ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សង់ត្រាល់​គ្រោង​ដាក់​របាយការណ៍​គណនី​ធនាគារ​តាម​ការ​តម្រូវ​របស់​ក្រសួង​មហាផ្ទៃ


រូបភាពដកស្រង់ពីគេហទំព័ររបស់មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិមនុស្ស (CENTRAL) នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤។ (Web Screenshot)
រូបភាពដកស្រង់ពីគេហទំព័ររបស់មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិមនុស្ស (CENTRAL) នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤។ (Web Screenshot)

មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​ និង​សិទ្ធិ​មនុស្ស ហៅកាត់ថា​សង់ត្រាល់ គ្រោង​ដាក់​របាយការណ៍​គណនី​ធនាគារ​ទៅតាមការ​តម្រូវ​របស់​ក្រសួង​មហាផ្ទៃ នៅមុន​រយៈពេល​ ៣០ ​ថ្ងៃ នៃ​ការ​កំណត់របស់​ក្រសួង។​

ការ​គ្រោង​ដាក់​របាយការណ៍​គណនី​ធនាគាររបស់​អង្គការ​សង់ត្រាល់ ធ្វើ​ឡើង​បន្ទាប់​ពីក្រសួង​មហាផ្ទៃ​កាលពី​ថ្ងៃទី​ ២៨ ខែមិថុនា ​បានចេញ​លិខិត​មួយច្បាប់ជូន​ប្រធាន​អង្គការនេះ ​អំពី​ពាក្យ​បណ្តឹងរបស់​បណ្តា​សហជីព​គាំទ្ររដ្ឋាភិបាល​ដែលរិះគន់​របាយការណ៍​របស់​អង្គការ​សង់ត្រាល់​ដែល​រកឃើញ​ពីការរឹតត្បិ​ត និង​គំរាមកំហែង​សហជីព​ក្នុង​រោងចក្រ​មួយ​ចំនួន ​ថា​មាន​លក្ខណៈ​លម្អៀង ធ្វើ​ឱ្យ​ប៉ះពាល់ដល់​កិត្តិយស​ជាតិ និង​ជះឥទ្ធិពល​មិនល្អ​ដល់​ស្ថិរភាព​ការងារ​ និង​ផល​ប្រយោជន៍​រួម​របស់​កម្មករ​និយោជិត​នៅ​ប្រទេស​កម្ពុជា​ទាំងមូល។

ក្នុង​លិខិត​នោះ ក្រសួង​មហាផ្ទៃក៏បានរំឭកឱ្យ​អង្គការ​សង់ត្រាល់​អនុវត្តតាម​លក្ខន្តិកៈ​របស់​អង្គការ​ដែល​តម្កល់​នៅ​ក្រសួងម​ហាផ្ទៃ​ឱ្យបាន​ត្រឹម​ត្រូវ និង​ព្រមាន​ចាត់​វិធានការ​ផ្លូវ​ច្បាប់​លើ​អង្គការ​នេះ​ ប្រសិនបើ​មិនផ្តល់​ព័ត៌មាន​រាល់​គណនី​ធនាគារទៅកាន់​ក្រសួង​មហាផ្ទៃ​ក្នុង​រយៈពេល​៣០​ថ្ងៃ។

អ្នក​គ្រប់គ្រង​កម្មវិធី​ការងារ​នៃ​អង្គការ​សង់ត្រាល់​លោក ឃុន ថារ៉ូ ​ប្រាប់វីអូអេ​នៅ​ថ្ងៃចន្ទ​នេះ​ថា ជា​រៀង​រាល់ឆ្នាំ សង់ត្រាល់​បាន​ដាក់​របាយការណ៍​ជូន​ក្រសួងមហាផ្ទៃ​ រួមទាំង​ក្រសួងហិរញ្ញវត្ថុ​ ក្រោម​ស្ថាប័ន​សវនករ ពាក់ព័ន្ធ​នឹង​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ​របស់​ខ្លួន។ លោក​បន្ថែម​ថា ថ្នាក់ដឹកនាំរបស់សង់ត្រាល់​នឹង​ផ្តល់ជូន​ព័ត៌មាន​បន្ថែ​មដែល​បាន​ស្នើទ្បើង​ដោយ​ក្រសួង​មហាផ្ទៃ​មុនការ​ផុតកំណត់​។ ​

លោក​បន្ថែមថា៖ «យើង​រីករាយ​នឹង​សហការ​ក្នុងការ​ធ្វើការ​ជាមួយ​ភាគី​ពាក់ព័ន្ធ ដៃគូ​សង្គម​នានា មិនថា​ពាក់ព័ន្ធទៅនឹង​របាយការណ៍​ដែលចេញ​ផ្សាយ​ដោយ​សង់ត្រាល់​ ស៊ីខៅឌូ និង​កាទូ ​កាល​ពី​ថ្ងៃទី ៤ ខែ​មិថុនា ឆ្នាំ ២០២៤ ​នោះទេ យើងនឹង​សហការ​ក្នុងការផ្តល់នូវ​ព័ត៌មានទាំង​ឡាយ​ណា ដែល​ជាសេចក្តី​ត្រូវការ​ទៅនឹង​ការ​អនុលោមទៅតាម​ការ​អនុវត្ត​នូវលក្ខន្តិកៈ​របស់​អង្គការសង់ត្រាល់ ស្រប​តាម​លក្ខន្តិកៈរបស់​យើង​ដែលបាន​តម្កល់​នៅក្រសួង​មហាផ្ទៃ»។

អ្នកនាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​លោក ទូច សុឃៈ ប្រាប់វីអូអេ​ថា អង្គការ​សង់ត្រាល់​មិនបាន​ដាក់​ព័ត៌មាន​អំពី​គណនីធនាគារ​ទៅកាន់​ក្រសួងមហាផ្ទៃ​ឱ្យ​ស្រប​តាមមាត្រា ១០ ​នៃច្បាប់​ស្តីពី​សមាគម និង​អង្គការមិនមែន​រដ្ឋាភិបាល។​ លោកថា​ ក្នុងករណី​មិនជូន​ដំណឹង​ក្នុងរយៈពេល​ ៣០ ថ្ងៃ​ដែល​កំណត់​ដោយ​ក្រសួង​ នោះ​ក្រសួង​នឹង​អនុវត្តមាត្រា​ ៣០ ​នៃ​ច្បាប់​ដដែល ដែលចែង​អំពី​ការជូន​ដំណឹង​ឱ្យផ្អាកសកម្មភាពជា​បណ្តោះ​អាសន្ន​រយៈពេល ​៩០ ថ្ងៃ។​

ឆ្លើយ​តប​នឹង​សំណួរ​របស់​វីអូអេ​ដែលបាន​សួរថា តើ​នឹង​មានការ​សម្រេច​បែបណា​នៅពេល​ទទួល​បានរបាយការណ៍​អំពី​ព័ត៌មាន​ធនាគារ​ពីអង្គការ​សង់ត្រាល់ ​លោក ទូច សុឃៈ ​ប្រាប់ថា​ ក្រសួង​នឹង​ត្រួត​ពិនិត្យ​ទៅតាម​សភាព​ជាក់ស្តែង។​

កាលពី​ថ្ងៃទី​ ៤ ខែមិថុនា ​អង្គការ​សង់ត្រាល់បាន​ចេញ​របាយការណ៍​មួយ​បង្ហាញ​ថា ក្នុង​ចំណោម​សហជីព​នៅរោងចក្រចំនួន​១៤​ មាន​សហជីព​ចំនួន​១០​រង​ការ​បំភិត​បំភ័យ​ដោយ​ផ្ទាល់​មាត់ ​ការ​គំរាម​កំហែង ​ការ​បៀត​បៀន ​និង​ការ​ដាក់​ក្នុង​បញ្ជី​ខ្មៅ​ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ការ​បំពេញ​ការងារ​របស់​ពួក​គេ។ ​ក្នុង​របាយការណ៍​នោះទាមទារ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​គួរតែ​ពិនិត្យ​មើល​ឡើង​វិញ ​ដើម្បី​កុំ​ឱ្យ​មាន​ការ​រំលោភសិទ្ធិ​សេរីភាព​ការងារ​របស់​កម្មករ​និយោជិត ​និង​សហជីព។

ក្រោយការ​ចេញ​របាយការណ៍​នោះ ក្រុម​សហជីពមាននិន្នាការ​គាំទ្រ​រដ្ឋាភិបាល​ដូចជា​សហភាព​សិទ្ធិ​កម្មករ​កម្ពុជា និង​សហភាព​សហជីព​រក្សា​សិទ្ធិ​កម្មករ​កម្ពុជា​ជាដើម​ បាន​ប្រមូល​ផ្តុំគ្នាតវ៉ា​នៅខាងមុខ​ការិយាល័យ​អង្គការ​សង់ត្រាល់ ​ប្រឆាំង​នឹង​របាយការណ៍​ដែល​អង្គការ​នេះ​បានលើកឡើង​ពី​ស្ថានភាព​កម្មករ​ និង​សហជីព​ក្នុង​វិស័យ​កាត់​ដេរ​។​ ពួកគេក៏​បាន​ដាក់​លិខិត​ទៅ​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ ​លោក ​ស សុខា ស្នើ​ឱ្យ​ពិនិត្យ​មើល​សកម្ម​ភាព និង​ប្រភព​ថវិការ​របស់​អង្គការដែលធ្វើ​ការ​លើក​កម្ពស់​សិទ្ធិ​របស់កម្មករ​មួយនេះ​។​

អង្គការ​សង់ត្រាល់​បានការពារ​របាយការណ៍​នោះ​ថា ​ធ្វើ​ឡើង​តាម​រយៈ​ការ​អង្កេត ​ការ​សម្ភាស​កម្មករ ​និង​ថ្នាក់​ដឹក​នាំ​សហជីពមូលដ្ឋាន​របស់​សហព័ន្ធ​ដៃគូ ដូចជា ​CATU ​ និង​ C.CAWDU ក្នុង​គោល​បំណង​ធ្វើ​ឱ្យ​មាន​ភាពប្រសើរ​ឡើងក្នុង​រោងចក្រ​ដែល​ពួកគេ​បាន​សម្ភាសន៍ និង​អង្កេត ​មិន​មែន​តំណាង​ឱ្យ​រោងចក្រ​ទាំង​អស់​នៅទូទាំង​ប្រទេស​ឡើយ។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គ​ការ​ការ​ពារ​សិទ្ធិមនុស្ស​លីកា​ដូលោក អំ សំអាត ​ ប្រាប់ VOA ថា ប្រសិន​បើ​មានចំណាត់ការ​ណាមួយ​លើ​អង្គការ​សង់ត្រាល់ដោ​យសារ​តែការ​ចេញ​របាយការណ៍ និងសកម្មភាព​ការងាររបស់​ពួកគេ នោះ​នឹង​បង្ហាញអំពីការ​គំរាមកំហែង​ និង​ការបំភិត​បំភ័យ​លើ​អង្គការ សមាគម​ក្នុងការ​ធ្វើការងារ​របស់​ពួកគេ។​ លោក​ថា ក្នុងករណី​ដែល​មានការ​មិន​យល់​ស្រប​ចំពោះ​របាយការណ៍​របស់​អង្គការ​សង់ត្រាល់ ​នោះគួរតែ​មានសិក្សា និង​ស្រាវជ្រាវដើម្បី​ធៀប​ជាមួយ​របាយការណ៍​របស់​អង្គការ​មួយនេះ។

លោក​បញ្ជាក់ថា៖ «ចំពោះ​របាយការណ៍​ដែល​សង់ត្រាល់​ចេញ ​ដូចខ្ញុំ​លើកឡើង​អ៊ីចឹង​ថាវា​គួរ​តែ​មាន​ការសិក្សា​ស្រាវជ្រាវ​ណាមួយ​ឡើង​វិញ​ដើម្បី​បញ្ជាក់ថា ​របាយកាណ៍​សង់ត្រាល់​វា​មិនមែន​ការពិត ឬវាមិន​គ្រប់ជ្រុង​ជ្រោយ។​ អាហ្នឹង​បាន​យើងអាច​គិត​ថា តើ​របាយការណ៍​មួយណាដែល​ត្រឹមត្រូវ»។

ក្រៅពីការ​តវ៉ារបស់សហជីពគាំទ្រ​រដ្ឋាភិបាល និង​ការ​ដាក់កំហិត​របស់​ក្រសួង​មហាផ្ទៃ​ ​លោក លោក ឃុន ថារ៉ូ អ្នក​គ្រប់គ្រង​កម្មវិធី​ការងារ​នៃ​អង្គការ​សង់ត្រាល់ ត្រូវបាន​តំណាង​សហជីព​មួយ​ក្នុង​ចំណោម​សហជីពផ្សេងទៀត​ដែល​ប្រឆាំង​នឹង​របាយការណ៍​នោះ ប្តឹង​ពី​បទ ​«បរិហារកេរ្តិ៍​ជា​សាធារណៈ និង​បទ​ញុះញង់​ឱ្យមាន​ការរើស​អើង» ពាក់ព័ន្ធ​នឹង​ការ​អត្ថាធិប្បាយ​របស់​លោក​ជាមួយវិទ្យុ​អាស៊ីសេរី កាល​ពី​កន្លង​ទៅ អំពី​ការ​តវ៉ា​របស់​សហជីព​មួយ​ចំនួន​លើ​របាយការណ៍​របស់អង្គការ​សង់ត្រាល់៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG