មន្ត្រីរដ្ឋាភិបាលកាមេរូនបានថ្លែងថា ពលករបរទេសជាង ១០.៥០០ នាក់ក្នុងចំណោមពលករបរទេសប្រមាណ ១១.០០០ នាក់នៅក្នុងប្រទេសកាមេរូនមិនមានប័ណ្ណការងារនោះទេ។
រដ្ឋាភិបាលកាមេរូនបានបញ្ជាក់ថា មានតែពលករបរទេសប្រហែល ១០០ នាក់ក្នុងចំណោមជាង ២.០០០ នាក់ប៉ុណ្ណោះមកពីប្រទេសចិន នីហ្សេរីយ៉ា សាធារណរដ្ឋអាហ្វ្រិកកណ្ដាល និងឆាដ ដែលត្រូវបានអនុញ្ញាតឱ្យធ្វើការនៅអណ្ដូងរ៉ែមាសនិងនាំចេញឈើនៅជិតព្រំដែនភាគខាងកើតនៃ ប្រទេសកាមេរូនជាប់នឹងសាធារណរដ្ឋអាហ្វ្រិកកណ្ដាល។
លោក Issa Tchiroma Bakary ដែលជារដ្ឋមន្ត្រីការងារនៃប្រទេសកាមេរូន បានថ្លែងថា ពលករបរទេសភាគច្រើនកំពុងប្រព្រឹត្តអំពើមិនត្រឹមត្រូវ។ លោកបន្តថា ពលករបរទេសបានធ្វើឱ្យប្រទេសកាមេរូនខាតបង់ប្រាក់ជាង ២៥ លានដុល្លារអាមេរិកតាំងពីខែមករាមក ដោយការមិនបង់ពន្ធ។
លោក Bakary បានលើកឡើងទៀតថា កាលពីពេលថ្មីៗនេះប្រធានាធិបតីកាមេរូនលោក Paul Biya បានចាត់លោកឱ្យទៅព្រំដែនភាគខាងកើតកាមេរូនជាប់ជាមួយសាធារណរដ្ឋអាហ្វ្រិកកណ្ដាល ដែលនៅទីនោះមនុស្សរាប់ពាន់នាក់មិនមានប័ណ្ណការងារ ដើម្បីណែនាំពលករបរទេសទាំងអស់ឱ្យស្នើសុំប័ណ្ណការងារនិងបង់ពន្ធ បើមិនដូច្នេះទេត្រូវតម្រូវឱ្យចាកចេញពីប្រទេសកាមេរូនក្នុងរយៈពេល ៣០ ថ្ងៃ។
លោក Bakary បានបន្ថែមថា រដ្ឋាភិបាលបានបញ្ជាឱ្យមន្ត្រីនៅក្នុងស្រុកចំនួន ៣៦០ នៅក្នុងប្រទេសកាមេរូនធ្វើយ៉ាងណាឱ្យប្រាកដថា ពលករបរទេសស្នើសុំប័ណ្ណការងារនិងបង់ពន្ធ បើមិនដូច្នេះទេត្រូវចាកចេញពីប្រទេស។
ក្រសួងការងារកាមេរូនបានថ្លែងថា ការចាប់ផ្ដើមឡើងវិញនៃការសាងសង់ ការរុករករ៉ែ ឧស្ម័ន និងប្រេងធ្វើឱ្យមានលំហូរវិស្វករចិននិងអឺរ៉ុបចូលក្នុងប្រទេសយ៉ាងច្រើន។
រដ្ឋាភិបាលបានបញ្ជាក់ថា ពលករបរទេសជាច្រើនពាន់នាក់នៅអណ្ដូងរ៉ែមាសនិងព្រៃឈើនៅភាគខាងជើងនិងខាងកើត បានបោកបញ្ឆោតមន្ត្រីកុងស៊ុលកាមេរូននិងទទួលបានទិដ្ឋាការទេសចរណ៍។
រដ្ឋាភិបាលបានបន្ថែមថា ខ្លួនមិនអាចមានលទ្ធភាពអនុញ្ញាតឱ្យពលករបរទេសខុសច្បាប់ជាង ១០.០០០ នាក់ធ្វើការនៅក្នុងប្រទេសកាមេរូនបានទេ ខណៈដែលពលរដ្ឋជាង ៧០% ក្នុងចំណោម ២៧ លាននាក់ខ្វះការងារធ្វើឬធ្វើការដោយទទួលបានប្រាក់ឈ្នួលទាប។
លោក Florent Djounou គឺជាម្ចាស់ក្រុមហ៊ុនឈើមួយដែលជួលពលរដ្ឋចិន ៣០ នាក់ និងពលរដ្ឋអឺរ៉ុប ៨ នាក់ឱ្យធ្វើការ។
លោកបានថ្លែងតំណាងឱ្យពលករបរទេសនៅក្នុងកិច្ចប្រជុំមួយជាមួយរដ្ឋមន្ត្រីការងារនៃប្រទេសកាមេរូននៅក្នុងទីក្រុង Baturi ជិតព្រំដែនកាមេរូនជាមួយសាធារណរដ្ឋអាហ្វ្រិកកណ្ដាលថា ពលករបរទេសដឹងថាពួកគេគួរតែគោរពច្បាប់របស់ប្រទេសកាមេរូនមុននឹងធ្វើសកម្មភាពសេដ្ឋកិច្ច។
ប៉ុន្តែលោកថា ពលករបរទេសមានការភ្ញាក់ផ្អើលនៅពេលដឹងថា កិច្ចសន្យាយ៉ាងហោចណាស់ចំនួន ១.០០០ ត្រូវបានផ្អាក គឺមុនពេលដែលរដ្ឋាភិបាលកាមេរូនបានស្នើសុំជាសាធារណៈឱ្យពលករបរទេសទៅស្នើសុំប័ណ្ណការងារទៅទៀត។
លោកបានបន្តថា ពលករចិននិងអឺរ៉ុបអាចទទួលបានប័ណ្ណការងារ ប៉ុន្តែពលរដ្ឋអាហ្វ្រិក ជាពិសេសអ្នកដែលផ្លាស់ទីលំនៅដោយសារជម្លោះ ប្រហែលជាមិនមានលទ្ធភាពបង់ប្រាក់សម្រាប់ប័ណ្ណការងាររបស់ពួកគេនោះទេ។
លោក Djounou បានបន្ថែមថា តម្លៃឈើហុបនិងឈើបានឡើងថ្លៃ ១៥% ដោយសារបរិមាណឈើដ៏ច្រើនមិនអាចត្រូវបាននាំចេញពីព្រៃភាគខាងកើត ដែលនៅទីនោះរដ្ឋាភិបាលបានបញ្ឈប់សកម្មភាពរបស់ពលករបរទេស។
លោក Bakary បានលើកឡើងថា ពលករបរទេសនឹងត្រូវបានអនុញ្ញាតឱ្យធ្វើការដោយសេរីនៅពេលពួកគេទទួលបានប័ណ្ណការងារ។
ការងាររបស់ពលករបរទេសស្ថិតនៅក្រោមនីតិវិធីពិសេសនៅក្នុងប្រទេសកាមេរូន។ ពលករដែលមានសក្ដានុពលត្រូវមានកាតព្វកិច្ចប្រកាសប្រាក់ឈ្នួលនិងប្រាក់ឧបត្ថម្ភរបស់ពួកគេ រួមទាំងប្រាក់ឧបត្ថម្ភសម្រាប់ការធ្វើដំណើរនិងស្នាក់នៅផងដែរ ដែលត្រូវបានប្រើដើម្បីកំណត់ថាតើត្រូវបង់ប្រាក់ប៉ុន្មានដើម្បីទទួលបានទិដ្ឋាការ។
ច្បាប់ឆ្នាំ ២០២២ កំណត់ថ្លៃឈ្នួលដែលស្មើនឹងប្រាក់បៀវត្សរ៍ ២ ខែសម្រាប់ពលករដែលមិនមែនជាពលរដ្ឋអាហ្វ្រិក និងប្រាក់បៀវត្សរ៍មួយខែសម្រាប់ពលករអាហ្វ្រិក មុនពេលប័ណ្ណការងារត្រូវបានចេញឱ្យ។ ច្បាប់នេះបានចូលជាធរមាននៅឆ្នាំនេះ៕
កាមេរូនផ្អាកកិច្ចសន្យាការងារនិងថាពលករបរទេសខុសច្បាប់ត្រូវតែចាកចេញពីប្រទេស
រដ្ឋធានីយុនដេ ប្រទេសកាមេរូន —