ការសាកល្បងអាវុធនុយក្លេអ៊ែរដោយប្រទេសកូរ៉េខាងជើង គឺជាការសាកល្បងសារជាថ្មីទៅលើក្រុមសម្ព័ន្ធមិត្តអន្តរជាតិ ដោយរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោកចន ឃឺរី (John Kerry) បានធ្វើការព្រមានទៅរដ្ឋាភិបាលក្រុងប៉េកាំងថា ខ្លួន (រដ្ឋាភិបាលក្រុងប៉េកាំង) ត្រូវពង្រឹងកិច្ចប្រឹងប្រែងនៅក្នុងការជំរុញឲ្យរបបដឹកនាំនៅកូរ៉េខាងជើងបោះបង់ចោលកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។
ប៉ុន្តែសម្រាប់ចិន ការព្រួយបារម្ភផ្សេងៗអំពីការដួលរលំដែលអាចកើតមានឡើងនៃរបបដឹកនាំនៅកូរ៉េខាងជើង នៅតែមានទំនោរខ្ពស់ជាងការព្រួយបារម្ភទៅលើសមត្ថភាពនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
លោក Victor Teo គឺជាជំនួយការសាស្រ្តាចារ្យនៅមហាវិទ្យាល័យហុងកុង (University of Hong Kong)។
លោកបាននិយាយថា «ការណ៍នេះបានដាក់ប្រទេសចិននៅក្នុងគោលជំហរដ៏លំបាកមួយ។ ចិនគឺជា សម្ព័ន្ធមិត្តដ៏សំខាន់បំផុតមួយរបស់កូរ៉េខាងជើង ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៥០មក។ ចិនគឺជាប្រទេសផ្គត់ផ្គង់ចម្បងទៅលើផ្នែកថាមពល និងស្បៀងអាហារទៅកាន់ប្រជាជនកូរ៉េខាងជើង»។
ចិនគឺជាប្រទេសជិតខាងរបស់កូរ៉េខាងជើង ហើយនៅស្របពេលដែលទំនាក់ទំនងការទូតបានថមថយនៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរនៅតែមានភាពរឹងមាំ។ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានសរុប៦.៤០០លានដុល្លារនៅក្នុងឆ្នាំ២០១៤។
សហរដ្ឋអាមេរិកនិយាយថា ចិនអាចដាក់សម្ពាធទៅលើកូរ៉េខាងជើងតាមរយៈការកាត់បន្ថយថាមពលទៅលើប្រទេសនោះ និងការដាក់កំហិតទៅលើពាណិជ្ជកម្ម។ ចិនបានកាត់បន្ថយការនាំចេញប្រេងឆៅទៅកូរ៉េខាងជើងនៅក្នុងឆ្នាំ២០១៣ បន្ទាប់ពីការសាកល្បងអាវុធនុយក្លេអ៊ែរកាលពីគ្រាមុន។ ប៉ុន្តែការដាក់ទណ្ឌកម្មអន្តរជាតិជាច្រើនបែប ដែលភាគច្រើនមានគោលដៅដាក់ទៅលើយោធាកូរ៉េខាងជើង បានបរាជ័យនៅក្នុងការជះឥទ្ធិពលទៅលើរបបដឹកនាំនៅក្នុងប្រទេសនោះ។ កូរ៉េខាងជើងបានសាកល្បងអាវុធនុយក្លេអ៊ែរចំនួនបួនលើកចាប់តាំងពីឆ្នាំ២០០៦មក។
លោក Wang Dong គឺជាសាស្រ្តាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិនៅមហាវិទ្យាល័យប៉េកាំង (Peking University)។
លោកបាននិយាយថា៖ «យើងត្រូវតែទទួលស្គាល់ថា បញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង គឺជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់មនុស្សគ្រប់គ្នា ហើយតាមពិតទៅ វាមិនមែនគ្រាន់តែជាបញ្ហារបស់ចិននោះទេ។ ចិនតែម្នាក់ឯងមិនអាចដោះស្រាយបញ្ហានោះបានទេ»។
ចិនមានទំនោរនៅក្នុងការតតាំងនឹងការដាក់សម្ពាធពីស.រ.អានៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយទៅលើគោលនយោបាយរបស់ខ្លួន និងទំនាក់ទំនងពាណិជ្ជកម្មជាមួយនឹងកូរ៉េខាងជើង។
របបដឹកនាំនៅកូរ៉េខាងជើងបានផ្តល់ជាថ្នាលយុទ្ធសាស្រ្តមួយនៅតាមបណ្តោយព្រំដែនភាគឦសានរបស់ចិន ហើយការដួលរលំរបស់កូរ៉េខាងជើងនឹងនាំមកនូវអស្ថេរភាពទៅលើចិន ដែលកំពុងតែជួបប្រទះនូវការថយចុះកំណើនសេដ្ឋកិច្ច ការកើនឡើងនៃចំនួនបាតុកម្មតវ៉ាផ្នែកពលកម្មពាសពេញប្រទេស ក៏ដូចជាភាពវឹកវរនៅតំបន់ទីបេ និងខេត្ត Xinjiang នៅព្រំដែនភាគខាងលិចរបស់ខ្លួន។
លោក Xiache Cheng ជាសាស្រ្តាចារ្យមកពីសាកលវិទ្យាល័យ Renmin។
លោកបានមានប្រសាសន៍ថា៖ «ពិតណាស់ ចិននឹងសហការជាមួយនឹងស.រ.អា ប៉ុន្តែចិនមិនស្ថិតនៅក្នុងគោលជំហរមួយនៅក្នុងការអនុវត្តសំណើណែនាំដោយស.រ.អាទាំងស្រុងនោះទេ។ ចិននឹងលើកឡើងពីសំណើផ្ទាល់របស់ខ្លួន»។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានថ្កោលទោសកូរ៉េខាងជើងពីការសាកល្បងអាវុធនុយក្លេអ៊ែរ ប៉ុន្តែបាននិយាយថា ចិនមិនមានការទទួលខុសត្រូវតែម្នាក់ឯងនៅក្នុងការដាក់សម្ពាធទៅលើរបបដឹកនាំនៅប្រទេសកូរ៉េខាងជើងនោះទេ។ នៅក្នុងបទវិចារណកថាមួយ សារព័ត៌មាន China Daily បានធ្វើការព្រមានថា រដ្ឋាភិបាលក្រុងប៉េកាំង «មិនគួរលីសែងបញ្ហាជាប់គាំង» រវាងស.រ.អា និងកូរ៉េខាងជើងដែលកើតមានបន្ទាប់ពីសង្រ្គាមកូរ៉េនោះទេ៕
ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា