ពលរដ្ឋខ្មែរអ៊ិស្លាមមួយចំនួនបន្តរស់នៅក្នុងទូកលើទឹកក្នុងតំបន់ជ្រោយចង្វារ រាជធានីភ្នំពេញ ដោយប្រឈមនឹងការបណ្តេញចេញ។ ពួកគេស្នើសុំទីតាំងស្នាក់នៅត្រឹមត្រូវមួយ។
ពលរដ្ឋខ្មែរអ៊ិស្លាមម្នាក់ អ្នកស្រី មីត ស៊ីម៉ាស អាយុ ៥៨ ឆ្នាំ ប្រាប់វីអូអេថា៖ «ខ្ញុំរស់នៅទីនេះយូរហើយ មិនមែនទើបតែនៅទេ។ បើគិតពីអាយុកូន គឺ ៤០ ជាងហើយ។ អ៊ុំនៅហ្នឹង មានសញ្ជាតិខ្មែរមានទាំងអស់ សូម្បីតែអត្តសញ្ញាណបណ្ណ អ្វីក៏មានដែរមានទាំងអស់។ នៅនេះ មានការលំបាកបន្តិច ទីកន្លែងរស់នៅ រស់នៅហ្នឹងទី ១ អត់មានកន្លែងរស់នៅត្រឹមត្រូវ ត្រូវខ្យល់ត្រូវភ្លៀង ដូចផ្គរអីមកយើងត្រូវការរត់។ ទី ២ ប្រឈម និងអ្នកដេញ គេដេញចេញអត់ឱ្យយើងនៅទេ ចង់ទៅណាក៏ទៅៗ»។
ចំណែកពលរដ្ឋខ្មែរអ៊ិស្លាមម្នាក់ទៀត លោក មើ ម៉ាន អាយុ ៦៧ ឆ្នាំ ថ្លែងថា៖ «ខ្ញុំមករស់នៅហ្នឹងតាំងបរមបុរាណ កើតមកដឹងក្តីពេលណាខ្ញុំមកនៅហ្នឹង។ ខ្ញុំជាអ្នកនេសាទត្រី ហើយពេលណារកបានយកទៅលក់តាមទីផ្សារ។ រាល់ថ្ងៃពិបាករឿងខ្យល់ភ្លៀងពិតបាកមែនទែន ពេលរលកខ្យល់មកហ្នឹងពិបាកលេចទូកអីហ្នឹង វាត្រូវការទៅរៀនអីទៅចោលក្មេង»។
កាលពីឆ្នាំ ២០២២ មានការប៉ាន់ប្រមាណថា ខ្មែរអ៊ិស្លាមក្នុងប្រទេសកម្ពុជាមានចន្លោះពី ៣៣ ម៉ឺននាក់ ទៅ ៨៣ ម៉ឺននាក់ គឺប្រមាណ ២% ទៅ ៥% នៃប្រជាជនកម្ពុជាសរុប ដែលមានប្រមាណ ១៦ លាន ៧ សែននាក់។
ពលរដខ្មែរអ៊ិស្លាមប្រាប់វីអូអេថា ពួកគេមានសេរីភាពក្នុងការប្រតិបត្តិសាសនាអ៊ិស្លាមរបស់ពួកគេ។
អ្នកស្រី មីត ស៊ីម៉ាស ថ្លែងថា៖ «ពាក់ព័ន្ធនិងជំនឿសាសនាពួកខ្ញុំ គោរពត្រឹមត្រូវទាំងអស់ បើថាគេខាងព្រះពុទ្ធឱ្យគេគោរពខាងព្រះពុទ្ធទៅ ។ ខាងខ្ញុំ ខ្ញុំត្រូវគិតគូរខាងខ្ញុំទាំងអស់ អត់មានឱ្យទើសខាងណាទេ ដល់ខែបួសខ្ញុំត្រូវការបួស១ខែហ្នឹងឱ្យបាន៣០ថ្ងៃរហូត»។
នៅថ្ងៃព្រហស្បតិ៍ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាជាប្រទេសដែលគោរព និងផ្ដល់តម្លៃដល់ការគោរពបដិបត្តិជំនឿសាសនាផ្សេងៗ។ លោកថ្លែងបែបនេះ ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអ៊ិស្លាម ក្រោមប្រធានបទ «អ៊ិស្លាមនិងពុទ្ធសាសនា»។
ក្នុងពិធីនោះ លោក ហ៊ុន ម៉ាណែត ថ្លែងថា កម្ពុជាមានសេរីភាពសាសនាពេញលេញ ហើយមិនមានការប្រកាន់ជាតិសាសន៍សាសនាឡើយ។
លោក ហ៊ុន ម៉ាណែត ថ្លែងថា៖ «ការជំរុញសុខដុមនីយកម្មសាសនា គឺជា DNA របស់គណបក្សប្រជាជនកម្ពុជា ហើយគ្រប់អាណត្តិនៃរាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា យើងតែងតែប្រកាន់ភ្ជាប់នូវគោលការណ៍នេះជានិច្ច [...] លើកម្រិតគោលនយោបាយដឹកនាំប្រទេស ការយកចិត្តទុកដាក់លើបងប្អូនខ្មែរអ៊ិស្លាម និងបងប្អូនប្រកាន់យកសាសនាផ្សេងទៀតគឺមានតាំងពីថ្នាក់ដឹកនាំកំពូលដែលកាន់ពុទ្ធសាសនា រហូតដល់ថ្នាក់ដឹកនាំមូលដ្ឋានជាក់ស្តែង ដូចជាព្រះមហាក្សត្រគ្រប់ជំនាន់ បានផ្តល់ការសន្តោសប្រណីដល់សហគមន៍អ៊ិស្លាម ដែលជាជនជាតិភៀសខ្លួនដោយសារសង្គ្រាមបានមករស់នៅលើទឹកដីកម្ពុជា»។
ខ្មែរអ៊ិស្លាមដែលពឹងផ្អែកលើការនេសាទជាមុខរបរអះអាងថា បើទោះពួកគេមានសេរីភាពខាងសាសនាក្នុងប្រទេសកម្ពុជា ប៉ុន្តែពួកគេកំពុងប្រឈមនឹងការរស់នៅលើទឹក មិនមានទីតាំងរស់នៅច្បាស់លាស់។
លោក មើ ម៉ាន ថ្លែងថា៖ «ខ្ញុំគ្រាន់តែសំណូមពរថា ឱ្យដូចឯកឧត្តម លោកជំទាវ សម្តេចគាត់ថា ខ្ញុំសុំជាទីលំនៅជម្រកកន្លែងណាមួយកន្លែង ហើយខ្ញុំសុំឱ្យមានសាលាឱ្យក្មេងៗវាបានរៀន»។
មន្រ្តីកម្ពុជាបានលើកឡើងថា ប្រទេសកម្ពុជាមានសុខដុមនីយកម្មសាសនា ហើយមានសាមគ្គីភាពគ្នាដោយការអត់ឱន។ បើតាមមន្រ្តី នៅកម្ពុជាអ្នកកាន់សាសនាអ៊ិស្លាមមានចំនួន ៥% សាសនាព្រះពុទ្ធចំនួន ៩៣% ហើយសាសនាផ្សេងៗចំនួន ២%៕
វេទិកាបញ្ចេញមតិ