ក្រុមអាជ្ញាធរចិនបានបញ្ជូនរឿងក្តីពុករលួយប្រឆាំងនឹងលោក Zhou Yonkang អតីតប្រធានសន្តិសុខជាតិទៅកាន់រដ្ឋអាជ្ញា ដែលជាចំណាត់ការថ្មីៗបំផុតនៅក្នុងយុទ្ធនាការប្រឆាំងអំពើពុករលួយរបស់ប្រធានាធិបតី ស៊ី ជីងពីង (Xi Jinping)។
ក្រុមឃ្លាំមើលការប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង គឺគណៈកម្មការមជ្ឈឹមសម្រាប់អធិការកិច្ចពិន័យ បានប្រកាសនៅលើគេហទំព័ររបស់ខ្លួនកាលពីថ្ងៃពុធថា រឿងក្តីរបស់លោក Zhou រួមជាមួយរឿងក្តីរបស់មន្រ្តីផ្សេងៗទៀត ត្រូវបានបញ្ជូនទៅកាន់តុលាការ ដើម្បីត្រួសត្រាយផ្លូវឲ្យមានការកាត់ទោស។
រហូតមកទល់ពេលនេះ លោកZhou ជាមន្រ្តីជាន់ខ្ពស់បំផុត ដែលត្រូវបានចាប់ខ្លួននៅក្នុងការបោសសម្អាតក្នុងយុទ្ធនាការប្រឆាំងពុករលួយរបស់ប្រធានាធិបតី ស៊ី។
នៅដើមខែធ្នូ លោកYongkangត្រូវបានចាប់ខ្លួន ហើយត្រូវបានដកពីសមាជិកភាពបក្សកុម្មុយនិស្តរបស់លោក ពីបទបញ្ចេញការសម្ងាត់រដ្ឋ ហើយនឹងការទទួលសំណូក។ សមាជិករបស់គណៈកម្មាធិការការិយាល័យចូលនិវត្តន៍រូបនេះ ជាមន្រ្តីជាន់ខ្ពស់របស់បក្សកុម្មុយនិស្តចិនដែលត្រូវបានកាត់ទោសនៅក្នុងរយៈពេលជាង៣ទសវត្សរ៍នេះ។
នៅមិនទាន់មានភាពច្បាស់ទេថា តើយុទ្ធនាការប្រឆាំងអំពើពុករលួយនេះនឹងទទួលជោគជ័យដែរឬទេ ពីព្រោះតែយុទ្ធនាការនោះមិនបានបង្ហាញថា មានដំណើរការស្របទៅតាមការធ្វើកំណែទម្រង់កាន់តែធំឡើងនៃប្រព័ន្ធនយោបាយរបស់ចិននោះ។ បន្ថែមពីនេះទៀត តុលាការរបស់ប្រទេសចិនត្រូវបានត្រួតត្រាដោយគណបក្សកុម្មុយនិស្ត ដែលធ្វើឲ្យមានការលំបាកដើម្បីវិនិច្ឆ័យថា តើការចោទប្រកាន់រឿងពុករលួយនោះមានហេតុផលខាងនយោបាយដែរឬទេ។
ក៏ប៉ុន្តែប្រធានាធិបតី ស៊ី បានសន្យាថានឹងជំរុញយុទ្ធនាការនេះ ដោយនិយាយថា អំពើពុលរលួយយ៉ាងខ្លាំងកំពុងគំរាមភាពស្របច្បាប់និងការគ្រប់គ្រងរបស់បក្សដែលជាគណបក្សដឹកនាំប្រទេសតែមួយគត់ក្នុងប្រទេសចិន៕