្កត់ធ្ងន់ថា ចិននឹងមិនប្រើមនោគមវិជ្ជាជាមូលដ្ឋាននៃសហប្រតិបត្តិការនេះ ឬប្រើខ្សែក្រវ៉ាត់និងផ្លូវ ដើម្បីជារបៀបវារៈនយោបាយ ដែលបង្កជាក្តីកង្វល់សម្រាប់អ្នករិះគន់ ដែលគូសបញ្ជាក់ពីផលប៉ះពាល់ភូមិសាស្ត្រនយោបាយដែលអាចមានពីគម្រោងដ៏ធំមួយនេះនោះទេ៕