ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំបក្ស​ប្រឆាំង​និរទេស​ខ្លួន​ពន្យារ​ពេល​វិល​ចូល​ប្រទេស​វិញ


រូបឯកសារ៖ លោក​ Succès Masra មេដឹកនាំគណបក្សប្រឆាំងនៅក្នុងប្រទេសឆាត កាលពីឆ្នាំ ២០២២។
រូបឯកសារ៖ លោក​ Succès Masra មេដឹកនាំគណបក្សប្រឆាំងនៅក្នុងប្រទេសឆាត កាលពីឆ្នាំ ២០២២។

លោក​ Succès Masra ប្រធានគណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​ក្នុង​ប្រទេស​ឆាដ​ ដែលមាន​ឈ្មោះ​ថា​«អ្នកផ្លាស់ប្តូរឬ​ The Transformers» បាន​និយាយ​ថា ស្ថានភាព​សន្តិសុខ​និង​នយោបាយ​នៅ​ក្នុង​ប្រទេស​របស់​លោក នៅ​តែ​មាន​ភាន​តាន​តឹង​នៅ​ឡើយ​ ហើយ​លោក​មាន​គម្រោង​នឹង​ពន្យារ​ពេល​ការ​វិល​ត្រឡប់​ចូល​ស្រុក​វិញ​ រហូត​ដល់​ខែ​វិច្ឆិកា​ខាង​មុខនេះ​ ​ដើម្បី​បញ្ជៀស​នូវ​ហានិភ័យ​ជា​យថាហេតុ​ណា​មួយ​ដល់​អ្នកដែល​កំពុង​រៀប​ចំ​ទទួល​ស្វាគមន៍​លោក​ នៅ​ពេល​លោក​មក​ដល់​ប្រទេស​ឆាដ។

លោក​ Masra ​បាន​ស្នើ​កាល​ពី​ថ្ងៃ​ចន្ទ​ដល់ប្រធានាធិបតីសាធារណរដ្ឋ​កុងហ្គោ​ លោក​ Felix Tshisekedi ដើម្បី​ប្រាប់ដល់​ក្រុម​ប្រឹក្សា​យោធា​បណ្តោះ​អាសន្នក្នុង​ប្រទេស​ឆាដ​ ឱ្យ​បញ្ឈប់​អំពើ​ហិង្សា​ផ្នែក​សិទ្ធិមនុស្ស​ដែលកើត​ឡើង​មិន​ឈប់​ឈរ ដែល​រួម​មាន​ការ​ចាប់​ចង​តាំ​ទំនើង​ចិត្ត​ ការ​ឃុំខ្លួន​ និង​ការ​ធ្វើ​ទារុណ្ឌកម្មគូប្រឆាំង​ជាដើម។

ក្រុម​ប្លុក​តំបន់​អាហ្វ្រិក​កណ្តាល​ ដែល​មាន​សមាជិក​សហគមន៍​សេដ្ឋកិច្ច​នៃ​រដ្ឋអាហ្វ្រិក​កណ្តាល​ចំនួន​១១​ប្រទេស បាន​តែងតាំង​លោក Tshisekedi ធ្វើ​ជា​អ្នក​សម្របសម្រួលមួយ​រូប​ លើ​ដំណើរការអន្តរកាល​នយោបាយនៅ​ក្នុង​ប្រទេស​ឆាដ​ កាល​ពី​ខែ​តុលា​ ឆ្នាំ​២០២២​ ក្រោយ​ពី​មាន​ជនស៊ីវិល​ជា​ច្រើន​នាក់​ត្រូវ​បាន​សម្លាប់ នៅ​ក្នុង​ការ​ប្រឆាំង​តវ៉ាទៅ​នឹង​មេដឹកនាំយោធា​ លោក​ Mahamat Idriss Deby។

សារ​ប្រកាស​ស្តី​ពី​ការសម្រេច​ចិត្ត​ក្នុង​ការពន្យារពេល​វិល​ចូល​ស្រុក​វិញរបស់​លោក​ Masra ត្រូវ​បាន​ចែក​រំលែក​លើ​បណ្តាញ​សង្គម​ ដែល​រួម​មាន​ហ្វេសប៊ុកនិង​ Whatsapp ក៏​ដូច​ជា​ត្រូវ​បាន​ផ្សាយដោយ​ប្រព័ន្ធព័ត៌មាន​ជា​ច្រើនក្នុង​ប្រទេស​ឆាដ​ផង​ដែរ។

លោក​ថ្លែង​ដូច​នេះ​ថា៖ «ដោយរំលោភ​លើសេចក្តី​សម្រេចចិត្តនៃ​កិច្ចសន្ទនាជាតិស្តី​ពីអធិបតេយ្យ​និង​បរិយាបន្ន​ លោក​ Deby ​កំពុង​បង្ហាញ​ជា​ចំហ​នូវភាព​គ្មាន​ឆន្ទៈ​របស់​លោក ក្នុង​ការ​ផ្តល់​អំណាចឲ្យមាន​ការ​គ្រប់គ្រងបែប​ស៊ីវិលនៅត្រឹម​ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ដូច​ដែល​ត្រូវបាន​សម្រេចនៅ​ក្នុង​ការ​សន្ទនា​គ្នានោះ​ឡើយ។​ លោក Masra ថា ដោយ​មិន​ដោះលែងជនស៊ីវិល​រាប់រយ​នាក់​ ដែល​ត្រូវ​បាន​ចាប់ខ្លួនកាល​ពី​ខែ​តុលា​ ឆ្នាំ​២០២២​ ក្នុង​ការ​ប្រឆាំង​នឹង​មេដឹកនាំ​យោធានោះ​ លោក​ Deby​ កំពុង​បង្ហាញ​ថា ​លោក​មិន​គោរព​សិទ្ធិ​មនុស្ស​ទេ»។

លោក Masra បាន​រត់​ភៀស​ខ្លួនពី​ប្រទេស​ឆាដ​ទៅ​កាន់​សហរដ្ឋអាមេរិក​ កាល​ពី​ខែ​តុលា​ឆ្នាំ​ទៅ តាម​រយៈ​ប្រទេស​ក្បែរខាងកាមេរូន។ លោក​បាន​រត់​ភៀស​ខ្លួនក្រោយពី​កងកម្លាំង​សន្តិសុខ​របស់​ប្រទេស​អាហ្វ្រិក​កណ្តាល​មួយ​នេះសម្លាប់មនុស្ស​អស់​ ៥០នាក់ និង​បង្ក​របួស​ដល់​មនុស្ស​ ៣០០​នាក់​ផ្សេងទៀត​ ព្រម​ទាំង​បាន​ចាប់​ខ្លួន​មនុស្ស​អស់​ជា​ច្រើន​រយនាក់ថែម​ទៀត​ផង ក្នុង​អំឡុង​ពេល​នៃ​ការប្រឆាំង​តវ៉ាលទ្ធិប្រជាធិបតេយ្យ។

ទូរទស្សន៍​ជាតិ​ឆាដបាន​ផ្សាយ​វីដេអូ​អស់​ពេលជា​ច្រើន​សប្តាហ៍​ ដែល​បង្ហាញ​ពីក្រុម​អ្នក​គាំទ្រ​រាប់ពាន់​នាក់​ កំពុង​រៀប​ចំ​ត្រៀម​ទទួលស្វាគមន៍​លោក ​Masra។

រដ្ឋាភិបាល​នៃ​ប្រទេស​អាហ្វ្រិក​កណ្តាល​មួយ​នេះនិយាយ​ថា​ លោក Masra មាន​គម្រោង​នឹង​មក​ដល់​ប្រទេស​ឆាដនៅ​ថ្ងៃ​ទី​១៨ ខែ​តុលា​ ដើម្បី​ចូលរួម​ជា​មួយក្រុម​សង្គម​ស៊ីវិល​ រដ្ឋមន្ត្រី​ ក្រុម​យោធា​និងមេដឹកនាំ​បក្ស​ប្រឆាំង​ផ្សេងៗ​ទៀត​ ដើម្បីចូលរួម​ក្នុង​កម្មវិធី​រម្លឹក​ខួប​មួយ​ឆ្នាំ​នៃ​កិច្ចសន្ទនា​ថ្នាក់ជាតិស្តី​ពី​អធិបតេយ្យ​ភាព​និង​បរិយាបន្ន នៅ​ថ្ងៃ​ទី​២០​ ខែ​តុលា ឆ្នាំ​ ២០២៣​នេះ។​ កិច្ចសន្ទនា​នោះ​បាន​បញ្ចប់​នៅ​ថ្ងៃទី​២០​ ខែ​តុលា ​ឆ្នាំ​២០២២។​

លោក​ Mahamat ​Ali អាយុ​៣២​ឆ្នាំ​ ដែល​ជា​គ្រូ​បង្រៀន​មធ្យម​សិក្សា​កម្រិត​ ២​ ​និង​ជា​អ្នកគាំទ្រ​លោក Masra មួយ​រូប​បាន​ថ្លែង​ ដូច​នេះ​ថា៖ «ការ​វិល​ត្រឡប់​របស់​លោក​ Masra ពី​សហរដ្ឋអាមេរិក ជា​ទី​ដែល​លោក​រស់​នៅ​និរទេស​ខ្លួន​ អាចលើក​ទឹក​ចិត្ត​ដល់​ជនស៊ីវិលដែល​មាន​ការ​ភ័យខ្លាច​ជា​ច្រើន​នាក់​ ​ដើម្បី​ចេញ​ប្រឆាំង​តវ៉ានៅ​តាម​ទី​ប្រជុំជន​និង​ភូមិរបស់​គេនៅ​ទូទាំង​ប្រទេស​ឆាដ​ ដើម្បី​ឱ្យ​ក្រុម​យោធាគោរព​កិច្ចសន្យា​ក្នុង​ការ​ផ្តល់​ទឹក ភ្លើងអគ្គិសនី​ ​និង​ផ្លូវធ្វើ​ដំណើរល្អ​ ខណៈពេល​ដែល​ក្រុម​យោធា​អភិវឌ្ឍ​ប្រទេស​ឆាដ​ និងត្រៀមការ​វិល​ត្រឡប់ទៅ​រក​ការដឹកនាំតាម​រដ្ឋធម្មនុញ្ញ​ ក្នុង​ឆ្នាំ​២០២៤​ខាង​មុខ។

មេដឹកនាំ​បក្សប្រឆាំង​គាំទ្រ​លទ្ធិប្រជាធិតេយ្យ​ដែល​កំពុង​រស់​នៅ​និរទេស​ខ្លួនរូប​នេះ​និយាយ​ថា​ លោក​បាន​អំពាវនាវ​ដល់ពលរដ្ឋ​ស៊ីវិល​ជា​ច្រើន​ឱ្យ​មក​កាន់​រដ្ឋធានី​យ៉ាមេណា ប្រទេស​ឆាដ​ ចាប់​ពី​ថ្ងៃ​ទី​១៨​ដល់ថ្ងៃ​ទី​២០ ខែ​តុលា​នេះ ដើម្បី​អ្វី​ដែល​គាត់​ហៅ​ថា​ជា​កិច្ចសន្ទនា​ថ្នាក់ជាតិ​ដ៏​ពិត​ប្រាកដ​មួយ។ សារ​អំពាវ​របស់​លោក​ត្រូវ​បានផ្សព្វផ្សាយលើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក និង​នៅ​លើ​ទូរទស្សន៍​និង​វិទ្យុ​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​ឆាដ។​ លោក​មិន​បាន​បរិយាយលម្អិត​ពីការ​សន្ទនា​នោះ​មាន​ទម្រង់​ដូច​ម្តេច​ឡើយ​ ប៉ុន្តែ​លោក​ថា​ វា​នឹង​បង្ហាញពី​ការ​អស់​ប្រជាប្រិយភាព​នៃ​រដ្ឋាភិបាល​យោធារបស់ប្រទេស​ឆាដ​ ចាប់តាំង​ពី​លោក​ Mahamant Idriss Deby ​ឡើង​កាន់​អំណាចបន្ត​ពី​ឪពុករបស់​លោក​ គឺ​លោក Idris Deby Itno កាល​ពីថ្ងៃ​ទី​២១ ខែ​មេសា​ ឆ្នាំ​២០២១​មក ហើយ​បន្តឱ្យ​មាន​និទណ្ឌភាពនិងអំពើហិង្សា​លើ​គោលការណ៍​ប្រជាធិបតេយ្យ។​

កាល​ពី​សប្តាហ៍​មុន​ លោក Deby និយាយ​ថា​ លោក​កំពុង​រៀបចំ​ឱ្យ​មានការ​វិល​ត្រឡប់​ទៅ​រក​ការ​ដឹកនាំតាម​បែប​ប្រជាធិបតេយ្យ​ ​និង​បាន​អបអរ​ដល់រដ្ឋាភិបាល​យោធាដែល​លោក​កំពុង​ដឹកនាំ ដែល​បាន​ផ្តល់​ទឹក​ដែល​អាច​ហូប​បាន​ដល់​ប្រជាពលរដ្ឋ​ សាងសង់​និង​បំពាក់​ឧបករណ៍​ដល់​មន្ទីពេទ្យ​និង​សាលា​បឋមសិក្សា​ ​និង​បាន​រំលាយ​ចោលក្រុម​ប្រដាប់​អាវុធ​ជា​ច្រើនក្រុម​ ដើម្បីវិល​ត្រឡប់ដោយ​សន្សឹមៗ​ទៅ​រកសន្តិភាពនៅ​ក្នុង​ប្រទេស​ឆាដ។

លោក​ Deby បានអំពាវនាវ​ដល់​មេដឹកនាំបក្ស​ប្រឆាំង​ទាំង​អស់ ក្រុម​សិទ្ធិមនុស្ស​ និង​ជន​ស៊ីវិល​ដែល​មិនពេញ​ចិត្ត​លោក​ ត្រូវ​មាន​ជំនឿ​ទៅ​លើ​ដំណើរការ​សន្តិភាព​និង​ចូលរួមក្នុង​រដ្ឋាភិបាល​យោធា​ ដើម្បី​កសាង​សន្តិភាព សម្រាប់​ការ​វិល​ត្រឡប់​ទៅរក​ការ​ដឹកនាំតាម​បែប​ប្រជាធិបតេយ្យ​ឡើង​វិញ។

ការ​ស្តារ​ឡើង​វិញ​នូវ​ជំនឿ​ទុក​ចិត្ត​មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ឡើយ។​ ​ក្នុង​ឆ្នាំ​២០២២​ ក្រុម​សិទ្ធិ​មនុស្ស ​Amnesty International​ បាន​រាយការណ៍​ថា ការ​បញ្ចប់លើ​អំពើហិង្សា​និង​អន្តរកាលទៅ​រក​អភិបាលកិច្ចតាម​បែប​ប្រជាធិបតេយ្យ​មួយក្នុង​ប្រទេស​ឆាដ​ ​នឹងតម្រូវឱ្យ​មានសម្ពាធជា​អន្តរជាតិ​ខ្លាំង​មួយ ពី​ដៃគូ​អន្តរជាតិ​និង​តំបន់រ​បស់​ប្រទេស​ឆាដ​ ​ក៏​ដូច​ជា​ប្រទេសជា​ច្រើន​ទៀត​ ដូច​ជា​សហរដ្ឋ​អាមេរិក​ បារាំង​ អាល្លឺម៉ង់​ កាតា​ និង​ស្ថាប័ន​មួយ​ចំនួនទៀត​ដូច​ជា​ សហភាព​អឺរ៉ុប សហភាព​អាហ្រ្វិក​ និងសហគមន៍​សេដ្ឋកិច្ច​នៃ​រដ្ឋអាហ្វ្រិក​កណ្តាល​ជា​ដើម​ផង​ដែរ៕

ប្រែសម្រួល​ដោយ​លោក ជ្រា វណ្ណារិទ្ធ

XS
SM
MD
LG