ប្រទេសចិនបានប្រកាសថា ខ្លួននឹងអនុញ្ញាតឱ្យអ្នកវិទ្យាសាស្ត្រអន្តរជាតិអាចចូលទៅប្រើប្រាស់អង់តែនចាប់រលកវិទ្យុសម្រាប់អង្កេតផ្កាយដ៏ធំបំផុតរបស់ខ្លួន ទំហំ ៥០០ ម៉ែត្រ ដែលគេហៅថា Aperture Spherical Telescope ឬ FAST នៅក្នុងខេត្ត Guizhou នៅភាគពាយ័ព្យនៃប្រទេស។
បច្ចុប្បន្ននេះអង់តែននេះ ជាអង់តែនដ៏ធំបំផុតតែមួយគត់នៅក្នុងពិភពលោក បន្ទាប់ពីមានការដួលរលំអង់តែនមួយ ដែលមានទីតាំងនៅដែនកោះ Puerto Rico របស់សហរដ្ឋអាមេរិក។
នៅមុនការប្រកាសនេះ មន្ត្រីចិនកាលពីពាក់កណ្តាលខែធ្នូ បានអនុញ្ញាតឱ្យអ្នកសារព័ត៌មានអន្តរជាតិអាចចូលទៅក្នុងកន្លែងអង្កេតផ្កាយនេះ ដែលសាងសង់នៅក្នុងចង្អូរមួយនៅចន្លោះភ្នំនៅក្នុងតំបន់ដាច់ស្រយាលមួយនៅក្នុងខេត្ត Guizhou។
ការសាងសង់អង់តែន FAST បានចាប់ផ្តើមនៅក្នុងឆ្នាំ ២០១១ និងបានចាប់ផ្តើមប្រតិបត្តិការពេញលេញនៅក្នុងខែមករានៅឆ្នាំនេះ ដែលចំណាយប្រាក់អស់ប្រមាណ ១៧០ លានដុល្លារ។ អង់តែនទទួលសញ្ញាវិទ្យុនេះ ផ្តោតលើការចាប់យកសញ្ញាវិទ្យុដែលបញ្ចេញដោយវត្ថុនៅក្នុងលំហអវកាស ដូចជាផ្កាយ pulsar ដែលជាផ្កាយមួយប្រភេទដែលលែងឆេះហើយប្តូរកន្លែងញឹកញាប់។
តួនាទីរបស់អង់តែននេះកាន់តែមានសារៈសំខាន់ ចាប់តាំងពីមានការដួលរលំអង់តែនអង្កេតមើលផ្កាយ Arecibo Observatory ដែលជាកម្មសិទ្ធិរបស់សហរដ្ឋអាមេរិក និងមានទីតាំងនៅក្នុងកោះ Puerto Rico កាលពីថ្ងៃទី១ ខែធ្នូ។
អង់តែនចាប់សញ្ញាវិទ្យុនោះ មានទំហំធំជាងគេទី ២ បន្ទាប់ពីអង់តែន FAST របស់ចិន និងត្រូវបានបំផ្លាញនៅពេលវេទិកាទទួលសញ្ញាទម្ងន់ ៩០០ តោន ដែលត្រូវបានគេព្យួរបានដាច់ខ្សែ និងធ្លាក់ទៅលើថាសវិទ្យុ ដែលមានកម្ពស់ ១៤០ ម៉ែត្រពីគ្នា។
នាយកផ្នែកអធិការកិច្ចប្រតិបត្តិការនៃអង់តែន FAST លោក Wang Qiming បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា មនុស្សមួយក្រុមបានធ្វើទស្សនកិច្ចទៅកាន់អង់តែន Arecibo និងមានការជំរុញទឹកចិត្តយ៉ាងខ្លាំងពីអង់តែននោះ។
ប៉ុន្តែមន្ត្រីចិននិយាយថា អង់តែន FAST អាចចាប់សញ្ញាបានខ្លាំងជាងអង់តែន Arecibo ពី២ទៅ៣ដង និងអាចស្ទង់ល្បឿនបានលឿនជាងពី ៥ទៅ១០ដង។ ម៉្យាងទៀត វាអាចបង្វិលបានដែលអាចឲ្យវាមានរង្វាស់ចាប់សញ្ញាពីអវកាសមានទំហំធំជាង។
ក្រុមមន្ត្រីនិយាយថា ពួកគេសង្ឃឹមថា នឹងបើកឱ្យគេអាចអាចចូលប្រើប្រាស់អង់តែននេះ និងមើលឃើញនូវសមត្ថភាពដ៏អស្ចារ្យរបស់វា នៅក្នុងឆ្នាំ ២០២១។
ក្រុមអ្នកវិទ្យាសាស្ត្រដែលបានប្រើប្រាស់អង់តែន Arecibo Observatory បានទទួលពានរង្វាន់ណូបែលឆ្នាំ ១៩៩៣ ផ្នែករូបវិទ្យាសម្រាប់ការងាររបស់ពួកគេ ដែលបញ្ជាក់ពីវត្តមាននៃរលកទំនាញដោយតាមដានផ្កាយ pulsar មួយប្រភេទ។
ប្រទេសចិនសង្ឃឹមថា នឹងទាក់ទាញអ្នកវិទ្យាសាស្ត្រដែលមានទេពកោសល្យស្រដៀងគ្នានេះឱ្យធ្វើការនៅអង់តែន FAST៕