ក្រោយបញ្ចប់ការជាប់ឃុំក្នុងពន្ធនាគាររយៈពេលពីរឆ្នាំ កញ្ញា ឈឹម ស៊ីថរ មេដឹកនាំសហជីពក្រុមហ៊ុនកាស៊ីណូណាហ្កាវើលដ៍ ប្រកាសប្តេជ្ញាបន្តដឹកនាំការធ្វើកូដកម្មទាមទាររកដំណោះស្រាយវិវាទការងារពីក្រុមហ៊ុនណាហ្កាវើលដ៍ បើទោះត្រូវប្រឈមនឹងការចាប់ខ្លួនម្តងទៀត។
នៅថ្ងៃទី ១៦ ខែកញ្ញានេះ កញ្ញា ឈឹម ស៊ីថរ ថ្នាក់ដឹកនាំសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្កាវើលដ៍ (LRSU) ត្រូវបានដោះលែងឱ្យមានសេរីភាព បន្ទាប់ពីកញ្ញាត្រូវបានជាប់ឃុំក្នុងពន្ធនាគាររយៈពេល ២ឆ្នាំ ពីបទ«ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ពាក់ព័ន្ធនឹងការដឹកនាំកូដកម្មទាមទារឱ្យក្រុមហ៊ុនកាស៊ីណូណាហ្កាវើលដ៍គោរពសិទ្ធិសហជីព និងយកបុគ្គលិកចូលធ្វើការវិញ។
កញ្ញា ឈឹម ស៊ីថរ ប្រាប់វីអូអេនៅព្រឹកថ្ងៃចន្ទនេះថា កញ្ញាត្រូវបានដោះលែងពីពន្ធនាគារនៅម៉ោង ៤កន្លះព្រឹក ដោយមានរថយន្តពន្ធនាគារដឹកទៅដល់ផ្ទះនៅរាជធានីភ្នំពេញ។ កញ្ញាថា ការចាប់ខ្លួនកញ្ញាដាក់ពន្ធនាគាររយៈពេល ២ឆ្នាំនេះ គឺជារឿងគួរឱ្យសោកស្តាយដែលអាជ្ញាធរមិនព្រមដោះស្រាយដើម្បីបញ្ចប់វិវាទការងារនេះ តែបែរចាប់កញ្ញា និងអ្នកតវ៉ាផ្សេងទៀតដាក់ពន្ធនាគារទៅវិញ។
កញ្ញាបញ្ជាក់ថា៖ «ដើម្បីបញ្ឈប់ការទាមទារ ដើម្បីកុំឱ្យមានរឿងអយុត្តិធម៌ទាល់តែផ្តល់យុត្តិធម៌។ អាហ្នឹងទី១ ដែលនាងខ្ញុំចង់បង្ហាញ។ ទី២ ទោះបីយ៉ាងណាក៏ដោយ យើងខ្ញុំទាំងអស់គ្នាមានការសោកស្តាយ អ្វីដែលក្រុមហ៊ុនបានធ្វើមកលើកម្មករ។ អ្វីដែលក្រុមហ៊ុនបានបំពានច្បាប់មិនត្រូវបានអនុវត្ត មិនត្រូវបានមានវិធានការ បែរទៅជាមានវិធានការទៅលើអ្នកដែលជាជនរងគ្រោះទៅវិញ។ នេះជាការសោកស្តាយមួយធំបំផុតសម្រាប់នាងខ្ញុំ ដែលរស់នៅក្នុងប្រទេសដែលយើងហៅថា នីតិរដ្ឋ និងប្រជាធិបតេយ្យ»។
កញ្ញា ឈឹម ស៊ីថរ បន្ថែមថា ក្រោយមានសេរីភាពពីការឃុំខ្លួនរយៈពេលពីរឆ្នាំ កញ្ញានឹងបន្តចូលរួមដឹកនាំកូដកម្មជាមួយក្រុមកូដករ បើទោះជាបារម្ភថាអាចនឹងត្រូវបានចាប់ខ្លួនម្តងទៀតក្តី។
កញ្ញានិយាយថា៖ «យើងនៅតែបន្តទាមទារយុត្តិធម៌រហូតទទួលបានដំណោះស្រាយ»។
ទោះជាយ៉ាងណាកញ្ញាថា កញ្ញាមិនទាន់មានគម្រោងជាក់លាក់ក្នុងការចូលរួមធ្វើកូដកម្មពេលណានៅឡើយ ដោយនឹងត្រូវចំណាយពេលជាមួយគ្រួសារ និងពិនិត្យសុខភាពជាមុនសិន។
លោក នុត សវនា អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃប្រាប់វីអូអេថា ការដោះលែងកញ្ញា ឈឹម ស៊ីថរ ទាំងព្រឹកព្រលឹមគឺជាវិធានការរក្សាសណ្តាប់ធ្នាប់។
លោកបញ្ជាក់ថា៖ «ការងារនេះគឺយើងមិនចង់ឱ្យមានបញ្ហា ពីព្រោះថ្ងៃនេះថ្ងៃចន្ទ មនុស្សត្រូវឆ្លងកាត់ផ្លូវធ្វើការ ហើយយើងឮព័ត៌មានថា មានមនុស្សមួយក្រុមគាត់មានផែនការប្រមូលផ្តុំដើម្បីមកជួបកញ្ញា ឈឹម ស៊ីថរ នៅមុខមណ្ឌលអប់រំកែប្រែទី២។ អ៊ីចឹងបានយើងរៀបចំបញ្ចៀសកុំឱ្យមានបញ្ហាជួបជុំគ្នា។ វាបង្កឱ្យមានភាពកកស្ទះនៅផ្លូវហ្នឹង ហើយថ្ងៃចន្ទផ្លូវហ្នឹងរវល់ផង។ អ៊ីចឹងយើងធ្វើម៉េចបញ្ចៀសបញ្ហាហ្នឹង»។
កញ្ញា ឈឹម ស៊ីថរ ត្រូវបានចាប់ខ្លួនកាលពីខែមករា ឆ្នាំ ២០២២ ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» បន្ទាប់ពីបានដឹកនាំការធ្វើកូដកម្មអស់រយៈពេលជាងពីរសប្តាហ៍ ទាមទារឲ្យក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ទទួលយកបុគ្គលិកជាច្រើនរយនាក់ចូលធ្វើការវិញ និងផ្តល់អត្ថប្រយោជន៍ផ្សេងទៀតដល់បុគ្គលិក ដែលត្រូវបានបណ្តេញចេញពីការងារទាំងបង្ខំ។ កញ្ញាត្រូវបានដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្នកាលពីខែមីនា ឆ្នាំ ២០២២។ អាជ្ញាធរបានចាប់ខ្លួនកញ្ញា ឈឹម ស៊ីថរ ដាក់ពន្ធនាគារវិញកាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២២ ពេលកញ្ញាត្រឡប់មកពីប្រទេសអូស្ត្រាលី ដោយចោទកញ្ញាពីបទរំលោភលើលក្ខខណ្ឌស្ថិតនៅក្រៅឃុំ។
នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០២៣ សាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសកញ្ញា ឈឹម ស៊ីថរ ឱ្យជាប់ពន្ធនាគារពីរឆ្នាំពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌លើកឡើងថា កញ្ញា ឈឹម ស៊ីថរ ត្រូវបានកាត់ទោសពីបទល្មើសដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ មិនមែនដោយសារវិវាទការងារនោះទេ។
លោកបញ្ជាក់ថា៖ «ទី ១ ការចាប់ខ្លួនគាត់មិនមែនដោយសារតែវិវាទការងារទេ។ វិវាទការងារណាហ្កាវើលដ៍គេមានយន្តការដោះស្រាយតាមច្បាប់ការងាររួចអស់ទៅហើយ។ ប៉ុន្តែការចាប់ខ្លួនគាត់ ផ្តន្ទាទោសគាត់ ដោយសារគាត់ប្រព្រឹត្តអំពើល្មើស បទល្មើសព្រហ្មទណ្ឌដែលមិនពាក់ព័ន្ធនឹងវិវាទការងារនេះទេ។ ឥឡូវគាត់អនុវត្តទោសចប់ហើយ បើសិនជាគាត់មិនរាងចាល នៅតែបន្តប្រព្រឹត្តល្មើសហ្នឹងទៀត អាហ្នឹងនឹងប្រឈមមុខនឹងផ្លូវច្បាប់ដែលមានជាធរមានទៀតទៅ!»
កាលពីដើមឆ្នាំ ២០២៣ កញ្ញា ឈឹម ស៊ីថរទទួលបានពានរង្វាន់អ្នកការពារសិទ្ធិមនុស្សប្រចាំឆ្នាំ ២០២២ ពីក្រសួងការបរទេសសហរដ្ឋអាមេរិក។ ហើយកាលពីខែមេសា រដ្ឋាភិបាលស៊ុយអ៊ែត បានផ្តល់ពានរង្វាន់អ្នកការពារសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតយ្យឈ្មោះថា The Per Anger Prize ដល់កញ្ញា ឈឹម ស៊ីថរ។ ពានរង្វាន់នោះផ្តល់សម្រាប់អ្នកដែលបង្ហាញពីភាពក្លាហានយ៉ាងពិសេស និងភាពជាអ្នកដឹកនាំក្នុងការតស៊ូមតិដើម្បិលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លើកឡើងថា លោកសាទរដែលកញ្ញា ឈឹម ស៊ីថរ មានសេរីភាពឡើងវិញ ប៉ុន្តែលោកនៅតែសោកស្តាយដែលកញ្ញាត្រូវបានកាត់ទោសដោយសារការតវ៉ាទាមទារឱ្យក្រុមហ៊ុនណាហ្កាវើលដ៍ដោះស្រាយវិវាទការងារ។ លោកបន្ថែមថា វិវាទការងាររបស់កូដករណាហ្កាវើលដ៍គួរតែបញ្ចប់ ស្របពេលដែលសិទ្ធិក្នុងការធ្វើកូដកម្មដោយសន្តិវិធីរបស់កូដករធ្វើឡើងស្របតាមច្បាប់។
លោកបន្ថែមថា៖ «វាល្មមដល់ពេលដែលត្រូវបានបញ្ចប់វិវាទការងារវាងក្រុមហ៊ុនណាហ្កាវើដល៍ជាមួយនឹងក្រុមកូដករហ្នឹងហើយ។ មិនគួរទុកឱ្យមានការអូសបន្លាយទៀតទេ ពីព្រោះសិទ្ធិក្នុងការធ្វើកូដកម្មដោយស្របច្បាប់ វាជាសិទ្ធិរបស់កម្មករ ដែលធានាដោយច្បាប់ ដែលមិនមែនជាបទល្មើសទេ។ ការធ្វើកូដកម្មដោយសន្តិវិធីមិនមែនជាបទល្មើសទេ។ អ៊ីចឹងបើសិនជាដរាបណាវិវាទការងារមិនទាន់បានបញ្ចប់ ការធ្វើកូដកម្មដោយសន្តិវិធី វាជារឿងត្រឹមត្រូវតាមផ្លូវច្បាប់ទេ»។
ក្រុមបុគ្គលិក និងសហជីពក្រុមហ៊ុនណាហ្កាវើលដ៍ដែលមានកញ្ញា ឈឹម ស៊ីថរ ជាមេដឹកនាំ បានធ្វើកូដកម្មតាំងពីចុងឆ្នាំ ២០២១ មក បន្ទាប់ពីក្រុមហ៊ុនណាហ្កាវើលដ៍ បញ្ឈប់បុគ្គលិកជាង ១ ពាន់នាក់ពីការងារ ដោយបញ្ជាក់ថា ក្រុមហ៊ុនប្រឈមនឹងបញ្ហាហិរញ្ញវត្ថុ។
ក្រៅពីកញ្ញា ឈឹម ស៊ីថរ ដែលត្រូវបានចាប់ខ្លួន តំណាងសហជីពណាហ្កាវើលដ៍ចំនួន ៩នាក់ ក៏ត្រូវបានកាត់ទោសផងដែរ។
បើទោះបីជាកញ្ញា ឈឹម ស៊ីថរ និងតំណាងសហជីពផ្សេងទៀតត្រូវបានចាប់ខ្លួនក្តី ក៏ក្រុមកូដករនៅតែបន្តកូដកម្មទាមទារឲ្យមានដំណោះស្រាយជុំវិញការបញ្ឈប់បុគ្គលិកទាំងនោះ រហូតមកដល់ពេលនេះ៕
វេទិកាបញ្ចេញមតិ