មន្រ្តីជាន់ខ្ពស់ម្នាក់នៃសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា ហៅកាត់CWPUCបានដាក់ពាក្យបណ្តឹងទៅតុលាការរាជធានីភ្នំពេញ ប្តឹងលោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់ពីបទ«បរិហារកេរ្តិ៍ជាសាធារណៈ និងបទញុះញង់ឱ្យមានការរើសអើង»។
ការប្តឹងនេះពាក់ព័ន្ធនឹងការអត្ថាធិប្បាយរបស់លោក ឃុន ថារ៉ូ ជាមួយវិទ្យុអាស៊ីសេរី កាលពីកន្លងទៅ អំពីការតវ៉ារបស់សហជីពមួយចំនួនលើរបាយការណ៍របស់អង្គការសង់ត្រាល់។
យោងតាមពាក្យបណ្ដឹងចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ម្ចាស់ពាក្យបណ្តឹង លោក ហង្ស រ៉ាវី អ្នកតំណាងឱ្យសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា បញ្ជាក់ថាលោក ឃុន ថារ៉ូ បាននិយាយនៅក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីថា«យកសហជីពក្លែងក្លាយមកវាយប្រហារសហជីពឯករាជ្យ និងប្រើប្រាស់យុវជន ឬសង្គមស៊ីវិលឱ្យវាយប្រហារយុវជន និងសង្គមស៊ីវិលឯករាជ្យ»។ ម្ចាស់ពាក្យបណ្តឹងបញ្ជាក់ថាការផ្តល់បទសម្ភាសន៍នេះ«ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស កេរ្តិ៍ឈ្មោះសហជីពដែលពាក់ព័ន្ធយ៉ាងខ្លាំង»។
បើតាមពាក្យបណ្តឹង លោក ហង្ស រ៉ាវី បានទាមទារឱ្យលោក ឃុន ថារ៉ូ សងជំងឺចិត្តដល់ស្ថាប័នចំនួន ១០០លានរៀល ស្មើនឹងប្រមាណ២៥០០០ដុល្លារអាមេរិក ហើយម្ចាស់ពាក្យបណ្តឹងបញ្ជាក់ថានឹងយកលុយនេះបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ជា។
បើតាមអត្ថបទព័ត៌មានរបស់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ដែលមានចំណងជើងថា«សហជីពគាំទ្ររដ្ឋាភិបាលតវ៉ាប្រឆាំងអង្គការសង់ត្រាល់រឿងចេញរបាយការណ៍សេរីភាពសហជីព» លោក ឃុន ថារ៉ូ មិនត្រូវបានដកស្រង់សម្តី ដូចពាក្យពេចន៍ដែលមាននៅក្នុងពាក្យបណ្តឹងឡើយ។
អត្ថបទរបស់វិទ្យុលើកឡើងថា៖ «ចំពោះការចេញមុខតវ៉ាពីសំណាក់សហជីពគាំទ្ររដ្ឋាភិបាលវិញ អ្នកឃ្លាំមើលយល់ថាពួកគេកំពុងធ្វើឡើងតាមខ្សែញាក់របស់គណបក្សកាន់អំណាច។ វិធីដែលបក្សកាន់អំណាចរបស់លោក ហ៊ុន សែន និយមប្រើប្រាស់សព្វថ្ងៃនេះ គឺយកសកម្មជនបក្សប្រឆាំងឱ្យវាយប្រហារបក្សប្រឆាំង យកសហជីពក្លែងក្លាយឱ្យវាយប្រហារសហជីពឯករាជ្យ និងការប្រើប្រាស់យុវជន ឬសង្គមស៊ីវិលក្លែងក្លាយឱ្យវាយប្រហារយុវជន និងសង្គមស៊ីវិលឯករាជ្យ ដែលធ្វើការងារបម្រើប្រយោជន៍សាធារណៈពិតប្រាកដ»។ នេះជាឃ្លាឃ្លោងដែលមាននៅក្នុងអត្ថបទរបស់អាស៊ីសេរី។
អ្នកគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់ លោក ឃុន ថារ៉ូ ដែលរងពាក្យបណ្តឹង ប្រាប់វីអូអេជាអក្សរតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមថាម្ចាស់ពាក្យបណ្តឹងគួរប្តឹងទៅខាងវិទ្យុអាស៊ីសេរីវិញ ដោយលោកថាសម្រង់សម្តីនោះមិនមែនជាអ្វីដែលលោកបាននិយាយឡើយ។
ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា លោក ហង្ស រ៉ាវី ដែលជាម្ចាស់ពាក្យបណ្តឹង ប្រាប់វីអូអេថាលោកមិនសប្បាយចិត្តចំពោះការចោទទៅកាន់សហជីពថាជា«សហជីពក្លែងក្លាយ»។
លោកថ្លែងថា៖ «គ្រប់ភាគីពាក់ព័ន្ធផ្សាយពេលដែលគាត់សរសេរព័ត៌មាន គាត់នឹងសម្ភាសន៍គ្រប់ភាគីពាក់ព័ន្ធឬក៏សាមីខ្លួន។ អញ្ចឹងខ្ញុំមិនដឹងថាវិទ្យុអាស៊ីសេរី និងឃុន ថារ៉ូ គាត់ពាក់ព័ន្ធគ្នាការផ្សាយក៏ដូចជាការបរិហារកេរ្តិ៍ការញុះញង់ឱ្យមានការរើសអើងបុគ្គលណាទេ ព្រោះខ្ញុំដឹងថាក្នុងខ្លឹមសារនឹងមានឈ្មោះបង ឃុន ថារ៉ូ នៅក្នុងហ្នឹង»។
នៅថ្ងៃសុក្រនេះ អង្គការការពារសិទ្ធិមនុស្សលីកាដូបានអំពាវនាវឱ្យបញ្ឈប់ការធ្វើទុកបុក្ខម្នេញលើអង្គការសង់ត្រាល់ ពាក់ព័ន្ធនឹងរបាយការណ៍របស់អង្គការដែលចេញផ្សាយកាលពីដើមខែមិថុនា។ សហជីពមួយចំនួនបានប្រតិកម្មទៅនឹងរបាយការណ៍នោះ ហើយបានធ្វើសកម្មភាពប្រមូលផ្តុំតវ៉ាជាបន្តបន្ទាប់នៅខាងមុខអង្គការសង់ត្រាល់៕
វេទិកាបញ្ចេញមតិ